Saturday, May 17, 2014

សភាពការណ៍ចិននិងវៀតណាមដល់កម្រិត៣ ត្រៀមប្រយុទ្ធ

ចិនបញ្ជូនទ័ពមកតាមព្រំដែនជាប់វៀតណាមហើយ និង
ប្រកាសអាសន្ននៅតាមព្រំដែនឡើងកំរិត ៣ "គឺត្រៀមប្រយុទ្ធ!"
។ លោករដ្ឋមន្រ្តីក្រសួងការពារជាតិចិនចុះពិនិត្យសភាពការណ៍
នៅជាប់ព្រំដែនវៀតណាម ចិនជាបន្ទាន់នាពេលម្សិលមិញ ។
ទព័ទាំងអស់បាននិយាយថា អោយតែមានបញ្ជាភ្លាម ... បាញ់
កាំជ្រួញស៊ីម្តង ៥ គីឡូដី ៤ ជ្រុងភ្លាម ចូលដីវៀតណាម ។ លោក
បញ្ជាអោយទ័ពត្រូវមានមុខ ២៤ ម៉ោង លើ ២៤ ម៉ោង និងចំនួនត្រូវ
មាន ១០០% ត្រៀមប្រយុទ្ធ ។
ចិនមានកំរិតប្រកាសអាសន្ន បើឡើងដល់កំរិត ៤ គឺសង្គ្រាមហើយ!វៀតណាមក៏ប្រញ៉ាប់ប្រញ៉ាល់បញ្ចេញទ័ពដោយស្ងប់ស្ងាត់ដែរយប់
មិញនេះ ។





អ្នកតស៊ូមតិ៖​ចំណូល​ពី​ធនធាន​រ៉ែ​នៅ​កម្ពុជា​ត្រូវ​មាន​តម្លាភាព

អ្នក​តស៊ូមតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បានមក​សភា​ស.រ.អា.​ ដោយ​ទទូច​ឲ្យ​ស.រ.អា.​​និង​ក្រុមហ៊ុន​អាមេរិកាំង​ជួយ​កម្ពុជា​ពង្រឹង​តម្លាភាព​ និង​អភិបាលកិច្ច​ចំពោះ​ចំណូល​បាន​ពី​ធនធាន​រ៉ែ និង​ឧស្ម័ន​ ប្រេងកាត។ ​លោក សុខ ខេមរា​រាយ​ការណ៍​រដ្ឋធានី​វ៉ាស៊ីនតោន៕

សង្គម​ស៊ីវិល​​​ទទូច​ឲ្យ​​​បញ្ចូល​​​មុខ​វិជ្ជា​​​សិក្សា​អំពី​​​សុចរិតភាព​ចាប់​ពី​ថ្នាក់​​​បឋម​​​សិក្សា

 — សម្ព័ន្ធ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ក្រុម​បាន​អំពាវ​នាវ​ឲ្យ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​ក្នុង​ប្រទេស​កម្ពុជា ពិចារណា​ដាក់​បញ្ចូល​មុខវិជ្ជា​សិក្សា​អំពី​សុចរិត​ភាព​ទៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​ថ្នាក់ជាតិ ចាប់​ពី​កម្រិត​បឋម​សិក្សា​ឡើង​ទៅ។​

លោក​ហ៊ឹម យន់​គឺ​អ្នក​សម្រប​សម្រួល​លេខាធិការដ្ឋាន​នៃ​សម្ព័ន្ធ​ដើម្បី​សុចរិត​ភាព​និង​គណនេយ្យភាព​សង្គម។ នៅ​ក្រៅ​សិក្ខាសាលា​មួយស្តី​ពី​សុចរិត​ភាព​ដែល​ត្រូវបាន​រៀបចំ​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ​កាល​ពី​ពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ លោក​បាន​មាន​ប្រសាសន៍​ថា ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​នេះ​ទៅ​ក្នុង​កម្មវិធីសិក្សា​អប់រំ​ចាប់​ទី​ថ្នាក់​ក្រោម​ទៅ ​នឹងជួយ​បណ្តុះ​គំនិត​ក្មេងៗ​ឲ្យ​ចាប់​ផ្តើ​ម​គិត​ពី​ភាព​ស្អាត​ស្អំ​និង​ភាព​ស្មោះត្រង់​ ​តាំង​ពី​តូចៗ​ទៅ។​

«វា​ជា​ចំណុច​មួយ​សំខាន់​ សម្រាប់​ខ្លួន​គេ​ផង និង​សម្រាប់​គ្រួសារ​ដែល​ជា​ឪពុក​ម្តាយ​ផង។ កាល​ណា​កូន​ដែល​មិនមាន​ភាព​ស្មោះត្រង់​ជាមួយ​ឪពុក​ម្តាយ​ វា​អាច​ធ្វើ​បាប​ឪពុក​ម្តាយ​នៅ​ថ្ងៃ​ណាមួយ ហើយ​អាច​ប៉ះពាល់​ដល់​សង្គម​ទាំង​មូល។ អញ្ចឹង​ចាំបាច់​ត្រូវ​មាន​បញ្ចូល​ទាក់ទង​រឿង​សុចរិត​ភាព​ឬ​ក៏ការ​ទទួល​ខុសត្រូវ​សង្គម​នេះ​តាំង​ពី​បឋម​សិក្សា​មក​ម្ល៉េះ»។​

ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​បាន​ញាំញី​ដោយ​អំពើ​ពុក​រលួយ​ក្នុង​រយៈ​ពេល​ជាង​ពីរ​ទសវត្សរ៍ចុងក្រោយ​នេះ។ អំពើ​ស៊ី​សំណូក​ សូកប៉ាន់ ការ​ទិញ ​លក់​សញ្ញា​ប័ត្រ និង​ការ​យក​លុយ​ពី​កូន​សិស្ស​តូចៗ​ក្នុង​ថ្នាក់​បឋមសិក្សា​រដ្ឋ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ក្លាយ​ជា​ទង្វើ​ធម្មតា​ទៅ​ហើយ​ ក្នុង​សម័យ​កាល​នៃព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នេះ។​

លោក​សេង ឫទ្ធី នាយក​ប្រតិបត្តិ​ នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​អភិវឌ្ឍន៍​ជាតិ ​មាន​ប្រសាសន៍ថា ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​អំពី​សុចរិតភាព​ទៅ​ក្នុង​ការ​សិក្សា​តាំង​ពី​ថ្នាក់​កុមារដ្ឋាន​នេះ អាច​នឹង​ជួយ​បញ្ជ្រៀប​ផ្នត់​គំនិត​ស្រឡាញ់ភាព​ស្អាត​ស្អំ​ក្នុង​ចំណោម​កុមារ​តូចៗ​ និង​ធ្វើ​ឲ្យ​ពួក​គេចាប់​ផ្តើមស្អប់​អំពើ​ពុករលួយ​តាំង​ពីក្មេង​ទៅ។​

«ចាប់​ផ្តើម​ពី​កម្រិត​បឋម​សិក្សា​ទៅ ខ្ញុំ​គិត​ថា អាហ្នឹង​វា​សំខាន់ណាស់ ធ្វើ​យ៉ាង​ម៉ិច​បង្កើត​ឲ្យ​មាន​ភាព​ស្អាតស្អំ​ក្នុង​ខួរក្បាល​របស់សិស្ស​ចាប់​ពី​បឋម​សិក្សា​ឡើង​ទៅ»។​

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ​ យុវជន និង​កីឡា រួម​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​របស់​រដ្ឋាភិបាល​ បាន​សម្រេច​ដាក់​បញ្ចូល​មុខវិជ្ជា​ស្តី​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ​ទៅ​ក្នុង​កម្មវិធី​សិក្សាកម្រិត​មធ្យម​សិក្សា​ទុតិយភូមិ​ ឬ​ចាប់​ពី​ថ្នាក់​ទី​១០​ដល់​ទី​១២។​

ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ឃើញ​មាន​ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​នេះ​ចាប់​ពី​ថ្នាក់​ក្រោម​ទៅ​នៅ​ឡើយ​ទេ។​

លោក​សន ជ័យ តំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ​សម័្ពន្ធ​គណនេយ្យភាព​សង្គម អាស៊ី​បូព៌ា ​និង​ប៉ាស៊ីហ្វិក​មាន​ប្រសាសន៍​ថា​ ការ​ដាក់​បញ្ចូល​មុខ​វិជ្ជា​អំពី​សុចរិត​ភាព​នៅ​ក្នុង​កម្មវិធី​សិក្សា​អប់រំ​ចាប់​ពី​ថ្នាក់​បឋម​សិក្សា​ឡើង​ទៅ​និង​ជួយ​ដល់​សិស្សានុសិស្សឲ្យ​ចាប់​ផ្តើម​ឆ្វេង​យល់​អំពីភាព​ស្មោះត្រង់​គុណ​តម្លៃ​នៃភាព​ជា​មនុស្ស​ស្អាត​ស្អំ​ និង​មិន​ប្រឡូក​ក្នុង​អំពើ​ពុករលួយ​តាំង​ពី​តូច​ទៅ។​

«អប់រំ​មនុស្ស​គឺ​គេ​ចាប់​ផ្តើម​ពី​តូច។ អញ្ចឹង​យើង​ចង់​បាន​ឲ្យ​ការ​អប់រំ​ចាប់​ផ្តើម​ពី​ថ្នាក់​បឋម​មក។ មិន​មែន​មាន​ន័យ​ថា ការ​អប់រំ​នៅថ្នាក់​វិទ្យាល័យ​ហ្នឹង​អត់​ប្រយោជន៍​ទេ ប៉ុន្តែ​ជា​ការ​ចាប់​ផ្តើម​ពី​ដើម​ទី​មក ពី​បឋម​សិក្សា​មក។ យើង​ត្រូវ​កុំ​ឲ្យ​សិស្សឃើញ​ការ​សូក​ប៉ាន់​នៅ​កម្រិត​សាលារៀន​របស់​ពួក​គេ»។​

កាល​ពី​ឆ្នាំ​មុន ​អង្គការ​តម្លាភាព​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជាថា​ ជា​ប្រទេស​ដែល​មាន​អំពើ​ពុករលួយ​ច្រើន​ជាង​គេ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។​

យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​កន្លង​មក​ អំពើ​ពុក​រលួយ​នេះ​បាន​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​ជាតិ​យ៉ាង​តិច​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំៗ ហើយ​វា​ក៏បាន​ចូលរួម​ចំណែក​បង្ក​ឲ្យ​មានអំពើ​អយុត្តិធម៌​សង្គម​ជា​ច្រើន​ផង​ដែរ។​

លោក​ព្រាប ​កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា មាន​ប្រសាសន៍​ថា ការ​បញ្ជ្រៀប​គោល​គំនិតអំពី​សុចរិត​ភាព​នេះ​ទៅ​ក្នុង​ប្រព័ន្ធ​សិក្សា​អប់រំ​តាំង​ពី​ថ្នាក់​ក្រោម​ទៅ​ នៅ​ពេល​នេះ ​អាច​ជា​ការ​វិនិយោគ​រយៈ​ពេល​វែង​មួយ ប៉ុន្តែ វា​នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែងរបស់កម្ពុជា​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ​នា​ពេល​អនាគត។​

«នៅ​ពេល​ដែល​គាត់​ពេញ​វ័យ ចូល​បម្រើ​ការងារ ទោះ​បី​នៅ​ក្នុង​ស្ថាប័ន​រដ្ឋ​ ឯក​ជន ឬ​ក៏​អង្គការ​សង្គម​ស៊ីវិល​ហ្នឹង​គឺ​គាត់​ក្លាយ​ជា​បុគ្គល​ស្អាត​ស្អំ ជា​មន្ត្រី​ស្អាត​ស្អំ ហើយ​នឹង​មិន​ប្រព្រឹត្ត​អំពើ​ពុករលួយ»។​

រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ យុវជន​និង​កីឡា លោក​បណ្ឌិត​ហង់ ជួនណារ៉ុន​មាន​ប្រសាសន៍​ថា ក្រសួង​របស់​លោក​បាន​និង​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ​ហើយ។​

«តាម​ពិត​ យើង​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​ក្នុង​កម្រិត​មធ្យម​សិក្សា​ហើយ ប៉ុន្តែ​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង​គឺ​យើង​អនុវត្ត​តែ​ម្តង។  មាន​ន័យ​ថា តាម​ពិត​ បើ​យើង​បំបាត់​អំពើ​អវិជ្ជមាន​ដែល​កើត​មាន​ឡើងជាមួយ​សិស្ស​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង ក៏​វា​ជួយ​អប់រំ​ដែរ។ អញ្ចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កម្រិត​បឋម​សិក្សា​ហ្នឹង យើង​អប់រំ​ទាំង​ផ្នែក​ពលរដ្ឋ​វិទ្យា សីលធម៌ ក៏​ដូច​ជា​ផ្នែក​ប្រឆាំង​អំពើ​ពុករលួយ​ដែរ គ្រាន់​តែ​ថា ក្នុង​កម្រិត​មួយ​តិច ហើយ​ដល់​ឡើងខ្ពស់ កាន់តែ​ច្រើន​ឡើងៗ»។​

ទោះ​ជា​យ៉ាង​នេះ​ក្តី ក្រុម​តំណាង​អង្គការ​សង្គម​ស៊ីវិល​បាន​ទទូចដោយ​លើក​ឡើង​ថា​ ការ​អប់រំ​មនុស្ស​ឲ្យ​ស្រឡាញ់ភាព​ស្មោះត្រង់​ និង​ភាព​ស្អាត​ស្អំ​ ហើយ​ស្អប់​អំពើ​ពុក​រលួយ​ចាំ​បាច់​ត្រូវ​ធ្វើ​ពី​តូចៗ​ទៅ​មុន​សិន  រួច​សឹមទៅ​អប់រំមនុស្ស​ធំ​ពេញ​វ័យ​ជា​បន្តទៀត៕
                                                                                            ប្រភព :វីអូអេ

សមាគម​វៀតណាម​ដក​ថយ​មិន​ធ្វើ​បាតុកម្ម​ប្រឆាំង​ស្ថានទូត​ចិន

 — សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​បាន​សម្រេច​ផ្អាក​ការ​ដឹក​នាំ​ធ្វើ​មហាបាតុកម្ម​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិនដោយ​គ្មាន​កាល​កំណត់​ដោយបាន​លើក​ហេតុផល​ថា​មិន​មាន​ពេល​វេលា​គ្រប់​គ្រាន់​ក្នុង​ការ​រៀប​ចំ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​មន្ត្រី​របស់​សមាគម។​


សមាគម​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជាកាល​ពី​ថ្ងៃ​ពុធ​បាន​អះអាង​ថា​នឹង​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិន​ដើម្បី​សម្តែង​មតិ​របស់​ខ្លួន​ពាក់​ព័ន្ធ​នឹង​ជម្លោះ​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​ចិន​និង​ប្រទេស​វៀតណាម។ ជម្លោះ​នេះបាន​ឈាន​ដល់​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ដោយសារ​តែ​ជនជាតិ​វៀតណាម​ដែល​ពោរពេញ​ទៅ​ដោយ​កំហឹង​បាន​ធ្វើ​មហាបាតុកម្ម​ដុត​រោងចក្រ​របស់​ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​នៅ​ក្នុង​ប្រទេស​វៀតណាម។​

ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​បានបន្ត​ភៀសខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​ដើម្បី​គេច​ចេញ​ពី​អំពើ​ហិង្សា​ដ៏​រំជើប​រំជួល​ក្នុង​ប្រទេស​វៀតណាម។​
 មន្ត្រី​ច្រក​ទ្វា​ព្រំ​ដែន​បាវិត​មួយ​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ​មាន​ប្រសាសន៍​ថា​មាន​ជនជាតិ​ចិន​និង​ចិន​តៃ​វ៉ាន់​ប្រមាណ​ជាង​៦០០​នាក់​ហើយ​ បាន​ភៀស​ខ្លួន​ពី​វៀតណាម​មក​កាន់​ប្រទេស​កម្ពុជា​តាម​ច្រក​បាវិត​ក៏​ប៉ុន្តែ​ស្ថានភាព​ភ្ញៀវ​ចេញ​ចូល​តាម​ច្រក​អន្តរជាតិ​មួយ​នេះ​មិន​មាន​បាតុកម្មតវ៉ា​ដូច​នៅ​ប្រទេស​វៀតណាម​ទេ។​

លោក​និយាយ​ថា៖ ​«អត់​ទេ​អត់​មាន ​សូម្បី​តែ​គាត់​មក​ឆ្លង​កាត់​ប៉ុស្តិ៍​វៀតណាម​ អាជ្ញាធរ​គេ​បំពេញ​បែប​បទ​ធម្មតា​មិន​មាន​អ្វី​ធ្វើ​ទុក្ខ​បុកម្នេញ​ឬក៏​អ្វីទេ​គឺ​ធម្មតា»។​

ទីភ្នាក់​ងារ​សារព័ត៌មាន ​Reuters​ ពី​ប្រទេស​វៀតណាម​បាន​រាយការណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​យ៉ាង​តិច​មាន​មនុស្ស​ប្រមាណ​២១​នាក់​បាន​ស្លាប់បាត់​បង់ជីវិតនិង​ជាង​១០០​នាក់​ផ្សេង​ទៀត​បាន​រង​របួស។​

ជនរង​គ្រោះ​ដែល​បាន​ស្លាប់​បាត់​បង់​ជីវិត​មាន​អ្នក​ដែល​គេ​សង្ស័យ​ថា​ ជា​ជនជាតិ​ចិន​១៦​នាក់​និង​កម្មករ​ជា​ជាតិ​វៀតណាម​៥​នាក់​ដោយ​សារ​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន​ក្នុង​ប្រទេស​វៀតណាម។​

លោក​ ​ស៊ឹម ជី​ ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​ វៀតណាម​ប្រចាំ​កម្ពុជា​បាន​បញ្ជាក់​ថា​ឆ្លង​តាម​កិច្ច​ប្រជុំ​គណៈកម្មការ​នៅ​ថ្ងៃ​នេះសមាគម​វៀតណាម​សម្រេច​ផ្អាក​ការ​ដឹក​នាំ​ធ្វើ​មហា​បាតុកម្ម​ដោយ​គ្មាន​កាល​កំណត់​ប្រឆាំង​នឹង​ស្ថាន​ទូត​ចិន​ដោយ​សារ​តែ​រៀប​ចំពេល​វេលា​មិន​ទាន់។​

លោក​និយាយ​ថា៖​ «ពីព្រោះ​អ្វី​ប្រញាប់​ប្រញាល់​ពេក​។​យើង​រៀបចំអត់​ទាន់»។​

សមាគម​វៀតណាម​បាន​ពង្រីក​សាខា​របស់​ខ្លួន​នៅ​ទូទាំង​២៥​ខេត្ត​ក្រុង​ក្នុង​ប្រទេស​កម្ពុជា។​

លោក​ ឡុង ឌីម៉ង់​ អ្នក​នាំពាក្យ​សាលា​ក្រុង​ភ្នំពេញ​បាន​បញ្ជាក់​ថា​សាលា​ក្រុង​មិន​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ ​ធ្វើ​មហា​បាតុកម្ម​ក្តី​ កូដកម្ម​ក្តី​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ទេ។​

លោក​និយាយ​ថា៖​«ព្រះរាជា​ណាចក្រ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​ប្រកាន់​ខ្ជាប់​នូវ​គោល​នយោបាយ​អព្យាក្រឹត។​ ខ្ញុំ​ជឿ​ថា​ប្រទេស​កម្ពុជា​មិន​មែន​ជាកន្លែង​ដែល​អនុញ្ញាត​ឱ្យ​ក្រុម​ម្ខាង​ធ្វើ​ការ​សម្តែង​មតិ​ឬក៏​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​មួយ​ទៀត​នៅ​ក្នុង​ប្រទេស​យើង​បាន​ទេ»។​

អាជ្ញាធរ​វៀតណាម​កាល​ពី​ថ្ងៃពុធបាន​ទទូច​ឲ្យមាន​ភាព​ស្ងប់ស្ងាត់​ ហើយ​បាន​បញ្ជូន​ក្រុម​ប៉ូលិស​អន្តរាគមន៍​ផងដែរ។​ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍ថា​មាន​ក្រុម​បាតុករ​ជាច្រើន​រយ​នាក់​ត្រូវ​ចាប់​ខ្លួន​ និង​ ចោទ​ប្រកាន់​ពី​បទ«​ធ្វើ​ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សារធារណៈ ​និង​ញុះ​ញង់​កម្មករ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ទ្រព​សម្បត្តិ»។ ​

ប្រទេស​ចិនជា​ដៃគូ​ពាណិជ្ជកម្ម​ដ៏ធំ​បំផុត​ជាមួយ​នឹង​ប្រទេស​ វៀតណាម​ ដោយ​ផ្តល់​ប្រយោជន៍ មកវិញ​ដល់ទៅ​៥០​ពាន់​លាន​ដុល្លារ​សរអា​ក្នុង​ឆ្នាំ២០១៣។​ចំនួន​នេះ​កើនឡើង​ដល់​ទៅ​២២ ​ភាគរយ​ ក្នុងដើម​ឆ្នាំនេះ។​ នេះបើ​យោងទៅតាម​ការ​អះអាង​របស់​ការិយាល័យ​ស្ថិតិ​រដ្ឋ​ វៀតណាម៕
                                                                                                                    ប្រភព:វីអូអេ

វាគ្មិន​នៅ​​វ៉ាស៊ីនតោន​រិះគន់​វៀតណាម​និង​កម្ពុជា​ចំពោះ​ការ​រិតត្បិត​​សេរីភាព​សារ​ព័ត៌មាន

 — ចំ​ពេល​ដែល​ពិភព​លោក​ប្រារព្ធទិវា​សេរីភាព​សារ​ព័ត៌មាន​ប្រចាំ​ឆ្នាំ​កាលពី​ថ្ងៃទី​៣​ខែ​ឧសភា​ ក្រុម​វាគ្មិន​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​បាន​ថ្លែង​ថា ​ការ​រិត​ត្បិត​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ចំពោះ​សេរីភាព​ព័ត៌មាន​ ជាពិសេស​សេរីភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ ដែល​មាន​ការ​កើនឡើង ​នៅ​ពេល​ដែល​បញ្ហា​សង្គម​ និង​ការ​តស៊ូ​មតិ​របស់​ប្រជាពល​រដ្ឋ​ក្នុង​ប្រទេស​វៀតណាម​និង​កម្ពុជា​មាន​ការ​កើន​ឡើង​ដែរ​នោះ។​


នៅ​ក្នុង​សន្និសីទ​ស្តីពី«ដំណើរ​ឆ្ពោះ​ទៅ​រក​បណ្តាញ​ព័ត៌មាន​សេរី​ក្នុង​ប្រទេស​វៀតណាម»​ដែល​រៀបចំ​ដោយ​វិទ្យុ​អាស៊ី​សេរី​ និង​អង្គការ​អ្នក​កាសែតគ្មាន​ព្រំដែន​នោះ ​ក្រុម​វាគ្មិន​នានា​រាប់​ទាំង​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ការ​បរទេស​ស.រ.អា.​ ​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នក​សរសេរ​ប្លុក​មកពី​ប្រទេស​វៀតណាម​ បាន​និយាយ​ស្រដៀង​គ្នា​ថា ប្រទេស​វៀតណាម​កាន់​តែ​មាន​ការ​រិត​បន្តឹង​និង​ធ្វើ​ទុក្ខ​បុកម្នេញ​សេរីភាព​សារ​ព័ត៌មាន​ សេរីភាព​បញ្ចេញ​មតិ​ ដែល​សហគមន៍​អន្តរជាតិ​ចាំ​បាច់​ត្រូវ​ពិនិត្យ​ ឡើង​វិញ​អំពី​បញ្ហា​នេះ។​

លោក​ ស្កត់ ប៊ូសប៊ី ​(Scott Busby) ​ឧបការីរង​រដ្ឋមន្ត្រី​ក្រសួងការ​បរទេស​ស.រ.អា.​ទទួល​បន្ទុក​ផ្នែក​ប្រជាធិបតេយ្យ​ សិទ្ធិ​មនុស្ស​និង​ពលកម្ម ​ដែល​ជា​វាគ្មិន​ បាន​ថ្លែង​ថា​ ប្រទេស​វៀតណាម​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​សេរីភាព​ប្រព័ន្ធ​អ៊ីនធឺណិត​និង​សេរីភាព​ព័ត៌មាន។​

«បញ្ហា​ចុង​ក្រោយ​មួយ​ដែលខ្ញុំ​ចង់​និយាយ​គឺ​ថា​ យើង​នឹង​ជួប​ជាមួយ​តំណាង​រដ្ឋាភិបាល​វៀតណាម​នៅ​ក្នុង​ខែ​នេះ​ ក្នុង​ពេល​ដែល​មាន​កិច្ច​ពិភាក្សា​ប្រចាំ​ឆ្នាំ​ស្តី​ពី​សិទ្ធិ​មនុស្ស​រវាង​ស.រ.អា.និង​វៀតណាម​ ហើយ​យើង​នឹង​លើក​បញ្ហា​នេះ​ជាមួយ​អ្នក​តំណាង​ប្រទេស​វៀតណាម»។​

លោក​ថ្លែង​ថា ​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​មាន​ការ​គ្រប់​គ្រង​ដោយ​រដ្ឋ ​ដែល​ជា​រឿង​មិន​ត្រឹមត្រូវ។​ អង្គការ​ព័ត៌មាន​ត្រូវ​តែ​មាន​ភាព​ឯករាជ្យ​ក្នុង​ការ​ស៊ើប​អង្កេត​ សរសេរ ​និង​បោះពុម្ពផ្សាយ​ដោយ​សេរី​អំពី​ស្ថាន​ការណ៍​ក្នុង​ប្រទេស​វៀតណាម។​ លោក​ ​ប៊ូសប៊ី​ អះអាង​ថា ​ទោះបី​ជា​មាន​ការ​បើក​ឲ្យ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ខ្លះ​មែន​ តែ​មាន​ការ​ចាប់​ខ្លួន​ចំពោះ​ការ​បញ្ចេញ​មតិ​ និង​ការ​ផ្សព្វផ្សាយ ​ឬ​បង្ហោះ​ព័ត៌មាន​តាម​ទំព័រ​បណ្តាញ​សង្គម​ហ្វេសប៊ុក។​

«វា​ជា​ស្ថាន​ការណ៍​នៃ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​សម្រាប់​យើង​ បើ​ទោះបី​ជា​ក្នុង​ដំណាក់​កាល​យើង​ទទួល​ស្គាល់​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតជា​ច្រើន ​ហើយ​ពួក​គេ​អាច​ប្រើ​ប្រព័ន្ធ​ហ្វេសប៊ុក​ក្តី។​ ដូច្នេះ​នេះ​ជា​ស្ថាន​ការណ៍​ស្មុគស្មាញ។​ វា​មិន​មែន​ដូច​កូរ៉េ​ខាងជើង​មែន​ តែ​វា​ក៏​មិន​មែន​ជាសង្គម​សេរី​ដែរ​ នៅ​ពេល​និយាយ​អំពី​បញ្ហា​ប្រើប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិតនោះ»។​

ប្រទេស​វៀតណាម​ត្រូវ​អង្គការ​សារ​ព័ត៌មាន​ដាក់​ឲ្យ​ស្ថិត​នៅ​ក្នុង​លំដាប់​ប្រទេស​គ្មាន​សេរីភាព​ផ្នែក​សារ​ព័ត៌មាន​សម្រាប់​របាយ​ការណ៍​ចេញ​ផ្សាយ​ឆ្នាំ​២០១៤​នេះ។​

លោក​ ដូ ហុងឌៀម ​ប្រធាន​អង្គការ​ផ្នែក​តស៊ូ​មតិ​មួយ​ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា​ឈ្មោះ​វៀតតាន់​ (Viet Tan)​ ដែល​ជា​វាគ្មិន​មួយ​រូប​បាន​ថ្លែង​ថា ​ប្រទេស​វៀតណាម​បាន​បង្កើន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ និង​ធ្វើទុក្ខ​បុកម្នេញ​៣ឆ្នាំ​ចុង​ក្រោយ​នេះ ​ដោយ​មាន​ការ​ចាប់​ខ្លួន​កើន​ច្រើន​បី​ដង​ បើ​ប្រៀបធៀប​នឹង​ពេល​មុនៗ​ នៅ​ពេល​មាន​កំណើន​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ និង​ប្រជា​ធិបតេយ្យ​ និង​នៅ​ពេល​មាន​ការ​សរសេរ​រឿងរ៉ាវ​ជា​ច្រើន​ពី​ប្រទេស​វៀតណាម។​ រឿង​ការ​ធ្វើ​ទុក្ខបុក​ម្នេញ​នេះ​ លោក​ចាត់​ទុក​ថា ​ជា​ការ​សងសឹក​របស់​វៀតណាម​ដើម្បី​ពង្រឹង​អំណាច​នៃ​ការ​ដឹកនាំ​ផ្តាច់ការ​របស់​ខ្លួន។​

«ក្នុង​ប្រទេស​វៀតណាម​ រដ្ឋាភិបាល​វៀតណាម​ជា​រដ្ឋា​ភិបាល​ពុក​រលួយ។​ ពួក​គេ​មិន​គ្រាន់​តែ​រំលោភ​សិទ្ធិ​មនុស្ស​ទេ​ គឺ​ថែមទាំងពុក​រលួយ​ទៀត​ផង។​ ពួក​គេ​រំលោភ​បំពាន​ពលរដ្ឋ​តាមរយៈ​ការ​ប្លន់​ដីធ្លី​ពលរដ្ឋ។​ មន្ត្រី​ពុក​រលួយ​ក្លាយ​ជា​អ្នក​មាន​ស្តុក​ស្តម្ភ។ មន្ត្រី​កាន់​អំណាច​វៀតណាម​ឥឡូវ​មាន​បាន ​តែ​ពលរដ្ឋ​ជា​ទូទៅ​ក្រីក្រ។ ​ដូច្នេះ​គ្មាន​ភាព​ស្មើ​គ្នា​ទេ​ក្នុង​ប្រទេស​វៀតណាម។​ ដូច្នេះ​និយាយ​ឲ្យ​ខ្លី​ទៅ​ អ្នក​កាសែត​ ប្រជាជន​ អ្នក​កាសែតឯករាជ្យ​ និង​អ្នក​សរសេរ​ប្លុក ​គេ​សរសេរ​រឿងរ៉ាវ​យ៉ាង​ច្រើន»។​

យល់​ស្រដៀង​គ្នា​នេះ​ដែរ​ លោក ​ចន ហ្វ័ក ​(Jon Fox) ​នៃ​អង្គការ​ ACCESS​ ក្នុង​ប្រទេស​អាមរិក​បាន​ថ្លែង​ថា​ បញ្ហា​ក្នុង​ប្រទេស​វៀតណាម​និង​បញ្ហា​លើ​ពិភពលោក​មិន​មែន​បណ្តាល​មក​ពីបណ្តាញ​សង្គម​ទេ​ តែ​រឿង​រ៉ាវ​កើត​ឡើង​ដោយ​អំពើ​ពុក​រលួយ​ រឿង​មិន​គោរព​សិទ្ធិ​មនុស្ស ​រឿង​មិន​គោរព​បរិស្ថាន​នោះ​ហើយ​ដែល​បង្ក​ជា​បញ្ហា ហើយ​រដ្ឋ​មិន​ត្រូវ​រិត​ត្បិត​បណ្តាញ​សង្គម​ទេ។​

«ដូច្នេះ​ការ​វាយ​ប្រហារ​លើ​បណ្តាញ​សង្គម​ប្រព័ន្ធ ​Twetter​ និង​ Facebook ​មិន​មែន​ជា​ការ​ដោះ​ស្រាយ​បញ្ហា​ទេ។​ ដូច​ជា​អង្គការ​សិទ្ធិ​មនុស្ស​ដែរ​ យើង​ជឿ​ទៅ​លើ​តម្លៃ​នៃ​សិទ្ធិ​មនុស្ស​ជា​សំខាន់​និង​ជា​មូលដ្ឋាន​ ដែល​ចាំ​បាច់​ត្រូវ​តែ​គោរព​និង​គាំពារ។​ ហើយ​ល្គឹកណា​រដ្ឋាភិបាល​ឬ​អ្នក​កាន់​អំណាច​មិន​អនុវត្ត​តាម​ទេ​ រឿង​នេះ​នឹង​ក្លាយ​ជា​បញ្ហា​ ដូច​ប្រវត្តិសាស្ត្រ​បាន​បញ្ជាក់​ឲ្យ​ដឹង​ស្រាប់​ គឺ​ថា​មិន​ថា​ឡើយ​ពលរដ្ឋ​នៅ​ទីណា​ទេ​ ក្នុង​ពិភពលោក​នេះ​ គឺ​មាន​បំណង​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជិះជាន់​ ទោះ​តាម​បច្ចេកវិទ្យា​អ្វី​ក៏ដោយ»។​

លោក​ថ្លែង​ថា​ ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​រិតត្បិត​ប្រព័ន្ធ​អ៊ីនធឺណិតនិង​ព័ត៌មាន​នេះ​មិន​មែន​មាន​តែ​នៅ​ក្នុង​ប្រទេស​វៀតណាម​ទេ​ គឺ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ។​

«ការ​ចាប់​ពិរុទ្ធ​ផ្នែក​ប្រព័ន្ធ​អ៊ីនធឺណិតកើត​មាន​គ្រប់​កន្លែង​ទូទាំង​ពិភពលោក ​ជា​ពិសេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​ ហើយ​យើង​បាន​ឃើញ​កំណើន​នៃ​ការណ៍​នេះ​ក្នុង​ប្រទេស​ដូច​ជា​កម្ពុជា​ ដែល​មាន​សកម្មភាព​លើ​ប្រព័ន្ធ​អ៊ីនធឺណិតច្រើន​ គឺ​មាន​កំណើន​នៃ​ការ​គាប​សង្កត់​កាន់​តែ​ច្រើន ​ជា​ពិសេស​ក្នុង​ប្រទេស​កម្ពុជា។​ យើង​ឃើញ​មាន​ជម្លោះ​ដីធ្លី​និង​វិវាទ​ផ្នែក​ការងារ​របស់​កម្មករ​ជា​ច្រើន​ត្រូវ​គេ​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិតដែល​អ្នក​រៀបចំ​ឬ​អ្នក​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិតមាន​ការ​ប្រយ័ត្ន​ប្រយែង​អំពី​រឿងរ៉ាវ​ទាំង​នោះ។​ យើង​បាន​ឃើញ​ប្លក់ (Blog) ​ត្រូវ​គេ​បិទ ចោល។​ យើង​បាន​ឃើញ​អ៊ីនធឺណិតត្រូវ​គេផ្តាច់។​ យើង​ឃើញ​រឿង​នេះ​កើត​ឡើង​ ​ក្នុង​ប្រទេស​កម្ពុជា។​ រឿង​នេះ​ជា​បញ្ហា​ ហើយ​រឿង​នេះ​ជា​បញ្ហា​ប៉ះពាល់​យ៉ាង​អាក្រក់​លើ​បញ្ហា​សិទ្ធិ​មនុស្ស​និង​សមត្ថភាព​របស់​ពលរដ្ឋ​ក្នុង​ការ​អនុវត្ត​សិទ្ធិ​បញ្ចេញ​មតិ​និង​ការ​ទទួល​បាន​ការ​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន​នោះ»។​

ប្រទេស​កម្ពុជា​ត្រូវ​គេ​ចាត់​ទុក​ថា​ ជា​ប្រទេស​គ្មាន​សេរីភាព​សារព័ត៌មាន​ដែរ​ ដោយ​សារ​ព័ត៌មាន​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​គ្រប់​គ្រង​ដោយ​រដ្ឋ ​និង​មាន​ការ​ចាប់​ខ្លួន​ បាញ់​សម្លាប់​អ្នក​កាសែតកើត​ឡើង​ជា​បន្ត​បន្ទាប់។​ បញ្ហា​ដទៃ​ទៀត​ដែល​គេ​ឃើញ​កើត​មាន​ឡើង​នោះ​គឺ​ពាក់​ព័ន្ធ​នឹង​បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស ​ការ​បង្រ្កាប​ផ្តាច់ផ្តិល​ជីវិត ​ការ​រិតត្បិត​សេរីភាព​ជួប​ប្រជុំ​ សេរីភាព​បញ្ចេញ​មតិ​ វិវាទ​នៃ​ការ​បោះឆ្នោត​ ដែល​គេ​បាន​ចុះ​ផ្សាយ​ រិះគន់​លើ​បណ្តាញ​សង្គម​ជា​ប្រចាំ​ដើម្បី​ឲ្យ​សហគមន៍​អន្តរជាតិ​ជួយ​ដោះ​ស្រាយ។​

ការ​ទាមទារ​នេះ​ក៏ដូច​ជា​ការ​ទាមទារ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​ដើម្បី​ឲ្យ​មាន​សេរីភាព​បញ្ចេញ​មតិ​ សេរីភាព​ព័ត៌មាន​ សិទ្ធិ​មនុស្ស​និង​ប្រជា​ធិបតេយ្យ​ក្នុង​ប្រទេស​វៀតណាម​ដែរ។​

លោក​ដូ ហុងឌៀម​ (Do Hoang Diem)​ បាន​ថ្លែង​ថា ​លោក​នឹង​ធ្វើ​ការ​ជាមួយ​សហគមន៍​អន្តរជាតិ ​ស.រ.អា. សហភាព​អឺរ៉ុប​ ក្រុមហ៊ុន​ និង​ស្ថាប័ន​នានា​ ហើយ​នឹង​ពលរដ្ឋ​វៀតណាម​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​ ដើម្បី​នាំ​មក​នូវ​សេរីភាព​សារព័ត៌មាន​ ការ​គោរព​សិទ្ធិ​មនុស្ស​និង​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​វៀតណាម។​

លោកស្រី​ ម៊ឺរ៊ឺឌីត វីតិគ័រ ​(Meredith Whittaker)​ នាយិកា​កម្មវិធី​ក្រុមហ៊ុន​អ៊ីនធឺណិត Google ​ដែល​ជា​វាគ្មិន​ចូលរួម​ពិភាក្សា​អំពី​បញ្ហា​សេរីភាព​បណ្តាញ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​នោះ​ បាន​បង្ហាញ​ការ​គាំទ្រ​សេរីភាព​បញ្ចេញ​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ​ដោយ​បាន​អះអាង​ប្រាប់​ក្រុម​អ្នក​ចូល​រួម​ថា៖​ «ខ្ញុំ​រង់​ចាំ​ធ្វើ​កិច្ចការ​ជាមួយ​អ្នក​តស៊ូ​មតិ​និង​អ្នក​ដទៃ​ទៀត​ដើម្បី​ឲ្យ​មាន​ដំណោះស្រាយ​រយៈ​ពេល​វែង​ ដែល​អាច​គាំទ្រ​ការ​គោរព​សិទ្ធិ​មនុស្ស​តាម​រយៈ​ប្រព័ន្ធ​បច្ចេកវិជ្ជា​ឲ្យ​បាន​ត្រឹមត្រូវ​ ហើយ​ក៏​រង់ចាំ​ធ្វើ​ការ​ជាមួយ​អ្នក​ដែល​ធ្វើ​កិច្ចការ​តាម​របៀប​ផ្សេង​ពី​នេះ​ក្នុង​ការ​គាំទ្រ​សិទ្ធិ​មនុស្ស​ ហើយនឹង​ធ្វើ​ឲ្យ​ប្រាកដ​ថា​ កិច្ច​ប្រឹង​ប្រែង​នោះ​មាន​លក្ខណៈ​ទូលំទូលាយ​និង​តាម​តម្រូវការ​បន្ថែម​ ហើយ​នឹង​មាន​ឥទ្ធិពល​ធ្វើ​ឲ្យ​មាន​សារៈ​ប្រយោជន៍​ចំពោះ​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ​ក្នុង​ប្រទេស​វៀតណាម​និង​ក្នុង​ពិភពលោក»។​

លោកស្រី ​លីប៊ី លីវ​ (Libby Liu) ​នាយិកា​វិទ្យុអាស៊ី​សេរី​ ដែល​ជា​អ្នក​រៀបចំ​និង​សម្រប​សម្រួល​កម្មវិធី​ពិភាក្សា​អំពី​សេរីភាព​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម​បាន​លើក​ទឹក​ចិត្ត​ដល់​អ្នក​សរសេរ​ប្លក់​ក្នុង​ប្រទេស​វៀតណាម​ថា​ ពួកគេ​នៅ​ទីនោះ​មិន​មែន​ឯកកោ​ទេ។ ​លោកស្រី​និង​អ្នក​ដទៃ​ទៀត​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​គាំទ្រ​ឲ្យមាន​សេរីភាព​សារ​ព័ត៌មាន​ក្នុង​ប្រទេស​វៀតណាម៕
                                                                                                            ប្រភព: វីអូអេ

ស្ថានទូត​ចិន​ដាក់​កំណត់​ទូត​ឲ្យ​កម្ពុជា​រក្សា​សុវត្ថិភាព​សម្រាប់​ស្ថានទូត​និង​ពលរដ្ឋ​ចិន

ស្ថានទូត​ចិន ដាក់​កំណត់​ទូត​អោយ​រដ្ឋាភិបាល​កម្ពុជា រក្សា​សន្តិសុខ សុវត្ថិភាព សម្រាប់​ស្ថានទូត និង​ពលរដ្ឋ​ចិន។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្ពុជា បាន​ទទួល​កំណត់​ទូត​នោះ​នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា។ លោក​បន្ត​ថា កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ពលរដ្ឋ​ចិន នៅ​កម្ពុជា តាំង​ពី​មុន​ពេល​ទទួល​បាន​កំណត់​ទូត​នោះ​ផង។
លោក កុយ គួង៖ «ជាពិសេស​គេ​សុំ​ស្នើ​អោយ​យើង​ជួយ​ការពារ​ស្ថានទូត ហើយ​នឹង​ជួយ​សម្រួល​ដល់​ជនជាតិ​ចិន ដែល​ចូល​មក​កម្ពុជា ពី​ប្រទេស​វៀតណាម។ តាម​ពិត​ទៅ រដ្ឋាភិបាល​យើង​បាន​ចាត់​វិធានការ​មុន​ហើយ មាន​ន័យ​ថា យើង​បាន​ជួយ​សម្រួល​ដល់​ជនជាតិ​ចិន ដែល​ឆ្លង​កាត់​ពី​វៀតណាម មក​កម្ពុជា យើង។ យើង​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌។ កម្ពុជា ដាច់​ខាត​មិន​អនុញ្ញាត​អោយ​ជន​បរទេស​ណា​មួយ​ដែល​ឋិត​នៅ​លើ​ទឹក​ដី​កម្ពុជា ប្រឆាំង​ទៅ​នឹង​ជន​បរទេស​ដទៃ​ទៀត ដែល​មាន​វត្តមាន​នៅ​កម្ពុជា ទេ យើង​មិន​អនុញ្ញាត​ដាច់​ខាត»
ទាក់ទិន​ដល់​សុវត្ថិភាព​ស្ថានទូត​ចិន នៅ​ខាង​មុខ និង​បរិវេណ​ក្បែរៗ​ស្ថានទូត​នេះ ឃើញ​មាន​មន្ត្រី​នគរបាល​ប្រមាណ​ជាង ១០​នាក់ បាន​ដាក់​វេន​គ្នា​រក្សា​សន្តិសុខ។ ការ​ពង្រឹង​សន្តិសុខ​នេះ កើត​ឡើង​បន្ទាប់​ពី​សមាគម​វៀតណាម នៅ​កម្ពុជា បាន​ព្រមាន​ថា នឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​វៀតណាម ក្នុង​សកម្មភាព​ទាមទារ​ឲ្យ​ប្រទេស​ចិន ដក​ឧបករណ៍​បូម​ប្រេង​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម៕
                                                                                                              ប្រភប:អាស៊ីសេរី

EIA ស្នើ​ឲ្យ​ចិន​បញ្ឈប់​ទិញ​ឈើ​ប្រណីត​ពី​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ជា​បន្ទាន់

របាយការណ៍​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២ ឧសភា របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន (Environmental Investigation Agency = EIA) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស រក​ឃើញ​ថា កម្ពុជា បាន​នាំ​ចេញ​ឈើ​ប្រណីត​មាន​តម្លៃ​ខ្ពស់​ជាច្រើន​ប្រភេទ ទៅ​ប្រទេស​ចិន បាន​កើន​ឡើង​បី​ដង កាល​ពី​ឆ្នាំ​២០១៣។ តម្រូវ​ការ​ឈើ​ប្រណីត​ទាំង​នោះ បាន​បណ្ដាល​ឲ្យ​ប្រភេទ​ឈើ​មួយ​ចំនួន​អាច​នឹង​ផុត​ពូជ។
មន្ត្រី​តស៊ូ​មតិ​ការពារ​ព្រៃ​ឈើ​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ស្នើ​ឲ្យ​ប្រទេស​ចិន បញ្ឈប់​ទិញ​ឈើ​ប្រណីត​ពី​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ជា​បន្ទាន់ ពីព្រោះ​តម្រូវ​ការ​ឈើ​ពី​ប្រទេស​ចិន បាន​បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ និង​ឲ្យ​ធ្វើ​ប្រភេទ​ឈើ​ប្រណីត​មួយ​ចំនួន​ជិត​ផុត​ពូជ។
សំណើ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ធ្វើ​ឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា "ផ្លូវ​នាំ​ទៅ​រក​ភាព​វិនាស​ផុត​ពូជ អំពើ​ពុក​រលួយ និង​អំពើ​ហិង្សា បាន​បំផ្លាញ​ឈើ​ក្រញូង​នៅ​ប្រទេស​ទន្លេ​មេគង្គ"។
របាយការណ៍​ដែល​មាន​កម្រាស់ ២៨​ទំព័រ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ឈើ​ប្រណីត​ពី​សំណាក់​ប្រទេស​ចិន បាន​បណ្ដាល​ឲ្យ​មាន​ការ​ជួញ​ដូរ​ឈើ​ប្រណីត​ខុស​ច្បាប់ និង​ការ​កាប់​ឈើ​ខុស​ច្បាប់ កំពុង​កើន​ឡើង​នៅ​ប្រទេស​ឡាវ ថៃ វៀតណាម និង​កម្ពុជា។
មន្ត្រី​តស៊ូ​មតិ​ការពារ​ព្រៃ​ឈើ​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ធម ចនសុន (Tom Johnson) កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា មាន​ប្រសាសន៍​ថា មិន​មាន​វិធានការ​ណា​ច្បាស់​លាស់ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ឈើ​ប្រណីត​ឡើយ ដោយសារ​តែ​អំណាច​ទឹក​ប្រាក់ បណ្ដាល​ឲ្យ​មនុស្ស​បន្ត​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ជំនួញ​ជួញ​ដូរ​ឈើ​ប្រណីត។
លោក ធម ចនសុន៖ «អ្វី​ដែល​គួរ​ឲ្យ​កើត​មាន​នោះ គឺ​ប្រទេស​ចិន ត្រូវ​បាន​ងើប​ឈរ​ឡើង ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស និង​ព្យាយាម​កែប្រែ​ការ​នាំ​ចូល ដើម្បី​ធានា​ថា ការ​នាំ​ចូល​នូវ​ឈើ​ប្រណីត​ទាំង​នោះ ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់។ ប្រទេស​ចិន ក៏​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ទាំង​ឡាយ កើត​ឡើង​ដោយសារ​ពាណិជ្ជកម្ម​ចិន ក្រៅ​ប្រទេស​នៅ​លើ​ពិភពលោក»
លោក​បន្ត​ថា ប្រភេទ​ឈើ​ប្រណីត​នាំ​ចូល​ពី​កម្ពុជា និង​ប្រទេស​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​ឧបករណ៍​តន្ត្រី គ្រឿង​សង្ហារិម និង​លក់​បន្ត​ទៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ជាពិសេស​ជាង​នេះ​ទៀត ពាណិជ្ជករ​ចិន ទិញ​ឈើ​ប្រណីត​ទាំង​នោះ​សម្រាប់​ស្តុក​ទុក ហើយ​លក់​ចេញ​វិញ​នៅ​ពេល​តម្លៃ​ឡើង​ថ្លៃ។ លោក​បន្ត​ថា ពាណិជ្ជករ​ចិន បាន​ប្រើប្រាស់​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ស្រូប​យក​ឈើ​ប្រណីត បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ និង​ការ​ចុះ​ទន់​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ធម្មជាតិ​នៅ​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ។
របាយការណ៍​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន បង្ហាញ​ថា ប្រភេទ​ឈើ​ប្រណីត​ប្រមាណ ៣​លាន ៥​សែន​ម៉ែត្រ​គូប នាំ​ចូល​ទៅ​ប្រទេស​ចិន គឺ​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​នេះ ជា​ឈើ​នាំ​ចេញ​ពី​កម្ពុជា និង​ផ្សេង​ទៀត​ពី​ប្រទេស​ទន្លេ​មេគង្គ ចាប់​ពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៣។ របាយការណ៍​ពី​គយ​ចិន បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៣ ប្រាក់​ចំណូល​នាំ​ឈើ​ចូល​ពី​កម្ពុជា មាន​ចំនួន​ជិត ១៣៧​លាន​ដុល្លា​អាមេរិក (១៣៦.៥៥១.៣៣១​ដុល្លារ)។ ដោយ​ឡែក​ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ឈើ​ប្រណីត​កើន​ឡើង​បី​ដង ធៀប​ទៅ​នឹង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​តែ ៦.៨០០​ម៉ែត្រ​គូប។ របាយការណ៍​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ប្រភេទ​ឈើ​ប្រណីត​ប្រមាណ ៤៩​តោន និង​ឈើ​ប្រភេទ​ផ្សេង​រាប់​ពាន់​ដុំ​ទៀត ត្រូវ​បាន​រឹប​អូស។
លោក ឈឹម សាវុធ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​នៅ​បន្ត​ទៅ​មុខ​ទៀត កម្ពុជា នឹង​អស់​ប្រភេទ​ឈើ​ប្រណីត​នៅ​ចុង​ឆ្នាំ​២០១៤។ លោក​បន្ត​ថា បច្ចុប្បន្ន ឈ្មួញ​ឈើ​បាន​ដឹក​ឈើ​តាម​ប្រទេស​វៀតណាម ទៅ​លក់​នៅ​ប្រទេស​ចិន ហើយ​ខ្លះ​ទៀត​ដឹក​ចេញ​តាម​ផែ​ចំនួន​ពីរ​នៅ​ខេត្ត​ព្រះសីហនុ។
«សំឡេង»
មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​របាយការណ៍​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា។
របាយការណ៍​ក៏​រក​ឃើញ​ថា សមត្ថកិច្ច​បាន​រឹប​អូស​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព ជា​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​កម្ពុជា ប្រមាណ ៥​ពាន់​ម៉ែត្រ​គូប មាន​តម្លៃ​ប្រមាណ​ជាង ៣​លាន​ដុល្លារ។ ក្រុមហ៊ុន ទ្រី ភាព នេះ​តែង​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ប៉ែក​ខាង​ជើង​ភាគ​ខាង​កើត៕
                                                                                                      ប្រភព:អាស៊ីសេរី

ទិន្នផល​ស្វាយ​ចន្ទី​នៅ​រតនគីរី​ធ្លាក់​ចុះ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ

ការប្រែប្រួល​អាស​កាស​ធាតុ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី​មិន​ផ្ដល់​ផល​ល្អ​ប្រសើរ​ដល់​កសិករ​ឡើយ ជាពិសេស​ដំណាំ​ស្វាយចន្ទី។ ជនជាតិ​ដើម​ភាគ​តិច​បាន​ដាំ​ស្វាយចន្ទី​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ក៏ប៉ុន្តែ​ឆ្នាំនេះ​ចម្ការ​ស្វាយចន្ទី​ផ្ដល់​ទិន្នផល​តិច​ប្រៀបធៀប​និង​បណ្ដា​ឆ្នាំ​មុនៗ។ ករណី​នេះ​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ប្ដូរ​ទៅ​ដាំ​កៅស៊ូ ឬ​ម្រេច​វិញ។

ក្រុម​កសិករ​កំណើត​ជនជាតិ​ដើម​ភាគតិច ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ភាគច្រើន​នៅ​ខេត្ត​រតនគិរី សំដែង​ការ​ខក​ចិត្ត​បន្ទាប់ពី​បរិមាណ​គ្រាប់ស្វាយចន្ទី​ប្រមូល​បាន​ខុសធម្មតា។
ម្ចាស់​ចម្ការ​ស្វាយចន្ទី​នៅ​ភូមិ​ណងហៃ ឃុំ​សេ​ដា ស្រុក​លំផាត់ លោក ប៉ាង ញ៉ច រៀប​រាប់​ថា ស្វាយ​ចន្ទី​ឆ្នាំនេះ​ផ្ដល់​ផល​តិច ដោយសារ​តែ​អាកាសធាតុ ក្ដៅ​និង​ត្រជាក់​អូស​បន្លាយ​យូរ​ថ្ងៃ នាំ​ឲ្យ​ដើម​ស្វាយចន្ទី​គ្មាន​គ្រាប់។ លោក​កត់​សម្គាល់​ថា​ភ្លៀង​ខុស​ប្រក្រតី​នៅ​ពេល​ស្វាយចន្ទី​មាន​ផ្កា ធ្វើ​ឲ្យ​ផ្កា​ជ្រុះ​អស់​ទើប​ស្វាយចន្ទី​ផ្ដល់​ផល​មិនល្អ៖ «វា​ផ្លែ​អត់​ច្រើនមួយ​ដើម​ពីរ​បី​ផ្លែៗ​អ៊ីចឹង​ណាអត់​មាន​ម៉ៅ​ទេ​រើស​ខ្លួន​ឯង លក់​ខ្លួន​ឯង។ ឆ្នាំ​នេះ​បាន​ប្រហែល​មួយ​ពាន់​ដុល្លារ ឬមួយ​ពាន់​ជាង។ ឆ្នាំ​ទៅ​បាន​បី​ពាន់​ជាង ដាំ​តាម​ធម្មតា​អត់​មាន​ដាក់​ជី ដាក់​ស្អី​ទេ។ ចាំ​មើល​ឆ្នាំនេះ​ទៀត បើ​ថា​វា​អត់​ផ្លែ ខ្ញុំ​នឹង​ប្ដូរ​ទៀត»។
ដូច​គ្នា​នេះ​ដែរ​កសិករ​នៅ​ភូមិ​ល្អឺនក្រែន ឃុំ​អូរជុំ ស្រុក​អូរជុំ លោក ឡិ សូត្រ កត់សម្គាល់​ដែរ​ថា​ឈ្មួញ​អ្នក​ម៉ៅ​ការ​ប្រមូល​ផល​គ្រាប់​ចន្ទី​ឆ្នាំនេះ ឲ្យ​តម្លៃ​ទាប​ក្នុង​ការ​ប្រ​មួល​ទិញ​គ្រាប់ស្វាយ​ចន្ទី​ដល់​ចម្ការ​ដោយ​សារ​តែ​តាម​ចម្ការ​ស្វាយ​ចន្ទី​ភាគច្រើន​មិន​មាន​ផ្លែ។ លោក​បន្ត​ថា​ប្រាក់ចំណូល​ពី​លក់​ដុំ​គ្រាប់​ស្វាយ​ចន្ទី​ឆ្នាំនេះ ធ្លាក់​ចុះ​ប្រមាណ​៣០ ទៅ ៥០​ភាគរយ​ប្រៀបធៀប​ឆ្នាំមុន៖ «ចន្ទី​ចម្ការ​ខ្ញុំ​ផ្លែ​គ្រាន់​ប៉ុន្តែ​វា​រហ័ស​អស់​ផ្លែ​ឆ្នាំនេះ ធាតុអាកាស​ឆ្នាំនេះ​ប្រែប្រួល​ខ្យល់​ពេក ផ្កា​វា​រោយ​ក្ដឹប​វា​ជ្រុះ​មិនសូវ​បាន​កាន់។ មាន​ឆ្នាំ​ផ្លែ ឆ្នាំ​មិន​ផ្លែ ដាំ​មិនកើត​យើង​ប្ដូរ​ទៅ​ដាំ​សណ្ដែក​ទៅ​ដំឡូង​វិញ»។
កាល​ពី​មុន​រដូវ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ឆ្នាំ​២០១៣ ឈ្មួញ​ដើរ​កក់​ប្រាក់​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ក្នុង​មួយ​ហិកតារ​តម្លៃ​ជាង​១​ពាន់​ដុល្លារ ក៏ប៉ុន្តែ​តម្លៃ​នេះ​បាន​ធ្លាក់​មក​នៅ​ជាង ៦​រយ​ដុល្លារ ឬ​គ្មាន​ឈ្មួញ​កក់​ប្រាក់​ទទួល​ម៉ៅការ​ទិញ​ដូច​ឆ្នាំមុន​ទៀត​ផង។
អាជីវករ​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​នាំ​ចេញទៅ​ប្រទេស​វៀតណាម លោក ជូន ភិនដារ៉ា ទទួល​​ស្គាល់​ថា ទិន្នផល​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ថយ​ចុះ​ប្រមាណ​៥០​ភាគរយ ប្រៀបធៀប​ឆ្នាំ​២០១៣។ លោក​បន្ត​ថា គ្រាប់​ស្វាយ​ចន្ទី​ដែល​កសិករ​ប្រមូល​មក​លក់​នៅ​ទីផ្សារ​ខេត្ត​រតនគិរី មាន​ចំនួន​តិច​ហើយ​គុណភាព​គ្រាប់ស្វាយចន្ទី ឋិត​ក្នុង​ប្រភេទ​លេខ​២ មានតម្លៃ​ថោក៖«វា​ថយ​ហើយ​អា​ចន្ទី​ដែល​យើង​ថា​ចន្ទី​ពូជ​ល្អ​គ្រាប់​ធំ​ល្អ បើ​យើង​ប្រៀបធៀប​ទៅ​អត់​ខុស​តម្លៃ​គ្នា​ប៉ុន្មាន​ទេ។ មានន័យថា​អា​ហ្នឹង​គេ​ទិញ​មួយ​គីឡូក្រាម​៣​ពាន់ វា​ថា​បី​ពាន់​បី​រយ​រៀល​ទេ​ជួន​កាល​វា​អាច​ស្មើគ្នា​ទៀត។ ឆ្នាំនេះ​មធ្យម​យើង​វាយ​មក​៤​ពាន់ ធ្លាក់​ចុះ​នៅ​ត្រឹម​មួយ​ពាន់​ជាង។ ឥឡូវ​យើង​វាយ​មធ្យម​ប្រហែល​បី​ពាន់​រៀល​ធ្វើ​ម៉េច​យើង​អត់​មាន​រោងចក្រ​កែ​ឆ្នៃ​ដូច​គេ»។
កាលពី​ឆ្នាំ​២០១៣ តួលេខ​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ដែល​កសិករ​លក់​ចេញទៅ​ទីផ្សារ​មាន​ចំនួន​ជាង​៧​ពាន់​តោន ក៏ប៉ុន្តែ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ជាង​៦​ពាន់​តោន​នៅ​ឆ្នាំ​២០១៤។ ចំណែក​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ជា​មធ្យម​មួយ​គីឡូក្រាម​ថ្លៃ​៣​ពាន់ ៥​រយ​រៀល នា​ឆ្នាំ​២០១៣ និង​ប្រមាណ​៣​ពាន់​រៀល​ក្នុង​ឆ្នាំ​២០១៤។
ចម្ការ​ស្វាយចន្ទី​នៅ​ខេត្ត​រតនគិរី មានការ​កើន​ឡើង​តិចតួច​នា​រយៈពេល ១​ទសវត្ស​កន្លង​ទៅ​នេះ។ មុន​ឆ្នាំ​២០០០ ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​នៅ​ខេត្ត​រតនគិរី​មាន​ប្រមាណ​ជាង​១​ពាន់ ប្រាំ​រយ​ហិកតារ។ ចំនួន​នេះ​កើតឡើង​តិចតួច​បំផុត​រហូត​មក​ទល់នឹង​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​មានការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ និង​ដំណាំ​ម្រេច។
កសិករ​ដាំ​ម្រេច​នៅ​ភូមិ​រាជានុកូល ខេត្តស្ទឹងត្រែង ទទួល​ស្គាល់​ថា​ដំណាំ​ម្រេច​ពិត​ជា​កំពុង​ផ្ដល់​ផល​ល្អ​សម្រាប់​កសិករ និង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ហេតុនេះ​កសិករ​មួយ​ចំនួន​បាន​ប្ដូរ​ពី​ចម្ការ​ស្វាយ​ចន្ទី មក​ធ្វើ​ចម្ការ​ម្រេច​វិញ។ លោក​បន្ត​ថា​ដំណាំ​ម្រេច​ក្នុង​ផ្ទៃដី​មួយ​ហិកតារ​គេ​អាច​ប្រមូល​ផល​បាន​២ ទៅ ៣​តោន។ បច្ចុប្បន្ន​នេះ​ទីផ្សារ​ម្រេច​កម្ពុជា​មាននៅ​ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក សហរដ្ឋអាមេរិក​ជាដើម និង​មានតម្លៃ​ជា​មធ្យម៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៖ «បើ​គិត​ទៅ​នេះ​គឺជា​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ។ សូម​ឲ្យ​រាជរដ្ឋាភិបាល ឬក៏​អាជ្ញាធរ​ដែន​ដី​ហ្នឹង​ជួយ​សម្រាប់​ផលិតផល​កសិកម្ម​ព្រោះ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ហ្នឹង​ប្រើ​ចំណូល​ធំ»។
មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី បាន​ហៅ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​កត្តា​ធ្វើ​ឲ្យ​ទិន្នផល​កសិកម្ម​មួយ​ចំនួន​ប្រែ​ប្រួល​ដូច​ករណី​ដំណាំ​ស្វាយចន្ទី​នេះ​ជាដើម។ ករណី​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្សុទ្ធ​ពូជ​ដំណាំ​មួយ​ចំនួន​ដែល​អាច​ដាំ​ដុះ​បាន តាម​ការប្រែប្រួល​អាកាសធាតុ​ពេល​បច្ចុប្បន្ន។
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា កត់​សម្គាល់​ថា​កសិករ​ភាគច្រើន​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ធ្វើ​កសិកម្ម​ពឹងផ្អែក​ធម្មជាតិ​មាន​ទឹកភ្លៀង និង​មិន​ស្វែងយល់​ពី​កត្តា​ដី ធាតុអាកាស ការ​ប្រើប្រាស់​ពូជ ឬ​ជី​នោះ​ឡើយ។ លោក​សំណូមពរ​ឲ្យ​កសិករ​ប្ដូរ​ទម្លាប់​ចាស់​ចោល​ហើយ​ងាក​មក​រក​ការ​ធ្វើ​កសិកម្ម​បែប​វិទ្យាសាស្ត្រ ដែល​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​កត្តា​អាកាសធាតុ ឬ​ការ​ធ្លាក់​ចុះ​បរិមាណ និង​គុណភាព​ផល​កសិកម្ម​នា​ពេល​អនាគត៖ «ទាល់​តែ​ទម្លាប់​បើ​ថា​ក្នុង​រដូវ​ខាង​មុខ​ហ្នឹង​ត្រូវ​មាន​អាង​ស្តុក​ទឹក ត្រូវ​មាន​ស្អី​ដើម្បី​រក្សា​ទឹក​ប្រើប្រាស់ យើង​មិន​អាច​ថា​ពឹង​ទឹកភ្លៀង​ទាំងស្រុង​បាន​ទេ​ពីព្រោះ​ការ​ផ្លាស់​ប្ដូរ​ដំណាំ​ដោយសារ​កត្តា​ប្រែប្រួល​ហ្នឹង មាន​អ្នកបច្ចេកទេស​គេ​កំពុង​ធ្វើ​បន្សុទ្ធ​ពូជ​ឲ្យ​វា​ស៊ាំ​ទៅ​ហ្នឹង​អាកាសធាតុ។ ចង់​និយាយ​ថា​ដំណាំ​ខ្លះ​ដំណាំ​ដែល​ធន់​ទ្រាំ​ភាព​ក្ដៅ ធន់​ទ្រាំ​នឹង​ភាព​រាំង​ស្ងួត​គាត់​ត្រូវ​ដាំ​អា​ហ្នឹង»។
ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី​ទទួលស្គាល់​ថា ដំណាំ​ម្រេច​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ពី​ជាង​១០​ហិកតារ កាលពី​ឆ្នាំ​២០០៨ កើន​ដល់​ជាង១២០​ហិកតារ នា​ពេល​បច្ចុប្បន្ន និង​ចម្ការ​កៅស៊ូ​ពី​ជាង​ពីរ​ពាន់​ហិកតារ​នា​ទសវត្ស​ឆ្នាំ​១៩៨០ កើន​ដល់​ជាង​៣​ម៉ឺន​ហិកតារ នា​ពេល​បច្ចុប្បន្ន៕
                                                                                             ប្រភព:អាស៊ីសេរី