Wednesday, May 14, 2014

បាតុកម្ម​វៀតណាម​ប្រឆាំង​​ចិន កំពុង​រុញ​ច្រាន​ជម្លោះ​មាន​ស្រាប់​ឱ្យ​កាន់​ធ្ងន់ធ្ងរ

បាតុកម្ម​ប្រឆាំង​នឹង​ ចិន​ដែល​បាន​ដាក់​ពង្រាយ​ឧបករណ៍​ខួង​​​យក​ប្រេង​ នៅ​ក្នុង​តំបន់​ដែន​ទឹក​ជាប់​ជម្លោះ​ជាមួយ​វៀតណាម បាន​រាល​ដាល​ជា​អំពើ​ហិង្សា​។ រោងចក្រឧស្សាហកម្ម​បរទេស​ជាង​១០​ត្រូវ​ដុត​បំផ្លាញ​ ​មនុស្សជាង​៥រយ​នាក់ ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​។ ​តៃវ៉ាន់ សិង្ហបុរី​ ទាមទារ​ឱ្យ​​​​រដ្ឋាភិបាល​វៀតណាម​ ចាត់​វិធានការ​សម​ស្រប​ចំពោះ​ហេតុការណ៍​ហិង្សា​នេះ ឯ​ចិន​វិញ​បាន​បញ្ចេញ​ប្រតិកម្ម​ខ្លាំង​​ និង​កាច​ជាង​គេ ព្រមទាំង​​​បាន​ណែ​នាំ​ឱ្យ​ប្រជាជន​ចិន​ស្នាក់​នៅក្នុង​ប្រទេស​វៀតណាម រក្សា​ការ​ប្រុង​ប្រយ័ត្ន​សុវត្ថិភាព។

ប្រមូល​ផ្តុំ​គ្នា​ជិត​ពីរ​ម៉ឺន​នាក់ កម្មករ​វៀតណាម​បាននាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​សកម្មភាព​ចិន​ក្នុង​សមុទ្ទ​ចិន​ខាងត្បូង នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ ប៉ុន្តែ​​អណ្តាត​ភ្លើង​​កំហឹង​បាតុកម្ម​ ទៅ​ជា​ជះ​​ដុត​បំផ្លាញ​រោងចក្រ​ដែល​មាន​ថៅកែ ឬ​អ្នក​ដឹកនាំ​ជា​ជនជាតិ​ចិន និង​បាន​អំពាវនាវ​ឱ្យ​កម្មករ​ផ្សេង​ទៀត​នាំ​គ្នាងើប​ធ្វើ​​កូដកម្មប្រឆាំង។ អ្នក​ទទួល​ខុស​ត្រូវ​ តែវ៉ាន់ ជប៉ុន កូរ៉េខាង​ត្បូង នៃ​តំបន់​ឧស្សាហកម្ម​ ដែល​រងគ្រោះ​ បាន​សម្រេច​បិទ​រោងចក្រ​​នៅ​ថ្ងៃពុធ​នេះ​ ខ្លាច​ក្រែង​មាន​ការ​រីក​រាល​ដាល​កាន់​តែ​ធំ។

បាតុកម្ម​ជា​សកម្មភាព​ដ៏​កម្រ​ក្នុង​ប្រទេស​វៀតណាម​ ! យូរៗ​ម្តង​អាជ្ញាធរ​ហាណូយ​ធ្មេញ​ភ្នែក​រៀប​ចំ​បាតុកម្ម​ ក្នុង​កម្មវត្ថុ​តែ​មួយ​គឺ​ដើម្បី​ប្រឆាំង​នឹង​ចិន។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ ប៉េកាំង​បាន​បញ្ចេញ​ប្រតិកម្ម​ យ៉ាង​ខ្លាំងក្លា ជា​ផ្លូវការ​ នៅ​ថ្ងៃ​នេះ ចោទ​ប្រកាន់​ហាណូយ​ជា​អ្នក​បង្ក​ហេតុ និង​បាន​ទាមទារ​ឱ្យ​អាជ្ញាធរ​វៀតណាម ចាត់​វិធានការ បិទ​បញ្ចប់​ទង្វើ​ "ឧក្រិដ្ឋ”​ ព្រមទាំង​​ដាក់​ទោស​ជន​ដៃដល់។ ជាមួយ​នឹង​ការ​អំពាវនាវ​ឱ្យ​បណ្តា​ជន​ចិន​នៅ​វៀតណាម​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន និងការ​ដាក់​យន្តការ​បន្ទាន់​សម្រាប់​ធានា​សន្តិសុខ​ដល់​ក្រុមហ៊ុន​ចិន​នៅ​វៀតណាម ប៉េកាំង​បាន​ប្រកាស​ព្រមាន​វៀតណាម​ឱ្យ​ចេះ​គោរព​បូរណភាព​ដែន​ដី​ចិន និង​ប្រកាស​បង្កើន​វត្តមាន​ទាហាន​ជើង​ទឹក​ការ​ពារ​គម្រោង​ខួង​ប្រេង​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូង​កំពុង​ជាប់​ជម្លោះ។

ចិន វៀតណាម ប្រទេស​កុម្មុយនិស្ត​ជិត​ខាង​ជាប់​របង​គ្នា​ទាំងពីរ មាន​​​ជម្លោះ​ដែនដី តាំង​ពី​យូរ​យារ​មក ដណ្តើម​ប្រជុំ​កោះ​ ស្ព្រាតលី និង​ប៉ារ៉ាសែល ដែល​ល្បី​ថា​សម្បូរ​ដោយ​ធនធាន​ធម្មជាតិ​ក្រោម​ដី​ ​ និង​ជា​ច្រក​គមនាគមន៍​ដែន​សមុទ្ទ​​យ៉ាង​សំខាន់។ តាំង​ពី​ដើម​ខែ​ឧសភា​មក សម្ពាធ​បាន​ឡើង​តាន​តឹង​កាន់​តែ​ខ្លាំង ដ្បិត​ចិន​បាន​ដាក់​ដំឡើង​គ្រឿង​ចក្រ​សម្រាប់​បូម​ប្រេង​ ក្នុង​តំបន់​ទឹក​ជ្រៅ​នៃ​សមុទ្ទ​ចិន​ខាង​ត្បូង។ ចិន​ក៏​មាន​ជម្លោះ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ផ្សេ​ង​ទៀត​ដែរ ជាក់​ស្តែង​ហ្វីលីពីន ដែល​ក្នុង​ពេល​ទន្ទឹម​គ្នា​នេះ បាន​សម្តែង​ការ​សង្ស័យ​ថា​ប៉េកាំង​ទំនង​ជា​ចង់​បង្កើត​ចំណត​យន្តហោះ​មួយ​នៅ​ក្បែរ​ប្រជុំ​កោះ​ស្ព្រាតលី​ផង៕

សត្វ​ស្លាប​នៅ​កម្ពុជា​ទាក់ទាញ​អ្នកទេសចរណ៍

អ្នកទេសចរណ៍​នៅ​កម្ពុជា​មាន​ឱកាស​បាន​ឃើញ​និង​បាន​នៅ​ជិត​សត្វស្លាប​កម្រៗ​និង​ជិត​ផុត​ពូជ។​ ទូក​ទេសចរណ៍​ពិសេស​នាំ​ភ្ញៀវ​ទៅ​តំបន់​អភិរក្ស​ធម្មជាតិ​នៅ​បឹង​ទន្លេសាប​នៅ​ពាយ័ព្យ​ប្រទេស​ដើម្បី​ទស្សនា​បក្សា​ បក្សី​កម្រៗ​ទាំងនោះ។​ ទីភ្នាក់ងារ​ព័ត៌មាន​AP រាយ​ការណ៍៕

ពិធី​​របស់​ក្រុម​យុវជន​ដើម្បី​សន្តិភាព​ត្រូវ​អាជ្ញាធរ​បំបែក

ពិធី​​របស់​ក្រុម​យុវជន​ដើម្បី​សន្តិភាព ​និង​តំណាង​យុវជន​មកពី​សាសនា​ព្រះពុទ្ធ ​ឥស្លាម​ ​និង​សាសនា​គ្រិស្ត​​ត្រូវ​​កង​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ​ និង​ប៉ូលិស​បំបែក។

ក្រសួង​​​អប់រំ​​​ដាក់​វិធាន​​ពង្រឹង​គុណភាព​​​​ប្រឡង​​​បញ្ចប់​​​ថ្នាក់​​​ទី​​​១២

គឺ​ជា​ដំណឹងដ៏អាក្រក់​មួយសម្រាប់​បេក្ខជន​ដែល​មាន​ចេតនា​លួច​ចម្លង​ក្នុង​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឬ​ការ​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ចាប់​ពី​ឆ្នាំ​សិក្សា​២០១៤​នេះ។ ផ្ទុយទៅវិញ​វាជា​ដំណឹង​ល្អ​សម្រាប់​បេក្ខជន​ដែល​ប្រឹងប្រែង​រៀន​សូត្រ​ដោយ​សមត្ថភាព​ខ្លួន​ឯង​សម្រាប់​ការ​ប្រឡង​ដែល​ទទួល​រង​ការ​រិះ​គន់​យ៉ាង​ច្រើន​ឆ្នាំ​មក​ហើយ​នេះ។​ ក្រសួងអប់​រំ យុវជន​និង​កីឡា​ទើប​តែ​ចេញ​បទ​បញ្ញត្តិ​យ៉ាង​តឹងរ៉ឹង​មួយនៅ​ក្នុង​សប្តាហ៍​នេះ​ដោយ​ព្រមាន​ទុកជាមុន​ថា ​បេក្ខជន​ប្រឡង​សញ្ញាប័ត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ណា​ដែល​ប្រព្រឹត្ត​ការ​លួយ​ចម្លងក្នុង​ពេល​កំពុង​ប្រឡង ​បេក្ខជន​នោះ​នឹង​ត្រូវ​ទទួល​បាន​ពិន្ទុសូន្យ​ជា​ស្វ័យ​ប្រវត្តិ ​ហើយ​នឹង​ត្រូវ​បណ្តេញ​ចេញ​ពី​បន្ទប់​ប្រឡង​សម្រាប់វិញ្ញាសារ​នេះ។​
បទ​បញ្ញតិ្ត​នេះ ​ដែល​បាន​ផ្សព្វផ្សាយ​ក្នុង​គេហទំព័រ​របស់​ក្រសួង​អប់រំ​ បាន​ចែង​ថា​ ជនណា​ដែល​មាន​បំណង​លួច​ចម្លង​ដោយ​យក​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ​ឯកសារ​ឬ​សំណៅ​ឯកសារ​ចូល​ក្នុង​បន្ទប់​ប្រឡង ​ជនណា​ដែល​លាក់​ជាប់​នឹង​ខ្លួន​នូវ​សៀវភៅ ​ឯកសារ​ឬ​សំណៅ​ឯកសារ​ឬ ​ទូរស័ព្ទ​ដៃ​និង​ឧបករណ៍​អេឡិចត្រូនិក​គ្រប់​ប្រភេទ​តម្រូវ​ឲ្យ​ប្រគល់​ឯកសារ​ទាំង​នោះ​ជូន​គណៈ​មេ​ប្រយោគ​ប្រចាំមណ្ឌល​ប្រឡង ​ឬ​បន្ទប់​ប្រឡង​ដោយ​មិន​មាន​ការ​ធានា​អំពី​ការ​បាត់​បង់​ឡើយ។​ ហើយ​ក្នុង​ករណី​ដែល​បេក្ខជន​ប្រឡង​មិន​ប្រគល់​ឯកសារ​ដូច​មាន​ចែង​ខាង​លើ​នេះ​ទេ ​បេក្ខជន​នោះ​នឹង​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ចូល​រួម​ប្រឡង​និង​ត្រូវ​កំណត់​ឲ្យ​ធ្លាក់​ជា​ស្វ័យ​ប្រវត្តិ។​ ​មួយ​វិញ​ទៀត​ក្រសួង​អប់រំ​កំណត់​ថា ​ការ​យក​បន្ទាត់​ដែល​មាន​សរសេរ​រូបមន្ត ​ការ​ចម្លង​រូបមន្ត ​ការ​សរសេរ​លើ​បាតដៃ ​លើ​ភ្លៅ ​ការ​សរសេរ​លើ​ស្បែកជើង ​ឬ​កន្សែង​ជូត​មុខ ​ការ​អើត​មើល​សន្លឹក​កិច្ច​ការ​របស់​បេក្ខជន​ប្រឡង​ផ្សេង​ទៀត ​ការ​ប្រើប្រាស់​ទូរស័ព្ទ​ដៃ​ក្នុង​បន្ទប់​ប្រឡង ​ការ​អង្គុយ​ខុស​លេខ​តុ​ដោយ​ពុំមាន​ការ​អនុញ្ញត​ ការ​រំកិល​ទៅ​អង្គុយ​កៀក​គ្នា ​ប្តូរ​សន្លឹក​កិច្ចការ​គ្នា​ ឬ​ការ​បង្ក​លទ្ធភាព​ឲ្យ​អ្នក​ដទៃ​ចម្លង ​សុទ្ធតែ​ជា​អំពើ​ដែល​ត្រូវ​ហាម​ឃាត់​ក្នុង​ពេល​ប្រឡង ​ហើយ​នឹង​ទទួល​រង​ការ​ពិន័យ។ លោក ហង់ ជួន ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ ថ្លែង​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​ ចាប់​ពី​ឆ្នាំ​នេះ​ត​ទៅ​ ក្រសួងនឹង​សហការ​ជាមួយអង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដើម្បី​សង្កេត​ការណ៍​និង​ដាក់​ពិន័យ​មន្ត្រី អនុរក្ស ឬ​គណៈ​មេប្រយោគ​ដែល​ទទួល​សំណូក​នា​ពេល​ប្រឡង ដើម្បី​ឱ្យ​ការ​រឹត​បណ្តឹង​នេះ​បាន​ជោគជ័យ។​ «អង្គភាព​នឹង​មាន​អ្នក​ដើរ​ត្រួត​ពិនិត្យ​កិច្ចការ​នេះ ហើយ​អង្គភាព​ពិនិត្យ​មើល​ទាំង​អស់​លើ​បទ​បញ្ញត្តិ​ទាំង​ឡាយ ដែល​ពាក់ព័ន្ធ​ហ្នឹង​ការ​អនុវត្ត។ ដូច្នេះ​អង្គភាព​តឹង​ណាស់ ទាំង​ផ្លូវ​ច្បាប់ ទាំង​ផ្លូវ​រដ្ឋបាល។ ដល់​ពេល​ហ្នឹង​យើង​សហការ​គ្នា​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​រឿង​ហ្នឹង​កើត​ឡើង»។​ ការ​ប្តេជ្ញារឹត​បន្តឹងការ​ប្រឡង​នេះ​ធ្វើ​ឡើង​ក្រោយ​ពី​ការ​ប្រឡង​បញ្ចប់​ការ​សិក្សា​ទុតិយភូមិនា​ពេល​កន្លង​មក ដែល​រង​ការ​រិះគន់​អំពី​ការ​លួច​ចម្លង​និង​ការ​សូក​ប៉ាន់​នា​ពេល​ប្រឡង និង​ការ​បែក​ធ្លាយ​វិញ្ញាសារ​ប្រឡង​ជា​ដើម។ ការ​ប្រឡង​បញ្ចប់​ទុតិយភូមិនៅ​ឆ្នាំ​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ខែ​សីហា។​ កាល​ពី​ឆ្នាំ​២០១៣ក្នុងចំណោមសិស្ស​ប្រឡង​បញ្ចប់​ថ្នាក់​ទី​១២​ចំនួន​ជាង​១២​ម៉ឺន​នាក់ មាន​៨៥​ភាគរយ​បាន​ប្រឡង​ជាប់។​ ​លោករ៉ុង ឈុន​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជាឯករាជ្យ សាទរ​ចំពោះ​ចំណាត់ការ​ថ្មី​នេះ ប៉ុន្តែ​លោក​ស្នើ​ឱ្យ​ក្រសួង​គិត​គូរ​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ឱ្យ​បាន​សមរម្យ​ដែរ សម្រាប់​ការ​អនុវត្ត​ផែនការ​នេះ​មាន​ប្រសិទ្ធិ​ភាព។​ «សម្រាប់​ផែនការ​របស់​លោក​រដ្ឋ​មន្ត្រី​ថ្មី សមាគម​យើង​គឺ​សាទរ ប៉ុន្តែ​សួរ​ថា​ វិធានការ​នេះ​មាន​ប្រសិទ្ធិ​ភាព​ទេ។​ យើង​រង់ចាំ​មើល​ទាំង​អស់​គ្នា។ យើង​ឃើញ​មាន​របត់​ថ្មី​ដែល​ឱ្យ​សង្គម​ស៊ីវិល សមាគម​ចូល​រួម​សង្កេតការណ៍។ ការ​ពង្រឹង​គុណភាព​អប់រំ​ជា​ការ​ល្អ​ហើយ ប៉ុន្តែ​ត្រូវ​តែ​គិត​គូរ​ពី​ប្រាក់​បៀវត្សរ៍​គ្រូ​បង្រៀន​ដែរ ទើប​វា​អាច​ទៅ​រួច»។​ លោក កែម​ ឡី អ្នក​វិភាគ​សង្គម​ម្នាក់ ថ្លែង​ថា ​ក្រសួង​អប់រំ​នា​ពេល​កន្លង​មក​បាន​ដាក់​វិធានការស្រដៀង​នេះ​ច្រើន​រួច​មក​ហើយ ប៉ុន្តែ​មិន​សូវ​បាន​ជោគជ័យ​ ដោយ​សារ​អវត្តមាន​យន្តការ​រឹត​បន្តឹង​និង​ត្រួត​ពិនិត្យ​ដែល​មាន​ប្រសិទ្ធិភាព។​ «តាម​ពិត​ក្រសួង គាត់​មាន​វិធានការច្រើន ប៉ុន្តែ​វិធានការ​ដែល​ទទួល​បាន​ជោគជ័យ​ទាល់​តែ​វិធានការ វា​ជា​វិធានការច្បាប់។ មាន​ការ​ដាក់​ទោស​ទណ្ឌ​ ព្រហ្មទណ្ឌ​តាម​ច្បាប់​ពុក​រលួយ​ជា​ដើម។ ទី​ពីរ​ បទ​បញ្ជា​ដែល​ទទួល​បាន​ជោគជ័យ​ទាល់​តែ​មាន​យន្តការ​អនុវត្ត​តាំង​ពី​ថ្នាក់​ជាតិ​រហូត​ថ្នាក់​មូលដ្ឋាន។ ទី​បី​អ្នក​ដែល​ត្រួត​ពិនិត្យ​ការ​ប្រឡង​ហ្នឹង​មាន​ភាព​ស្អាតស្អំ​ប៉ុណ្ណា មិន​លូកលាន់​លុយ​កាក់។ ទី​បួន​វិធានការ​មិន​សូវ​មាន​ប្រសិទ្ធិភាព​ដោយ​សារ​ពុំ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ការ​ចូលរួម​សង្កេត​ការណ៍»។​ លោក កែម ឡី បន្ថែម​ថា ​ការ​លួច​ចម្លង​គ្នា​ក្នុង​ពេល​ប្រឡង​នឹង​ធ្វើ​ឱ្យ​មាន​ការ​បាក់​ទឹក​ចិត្ត​ដល់​អ្នក​ប្រឹងប្រែង និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​គុណភាព​អប់រំ​នៅ​កម្ពុជា៕

ជន​ជាតិ​ចិន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កម្ពុជា

សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​ស្ថាន​ទូត​ចិន​ ក្នុង​ខណៈ​ពេល​ដែល​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​កំពុង​តែឡើង​កម្តៅ ​ស្រប​ពេល​ជាមួយ​គ្នា​នោះ​ដែរ​ មាន​អ្នក​វិនិយោគ​ទុន​និង​អ្នក​ទេសចរណ៍​ជន​ជាតិ​ចិន​ជា​ច្រើន​នាក់​បាន​ភៀស​ខ្លួន​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត​ ខេត្ត​ស្វាយ​រៀង​ ដោយ​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខបុកម្នេញ​ពី​ជនជាតិ​វៀតណាម។ ការ​ភៀស​ខ្លួន​របស់​ជនជាតិ​ចិន​មក​កាន់​ប្រទេស​កម្ពុជា​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ បាន​កើត​ឡើង​ក្រោយពី​នាវា​វៀតណាម​និង​ចិន​បាន​ត្រូវ​គេ​រាយ​ការណ៍​មក​ថា ​បាន​បាញ់ទឹក​ដាក់​គ្នា​នៅ​ជិត​ការដ្ឋាន​អណ្តូង​ខួង​ប្រេង​របស់​ចិន​ក្នុង​ផ្ទៃ​ទឹក​មាន​ជម្លោះក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។ ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​និយាយ​ថា ​វៀតណាម​បាន​បន្ត​បញ្ជូន​នាវា​ទៅ​កាន់​តំបន់​នោះ​ដើម្បី​គំរាម​កំហែង​បុគ្គលិក​ចិន។​ មាន​រោង​ចក្រ​របស់​ចិន​ចំនួន​១៥​កន្លែង​ក្នុង​ប្រទេស​វៀតណាម​ត្រូវ​បាន​ទីភ្នាក់​ងារ​សារ​ព័ត៌មាន​បរទេស​ BBC ​រាយ​ការណ៍​ថា​ ពលរដ្ឋ​វៀតណាម​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ដុត​ឆេះ។ ​ក៏ប៉ុន្តែ​ដោយ​ឡែក​រោង​ចក្រ​ជាច្រើន​ដែល​គ្រប់​គ្រង​ដោយ​ថៅ​កែ​ជនជាតិ​ចិន​នៅ​កម្ពុជា​មិន​ទាន់​ទទួល​រង​នៅ​ផល​ប៉ះពាល់​ទេ។​ លោក​ទ្រឹង​ វ៉ាន់​ថុង​ អ្នក​នាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​បាន​បញ្ជាក់​ថា​ លោក​បាន​ទទួល​ដំណឹង​ពី​ជន​ជាតិ​ចិន​បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​កម្ពុជា​ផង​ដែរ។​ តែ​លោក​បាន​អះអាង​ថា​ ប្រទេស​វៀតណាម​មិន​បាន​បណ្តេញ​ពួកគេ​ចេញ​ទេ​គឺ​ពួកគេ​បាន​ចាក​ចេញ​ដោយ​ខ្លួន​ឯង​តែ​ប៉ុណ្ណោះ។​ លោក​និយាយ​ថា៖​ «អាហ្នឹង​មិន​មាន​ការ​ដេញ​ទេ។​ នេះ​មកពី​ខ្លួន​ឯង​ទេ ​មិន​ដឹង​ថា​ មូល​ហេតុ​អ្វី​បានជា​ជនជាតិ​ចិន​គេមិន​ចង់​រស់​នៅ​ទី​នោះ​ទៀត​គឺ​គេ​ចង់​ទៅ​កម្ពុជា​ ឬ​ក៏ទៅ​ណា​ខ្ញុំ​ក៏មិន​ដឹង​ដែរ»។​ មិន​មាន​ចំនួន​តួលេខ​ជាក់​លក្ខណ​ថា​ មាន​ជន​ជាតិ​ចិន​ប៉ុន្មាន​នាក់​ដែល​បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​កម្ពុជា​ទេ។​
វីអូអេ​បាន​ព្យាយាម​ទាក់​ទងសុំ​ការ​បញ្ជាក់​ពី​លោក​ឧត្តម​សេនីយ៍​សុខ ផល​ ប្រធាន​នាយកដ្ឋាន​អន្តោប្រវេសន៍ក្រសួង​មហា​ផ្ទៃ​ តែ​មិន​អាច​ស្នើ​សុំ​ដើម្បី​សេចក្តី​អត្ថាធិប្បាយ​បំភ្លឺ​បាន​ទេ។​ ចំណែក​ឯក​លោកកឹង ឈន​ ស្នង​ការ​ប៉ូលិស​ខេត្ត​ស្វាយ​រៀង​ បាន​និយាយ​ថា ​លោក​កំពុង​ជាប់​រវល់។​ សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​គ្រោង​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ស្ថានទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ពាក់​ព័ន្ធនឹង​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។​ លោក​ស៊ឹម ជី​ ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​ វៀតណាម​ប្រចាំ​កម្ពុជា ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ពុធនេះ​ថា​ នៅ​ថ្ងៃ​ព្រហស្បតិ៍ស្អែក​នេះ​លោក​នឹង​ជួប​ប្រជុំ​ជាមួយ​និង​គណៈកម្មការ​ដើម្បី​សម្រេចធ្វើ​មហា​បាតុកម្ម​នេះ។ លោក​បញ្ជាក់​ថា​ បាតុកម្ម​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្នុង​សប្តាហ៍​នេះ​ដើម្បី​បង្ហាញ​ឆន្ទៈ​ស្នេហា​ជាតិ​របស់​ជនជាតិ​វៀតណាម​ពាក់​ព័ន្ធ​នឹង​ជម្លោះនៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង។ លោក​និយាយ​ថា៖​ «ខាង​ខ្ញុំ​ហ្នឹង​ធ្វើ​ ​ប៉ុន្តែ​ចាំ​ខ្ញុំ​ត្រឡប់​មក​វិញ​ យើង​ប្រជុំ​គណៈ​កម្មការ​ខ្ញុំ»។​ លោក​ឧត្តម​សេនីយ៍​ឯក​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហា​ផ្ទៃ​ បាន​បញ្ជាក់​ថា ​កម្ពុជា​មិន​អនុញ្ញាត​ឲ្យជន​បរទេស​ណា​មួយ​មក​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជនជាតិ​មួយ​ផ្សេង​ទៀត​ក្នុង​ទឹក​ដី​កម្ពុជា​បាន​ទេ។​ លោក​និយាយ​ថា៖ ​«ខ្ញុំ​ចាត់ទុក​ថា ​ទឹក​ដី​កម្ពុជា​មិន​មែន​សម្រាប់​ជនជាតិ​បរទេស​យក​ប្រើ​ប្រាស់​ដើម្បី​ធ្វើ​ការ​ប្រឆាំងនឹង​ជនជាតិ​ណា​មួយ​ទេ។ ​ច្បាប់​មិន​អនុញ្ញាត​ទេ»។ គណបក្ស​ប្រឆាំង​ធ្លាប់​បាន​រិះគន់​ថា​ មាន​ជនជាតិ​វៀតណាម​ប្រមាណ​ជាង​១​លាន​នាក់​បាន​តាំង​ទី​លំនៅ​ខុស​ច្បាប់​នៅ​កម្ពុជា។​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន​ ប្រទេស​ចិន​ទើប​បាន​ប្រកាស​ថា ​ខ្លួន​បាន​ដាក់​ការដ្ឋាន​ខួង​ប្រេង​ដែល​រៀបចំ​ចាត់​ចែង​ដោយ​រដ្ឋនៅ​ជិត​ប្រជុំ​កោះ​ Paracels ​ដែល​ស្ថិត​នៅ​ចម្ងាយ​២២០​គ.ម.​ពី​ឆ្នេរ​សមុទ្រ​វៀតណាម។ កន្លែង​នោះ​ជាតំបន់​មួយ​ដែល​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​បាន​អះអាង​ថា ​ជា​តំបន់​សេដ្ឋ​កិច្ច​ផ្តាច់មុខ​របស់​ខ្លួន។ ​ការដ្ឋាន​ខួង​ប្រេង​ដែល​មាន​តម្លៃ​១​ពាន់​លាន​ដុល្លារ​នេះ​ជា​របស់​ក្រុមហ៊ុន​ប្រេង​ចិន​ដែល​មាន​ឈ្មោះ​ថា CNOOC ​ដែល​កាន់​កាប់​ដោយ​រដ្ឋាភិបាល​ចិន។​ ប្រទេស​ចិន​បាន​ពោល​អះអាង​ថា ​ប្រតិបត្តិការ​ខួង​ប្រេង​ពិត​ប្រាកដ​ឋិត​នៅ​ក្នុង​ផ្ទៃ​ទឹក​របស់​ខ្លួន៕

កម្មករ​រោងចក្រ​ជាច្រើន​នាក់​នៅ​ក្រុង​បាវិត​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច មេនហាតធេន (Manhattan) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាច្រើន​នាក់ ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ។ ក្រុម​កម្មករ​បញ្ជាក់​ថា ដើម​ចម​ដែល​នាំ​ឲ្យ​ថៅកែ​បញ្ឈប់​ពួក​គេ​ពី​ការងារ​នេះ ដោយ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​បង្ក​វឹកវរ​ក្នុង​រោងចក្រ គ្រា​ដែល​កម្មករ​ធ្វើ​កូដកម្ម​កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ។ អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​បញ្ឈប់​កម្មករ​នោះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​កម្មករ ដើម្បី​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​កូដកម្ម​តវ៉ា​នា​ពេល​ក្រោយ​ទៀត។ ក្រុម​កម្មករ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​ថៅកែ​រោងចក្រ ដែល​បញ្ឈប់​ពួក​គេ​ពី​ការងារ​ដោយ​ពុំ​មាន​កំហុស​អ្វី ផ្ទុយ​ពី​លក្ខខណ្ឌ ឬ​ច្បាប់​ការងារ​ឡើយ។ តំណាង​កម្មករ​ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ លោក សេក ម៉ូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ថៅកែ​រោងចក្រ​បញ្ឈប់​ពួក​គេ​ពី​ការងារ​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​១២ ឧសភា រហូត​មក ដោយ​ចោទ​ប្រកាន់​កម្មករ​ថា បង្ក​ភាព​វឹកវរ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ គ្រា​ដែល​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​រោងចក្រ​កាល​ពី​ខែ​ឧសភា កន្លង​ទៅ។
លោក សេក ម៉ូ បញ្ជាក់​ថា ពួក​គេ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ គឺ​គ្រាន់​តែ​ចូល​រួម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​កម្មករ​ម្នាក់ ៥០​ដុល្លារ ដែល​បាន​សន្យា​ឲ្យ​កម្មករ​នា​ពេល​កន្លង​ទៅ៖ «គេ​បញ្ឈប់​ដោយ​ចិត្ត​របស់​គេ​តែ​ហ្មង អត់​មាន​ពីណា​ដោះស្រាយ​ឲ្យ​ផង។ សូម្បី​តែ​ខ្ញុំ​មិន​បាន​គប់​អី​ផង ចោទ​ខ្ញុំ​ថា​ខ្ញុំ​ហ្នឹង​មាន​រូប​នៅ​ក្នុង​កាមេរ៉ា ចោទ​ប្រកាន់​ខ្ញុំ​វាយ​រោងចក្រ​វាយ​មនុស្ស តាម​ការ​ពិត​ពួក​សន្តិសុខ​តំបន់​មក​វាយ​កម្មករ​វិញ​ទេ។ មិន​មែន​មក​ចោទ​ថា ពួក​ខ្ញុំ​មក​វាយ​កម្មករ។ ចោទ​កម្មករ គាប​សង្កត់​កម្មករ អត់​មាន​ការ​យុត្តិធម៌​សោះ»។ មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក មាស សុខណា ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​កម្មករ​ប្រមាណ ៤០​នាក់​ហើយ​ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ។ លោក​ថា កម្មករ​ដែល​បញ្ឈប់​ភាគ​ច្រើន ជា​កម្មករ​រោងចក្រ​កាត់​ដេរ រោងចក្រ​ដំឡើង​កង់ និង​រោងចក្រ​ផលិត​អំពូល​ភ្លើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន។ លោក មាស សុខណា ពន្យល់​ថា ជាទូទៅ​នៅ​ពេល​ដែល​ធ្វើ​កូដកម្ម​ម្ដងៗ ថៅកែ​រោងចក្រ​តែង​តែ​បញ្ឈប់​កម្មករ​បន្តបន្ទាប់ ដោយ​យក​លេស​ថា មាន​កំហុស​ការងារ​មិន​អាច​បន្ត​កិច្ច​សន្យា​បាន​ឡើយ៖ «ព្រោះ​បើ​សិន​ជា​កម្មករ​គាត់​ធ្វើ​ការ​មិន​បាន​ល្អ​ពី​ដំបូង គាត់​អត់​ព្រម​បញ្ឈប់​ទេ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ខ្លះ​គាត់​ធ្វើ​ការ​រាប់​ឆ្នាំ​មក​ហើយ ២​ឆ្នាំ ៣​ឆ្នាំ​មក​ហើយ។ នៅ​ពេល​អំឡុង​ពេល​កូដកម្ម​ឡើង ចូល​ទៅ​វិញ​បញ្ឈប់​គាត់ ដោយសារ​ក្រុមហ៊ុន​មិន​បន្ត​កិច្ច​សន្យា​ដល់​អ្នក​ឯង​ទៀត​ទេ។ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់។ អ៊ីចឹង​ខ្ញុំ​អត់​យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ខ្ញុំ​អត់​យល់​បង!»។ វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន និង​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ឧសភា។ តែ​យ៉ាង​ណា កន្លង​មក​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ពី​ការងារ ដោយសារ​ការងារ​របស់​កម្មករ​ដែល​បញ្ឈប់​កន្លង​មក​ពុំ​មាន​ប្រសិទ្ធភាព ទើប​ក្រុមហ៊ុន​មិន​បន្ត​កិច្ច​សន្យា​ការងារ​ឲ្យ​កម្មករ។ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណារ័ត្ន ចាត់​ទុក​ការ​បញ្ឈប់​កម្មករ​ពី​ការងារ​របស់​ថៅកែ​រោងចក្រ​នេះ ថា​ជា​រឿង​អយុត្តិធម៌ រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​ដោយ​ខុស​ច្បាប់​របស់​កម្ពុជា។ លោក នុត បូពិណារ័ត្ន បញ្ជាក់​បន្ថែម​ថា ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ពី​ការងារ ភាគ​ច្រើន​ជា​កម្មករ​ដែល​តវ៉ា​សកម្ម​ជាមួយ​ក្រុមហ៊ុន៖ «ក្នុង​ករណី​ហ្នឹង​ជា​ករណី​មួយ​ដែល​រំលោភ​ទៅ​លើ​ច្បាប់​កម្មករ រំលោភ​លើ​ច្បាប់​ការងារ​របស់​កម្មករ រំលោភ​ទៅ​លើ​សិទ្ធិ​បុគ្គល​របស់​ពួក​គាត់ ដែល​គាត់​ទទួល​បាន​ការងារ។ ហើយ​តែ​រោងចក្រ​បញ្ឈប់​ពួក​គាត់ អ៊ីចឹង​វា​អាច​មាន​បញ្ហា​ទៅ​លើ​កម្មករ​ដទៃ​ទៀត ដែល​យើង​បញ្ឈប់​ស្រេច​តែ​ចិត្ត អ៊ីចឹង​បញ្ឈប់​ដោយ​សំអាង​ថា គាត់​មាន​កាមេរ៉ា​មាន​អី​អ៊ីចឹង យើង​មិន​មាន​ហេតុផល​អាច​បញ្ឈប់​គាត់​បានទេ​បាទ!»។ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ ក្រុម​កម្មករ​ធ្លាប់​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ​ជាមួយ​រោងចក្រ។ កម្មករ​បញ្ជាក់​ថា កាល​ណោះ​ថៅកែ​រោងចក្រ​សន្យា​ផ្ដល់​ប្រាក់​ឲ្យ​កម្មករ​ម្នាក់ ៥០​ដុល្លារ​អាមេរិក បើ​កម្មករ​មិន​ចូល​រួម​ធ្វើ​កូដកម្ម។ ពួក​គេ​មិន​បាន​ធ្វើ​កូដកម្ម​ទេ តែ​ថៅកែ​រោងចក្រ​បែរ​ជា​មិន​បាន​បើក​ប្រាក់​តាម​ការ​សន្យា។ ហើយ​កម្មករ​ដែល​ធ្វើ​កូដកម្ម ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ ក្រោយ​មក​ក្រុមហ៊ុន​ចាប់​ផ្ដើម​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​ថា បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ ហើយ​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ៕

ពលរដ្ឋ​នៅ​មណ្ឌលគិរី​អះអាង​ថា​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិញ ភឿក ១ (Benh Phoeurk 1) លួច​កាប់​ឈើ​មូល​ពី​ព្រៃ​សហគមន៍ ហើយ​ដឹក​ជញ្ជូន​ចូល​ក្រុមហ៊ុន​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ឡើយ។ ប្រជាពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ចំពោះ​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្នុង​សហគមន៍ ធ្វើ​អាជីវកម្ម​ដោយ​ស្ថិត​នៅ​ក្រោម​រូបភាព​សម្អាត​ព្រៃ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច។ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពូគង់ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធាន​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា បើ​មិន​ដូច្នេះ​ទេ ព្រៃ​ឈើ​សហគមន៍​អភិរក្ស នឹង​ត្រូវ​ក្រុមហ៊ុន​កាប់​យក​ឈើ​មាន​តម្លៃ​អស់​គ្មាន​សល់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​បាន​ប្រទះ​ឃើញ​បុគ្គលិក​ក្រុមហ៊ុន អម​ដោយ​កង​ប្រដាប់​អាវុធ បាន​ប្រើប្រាស់​កម្មករ​វៀតណាម និង​ម៉ាស៊ីន​កាត់​ឈើ ចូល​មក​ក្នុង​ព្រៃ​សហគមន៍ ហើយ​អារ​រំលំ​ឈើ​មូល និង​មាន​រថយន្ត​ស្ទូច​លើក​ឈើ​ដាក់​ឡាន ដឹក​ជញ្ជូន​ចូល​បរិវេណ​ដី​ក្រុមហ៊ុន​នៅ​វេលា​យប់។
ប្រជាពលរដ្ឋ​ភូមិ​ពូគង់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា នេះ​គឺ​ជា​សកម្មភាព​លួច​កាប់​ឈើ​មូល​ថ្មី​បន្ថែម​ទៀត ដែល​ក្រុមហ៊ុន​វៀតណាម បាន​បំពាន​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ឬ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​ឡើយ៖ «រាល់​តែ​ថ្ងៃ វា​ដឹក​ទាំង​យប់ វា​មាន​រថយន្ត​ដឹក​យប់។ ឈើ​ក្រំ គគីរ បួន​ដប់​ម្ភៃ​ដើម ឡាន​បី​ឡាន​បួន វា​ចូល​មួយ​យប់ៗ ឮ​គគ្រឹកគគ្រេង។ វា​អារ​ម៉ោង​បី​ម៉ោង​៤​ល្ងាច ថ្ងៃ​វា​អត់​ហ៊ាន​អារ​ទេ វា​ខ្លាច​យើង​ដែរ។ គេ​មាន​សុទ្ធ​តែ​អាវុធ​ខាង​ទាហាន ខាង​ប៉េអិម គេ​មក​ចុះ​ជាមួយ​ឡាន»។ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា មិន​អាច​ស្វែងរក​អត្តសញ្ញាណ ឬ​លេខ​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ។ ចំណែក​មេ​ឃុំ​ស្រែព្រះ លោក ពឿក ប៉េ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍ ព្រម​ទាំង​បញ្ជាក់​ថា សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ គឺ​ជា​ក្រុម​អនាធិបតេយ្យ មិន​មែន​កម្មករ​ក្រុមហ៊ុន​នោះ​ទេ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចាប់​រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង ដែល​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍៖ «អត់​មាន​ក្រុមហ៊ុន​ណា​មក​ចូល​កាប់​ទេ ប្រជាជន​រាយការណ៍​ខុស​ទេ។ ព្រំ​ប្រទល់​ក្រុមហ៊ុន​ជាមួយ​សហគមន៍​ហ្នឹង គេ​កាយ​ប្រឡាយ​រួច​រាល់​អស់​ហើយ អា​ហ្នឹង​ពួក​អនាធិបតេយ្យ​ទេ ខ្ញុំ​ចុះ​ផ្ទាល់​ហើយ»។ ព្រៃ​ឈើ​សហគមន៍​អភិរក្ស​នៅ​ឃុំ​ស្រែព្រះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ។ កាល​ពី​ឆ្នាំ​២០១៣ បាន​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​នៅ​ជាប់​ព្រៃ​នោះ អស់​ស្ទើរ​គ្មាន​សល់។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សហគមន៍​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ច្រើន​ករណី។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ៖ «គាត់​រាយការណ៍​មក​ខ្ញុំ​រហូត​ហ្នឹង គាត់​ថា​ប្ដឹង​ទៅ​ភូមិ​ប្ដឹង​ទៅ​ឃុំ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ប្ដឹង​ទៅ​ស្រុក​ទៀត មិន​តិច​ដង​ទេ ច្រើន​ដង​ណាស់ ប្ដឹង​ទៅ​គេ​ធ្វើ​ហី​ទៅៗ។ នៅ​ស្រុក​កែវសីមា ហ្នឹង​មាន​ការ​កើត​ឡើង​ទៅ​លើ​ការ​កាប់​ព្រៃ​ឈើ​អនាធិបតេយ្យ​ច្រើន​កន្លែង​ណាស់។ អ៊ីចឹង​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន ជាពិសេស​គឺ​រដ្ឋបាល​ព្រៃ​ឈើ និង​បរិស្ថាន​ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត»។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្រោម​ហេតុផល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​ឆ្ងាយ សេវា​ទូរស័ព្ទ​រអាក់រអួល​មិន​អាច​និយាយ​ស្តាប់​គ្នា​បាន។ ទោះ​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ភូមិ​ពូគង់ ដដែល​អះអាង​ថា សហគមន៍​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ក្រុមហ៊ុន​វៀតណាម ប៊ិញ ភឿក ១ ពិត​ជា​បាន​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អស់​រាប់​ពាន់​ដើម៕

ឈើ​ប្រណីត​ដឹក​ទៅ​ចិន​ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​៣០​កុងតឺន័រ

វិនាសកម្ម​ព្រៃ​ឈើ​នឹង​បាត់​បង់​នៅ​កម្ពុជា ដោយសារ​តែ​មហិច្ឆតា​ប្រទេស​មហា​អំណាច​ចិន ដែល​មក​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណីត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ប្រទេស​វៀតណាម ឡាវ កម្ពុជា ថៃ និង​ប្រទេស​ភូមា ជាដើម។ វិនាសកម្ម​ព្រៃ​ឈើ​នឹង​បាត់​បង់​នៅ​កម្ពុជា ដោយសារ​តែ​មហិច្ឆតា​ប្រទេស​មហា​អំណាច​ចិន ដែល​មក​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណីត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ប្រទេស​វៀតណាម ឡាវ កម្ពុជា ថៃ និង​ប្រទេស​ភូមា ជាដើម។
អង្គការ​ជាតិ​អន្តរជាតិ បាន​បញ្ចេញ​របាយការណ៍​រក​ឃើញ​ថា ប្រទេស​ចិន ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​នាំ​ឈើ​ចូល​ពី​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​គិត​ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មន្ត្រី​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ការ​ដឹក​ឈើ​ទៅ​ចិន នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្នុង​មួយ​ថ្ងៃ ៣០​កុងតឺន័រ គិត​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​ដឹក​ឈើ​ទៅ​ប្រទេស​ចិន នៅ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ ជា​រៀង​រាល់​ថ្ងៃ។ លោក​បញ្ជាក់​ថា ការ​ជួញ​ដូរ​ឈើ​ប្រណីត រួម​ទាំង​ឈើ​ក្រញូង​ផង​នោះ នឹង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​កម្ពុជា ហិនហោច និង​ផុត​ពូជ​នៅ​ពេល​អនាគត៖ «ខាង​ខ្ញុំ​ស៊ើប​អង្កេត​នៅ​កំពង់ផែ នៅ​កំពង់សោម ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់ ៣០​កុងតឺន័រ​ដែរ អា​នេះ​មិន​គិត​ពី​ថ្ងៃ​បុណ្យ​ទេ គឺ​អាច​លើស​ពី​នេះ​ទៀត គិត​ជា​ប្រាក់​ក្នុង​មួយ​កុងតឺន័រ ៥​លាន​ដុល្លារ។ អ៊ីចឹង​វា​ស្មើ​នឹង ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នេះ​មិន​ទាន់​គិត​ពី​ច្រក​ផ្សេងៗ​ទេ ដូច​នៅ​ច្រក​របៀង​ផ្សេងៗ​ទៀត»។ ការ​លើក​ឡើង​របស់ លោក អ៊ួច ឡេង នេះ នៅ​ស្រប​ពេល​ទីភ្នាក់ងារ​អន្តរជាតិ​ស្ដីពី​បរិស្ថាន (Environmental Investigation Agency = EIA) បាន​ចេញ​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ដាក់​ចំណង​ជើង​ថា ការ​ចង់​បាន​របស់​ចិន គឺ​ឈើ​ក្រហម ឬ​ឈើ​ក្រញូង។ ក្នុង​របាយការណ៍​នោះ បញ្ជាក់​ថា ប្រទេស​ចិន ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​កូដ​ពន្ធ​គយ​នាំ​ឈើ​ចូល​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ ហើយ​ក៏​ជា​ប្រទេស​លេចធ្លោ​ជាង​គេ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ឈើ​ចូល​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ មាន​វៀតណាម ឡាវ កម្ពុជា ថៃ និង​ភូមា ដែល​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្គត់ផ្គង់​ឈើ​ទៅ​ចិន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឈើ​ក្រញូង​នៅ​ក្នុង​ទសវត្ស​ន៍​ចុង​ក្រោយ​នេះ។ គិត​ចាប់​ពី​ឆ្នាំ​២០០០ ការ​ដឹក​ឈើ​ទៅ​ប្រទេស​ចិន មាន​ជាង ១​លាន ៦​សែន​ម៉ែត្រ​គូប ក្នុង​នោះ​ជិត​ពាក់​កណ្ដាល គឺ​ឈើ​ក្រញូង ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ២.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក អួច ឡេង បន្ថែម​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ក្នុង​ការ​ជួញ​ដូរ​ឈើ​ជាមួយ​ឧកញ៉ា​ធំៗ​នៅ​កម្ពុជា នេះ គឺ​ចិន មិន​បាន​គិត​ពី​ផល​ប៉ះពាល់​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​តូចៗ​ឯ​ទៀត​ទេ។ ចិន រក​តែ​ផល​ប្រយោជន៍​របស់​ខ្លួន និង​មិន​គិត​ពី​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ៖ «នេះ​ហើយ​ដែល​យើង​ទាមទារ​ឲ្យ​អង្គការ អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ​នានា​ទាក់ទង​នឹង​បរិស្ថាន ត្រូវ​តែ​ពិចារណា​ពី​ពាណិជ្ជកម្ម​របស់​ចិន មក​ជញ្ជក់​ឈាម​ក្នុង​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា ជាដើម កុំ​ឲ្យ​ព្រៃ​ឈើ​នៅ​កម្ពុជា ហិនហោច​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ទៅ​មុខ​នេះ»។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ចិន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ឧសភា នេះ។ ការ​ជួញ​ដូរ​ឈើ​ប្រណីត​របស់​កម្ពុជា គឺ​ជា​បញ្ហា​ក្ដៅ​គគុក​មួយ ដែល​មន្ត្រី​ការពារ​ព្រៃ​ឈើ​បាន​លើក​ឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រឆាំង​ការ​កាប់​រាន​ដី​ព្រៃ​ជាច្រើន​លើក​ច្រើន​សា​ក៏ដោយ។ ក្រុម​មន្ត្រី​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ការ​កាប់​បំផ្លាញ​ឈើ​នៅ​កម្ពុជា មាន​ច្រើន​សណ្ឋាន រួម​មាន ក្រុម​ឧកញ៉ា​ធំៗ កាប់​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន វៀតណាម និង​ការ​កាប់​ឈើ​ក្រោម​រូបភាព​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ជាដើម។ របាយការណ៍​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ហ្វាវ (FAO) បង្ហាញ​ថា ព្រៃ​ឈើ​របស់​កម្ពុជា មាន​ទំហំ​ជាង ១៣​លាន​ហិកតារ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទូទាំង​ប្រទេស ប៉ុន្តែ​ព្រៃ​ឈើ​ទាំង​នេះ​បាន​បន្ត​បាត់​បង់​ជាង ៣​សែន​ហិកតារ​ក្នុង​១​ឆ្នាំៗ ដោយសារ​បទល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ៕

យុវជន​ខ្មែរ​ម្នាក់​មាន​សមត្ថភាព​ផលិត​ម៉ូតូ​ច្នៃ​ជិះ​កម្សាន្ត​មិន​ចាញ់​បរទេស​

ផ្តើមចេញពី​គំនិត​ច្នៃប្រឌិត និង​ការចង់​បង្កើត​នូវ​ស្នាដៃ​ជា​របស់ខ្លួន​ផ្ទាល់ បាន​ញាំ​ង​ឲ្យ​យុវជន​ខ្មែរ​ម្នាក់​បាន​លះបង់​ពេលទំនេរ​ដែល​សេសសល់​ពី​ការសិក្សា​មក​ផលិត​ម៉ូតូ​ច្នៃ​សម្រាប់​ជិះ​កម្សាន្ត​មិន​ចាញ់​បរទេស​នោះ​ឡើយ។យុវជន ម៉ៃ ឃុន​ឧ​ត្ត​ម​វិ​សា អាច​ចាត់ទុកថា ជា​យុវជន​ម្នាក់​ក្នុងចំណោម​យុវជន​ខ្មែរ​ជាច្រើន​ដែល​សម្បូរ​ទៅដោយ​គំនិត​ច្នៃប្រឌិត​លើ​ផ្នែក​គ្រឿងយន្ត និង​ចង់​ក្លាយខ្លួនជា​អ្នក​ផលិត​ម៉ូតូ​ច្នៃ​ដ៏​ឆ្នើម​មួយរូប​នៅពេល​អនាគត​ផងដែរ បើទោះបី​ពេល នេះ​​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នៅ​មិនទាន់​ឲ្យ​តម្លៃ​ខ្លាំង​លើ​គំនិត​ច្នៃប្រឌិតប្លែកៗបែបនេះ​ក៏​ដោយ​។

បុគ្គលិក​ក្រុមហ៊ុន​ប្រេង​សាំង កាល់តិច បន្ត​កូដកម្ម ក្រោយ​ការ​ចរចា​មិន​បាន​លទ្ធផល​

បុគ្គលិក​ក្រុមហ៊ុន​ប្រេងសាំង កាល់តិច នៅ​ថ្ងៃ​ទី ១៤​ឧសភា​នេះ នៅ​តែ​បន្ត​កូដកម្ម តវ៉ា​ទាមទារ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លា និង​ប្រាក់​ខែ​ទី ១៣ ដោយ​មិន​ចូល​ធ្វើ​ការ​ដដែល បន្ទាប់​ពី​ការ​ចរចា​ ជាមួយ​តំណាង​ក្រុមហ៊ុន Chevron កាល​ពី​ថ្ងៃ​ទី ១៣​ឧសភា​នោះ មិន​បាន​ជោគជ័យ​។ ស្ថានីយ៍​ប្រេងសាំង កាល់តិច ទាំងអស់​នៅ​បន្ត​បិទ​មិន​ដំណើរ​ការ ខណៈ​ដែល​បុគ្គលិក​បន្ត​លើក​បដា​ទាមទារ។

តើ​មក​ពី​លុយរៀល​ថោកពេក​បាន​ជា​គេ​នាំគ្នា​ចាយលុយដុល្លារ?

នៅ​ពេល​ដែល​និយាយ​ពី​មូលហេតុ ដែល​គេ​មិន​ចង់​ចាយលុយ​រៀល ហើយ​បែរ​ជា​នាំគ្នា​ចាយ​ដុល្លារ គេ​តែងតែ​ឃើញ​មាន​ការ​លើកឡើង​នូ​វ​ហេតុផល​មួយ​ថា គេ​មិនចង់​ចាយលុយ​រៀល ដោយសារ​តែ​លុយរៀល​មាន​តម្លៃ​ថោក​ពេក។ តើ​រូបិយប័ណ្ណ​ដែល​មាន​តម្លៃ​ថោក​សុទ្ធតែ​មិនគួរ​ឲ្យ​ទុកចិត្ត​ និង​នាំ​ផល​អាក្រក់​ដល់​សេដ្ឋកិច្ច​មែន​ឬ?
ដើម្បី​អាច​ដឹង​ថា តើ​តម្លៃ​លុយរៀល​ថោក​ពិត​ជា​ដើមហេតុ ដែល​នាំ​ឲ្យ​គេ​មិន​ចង់​ប្រើ ហើយ​នាំគ្នា​ទៅ​ប្រើ​លុយ​ដុល្លារ​វិញ​មែន​ឬ​ក៏​អត់នោះ គេ​គួរ​ធ្វើការ​ប្រៀបធៀប​មើល​ជាមួយ​នឹង​រូបិយប័ណ្ណ​បរទេស​មួយ​ចំនួន។ ដោយ​មិន​ចាំបាច់​ចេញ​ទៅ​ណា​ឆ្ងាយ គេ​គួរ​ក្រឡេក​មើល​ទៅលើ​បណ្តា​ប្រទេស​ នៅ​​ក្នុង​តំបន់​អាស៊ាន ដែល​នៅ​ជិត​ខាង​នឹង​កម្ពុជា។ យើងឃើញ​ថា នៅ​ក្នុង​ចំណោម​ប្រទេស​ទាំង ១០ ដែល​ជា​សមាជិក​អាស៊ាន កម្ពុជា​មិនមែន​ជា​ប្រទេស​ដែល​​រូបិយប័ណ្ណ​មាន​តម្លៃ​ថោក​ជាងគេ​នោះទេ។ លុយដុង​របស់​វៀតណាម​មាន​តម្លៃ​ថោកជាង​លុយរៀល​ខ្មែរ​ដល់​ទៅ ៥ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ដល់​ទៅ​២ម៉ឺនដុង) ចំណែក​លុយ​រូពី​របស់​ឥណ្ឌូណេស៊ី​មាន​តម្លៃថោក​ជាង​លុយរៀល​ដល់​ទៅ ៣ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ជាង ១ម៉ឺន​១ពាន់​រូពី)។ ជាការពិត​ថា លុយ​ដុងវៀតណាម និង​លុយ​រូពី​ឥណ្ឌូណេស៊ី មិនមែន​ជា​រូបិយប័ណ្ណ​ដែល​​ទទួល​បាន​ទំនុកចិត្ត​ខ្លាំងក្លា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ក៏ប៉ុន្តែ ជា​រូបិយប័ណ្ណ​ដែលត្រូវ​បាន​គេ​ប្រើប្រាស់​យ៉ាងទូលំទូលាយ​បំផុត នៅ​ក្នុង​ប្រទេស​របស់​គេ។ ការចាយលុយ​ដុល្លារ នៅ​ក្នុង​ប្រទេស​វៀតណាម​ និង​ឥណ្ឌូណេស៊ី​ មាន​ទំហំ​តិចតួច​បំផុត បើ​ធៀប​ទៅនឹង​ប្រទេស​កម្ពុជា។ សូម្បី​តែ​នៅ​ក្នុង​ប្រទេស​ឡាវ ដែល​លុយគីប មាន​តម្លៃ​ថោក​ជាង​លុយ​រៀល​ខ្មែរ​ដល់​ទៅ ២ដង (១ដុល្លារ​អាមេរិក​ដូរ​បាន​ប្រហែល​ ៨ពាន់​គីប) ហើយ​ដែល​កន្លងមក​ក៏​ធ្លាប់​មាន​ការ​ចាយលុយដុល្លារ​ច្រើន​ដែរ​នោះ ក៏​ពេល​បច្ចុប្បន្ន​នេះ​ឡាវ​​អាច​កាត់បន្ថយ​ការ​ចាយលុយដុល្លារ​បាន​យ៉ាង​ច្រើន​ជាង​កម្ពុជា​​ឆ្ងាយដែរ។ ដូច្នេះ មិនមែន​ដោយសារ​គ្រាន់តែ​​លុយរៀល​មាន​តម្លៃ​ថោក​ធៀប​នឹង​លុយ​ដុល្លារ ទើប​គេ​មិនចាយ​លុយរៀល ហើយ​នាំគ្នា​ចាយ​លុយដុល្លារ​នោះទេ។ តាម​ពិត រូបិយប័ណ្ណ​មួយ​ទទួល​បាន​នូវ​ទំនុកចិត្ត​ពី​អ្នក​ប្រើប្រាស់​ឬ​អត់ មិនមែន​អាស្រ័យ​ទៅលើ​ថា​តើ​រូបិយប័ណ្ណ​នោះ​មាន​តម្លៃ​ថោក ឬ​ថ្លៃ នោះទេ ក៏ប៉ុន្តែ វា​អាស្រ័យ​ទៅលើ​ថា​តើ​រូបិយប័ណ្ណ​នោះ​មាន​ស្ថិរភាព​ដែរ​ឬទេ? រូបិយប័ណ្ណ​ដែល​មាន​ស្ថិរភាព បើទោះបី​ជា​មាន​តម្លៃ​ថោក​​ក៏ពិតមែន ក៏ប៉ុន្តែ គេ​អាចទុកចិត្តបាន​ថា ទៅថ្ងៃ​អនាគត​តម្លៃ​របស់​វា​នឹង​មិន​មាន​ការប្រែប្រួល​ខ្លាំង​នោះទេ។ ផ្ទុយទៅវិញ រូបិយប័ណ្ណ​ដែល​គ្មាន​ស្ថិរភាព បើទោះបី​ជា​ថ្ងៃ​នេះ​មាន​តម្លៃ​ថ្លៃ ក៏ប៉ុន្តែ គេ​មិន​អាច​ដឹង​បានទេ​ថា តើ​ថ្ងៃ​ស្អែក​វា​នឹង​ត្រូវ​ធ្លាក់​ចុះ​ដល់​កម្រិត​ណា? ដូច្នេះ តម្លៃ​លុយរៀល​ទាប ពោលគឺ​ ៤ពាន់​រៀល ទើប​ដូរ​បាន​ ១ដុល្លារ​អាមេរិក​ វា​មិនមែន​ជា​ឧបសគ្គនោះទេ សំខាន់​ឲ្យ​តែ​វាមាន​ស្ថិរភាព ហើយ​ស្ថិរភាព​នៃ​លុយរៀល​ពឹង​ផ្អែក​ខ្លាំង​ទៅលើ​កត្តា​ស្ថិរភាព​នយោបាយ ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច និង​ជា​ពិសេស ទៅលើ​សមត្ថភាព​ចាត់ចែង​នយោបាយ​រូបិយវត្ថុ និង​ឯករាជ្យ​របស់​ធនាគារ​ជាតិ​កម្ពុជា។ ដរាបណា​ធនាគារ​ជាតិ​ស្ថិត​ក្រោម​បញ្ជា​រដ្ឋាភិបាល​ ដរាបនោះ គេ​នៅតែ​បារម្ភ​ថា នៅ​ពេលណា​ដែល​រដ្ឋាភិបាល​ខ្វះលុយ ធនាគារ​ជាតិ​នឹង​ត្រូវ​​បោះពុម្ពលុយ​​​ដោយ​គ្មានដែន​កំណត់​​ ដើម្បី​យក​មក​បំពេញ​ការ​ចំណាយរបស់​រដ្ឋ។ នៅពេលណា​ដែល​ធនាគារ​ជាតិ​បោះពុម្ពលុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ហួស​ពី​តម្រូវការ​សាច់ប្រាក់ ​នៅពេលនោះ លុយរៀល​នឹង​​ក្លាយ​ទៅជា​ក្រដាស​ដែល​គ្មាន​តម្លៃ។ នេះ​ហើយ​ជា​កត្តា​សំខាន់​បំផុត ដែល​ធ្វើ​ឲ្យ​គេ​ពិបាក​នឹង​មាន​ទំនុកចិត្ត​លើ​លុយ​រៀល ហើយ​ ​មិនមែន​ដោយសារ​តែ​​វា​មាន​តម្លៃ​ថោក​នោះទេ។ ម្យ៉ាងវិញ​ទៀត តម្លៃ​រូបិយប័ណ្ណ​ជាតិ​ថោក​ក៏​មិនមែន​សុទ្ធតែ​ជា​ឧបសគ្គ នៅ​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច​នោះដែរ។ ជាក់ស្តែង វៀតណាម និង​ឥណ្ឌូណេស៊ី ដែល​មាន​រូបិយប័ណ្ណ​ថោក​ជាង​លុយរៀល សុទ្ធតែ​មាន​សេដ្ឋកិច្ច​រីកលូតលាស់​​ជាង​កម្ពុជា​ឆ្ងាយ​ណាស់ ជាពិសេស ឥណ្ឌូណេស៊ី ដែល​ជា​មហាអំណាច​សេដ្ឋកិច្ច​លំដាប់​ទី១ នៅ​ក្នុង​តំបន់​អាស៊ាន និង​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​លំដាប់​ទី១៥។ តាមពិត នៅ​ក្នុង​លក្ខខណ្ឌ​ខ្លះ រូបិយប័ណ្ណ​ជាតិ​មាន​តម្លៃ​ថោក គឺ​ជា​អំណោយផល​ល្អ សម្រាប់​សេដ្ឋកិច្ច​ជាតិ​ទៅវិញ​ទេ ដោយសារ​តែ​វា​ធ្វើ​ឲ្យ​ទំនិញ​ដែល​ផលិត​នៅ​ក្នុង​ប្រទេស​នោះ​មាន​តម្លៃ​ថោក ងាយស្រួល​ក្នុងការ​ប្រកួតប្រជែង​នៅលើ​ទីផ្សារ​អន្តរជាតិ ជំរុញ​វិស័យ​នាំចេញ នាំ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច និង​បង្កើត​ការងារ​ដល់​ប្រជាជន។ ហេតុដូច្នេះ​ហើយ​បាន​ជា​គេ​តែងតែ​ឃើញ​​រដ្ឋាភិបាល​ចិន​ធ្វើ​អន្តរាគមន៍ ដើម្បី​ទប់​លុយ​យ័ន​​មិន​ឲ្យ​ឡើង​ថ្លៃ​ធៀប​នឹង​លុយ​ដុល្លារ​អាមេរិក។ ចំណែក​រដ្ឋាភិបាល​របស់​លោក​ស្ហ៊ីនហ្សូ អាបេ ក៏​ស្វះស្វែង​រកវិធី​ធ្វើ​ឲ្យ​លុយ​យេន​ជប៉ុន​ធ្លាក់​ថ្លៃ​ផងដែរ ដើម្បី​ជំរុញ​ការ​នាំចេញ​ទៅ​ក្រៅ​ប្រទេស។ នៅ​ក្នុង​ប្រទេស​កម្ពុជា​វិញ គេ​អាច​និយាយ​បាន​ថា ទោះបីជា​លុយ​រៀល​ចុះថ្លៃ ឬ​ឡើង​ថ្លៃ ក៏​មិនសូវ​ជា​មាន​ឥទ្ធិពល​លើ​ការនាំចេញ គឺ​ដោយសារ​តែ​តម្លៃ​ផលិត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ត្រូវ​គិត​ជា​ដុល្លារ​ច្រើន​ជាង​លុយ​រៀល៕