Wednesday, May 21, 2014

Human Rights ​Watch​ ប្រឆាំង​​ជំនួយ​​ស.រ.អា.​ដល់​សមយុទ្ធ​យោធា​កម្ពុជា

 — ទោះជា​ស.រ.អា.​និង​កម្ពុជា​បាន​បញ្ចប់​ការ​ធ្វើ​លំហាត់​សមយុទ្ធ​យោធា​ប្រចាំ​ឆ្នាំ​ដើម្បី​ថែរក្សា​សន្តិភាព​ និង​ជំនួយ​មនុស្សធម៌​កាលពី​ខែមុនក្តី ​តែ​អង្គការ​សិទ្ធិ​មនុស្ស​ Human ​Rights ​Watch​ បានថ្លែង​ថា​ ការ​ហ្វឹកហ្វឺន​របស់​យោធា​ស.រ.អា.​ ចំពោះ​កង​យោធា​កម្ពុជា​ជាច្រើន​ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស​ អាច​ត្រូវគេ​ប្រើ​ប្រាស់​យ៉ាងងាយ​ស្រួល​ ប្រឆាំង​នឹង​ក្រុម​ជំទាស់ក្រុម​សហជីព​ការងារ​ ហើយ​បាន​សង្កត់ធ្ងន់​ថា​ ជា​ការ​រំលោភ​ច្បាប់​ស.រ.អា.​និង​អាច​រំលោភ​លើ​ការ​ដាក់ កម្រិត​របស់​ស.រ.អា.។​


នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ខ្លួន​ អង្គការ​ Human ​Rights ​Watch ​បានអះអាង​ថា​ ការហ្វឹក​ហ្វឺន​ហៅ​ថា​«លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤»​នេះ អាច​នឹងរំលោភ​លើ​គោល​នយោបាយ​ស.រ.អា.​ ដែល​សភា​ស.រ.អា.​បាន​រិតត្បិត​ជំនួយ​មួយចំនួន​ដល់​កម្ពុជា​ ក្រោយ​ពេល​មាន​របាយ​ការណ៍​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​ខ្វះឆន្ទៈរបស់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​សិទ្ធិមនុស្ស​ នីតិរដ្ឋ ​និង​ប្រជា​ធិបតេយ្យ​ ក្រោយ​ពេល​ការ​បោះឆ្នោត។​ ម៉្យាង​ទៀត ​អង្គការ​នេះ​បាន​បញ្ជាក់​ដែរ​ថា​ ការ​ហ្វឹកហ្វឺន​សមយុទ្ធ​យោធា​នេះ​វាជា​ការ​ផ្ទុយ​ពីគោល​នយោ​បាយ​ជំនួយ​សន្តិសុខ​នៃ​រដ្ឋបាល​របស់​លោក​អូបាម៉ា​ផង​ដែរ។

លោក​ហ្វ៊ីល រ៉ប៊ឺតសុន​ (Phil Robertson) ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human​ ​Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី ​បាន​ថ្លែង​ថា​ វាជា​រឿង​គួរឲ្យ​រន្ធត់​ដែល​ស.រ.អា.​ផ្តល់​ការ​ហ្វឹកហ្វឺន​ដល់​ក្រុម​យោធា​កម្ពុជា ដែល​អង្គការ​នេះ​បាន​ហៅថា​បាន​សម្លាប់​ក្រុម​បាតុករ​ជាកម្មករ​ក្នុងរាជ​ធានី​ភ្នំពេញ​នោះ។​

«ច្បាស់​ណាស់​ដែល​ថា​ នេះ​ជា​ស្ថាន​ការណ៍​ដែល​គេ​ប្រឆាំង​នឹង​គោល​នយោបាយ​សភា​ស.រ.អា.​ក្នុងការ​ដាក់​កម្រិតជំនួយ​យោធា​ដល់​រដ្ឋាភិបាល​កម្ពុជា។ ​យើង​សង្ឃឹម​ថា​ សភា​និង​ព្រឹទ្ធសភា​ចាប់​អារម្មណ៍​ ហើយ​ស៊ើបអង្កេត​បាន​ច្បាស់លាស់​អំពីអ្វី​ដែល​មន្ទីរ​បញ្ច​កោណ(ក្រសួង​ការពារ​ជាតិ​ស.រ.អា.)​កំពុង​ធ្វើ​ក្នុង​ប្រទេស​កម្ពុជា»។​

យ៉ាង​តិច​មាន​កម្មករ​៥នាក់​ត្រូវ​គេ​បាញ់​សម្លាប់​ និង​ជា​ច្រើន​នាក់​ត្រូវគេ​វាយ​ឲ្យ​ របួស។ ​ហើយ​សកម្មជន​ មន្ត្រី​សហជីព​ និង​កម្មករ​សរុប​២៣​នាក់​ត្រូវចាប់​ឃុំ​ខ្លួន​ នៅ​ក្នុង​ការ​បង្ក្រាប​ផ្តាច់ផ្តិល​ជីវិត​ ដោយ​ពីក្រុម​យោធា​របស់​រដ្ឋាភិបាល​ នៅពេល​ពួក​កម្មករ​ទាមទារ​តំឡើង​ប្រាក់ខែ​ពី​៨០​ដុល្លារ​ដល់​១៦០​ដុល្លារ​ស.រ.អា.​កាលពី​ដើម​ឆ្នាំ​នេះ។​ មកដល់​ពេលនេះ​មាន​កម្មករ​ពីរនាក់​ត្រូវ​បាន​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន។​

វីអូអេ​បានព្យាយាម​ទាក់ទង​សុំ​ការ​ឆ្លើយតប​ពីក្រុម​មន្ត្រី​យោធា​កម្ពុជា ​តែ​ពុំអាច​ទាក់ទង​បាន។​ ទោះជា​យ៉ាង​ណាក្តី​ លោក​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​របស់​រដ្ឋាភិបាល​មួយរូប ​បាន​អះអាង​ថា​ ការ​ធ្វើ​លំហាត់​សមយុទ្ធ​រួម​ជាមួយ​ស.រ.អា.​នេះ​ជារឿង​កិច្ច​សហ​ប្រតិបត្តិការ​អន្តរជាតិ​រវាង​កម្ពុជា​និង​ស.រ.អា.​ក្នុង​ការ​ថែរក្សា​សន្តិភាព​ក្នុង​តំបន់​ និង​ជួយ​ពេល​មាន​បញ្ហា​គ្រោះ​ធម្មជាតិ​តែ​ប៉ុណ្ណោះ។​

«ដូច្នេះ​រឿង​នេះ​ជាការងារ​ដាច់​ដោយ​ឡែក។ វា​មិន​មែន​ពាក់ព័ន្ធ​ជា​រឿង​សិទ្ធិ​មនុស្ស​ ឬ​រឿង​អ្វី​ដទៃ​ទៀត​នោះ​ទេ»។​

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ស.រ.អា.​ដែលបាន​ចេញ​ផ្សាយ​ បាន​បញ្ជាក់​ថា ​លំហាត់​សមយុទ្ធ​ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤ ​ហៅ​សមយុទ្ធ​យោធានេះ​ថា​ ជា​ការ​ពង្រីក​ប្រតិបត្តិការ​ថែ​រក្សា​ស្ថិរភាព ​និង​សន្តិភាព។ បញ្ហា​ទាំង​នោះ​រាប់​បញ្ចូល​ទាំង​សកម្មភាព​ផ្តល់​ជំនួយ​មនុស្ស​ធម៌​ និង​ជំនួយ​សង្គ្រោះ​ពេល​មាន​គ្រោះ​មហន្តរាយ​ ការ​ផ្លាស់ប្តូរ​គ្នា​ផ្នែក​វិស្វកម្ម​ ការ​ហ្វឹកហ្វឺន​ផ្នែក​ពេទ្យ ​និង​សកម្មភាព​ដើម្បី​រៀបចំ​កងទ័ព​កម្ពុជា​សម្រាប់​បេសក​កម្ម​ថែ​រក្សា​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ។​

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា​ កងយោធា​៤៧០​នាក់​នៃ​ប្រទេស​ ទាំង​ពីរ​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​លំហាត់​សមយុទ្ធ​នោះ។ នេះជា​សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​ស.រ.អា.។​

សមយុទ្ធ​យោធា​រួមនេះ​កើតឡើង​ក្រោយពី​សភា​ស.រ.អា.​និង​រដ្ឋាភិបាល​ស.រ.អា.​បាន​សម្តែងការ​មិន​ពេញចិត្ត​នឹង​បញ្ហា​ជាប់គាំង​នយោបាយ​ដែល​គណបក្ស​ជំទាស់​ចោទ​ប្រកាន់​ថា​ មាន​ការគៃបន្លំ​ និង​មាន​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ និង​ដីធ្លី​ជាដើម៕​

Human ​Rights ​Watch​ អំពាវ​នាវ​ដល់​ក្រុម​ពលករ​ចំណាក​ស្រុក​ប្រុង​ប្រយ័ត្ន​ចំពោះ​ស្ថាន​ការណ៍​នៅ​ថៃ

 — នៅ​ពេល​ស្ថាន​ការណ៍​នយោបាយ​ក្នុង​ប្រទេស​ថៃ​កំពុង​មាន​ភាព​តានតឹង​ ហើយ​ ពួក​យោធា​បាន​ប្រកាស​ប្រើច្បាប់​អាជ្ញាសឹក​គ្រប់គ្រង​សន្តិសុខ​ប្រទេសជា​បណ្តោះ​អាសន្ន​នោះ​ លោក​ ហ្វ៊ីល រ៉ប៊ឺតសុន​ (Phil Robertson) ​នាយក​រង​នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human ​Rights ​Watch​ ប្រចាំ​តំបន់​អាស៊ី ​បានថ្លែង​ប្រាប់​វីអូអេ​កាលពី​ថ្ងៃអង្គារ​ពីរាជ​ធានី​បាងកក​មកថា៖​


«ចំពោះ​ពលករ​ចំណាក​ស្រុក​ជាច្រើន​មកពី​ប្រទេស​កម្ពុជា ​និង​ភូមា​ ខ្ញុំគិតថា ​ពេល​នេះ​ ជាពេល​ផុយស្រួយ​ខ្លាំងណាស់​ ក្នុង​ពេល​ដែល​ពួកគេ​ពិត​ជា​មិន​ដឹង​ច្បាស់​ថា​ មានអ្វី​កើតឡើង​ ទាំង​ចំពោះ​សេដ្ឋកិច្ច ទាំងចំពោះ​ស្ថាន​ការណ៍​សង្គម​ក្នុង​ប្រទេស​ថៃ​នោះ។​ ដូច្នេះ​ជាការណ៍​ពិត​ សម្រាប់​ពលករ​ចំណាក​ស្រុកក្នុង​ស្ថាន​ការណ៍​ច្របូក​ច្របល់​នេះ​ បើពួក​គេ​ទាំងនេះ​អាច​រក្សាភាព​ស្ងប់​ស្ងាត់​បាន​ នោះ​ជា​រឿង​ឆ្លាត​បំផុត​សម្រាប់​ពួកគេ»។​

ក្រុម​មន្ត្រី​ក្នុង​តំបន់​ ដែល​ធ្វើការ​ទាក់ទង​នឹង​ពលករ​ក្នុង​ប្រទេស​ថៃ​ បាន​ឲ្យ​ដឹង​ថា​ ពលករ​មកពី​ប្រទេស​ជិតខាង​ ដែល​ទៅធ្វើ​ការ​ជាជាង​សំណង់​ កម្មករ​នេសាទ​ ថែ​សួន​ ច្រូតកាត់​នៅ​ប្រទេស​ថៃ​មាន​ប្រមាណ​៣លាននាក់​ ក្នុង​នោះ​កម្ពុជា​មាន ជាង​២៥​ម៉ឺន​នាក់​ ខណៈពេល​ដែល​ប្រទេស​ថៃ​មាន​អំពើ​ហិង្សា​កើត​ឡើង​រវាង​ គណបក្ស​នយោបាយ​កាន់​អំណាច​គឺ​គណបក្យ ​ភឿ ថៃ ​និង​គណបក្ស​ជំទាស​ថៃ​ គឺ​គណបក្ស​ប្រជា​ធិបតេយ្យ។​

លោក​ផៃ ស៊ីផាន​ អ្នក​នាំពាក្យ​របស់​រដ្ឋាភិបាល​មួយរូប​ បាន​អះអាង​ថា​ ស្ថាន​ទូត​កម្ពុជា​ក្នុង​ប្រទេស​ថៃ​បាន​ជូន​ដំណឹង​អំពី​បញ្ហា​ស្ថាន​ការណ៍​ក្នុង​ប្រទេស​ថៃ​ដល់​ពលករ​កម្ពុជា​ក្នុង​ប្រទេស​ថៃ​ហើយ។​

«ខាង​ការងារ​ទូត​នឹង​ ​គេ​បាន​ជម្រាប​ជូន​ប្រជា​ពលរដ្ឋ​ខ្មែរ ​កុំឲ្យ​ដើរ​ផ្តេស​ផ្តាស់ រក្សា​ភាព​ស្ងប់ស្ថាត់​នៅនឹង​កន្លែង​ ហើយ​កុំឲ្យ​ទៅ​ជិត​កន្លែង​គេ​ប្រមូល​ផ្តុំ»។​

យោធា​ថៃ​បាន​ជូន​ដំណឹង​ពីការ​បិទ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ កម្ពុជាថៃ​មួយ​រយៈ​សិន​ដែរ ​ក្នុងពេល​មាន​ភាព​តានតឹង​នេះ​ ហើយ​លោក​ថា​ កម្ពុជា​គ្មាន​ជម្រើស​អ្វី​ក្រៅពី​ការ​គោរព​តាម​ការ​ស្នើ​សុំ​របស់​ប្រទេស​ថៃ​នោះ​ទេ។​

ក្រុម​យោធា​ប្រទេស​ថៃ​បាន​ចាប់​ផ្តើម​ប្រកាស​ច្បាប់​អាជ្ញាសឹក​កាលពី​ថ្ងៃ​អង្គារ​នេះ​ ដោយ​កាន់​កាប់​តំបន់​សំខាន់ៗ​ក្នុង​រាជធានី​បាងកក​ផង​ដែរ​ដើម្បី​អ្វី​មួយ​ដែល​ពួក​យោធា​អះអាង​ថា​ ដើម្បី​ធានា​សន្តិភាព​ និង​សណ្តាប់​ធ្នាប់​សាធា​រណៈ​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​ភាគី​នយោបាយ​ថៃ​ទាំង​ពីរ​ចូលមក​រកតុ​ចរចា​គ្នា​ ក្រោយ​ពី​មាន​បាតុកម្ម​ហិង្សា​កើតឡើង​ជាច្រើន​ខែ​រវាង​គូ​ប្រជែង​នយោបាយ​ទាំងពីរ​នេះ​ ដែលធ្វើ​ឲ្យមាន​មនុស្ស​ស្លាប់​ និង​របួស​ជាច្រើន​នោះ។​ ក្រុម​យោធា​បាន​បដិសេធ​ថា មិនមែនជា​ការ​ធ្វើ​រដ្ឋ​ប្រហារ​យោធា៕