Thursday, May 22, 2014

ឥណទាន​មិន​ដំណើរ​ការ​និង​ការ​ធ្លាក់​ចុះ​ផ្នែក​វិនិយោគ​ពេល​ជាប់​គាំង​នយោបាយ

ប្រាក់​កម្ចី និង​ប្រាក់​សន្សំ​នៅ​តាម​ស្ថាប័ន​ហិរញ្ញវត្ថុ​កម្ពុជា មាន​កំណើន​គួរ​ឲ្យ​កត់​សម្គាល់ បើ​ធៀប​នឹង​ឆ្នាំ​២០១៣។ អ្នក​ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ អះអាង​ថា អត្រា​នៃ​ការ​សង​ផល​ត្រឡប់ (NPL) ស្ថិត​នៅ​ក្នុង​ស្ថានភាព​ល្អ ទោះ​បី​ជា​កម្ពុជា កំពុង​មាន​ការ​តវ៉ា​ដំឡើង​ប្រាក់​ខែ​នានា និង​ភាព​ជាប់​គាំង​នយោបាយ​ក៏ដោយ។ ប៉ុន្តែ អត្រា​អតិថិជន​ដែល​មាន​ហានិភ័យ ឬ​មិន​អាច​សង​ខ្ពស់​ជាង​គេ គឺ​លើ​កម្ចី​ទិញ​សម្ភារៈ​ទំនើប និង​ប្រើប្រាស់​ផ្ទាល់​ខ្លួន។
ភាព​រង្គោះរង្គើ និង​ការ​ទាមទារ ការ​តវ៉ា​នានា ដែល​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ វៀតណាម រួម​ទាំង​ប្រទេស​កម្ពុជា ផង បាន​ជះ​ឥទ្ធិពល​ដោយ​ផ្ទាល់ និង​ដោយ​ប្រយោល​ដល់​វិស័យ​ហិរញ្ញវត្ថុ។ ជាក់ស្ដែង ក្នុង​ចំណោម​ប្រទេស​ទាំង​បី​នេះ មាន​តែ​ប្រទេស​ថៃ មួយ​ទេ ដែល​បាន​ប្រកាស​ថា ស្ថាប័ន​ហិរញ្ញវត្ថុ​នានា​កំពុង​ទទួល​ឥទ្ធិពល​អាក្រក់​ពី​វិបត្តិ​នយោបាយ។ វិបត្តិ​នេះ បាន​ប៉ះពាល់​ដល់​កំណើន​ឥណទាន​មិន​ដំណើរ​ការ និង​ការ​ធ្លាក់​ចុះ​ផ្នែក​វិនិយោគ។
ស្ថាប័ន​រៀបចំ​គោល​នយោបាយ​សារពើពន្ធ​របស់​ថៃ រក​ឃើញ​ថា ឥណទាន​ជាច្រើន​បាន​ហួស​កាល​កំណត់​សង​ចាប់​ពី​រយៈពេល ៣០​ថ្ងៃ​ដល់ ៩០​ថ្ងៃ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ វិបត្តិ​នយោបាយ​នឹង​ប៉ះពាល់​ដល់​បំណុល​គ្រួសារ ការ​បន្ថយ​អំណាច​ទិញ​សម្ភារៈ​ប្រើប្រាស់ និង​ការ​ធ្លាក់​ចុះ​វិនិយោគ​សាធារណៈ។ ស្ថាប័ន​ដដែល​បាន​គូស​បញ្ជាក់​ថា បំណុល​មិន​ទាន់​សង បាន​កើន​ឡើង​រហូត​ដល់​ជាង ៥,៣% សម្រាប់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ និង ២,៣% សម្រាប់​ធនាគារ​ពាណិជ្ជ។
ដោយ​ឡែក​អ្នក​ប្រកប​អាជីវកម្ម​លើ​គ្រឹះស្ថាន​នៅ​ក្នុង​ប្រទេស​កម្ពុជា វិញ អះអាង​ថា មិន​ទាន់​រង​ផល​ប៉ះពាល់​អាក្រក់​ពី​ភាព​ជាប់​គាំង​នយោបាយ​នៅ​ឡើយ។ ការ​វាយ​តម្លៃ​លទ្ធភាព​សង​របស់​អតិថិជន​វិញ ក៏​នៅ​មាន​កម្រិត​អាច​គ្រប់គ្រង​បាន។
ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ អេ.ស៊ី.លី.ដា (Acleda Bank) លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​ថា អតិថិជន​ដែល​សង​ផល​ត្រឡប់​មក អេ.ស៊ី.លី.ដា វិញ​មាន​កម្រិត​អាច​ល្អ​ប្រសើរ ទោះ​បី​ជា​កម្ពុជា កំពុង​មាន​ភាព​ជាប់​គាំង​នយោបាយ និង​ការ​តវ៉ា​ដំឡើង​ប្រាក់​ឈ្នួល​នៅ​តាម​សហគ្រាស​មួយ​ចំនួន​ក៏ដោយ។ លោក​បញ្ជាក់​ថា ក្នុង​នោះ​នៅ​ត្រីមាស​ទី​មួយ​ឆ្នាំ​២០១៤ អត្រា​សង​ត្រឡប់​មាន​កម្រិត ០,៧៦% និង​នៅ​ឆ្នាំ​២០១៣ មាន​កម្រិត ០,៦%។ អត្រា​ឥណទាន​មិន​ដំណើរ​ការ គឺ​ស្ថិត​នៅ​ក្រោម​មួយ​ភាគរយ​ប៉ុណ្ណោះ ជា​អត្រា​ដែល​ធនាគារ​អាច​គ្រប់គ្រង​បាន​នា​ពេល​បច្ចុប្បន្ន។
លោក អ៊ិន ចាន់នី បាន​បញ្ជាក់​ហេតុផល​សំខាន់​បី ដែល​ធ្វើ​ឲ្យ​ឥណទាន​មិន​ដំណើរ​ការ​មាន​អត្រា​ល្អ​ប្រសើរ​នេះ ទី​មួយ ការ​ជ្រើស​រើស​អតិថិជន​ដែល​មាន​គំនិត​ល្អ​ក្នុង​ការ​ធ្វើ​អាជីវកម្ម។ ទី​ពីរ ការ​វិភាគ​ដោយ​ផ្ដល់​ឥណទាន​តាម​តម្រូវ​ការ​ជាក់ស្ដែង ស្រប​តាម​ផែនការ និង​ទំហំ​ជំនួញ និង​ទី​បី ការ​ផ្ដល់​ឥណទាន​តាម​ពេល​វេលា៖ «ចំណុច​ទី​បី តាម​ធម្មតា​សហគ្រិន​ម្នាក់ៗ​គាត់​ដឹង​ថា តើ​ពេលវេលា​ណា​គេ​ហៅ​ថា​តាម​រដូវ​កាល ព្រោះ​ដូច​ជា​ក្នុង​រដូវ​ក្នុង​ខែ​ប្រាំ​ហ្នឹង កសិកម្ម​ចាប់​ផ្ដើម​ហើយ គាត់​ចាប់​ផ្ដើម​ភ្ជួរ​រាស់ និង​ដាំដុះ គាត់​ត្រូវ​ការ​ដាំដុះ។ អ៊ីចឹង​យើង​មិន​មែន​ចាំ​ដល់​ខែ​ប្រាំ បាន​ឲ្យ​គាត់​នោះ​ទេ ព្រោះ​គាត់​មក​ប្រាប់​យើង​មុន យើង​ត្រូវ​ត្រៀម​ដើម្បី​រៀបចំ​ដាំដុះ។ ចំណុច​ធំៗ​បី​ហ្នឹង គឺ​ទី​មួយ​រើស​អតិថិជន​ឲ្យ​ត្រូវ។ ទី​ពីរ ការ​ផ្ដល់​ឥណទាន​ឲ្យ​ត្រឹមត្រូវ និង​ទី​ផ្ដល់​តាម​ពេលវេលា​ដែល​គាត់​ត្រូវ​ការ»
លោក អ៊ិន ចាន់នី មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ឥណទាន​ដែល​មាន​អត្រា​សង​ល្អ​ជាង​គេ គឺ​ឥណទាន​ប្រើប្រាស់​សម្រាប់​ទូទាត់​ពាណិជ្ជកម្ម ប៉ុន្តែ​ឥណទាន​សម្រាប់​ប្រើប្រាស់​ផ្ទាល់​ខ្លួន ដូចជា សម្រាប់​ទិញ​ឡាន ម៉ូតូ និង​សម្ភារៈ​ផ្សេងៗ គឺ​អត្រា​សង​ផល​ត្រឡប់​មាន​កម្រិត​អាក្រក់​ជាង​គេ។
អ្នក​វិភាគ​ផ្នែក​ហិរញ្ញវត្ថុ បាន​សង្កេត​ឃើញ​ថា ផល​ប៉ះពាល់​ដល់​ឥណទាន​មិន​ដំណើរ​ការ​ពី​វិបត្តិ​នយោបាយ គឺ​អាស្រ័យ​ស្ថានភាព​របស់​ប្រទេស​នីមួយៗ។ ប៉ុន្តែ ស្ថាប័ន​ស្រាវជ្រាវ​ព្យាករណ៍​សេដ្ឋកិច្ច​នានា រួម​មាន ធនាគារ​ពិភពលោក ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ អះអាង​ថា ស្ថិរភាព​នយោបាយ គឺ​ជា​មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច។
ប្រធាន​សមាគម​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កម្ពុជា និង​នាយក​ប្រតិបត្តិ​នៃ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​ថា សម្រាប់​ស្ថានភាព​កម្ពុជា បើ​គ្រាន់​តែ​ជាប់​គាំង ប្រាកដ​ជា​មិន​ប៉ះពាល់​ដល់​ស្ថាប័ន​ហិរញ្ញវត្ថុ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ លោក​អះអាង​ថា ប្រជាពលរដ្ឋ​កម្ពុជា មួយ​ចំនួន​ក៏​បាន​ដក​ប្រាក់​ចេញ​ពី​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​មួយ​រយៈពេល បន្ទាប់​ពី​ស្ថានការណ៍​ក្រោយ​បោះ​ឆ្នោត​កាល​ពី​ខែ​កក្កដា ឆ្នាំ​២០១៣។
លោក​បណ្ឌិត ប៊ុន មុនី មាន​ប្រសាសន៍​បន្ថែម​ថា ការ​ផ្ទុះ​ឡើង​ការ​តវ៉ា​នានា​ពី​ភាព​ជាប់​គាំង​នយោបាយ​របស់​កម្ពុជា នេះ នឹង​ប៉ះពាល់​ដល់​វិស័យ​ឧស្សាហកម្ម ដោយ​ចាប់​ផ្ដើម​មុន​គេ​ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ។ បច្ចុប្បន្ន ស្ថាប័ន​ហិរញ្ញវត្ថុ​មួយ​ចំនួន​ពិបាក​ខ្ចី​លុយ​ពី​សហគមន៍​អន្តរជាតិ ដោយសារ​តែ​ហេតុផល​នយោបាយ​នេះ៖ «ខ្ញុំ​នៅ​តែ​ព្រួយ​បារម្ភ​ប្រសិន​ណា​ជា​ស្រុក​យើង​មាន​បញ្ហា​វឹកវរ​ខ្លាំង ពេល​នោះ​ក៏​ជះ​ឥទ្ធិពល​ខ្លាំង​មែន​ទែន​ដល់​ឧស្សាហកម្ម​ទាំង​មូល ដែល​មិន​មែន​ជា​អាជីវកម្ម​ទូទៅ​ទេ ជាពិសេស​ផ្ដើម​ចេញ​ពី​ធនាគារ មីក្រូហិរញ្ញវត្ថុ ជាពិសេស​មីក្រូហិរញ្ញវត្ថុ​ដែល​យើង​ទទួល​ប្រាក់​កម្ចី យើង​ពិបាក​ខ្ចី​គេ បច្ចុប្បន្ន​យើង​ខ្ចី​គេ​អត់​បាន​ទេ»
លោក​បណ្ឌិត ប៊ុន មុនី បញ្ជាក់​ទៀត​ថា អត្រា​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ស្ថាបនា មាន​កម្រិត ០,២% ប៉ុណ្ណោះ ដែល​ជា​អត្រា​ល្អ​បំផុត​នៅ​ក្នុង​តំបន់។ ចំណែក​អត្រា​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​នៅ​កម្ពុជា វិញ​មាន​កម្រិត ០,៣% នៅ​ដើម​ឆ្នាំ​២០១៤។
អ្នក​វិភាគ​សេដ្ឋកិច្ច អះអាង​ថា វិបត្តិ​នយោបាយ​របស់​ថៃ បាន​ប៉ះពាល់​ដល់​អត្រា​កំណើន​ឥណទាន​មិន​ដំណើរ​ការ​របស់​ស្ថាប័ន​ហិរញ្ញវត្ថុ ប៉ុន្តែ​ប្រទេស​ថៃ មាន​គោល​នយោបាយ​គ្រប់គ្រាន់ និង​មាន​វិធានការ​ទប់ស្កាត់​បាន ដោយសារ​ប្រទេស​នេះ​មាន​សមត្ថភាព​ពេញលេញ​លើ​ការ​ប្រើប្រាស់​គោល​នយោបាយ​រូបិយវត្ថុ​របស់​ខ្លួន។ ដោយ​ឡែក​ប្រទេស​កម្ពុជា វិញ ជាពិសេស​ធនាគារ​ជាតិ​នៃ​កម្ពុជា មិន​មាន​ឥទ្ធិពល​ប្រើ​គោល​នយោបាយ​រូបិយវត្ថុ​ឡើយ ដោយសារ​មូលដ្ឋាន​សេដ្ឋកិច្ច​ប្រើប្រាស់​ដុល្លារ​អាមេរិក៕

No comments:

Post a Comment