Thursday, May 22, 2014

សកម្មជន​ព្រៃ​ឈើ​អះអាង​ថា​អាជីវកម្ម​ឈើ​នៅ​ខេត្ត​ក្រចេះ​កាន់​តែ​កើន​ឡើង

សកម្មជន និង​អ្នក​ជំនាញ​ខាង​ធនធាន​ធម្មជាតិ​អះអាង​ថា សកម្មភាព​អាជីវកម្ម​ឈើ​ប្រណីត​នៅ​ក្នុង​ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្ត​ក្រចេះ កាន់​តែ​កើន​ឡើង។ ឈ្មួញ​ទាំង​នោះ​ភាគ​ច្រើន​បាន​ប្រមូល​ទិញ​ឈើ និង​កាប់​ឈើ​មិន​មែន​ប្រភេទ​ប្រណីត​លេខ​១ ដើម្បី​ដឹក​ចូល​ទៅ​កន្លែង​ស្តុក​ឈើ​ធំៗ​នៅ​ក្នុង​ស្រុក​ព្រែកប្រសប់។
អ្នក​ជំនាញ​ទាំង​នោះ​បញ្ជាក់​ថា ប្រសិន​បើ​សកម្មភាព​កាប់​ឈើ​មិន​មាន​ការ​បង្ក្រាប​ណា​មួយ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​ទេ ព្រៃ​ឈើ​នៅ​កម្ពុជា នឹង​ត្រូវ​វិនាស​ក្នុង​ពេល​ខាង​មុខ​នេះ។
សកម្មជន​ព្រៃ​ឡង់​ដែល​តែង​តែ​ឃ្លាំ​មើល​ពី​សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ក្នុង​ស្រុក​សំបូរ ខេត្ត​ក្រចេះ អះអាង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ក្នុង​តំបន់​ព្រៃ​ឡង់​កាន់​តែ​កើន​ឡើង។ ការ​កើន​ឡើង​នោះ ដោយសារ​តែ​មាន​ខាង​ក្រុម​អ្នក​មាន​លុយ បាន​នាំ​គ្នា​ទៅ​ប្រមូល​ទិញ​ឈើ និង​កាប់​ឈើ​ពី​តំបន់​ព្រៃ​ឡង់ មក​ស្តុក​ទុក​នៅ​ដេប៉ូ​ធំៗ​នៅ​ក្នុង​ស្រុក​ព្រែកប្រសប់។
សកម្មជន​ព្រៃ​ឡង់​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ឱ្យ​ដឹង​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​ប្រភេទ​ឈើ​លេខ​ពីរ បន្ទាប់​ពី​ប្រភេទ​ឈើ​ប្រណីត​លេខ​១ រួម​មាន ធ្នង់ ក្រញូង បេង នាងនួន ត្រូវ​បាន​គេ​កាប់​អស់​ទៅ​ហើយ​នៅ​តំបន់​ដែល​លោក​ឃ្លាំង​មើល​នោះ។ លោក​បន្ត​ថា ក្រុម​ឈ្មួញ​ទាំង​នោះ​បាន​ប្រមូល​កៀងគរ​ប្រជាពលរដ្ឋ​ដែល​មាន​រណា​យន្ត ដើម្បី​ឱ្យ​កាប់​ឈើ​មក​លក់​ឱ្យ​ខ្លួន ឬ​ក៏​ជួល​អ្នក​មាន​រណា​ទាំង​នោះ​មក​ធ្វើ​ការ​ឱ្យ​ខ្លួន ដោយ​ឈ្មួញ​ធានា​ខុស​ត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​ទាំង​នោះ​ទៀត​ផង។
លោក​បន្ថែម​ទៀត​ថា ឈើ​ទាំង​នោះ​នឹង​ដឹក​ជញ្ជូន​ទៅ​ទុក​ក្នុង​ដេប៉ូ​ធំៗ នៅ​ក្នុង​ស្រុក​ព្រែកប្រសប់ ខេត្ត​ក្រចេះ ហើយ​ចែក​ចាយ​បន្ត​ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស ចំណែក​អាជ្ញាធរ​វិញ​ហាក់​ធ្វើ​មិន​ដឹង​មិន​ឮ​ចំពោះ​សកម្មភាព​អាជីវកម្ម​ឈើ​ទាំង​នោះ​ឡើយ៖ «ដែល​ប្រមូល​ឈើ​ជា​ឈើ​ប្រណីត​គ្រឿង ៥​ដប់​៥ ដើម្បី​ស្តុក​នៅ​ដេប៉ូ​នៅ​ត្រពាំង​ត្រយឹង ហើយ​ដេប៉ូ​មួយ​ទៀត​នៅ​ទួល​ខ្លុង ហៅ​ថា​ផ្លូវ​ទៅ​ភ្នំ​ជី។ ហើយ​អ៊ីចឹង សកម្មភាព​នេះ​មិន​ថយ​ចុះ​ទេ ក្រោយ​ពេល​បំផ្លាញ​ឈើ​ធ្នង់​ដែល​ត្រូវ​ផុត​ពូជ​ហើយ បន្ត​យក​ឈើ​ហ្នឹង​បន្ត​ទៀត។ នេះ​ជា​គម្រោង​របស់​ឧកញ៉ា​នេះ ដែល​កំពុង​ធ្វើ​បន្ត​ដោយ​មាន​ការ​អះអាង​ពី​ថៅកែ​ចន ជា​អ្នក​ប្រមូល​ទិញ។ គេ​អះអាង​ថា មេ​ព្រៃ​ក៏​មិន​ហ៊ាន​ធ្វើ​អី នរណា​ក៏​មិន​ហ៊ាន​ធ្វើ​អី​ដែរ ដោយ​គេ​មាន​ច្បាប់​ធ្វើ​ឈើ​ទាំងអស់​ហ្នឹង»
លោក​បន្ថែម​ទៀត​ថា តំបន់​ដែល​ទទួល​រង​ការ​គំរាម​កំហែង​ពី​សំណាក់​ឈ្មួញ​ឈើ​ទាំង​នោះ គឺ​មាន​ទំហំ ៥​ម៉ឺន​ហិកតារ ស្ថិត​នៅ​ក្នុង​ឃុំ​ចំនួន​ពីរ គឺ​ឃុំ​កំពង់ចាម និង​ឃុំ​បឹងចារ ហើយ​ប្រសិន​បើ​តំបន់​នោះ​ត្រូវ​ហិនហោច កម្ពុជា នឹង​ត្រូវ​បាត់​បង់​គម្រប​ព្រៃ​ដ៏​ធំ​ជាក់​ជា​មិន​ខាន។ ប្រភេទ​ឈើ​លេខ​ពីរ​នោះ​រួម​មាន ឈើ​ទាល ផ្ដៀក ខ្លុង ត្រាច ខ្វាវ និង​គគីរ ជាដើម។
ទាក់ទង​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​នៅ​ខេត្ត​ក្រចេះ លោក សូយ សារិទ្ធិ មិន​មាន​ប្រសាសន៍​អ្វី​នោះ​ទេ នៅ​ថ្ងៃ​ទី​២១ ឧសភា ប៉ុន្តែ​កាល​ពី​ពេល​កន្លង​ទៅ លោក​ធ្លាប់​មាន​ប្រសាសន៍​បដិសេធ​ថា សកម្មភាព​ធ្វើ​អាជីវកម្ម​ឈើ​នៅ​ក្នុង​ខេត្ត​ក្រចេះ មិន​មាន​កើន​ឡើង​នោះ​ទេ។
នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ លោក ឈឹម សាវុធ មាន​ប្រសាសន៍​ថា មិន​មែន​មាន​តែ​ខេត្ត​ក្រចេះ មួយ​នោះ​ទេ ដែល​មាន​បទល្មើស​ព្រៃ​ឈើ​កើន​ឡើង​នោះ នៅ​ខេត្ត​ភូមិ​ភាគ​ឦសាន​ទាំងអស់​ក៏​មាន​ការ​ធ្វើ​អាជីវកម្ម​ឈើ​យ៉ាង​អនាធិបតេយ្យ​ដែរ។ លោក​បន្ត​ថា បើ​ទោះ​បី​ជា​ជម្លោះ​រវាង​ប្រទេស​ចិន និង​វៀតណាម កើត​ឡើង ហើយ​ឈើ​ស្រុក​ខ្មែរ​មួយ​ភាគ​ធំ​ត្រូវ​ឆ្លង​កាត់​ប្រទេស​វៀតណាម ក៏ដោយ ក៏​មិន​បាន​ធ្វើ​ឱ្យ​សកម្មភាព​ឈ្មួញ​ទុច្ចរិត​រក​ស៊ី​ឈើ​នៅ​ស្រុក​ខ្មែរ ត្រូវ​ថយ​ចុះ​នោះ​ឡើយ៖ «ការ​នាំ​ចេញ​របស់​ឈ្មួញ​ទុច្ចរិត​ខ្មែរ​នៅ​តែ​បន្ត​អ៊ីចឹង។ បើ​មិន​នាំ​ចេញ​តាម​ច្រក​វៀតណាម ទេ ឈ្មួញ​ទាំងអស់​ហ្នឹង​បែរ​ទិស​ទៅ​តាម​ច្រក​ឡាវ ឬ​ក៏​ច្រក​សមុទ្រ។ យើង​គិត​ថា អ្វី​ដែល​កំពុង​តែ​ធ្វើ​នេះ​លុះ​ណា​តែ​រដ្ឋាភិបាល​ខ្មែរ​យើង​មាន​ឆន្ទៈ​ពិត​ប្រាកដ ក្នុង​ការ​ទប់ស្កាត់​បញ្ចប់​បញ្ហា​បានៗ។ ហើយ​បើ​សិន​ជា​អត់​ទេ បើ​ទោះ​បី​ជា​មាន​បញ្ហា​រវាង​ប្រទេស​វៀតណាម និង​ប្រទេស​ចិន ក៏ដោយ ក៏​ខ្មែរ​យើង​ជន​ទុច្ចរិត​រក​ស៊ី​នាំ​ចេញ​ទៅ​កន្លែង​ផ្សេងៗ​ទៀត ព្រោះ​នៅ​លើ​ពិភពលោក ប្រទេស​ណា​ក៏​ត្រូវ​ការ​ឈើ​ដែរ​ឥឡូវ»
លោក​បន្ថែម​ទៀត​ថា ក្រៅ​ពី​យក​ឆន្ទៈ និង​ច្បាប់​មក​អនុវត្ត​ហើយ​នោះ រាជ​រដ្ឋាភិបាល​គប្បី​បញ្ឈប់​នូវ​គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ដល់​ក្រុមហ៊ុន​ត​ទៅ​ទៀត ហើយ​ពង្រឹង​កម្លាំង​ជំនាញ​ដើម្បី​អភិរក្ស​ព្រៃ និង​ឈើ​ប្រណីត​ដែល​សេសសល់​នោះ ទើប​អាច​ធានា​បាន​ថា ព្រៃ​ស្រុក​ខ្មែរ​នឹង​កើត​ឡើង​វិញ។
ចំណែក​ឯ​អ្នក​វិភាគ​បញ្ហា​សង្គម លោក​បណ្ឌិត កែម ឡី មាន​ប្រសាសន៍​ថា សកម្មភាព​កាប់​បំផ្លាញ​ឈើ​ប្រណីត និង​ប្រភេទ​ឈើ​ផ្សេងៗ កាន់​តែ​កើន​ឡើង​ដោយសារ​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក និង​ក្រៅ​ស្រុក មាន​កាន់​តែ​ច្រើន និង​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រាជ​រដ្ឋាភិបាល​ដ៏​ច្រើន​លើសលប់៖«ចង់​ឬ​មិន​ចង់ គេ​ត្រូវ​តែ​បំផ្លាញ​ឈើ​ហ្នឹង ដើម្បី​យក​ដី​ធ្វើ​ជា​កសិឧស្សាហកម្ម។ ហើយ​បំផ្លាញ​ឈើ​ហ្នឹង បើ​ទោះ​បី​ជា​ឈើ​ហ្នឹង​នាំ​ចេញ​បាន ឬ​មិន​បាន​ក៏ដោយ ក៏​គាត់​ត្រូវ​តែ​បំផ្លាញ​ឈើ​ហ្នឹង ដើម្បី​យក​ដី​ប្រកប​អាជីវកម្ម។ អ៊ីចឹង​ខ្ញុំ​គិត​ថា មិន​ថយ​ទេ ព្រោះ​ខ្ញុំ​គិត​ថា ជា​តម្រូវ​ការ​ចាំបាច់។ វា​លែង​តែ​រដ្ឋាភិបាល​កែប្រែ​នូវ​គោល​នយោបាយ កែប្រែ​នូវ​វិធានការ​រឹត​បន្តឹង​នូវ​វិធានការ។ កែប្រែ​វិធានការ​ហ្នឹង​ស៊ី​ជម្រៅ​ណាស់ មាន​ការ​ចូលរួម​ពី​សហគមន៍​ព្រៃ​ឈើ»
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ដែល​នៅ​មាន​ព្រៃ​ឈើ​នៅ​កម្ពុជា គឺ​មាន​មិន​ដល់ ១០​ខេត្ត​ផង ក្រៅ​ពី​នោះ​បាន​ហិនហោច​អស់​ទៅ​ហើយៗ ខេត្ត​ដែល​នៅ​សេសសល់​នោះ​កំពុង​តែ​រង​ការ​គំរាម​កំហែង​កាន់​តែ​ខ្លាំង​ឡើងៗ​ទៀត​ផង៕

HRW រិះគន់​​អាមេរិក​រឿង​ផ្ដល់​ការ​ហ្វឹកហ្វឺន​វិស័យ​យោធា​ដល់​ទាហាន​កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch=HRW)  រិះគន់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​យោធា​ដល់​ទាហាន​កម្ពុជា ក្នុង​លំហាត់​សម​យុទ្ធ​យោធា​មួយ​ឈ្មោះ​ថា "ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤" (Angkor Sentinel) ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៤។

មន្ត្រី​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ថា ទាហាន​កម្ពុជា អាច​ប្រើប្រាស់​ចំណោះ​ដឹង​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​របស់​ទាហាន​អាមេរិក ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ស្លូត​ត្រង់។
អង្គការ Human Rights Watch ស្នើ​ឲ្យ​សហរដ្ឋអាមេរិក លុបចោល​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បន្ត​គាប​សង្កត់​ទៅ​លើ​គណបក្ស​នយោបាយ​ប្រឆាំង​អ្នក​តវ៉ា និង​ការ​បាញ់​សម្លាប់​កម្មករ​សហជីព។
​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ Human Rights Watch  ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា សរសេរ​ថា  ទាហាន​អាមេរិក បាន​បង្រៀន​យោធា​កម្ពុជា ពី​វិធីសាស្ត្រ​ប្រយុទ្ធ​ដែល​អាច​ឲ្យ​ទាហាន​កម្ពុជា ប្រើប្រាស់​ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស។ អង្គការ​នេះ​បន្ត​ទៀត​ថា សម​យុទ្ធ​យោធា​កម្ពុជា និង​អាមេរិក អាច​រំលោភ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​រដ្ឋសភា​សហរដ្ឋអាមេរិក ដែល​កំណត់​ថា ជំនួយ​យោធា​សហរដ្ឋអាមេរិក ត្រូវ​បាន​ហាមឃាត់​លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​មន្ត្រី​យោធា​កម្ពុជា។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​២០ ឧសភា នេះ៕

បទ​វិភាគ៖ តើ​ជម្លោះ​រវាង​ចិន​និង​វៀតណាម​អាច​ជំរុញ​ឲ្យ​កម្ពុជា​រើស​យក​មិត្ត​មួយ​ណា?

បន្ទាប់ពី​មាន​កុប្បកម្ម​ហិង្សា​ប្រឆាំង​ចិន​នៅ​វៀតណាម ដោយសារ​ជម្លោះ​ដែន​កោះ​ប៉ារ៉ាសែល (Paracel) នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ជាពិសេស បន្ទាប់​ពី​មាន​ជនជាតិ​ចិន ច្រើន​រយ​នាក់​រត់​ចូល​មក​កម្ពុជា ជា​បន្តបន្ទាប់​នោះ នៅ​ឯ​ប្រទេស​កម្ពុជា ឯ​ណេះ​វិញ មាន​ការ​ពិភាក្សា​គ្នា​យ៉ាង​ផុលផុស​អំពី​ជម្លោះ​នេះ ទាំង​ក្នុង​ស្រទាប់​អ្នក​វិភាគ អ្នក​សិក្សា និង​ប្រជាពលរដ្ឋ​ទូទៅ។

ឥណទាន​មិន​ដំណើរ​ការ​និង​ការ​ធ្លាក់​ចុះ​ផ្នែក​វិនិយោគ​ពេល​ជាប់​គាំង​នយោបាយ

ប្រាក់​កម្ចី និង​ប្រាក់​សន្សំ​នៅ​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​២០១៣។ អ្នក​ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ អះអាង​ថា អត្រា​នៃ​ការ​សង​ផល​ត្រឡប់ (NPL) ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ ទោះ​បី​ជា​កម្ពុជា កំពុង​មាន​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​នានា និង​ភាព​ជាប់​គាំង​នយោបាយ​ក៏ដោយ។ ប៉ុន្តែ អត្រា​អតិថិជន​ដែល​មាន​ហានិភ័យ ឬ​មិន​អាច​សង​ខ្ពស់​ជាង​គេ គឺ​លើ​កម្ចី​ទិញ​សម្ភារៈ​ទំនើប និង​ប្រើប្រាស់​ផ្ទាល់​ខ្លួន។
ភាព​រង្គោះរង្គើ និង​ការ​ទាមទារ ការ​តវ៉ា​នានា ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ វៀតណាម រួម​ទាំង​ប្រទេស​កម្ពុជា ផង បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​វិស័យ​ហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ មាន​តែ​ប្រទេស​ថៃ មួយ​ទេ ដែល​បាន​ប្រកាស​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​កំពុង​ទទួល​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នយោបាយ។ វិបត្តិ​នេះ បាន​ប៉ះពាល់​ដល់​កំណើន​ឥណទាន​មិន​ដំណើរ​ការ និង​ការ​ធ្លាក់​ចុះ​ផ្នែក​វិនិយោគ។
ស្ថាប័ន​រៀបចំ​គោល​នយោបាយ​សារពើពន្ធ​របស់​ថៃ រក​ឃើញ​ថា ឥណទាន​ជាច្រើន​បាន​ហួស​កាល​កំណត់​សង​ចាប់​ពី​រយៈពេល ៣០​ថ្ងៃ​ដល់ ៩០​ថ្ងៃ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ដល់​បំណុល​គ្រួសារ ការ​បន្ថយ​អំណាច​ទិញ​សម្ភារៈ​ប្រើប្រាស់ និង​ការ​ធ្លាក់​ចុះ​វិនិយោគ​សាធារណៈ។ ស្ថាប័ន​ដដែល​បាន​គូស​បញ្ជាក់​ថា បំណុល​មិន​ទាន់​សង បាន​កើន​ឡើង​រហូត​ដល់​ជាង ៥,៣% សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង ២,៣% សម្រាប់​ធនាគារ​ពាណិជ្ជ។
ដោយ​ឡែក​អ្នក​ប្រកប​អាជីវកម្ម​លើ​គ្រឹះស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ អះអាង​ថា មិន​ទាន់​រង​ផល​ប៉ះពាល់​អាក្រក់​ពី​ភាព​ជាប់​គាំង​នយោបាយ​នៅ​ឡើយ។ ការ​វាយ​តម្លៃ​លទ្ធភាព​សង​របស់​អតិថិជន​វិញ ក៏​នៅ​មាន​កម្រិត​អាច​គ្រប់គ្រង​បាន។
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ.ស៊ី.លី.ដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា អតិថិជន​ដែល​សង​ផល​ត្រឡប់​មក អេ.ស៊ី.លី.ដា វិញ​មាន​កម្រិត​អាច​ល្អ​ប្រសើរ ទោះ​បី​ជា​កម្ពុជា កំពុង​មាន​ភាព​ជាប់​គាំង​នយោបាយ និង​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​តាម​សហគ្រាស​មួយ​ចំនួន​ក៏ដោយ។ លោក​បញ្ជាក់​ថា ក្នុង​នោះ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៤ អត្រា​សង​ត្រឡប់​មាន​កម្រិត ០,៧៦% និង​នៅ​ឆ្នាំ​២០១៣ មាន​កម្រិត ០,៦%។ អត្រា​ឥណទាន​មិន​ដំណើរ​ការ គឺ​ស្ថិត​នៅ​ក្រោម​មួយ​ភាគរយ​ប៉ុណ្ណោះ ជា​អត្រា​ដែល​ធនាគារ​អាច​គ្រប់គ្រង​បាន​នា​ពេល​បច្ចុប្បន្ន។
លោក អ៊ិន ចាន់នី បាន​បញ្ជាក់​ហេតុផល​សំខាន់​បី ដែល​ធ្វើ​ឲ្យ​ឥណទាន​មិន​ដំណើរ​ការ​មាន​អត្រា​ល្អ​ប្រសើរ​នេះ ទី​មួយ ការ​ជ្រើស​រើស​អតិថិជន​ដែល​មាន​គំនិត​ល្អ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ទី​ពីរ ការ​វិភាគ​ដោយ​ផ្ដល់​ឥណទាន​តាម​តម្រូវ​ការ​ជាក់ស្ដែង ស្រប​តាម​ផែនការ និង​ទំហំ​ជំនួញ និង​ទី​បី ការ​ផ្ដល់​ឥណទាន​តាម​ពេល​វេលា៖ «ចំណុច​ទី​បី តាម​ធម្មតា​សហគ្រិន​ម្នាក់ៗ​គាត់​ដឹង​ថា តើ​ពេលវេលា​ណា​គេ​ហៅ​ថា​តាម​រដូវ​កាល ព្រោះ​ដូច​ជា​ក្នុង​រដូវ​ក្នុង​ខែ​ប្រាំ​ហ្នឹង កសិកម្ម​ចាប់​ផ្ដើម​ហើយ គាត់​ចាប់​ផ្ដើម​ភ្ជួរ​រាស់ និង​ដាំដុះ គាត់​ត្រូវ​ការ​ដាំដុះ។ អ៊ីចឹង​យើង​មិន​មែន​ចាំ​ដល់​ខែ​ប្រាំ បាន​ឲ្យ​គាត់​នោះ​ទេ ព្រោះ​គាត់​មក​ប្រាប់​យើង​មុន យើង​ត្រូវ​ត្រៀម​ដើម្បី​រៀបចំ​ដាំដុះ។ ចំណុច​ធំៗ​បី​ហ្នឹង គឺ​ទី​មួយ​រើស​អតិថិជន​ឲ្យ​ត្រូវ។ ទី​ពីរ ការ​ផ្ដល់​ឥណទាន​ឲ្យ​ត្រឹមត្រូវ និង​ទី​ផ្ដល់​តាម​ពេលវេលា​ដែល​គាត់​ត្រូវ​ការ»
លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ឥណទាន​ដែល​មាន​អត្រា​សង​ល្អ​ជាង​គេ គឺ​ឥណទាន​ប្រើប្រាស់​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម ប៉ុន្តែ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដូចជា សម្រាប់​ទិញ​ឡាន ម៉ូតូ និង​សម្ភារៈ​ផ្សេងៗ គឺ​អត្រា​សង​ផល​ត្រឡប់​មាន​កម្រិត​អាក្រក់​ជាង​គេ។
អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ បាន​សង្កេត​ឃើញ​ថា ផល​ប៉ះពាល់​ដល់​ឥណទាន​មិន​ដំណើរ​ការ​ពី​វិបត្តិ​នយោបាយ គឺ​អាស្រ័យ​ស្ថានភាព​របស់​ប្រទេស​នីមួយៗ។ ប៉ុន្តែ ស្ថាប័ន​ស្រាវជ្រាវ​ព្យាករណ៍​សេដ្ឋកិច្ច​នានា រួម​មាន ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អះអាង​ថា ស្ថិរភាព​នយោបាយ គឺ​ជា​មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច។
ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា សម្រាប់​ស្ថានភាព​កម្ពុជា បើ​គ្រាន់​តែ​ជាប់​គាំង ប្រាកដ​ជា​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ក៏​បាន​ដក​ប្រាក់​ចេញ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​រយៈពេល បន្ទាប់​ពី​ស្ថានការណ៍​ក្រោយ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ទុះ​ឡើង​ការ​តវ៉ា​នានា​ពី​ភាព​ជាប់​គាំង​នយោបាយ​របស់​កម្ពុជា នេះ នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម ដោយ​ចាប់​ផ្ដើម​មុន​គេ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្ន ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ពិបាក​ខ្ចី​លុយ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​ហេតុផល​នយោបាយ​នេះ៖ «ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ប្រសិន​ណា​ជា​ស្រុក​យើង​មាន​បញ្ហា​វឹកវរ​ខ្លាំង ពេល​នោះ​ក៏​ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន​ដល់​ឧស្សាហកម្ម​ទាំង​មូល ដែល​មិន​មែន​ជា​អាជីវកម្ម​ទូទៅ​ទេ ជាពិសេស​ផ្ដើម​ចេញ​ពី​ធនាគារ មីក្រូហិរញ្ញវត្ថុ ជាពិសេស​មីក្រូហិរញ្ញវត្ថុ​ដែល​យើង​ទទួល​ប្រាក់​កម្ចី យើង​ពិបាក​ខ្ចី​គេ បច្ចុប្បន្ន​យើង​ខ្ចី​គេ​អត់​បាន​ទេ»
លោក​បណ្ឌិត ប៊ុន មុនី បញ្ជាក់​ទៀត​ថា អត្រា​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា មាន​កម្រិត ០,២% ប៉ុណ្ណោះ ដែល​ជា​អត្រា​ល្អ​បំផុត​នៅ​ក្នុង​តំបន់។ ចំណែក​អត្រា​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា វិញ​មាន​កម្រិត ០,៣% នៅ​ដើម​ឆ្នាំ​២០១៤។
អ្នក​វិភាគ​សេដ្ឋកិច្ច អះអាង​ថា វិបត្តិ​នយោបាយ​របស់​ថៃ បាន​ប៉ះពាល់​ដល់​អត្រា​កំណើន​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ប៉ុន្តែ​ប្រទេស​ថៃ មាន​គោល​នយោបាយ​គ្រប់គ្រាន់ និង​មាន​វិធានការ​ទប់ស្កាត់​បាន ដោយសារ​ប្រទេស​នេះ​មាន​សមត្ថភាព​ពេញលេញ​លើ​ការ​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន។ ដោយ​ឡែក​ប្រទេស​កម្ពុជា វិញ ជាពិសេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​មាន​ឥទ្ធិពល​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​ឡើយ ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​ប្រើប្រាស់​ដុល្លារ​អាមេរិក៕

ចិន និង​រុស្ស៊ី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ឧស្ម័ន​

ប្រទេស​ចិន និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​​កាល​ពី​ថ្ងៃទី​២១ ឧសភា​ នៅ​ក្រុង​សៀង​​ហៃ​ លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​គេ​រង់ចាំ​យូរ​មកហើយ​ក្រោយ​ការ​ចរចាគ្នា​រយៈ​ពេល​១ទសវត្ស​ ស្តី​ពី​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ ។​ ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរពូទីន​ ដែល​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​មួយ​នៅចិន​នោះ​ ថ្លែង​កាល​ពី​ថ្ងៃ​២០ ឧសភា​ កន្លង​មក​នេះ​ថា​ ការរីក​ចម្រើន​នានា​សម្រេច​បាន​ក្នុង​ការ​ចរចា​ស្តី​ពី​តម្លៃ​ឧស្ម័នរវាង​ប្រទេស​ទាំង​ពីរ ។​
ស្សរណៈ​មួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ពិធី​មួយ​​ចូលរួម​ដោយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ​ពូទីន ។​ការចរចា​ពី​ការទិញ​​ឧស្ម័ន​រុស្ស៊ី​ ដែល​ចាប់​ផ្តើម​​តាំងពី​ឆ្នាំ​២០០៤ មក​ ត្រូវ​ជាប់គាំង​ចាប់​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​មក​ពី​បញ្ហា​តម្លៃ ។​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្គត់​​ផ្គង់​ឧស្ម័ន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤​ របស់​សន្និសីទ​ដើម្បី​​អន្តរ​កម្ម និង​វិធាន​ការ​ទំនុក​ចិត្ត​គ្នា​នៅ​អាស៊ី​ ហៅ​កាត់​ថា​ CICA ជា​កិច្ច​ប្រជុំ​កំពូល​តំបន់​មួយ​ស្តី​ពី​បញ្ហា​សន្តិ​សុខ​ ចូលរួម​ដោយ​ទាំង​ប្រមុខ​រដ្ឋ​ចិន ទាំង​ប្រមុខ​រដ្ឋ​រុស្ស៊ី​ដែរ។​
យោងតាម​សេចក្តី​ប្រកាស​រួម​មួយ​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ទាំងពីរ​ ក្រោយ​ការជួប​ពិភាក្សាគ្នា​ថា ចិន​ និង​រុស្ស៊ី​សន្យា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​វិស័យ​ថាម​ពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ។ ប្រទេស​ទាំង​ពីរ​បង្កើត​ភាព​ជា​ដៃ​គូ​កិច្ច​​សហ​ប្រតិបត្តិ​ការ​សាកល​មួយ​ខាង​ផ្នែក​ថាម​ពល៕​

យន្តហោះវៀតណាម៩គ្រឿងហាត់ប្រកួតគ្នានៅក្រុងថាយប៊ីញ

ជម្លោះដែនសមុទ្ររវាងចិននិនវៀតណាមកាត់តែមានភាពតានតឹង។
តើសង្គ្រាងនឹងអាចកើតឡើងឬទេ?

និស្សិត​ជាច្រើន​រៀន​ខុស​មុខ​ជំនាញ?

អត្រា​គ្មាន​ការងារ​ធ្វើ​នៃ​យុវជន​កម្ពុជា​ជាទូទៅ​(អាយុ​១៥​ដល់​២៩​ឆ្នាំ)​នៅ មាន​កម្រិត​ទាប​(២,១​ភាគរយ)​ប៉ុណ្ណោះ ប៉ុន្តែ​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ដែល​បាន​ទទួល​បាន ការ​សិក្សា​ខ្ពស់​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៣,៨​ភាគរយ​ឯណោះ​។ ស្ថិតិ​នេះ​អាច​បង្ហាញ​ថា ការ​អប់រំ​ក្នុង​សាលា និង​ជំនាញ​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់ មាន​ភាព​ស៊ីចង្វាក់​គ្នា​នៅឡើយ​ទេ​។ បើ​យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅ​ខែ​សីហា ឆ្នាំ​២០១៣។
របាយការណ៍ នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ចម្បង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​គឺ​ដោយសារ​កង្វះ បទពិសោធ​ការងារ​(២៧,៤​ភាគរយ) និង​កម្រិត​នៃ​ការ​សិក្សា ឬ​ក៏​ការ​ហ្វឹកហាត់​មិន​ទាន់​គ្រប់គ្រាន់​(១៧,១​ភាគរយ​)។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​លើក​ឡើង​ពី​តម្រូវការ​ជា​បន្ទាន់ ក្នុង​ការ​ជំរុញ​នូវ​ភាព​ស៊ីចង្វាក់​គ្នា​នៃ​ទីផ្សារ​ពលកម្ម ការ​អប់រំ​ជំនាញ​ក្នុង​សាលា និង​ការ​ពង្រឹង​នូវ​សេវាកម្ម​ណែនាំ​ក្នុង​ការ​ចាប់​យក​អាជីព​ផង​ដែរ​។
ទាក់ទង​នឹង​បញ្ហា​ការ​សិក្សា​ខុស​ជំនាញ​ដែល​តម្រូវការ​ទីផ្សារ​នេះ លោក ឈុន បុរី (​Chhun Borey) សព្វថ្ងៃ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន «Technology» ដែល​លក់​កុំព្យូទ័រ និង​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ទៀត​គឺ «​E-Commerce» ដែល​ជា​ក្រុមហ៊ុន​លក់​សម្ភារ​តាម​អនឡាញ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​បុគ្គលិក​នៅក្នុង​ហាង​របស់​លោក​ភាគតិច​បំផុត​ដែល​ធ្វើការ ត្រូវ​នឹង​ជំនាញ ដែល​បាន​រៀន​នៅ​សាកលវិទ្យាល័យ​។
ជាមួយ​បទពិសោធ ក្នុង​ការ​បែងចែក​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ធ្វើ លោក បុរី បាន​និយាយ​ថា៖ «ដោយសារ​តែ​ការ​សិក្សា​របស់​ពួកគាត់​មិន​រឹងមាំ ហើយ​វា​មិន​ត្រូវ​នឹង​ទេពកោសល្យ​ដែល​ពួកគាត់​មាន​ដូច្នេះ​ហើយ​ទើប​ពួកគាត់ មិន​អាច​ស្វែងរក​ការងារ​ឲ្យ​ត្រូវ​នឹង​ជំនាញ​ដែល​បាន​រៀន»។
លោក បុរី បាន​បញ្ជាក់​ថា បុគ្គលិក​របស់​លោក ៨០​ភាគរយ​កំពុង​ធ្វើការ​ខុស​ជំនាញ តែ​ក្នុង​នោះ ៥០​ភាគរយ​ពួកគាត់​បាន​បម្រើ​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត​ត្រូវ​ជំនាញ​ដែល បាន​រៀន​ពី​សាលា មាន​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ពួកគាត់​កំពុង​ធ្វើការ​ខុស​ជំនាញ​តែ​ម្តង។
លោក បុរី បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ដែល​ពួកគាត់​ដាក់ [តម្រូវ​ទៅ​តាម​សញ្ញាបត្រ​] គឺ​មិន​ត្រូវ​នឹង​ទេពកោសល្យ​ដែល​ពួកគាត់​មាន​ឡើយ ហើយ​ពួកគាត់​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ​ដែល ពួកគាត់​ស្នើសុំ​នោះ​ទេ​។
លោក បាន​បញ្ចាក់​ថា ការ​ធ្វើ​ការងារ​ខុស​នឹង​មុខ​ជំនាញ​គឺ​វា​អាច​មាន​ផលបះពាល់​ទៅ​ដល់​ម្ចាស់ ក្រុមហ៊ុន​ក៏ដូចជា​បុគ្គលិក​ផ្ទាល់​ផង​ដែរ ដោយ​ផលប៉ះពាល់​គឺ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​បង្រៀន បុគ្គលិក​នូវ​ជំនាញ​ថ្មី​ដែល​វា​ធ្វើឲ្យ​ខាត​ពេល​បំពេញ​ការងារ ហើយ​ផលលំបាក​មួយ​ទៀត​គឺ​បុគ្គលិក​ផ្ទាល់​ត្រូវ​ចំណាយ​ពេល​រៀន​ជំនាញ​ថ្មី ដែល​គេ​មិន​បាន​រៀន។
លោក ខាន់ ចិន្តា អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ លី ក្វាន់យូ (Lee Kwuan Yeun) នៃ​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​តាម​ការ​សង្កេត​ឃើញ​របស់​លោក​ថា៖ «ការ​ជ្រើសរើស​មុខវិជ្ជា​ខុស ឬ​ធ្វើ​ការងារ​ខុស​មុខ​ជំនាញ​នោះ​បណ្តាល​មកពី​កង្វះ​ព័ត៌មាន​ទីផ្សារ ការងារ​ដែល​ជា​បន្ទុក​របស់​ទីភ្នាក់ងារ​មុខរបរ និង​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ក៏​អង្គភាព​ណា​មួយ​ដែល​ឯករាជ្យ​»។
លោក​ថា និស្សិត​ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​ដណ្តើម​ការងារ​គ្នា​ធ្វើ តែ​បើ​គេ​មិន​ដណ្តើម​បាន​នោះ​ទេ គេ​នឹង​ទៅ​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​ដែរ មិនមែន​ជា​ជំនាញ​របស់​ខ្លួន។
លោក ចិន្តា យល់​ឃើញ​ថា ការ​រៀន​ខុស​មុខវិជ្ជា និង​ការ​ធ្វើការ​ខុស​មុខ​ជំនាញ​ជា​ផលអវិជ្ជមាន​មួយ​ដែរ ព្រោះ​គេ [និស្សិត] ត្រូវ​រៀន​មុខវិជ្ជា​បន្ថែម ហើយ​ចំណាយ​ពេលវេលា​ច្រើន និង​ធ្វើឲ្យ​លទ្ធភាព​ការងារ​មាន​លក្ខណៈ​ទាប ពីព្រោះ​ពេល​កំពុង​រៀន គេ​មិន​បាន​រៀន​ឲ្យ​បាន​ដិតដល់ ហើយ​ក៏​ខ្វះ​សមត្ថភាព​ធ្វើការ​តាម​ជំនាញ ឬ​ក៏​សមត្ថភាព​របស់​គេ​ខ្ពស់​ជាង​ការងារ​ដែល​មាន​ស្រាប់​ដែល​តម្រូវ​ឲ្យ រង់ចាំ​ឱកាស ឬ​ក៏​ស្វែងរក​ការងារ​ដែល​ប្រសើរ​ជាង​នេះ។
ទាក់ទង​នឹង​ការ រៀន​ខុស​ជំនាញ​ដដែល​នេះ លោក កែ ប៉ូលីន ដែល​រៀន​ចប់​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា (តិចណូ) ផ្នែក​វិស្វករ​គីមី​ចំណី​អាហារ ហើយ​សព្វថ្ងៃ​លោក​ក៏​បាន​ប្រកបរបរ​ជា​អ្នក​របាំ​ក្រៅ​ម៉ោង​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា៖ «មុខវិជ្ជា​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​គឺ​ខាង​សារព័ត៌មាន​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​កន្លែង​រៀន​ច្បាស់ ក្រោយមក​ទើប​ខ្ញុំ​សម្រេច​ចិត្ត​មក​រៀន​នៅ​តិចណូ​វិញ តាម​ការ​ណែនាំ​របស់​គ្រួសារ និង​មិត្តភក្តិ​អំពី​ភាព​ល្បីល្បាញ​របស់​សាលា​នេះ»។
លោក​បន្ត​ថា​៖ «ការ​សម្រេច​ចិត្ត​របស់​យុវជន​មួយ​ចំនួន​ធំ​ទេរ​ទៅ​រក​មុខវិជ្ជា​ដែល​មិនមែន​ជា​ចំណូល​ចិត្ត​របស់​គេ ឬ​លើស​ពី​សមត្ថភាព​សិក្សា​របស់​ពួកគេ។ ជាក់ស្ដែង សិស្ស​ខ្លះ​ខ្លាច​ឈាម​តែ​បង្ខំ​ចិត្ត​ទៅ​រៀន​ពេទ្យ។ ខ្លះ​មិន​ចូលចិត្ត​លេខ​ផង​បែរ​ជា​ធ្វើការ​ក្នុង​ធនាគារ»។
លោក​ក៏​បាន បន្ថែម​ថា៖ «ការ​ផ្សព្វផ្សាយ​របស់​សាលា​ភាគច្រើន​មិន​ទាន់​មាន​ភាព​ទូលំទូលាយ។ ម្យ៉ាង​ទៀត ផ្នត់​គំនិត​ខ្មែរ​យើង​តែង​ឲ្យ​តម្លៃ​លើ​មុខវិជ្ជា​ពេទ្យ ឬ​គណនេយ្យ​ជាដើម ដោយ​ឃើញ​ថា មុខវិជ្ជា​ហ្នឹង​ទទួល​បាន​ការងារ​ស្រួល»។
តើ​រៀន​មុខវិជ្ជា​អ្វី​ទើប​ត្រូវ​នឹង​ទីផ្សារ​ការងារ?
 អ្នកស្រី ស៊ុយ សុខា ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន HR INC បាន​បញ្ជាក់​ថា៖ «តាម​ការ​ពិត​មុខវិជ្ជា​ណា​ក៏​គេ​ត្រូវការ​ដែរ តែ​យុវវ័យ​ខ្លួនឯង​គួរ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។ តើ​ខ្លួនឯង​ចូលចិត្ត​អ្វី? អាច​ធ្វើអ្វី​បាន នឹង​ប្រសប់​ខាង​អ្វី? មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា»។
អ្នកស្រី​បន្ត​ថា ម្យ៉ាង​ទៀត​និស្សិត​គួរ​តែ​ស្វែងយល់​ពី​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ ថា​តើ​រៀន​មុខវិជ្ជា​អ្វី​ត្រូវ ហើយ​មក​ធ្វើ​ការងារ​អ្វី។ ចុងក្រោយ​គេ​គួរ​យល់​ពី​បញ្ហា​ទូទៅ​ទាក់ទង​នឹង​ទីផ្សារ​ការងារ ហើយ​គួរ​ព្យាយាម​ស្វែងរក​សេវាកម្ម​ប្រឹក្សា​យោបល់​ស្វែងរក​ការងារ ពី​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ទីភ្នាក់ងារ​ដទៃ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​ដោយ ផ្អែកលើ​ព័ត៌មាន​លម្អិត។
អ្នកស្រី សុខា បញ្ជាក់​ដែរ​ថា នៅក្នុង​ទីភ្នាក់ងារ​ស្វែងរក​ការងារ​របស់​អ្នកស្រី អតិថិជន​ត្រូវការ​អ្នក​មាន​ជំនាញ​ច្បាស់លាស់​ទៅ​បម្រើ​ការងារ​នៅ ក្រុមហ៊ុន​របស់​គេ​។ ឧទាហរណ៍​អ្នក​រៀន​ជំនាញ​គណនេយ្យ ជំនាញ​វេជ្ជសាស្រ្ត និង ជំនាញ​វិស្វកម្ម ច្រើន​បាន​ធ្វើការ​តាម​ជំនាញ​របស់​គេ ហើយ​បច្ចុប្បន្ន​ជំនាញ ពាណិជ្ជ​កម្ម អាច​និយាយ​បាន​ថា ងាយ​ស្វែងរក​ឲ្យ​ខាង​អតិថិជន ប៉ុន្តែ​យើង​ឃើញ​ថា ជំនាញ​ជាច្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​មិន​បាន​បំពេញ​តម្រូវការ​របស់ អតិថិជន​នៅ​ឡើយ។
យោងតាម​របាយការណ៍​របស់ ILO ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា និស្សិត​ភាគច្រើន​(៣៨,៦​ភាគរយ)​មាន​បំណង​ចាប់​យក​មុខវិជ្ជា​ក្នុង​កម្មវិធី​សិក្សា​ទូទៅ បន្ទាប់មក​គឺ​មុខវិជ្ជា​វិទ្យាសាស្រ្ត​សង្គម សេដ្ឋកិច្ច ឬ​ច្បាប់​(១៥,៨​ភាគរយ) ជំនាញ​វិទ្យាសាស្រ្ត គណិតវិទ្យា និង​កុំព្យូទ័រ​(១៤,៤​ភាគរយ) និង​ការ​អប់រំ​(១១,២​)។របាយការណ៍​នោះ​ក៏ បាន​បង្ហាញ​ថា ៤២,៨​ភាគរយ​នៃ​យុវជន​គឺ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ ២១,៧ ភាគរយ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​ការងារ​ផ្នែក​លក់ ចំណែកឯ​មុខងារ​បឋម​មាន​១៣,២​ភាគរយ ខណៈ​ដែល​៩,៣​ភាគរយ​ធ្វើការ​ក្នុង​ផ្នែក​សិប្បកម្ម និង​កម្មករ​ទាក់ទង​នឹង​ផ្នែក​ជំនួញ ហើយ​៥,២​ភាគរយ​ទៀត​ជា​អ្នក​បញ្ជា និង​ដំឡើង​មាស៊ីន៕