Thursday, May 22, 2014

HRW រិះគន់​​អាមេរិក​រឿង​ផ្ដល់​ការ​ហ្វឹកហ្វឺន​វិស័យ​យោធា​ដល់​ទាហាន​កម្ពុជា

អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch=HRW)  រិះគន់​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក ដែល​បាន​ផ្ដល់​ការ​បណ្ដុះបណ្ដាល​លើ​វិស័យ​យោធា​ដល់​ទាហាន​កម្ពុជា ក្នុង​លំហាត់​សម​យុទ្ធ​យោធា​មួយ​ឈ្មោះ​ថា "ឆ្មាំ​អង្គរ​ឆ្នាំ​២០១៤" (Angkor Sentinel) ដែល​បាន​ប្រព្រឹត្ត​ឡើង​កាល​ពី​ចុង​ខែ​មេសា ឆ្នាំ​២០១៤។

មន្ត្រី​សិទ្ធិមនុស្ស​ព្រួយ​បារម្ភ​ថា ទាហាន​កម្ពុជា អាច​ប្រើប្រាស់​ចំណោះ​ដឹង​ទទួល​បាន​ពី​ការ​បណ្ដុះបណ្ដាល​របស់​ទាហាន​អាមេរិក ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង និង​ពលរដ្ឋ​ស្លូត​ត្រង់។
អង្គការ Human Rights Watch ស្នើ​ឲ្យ​សហរដ្ឋអាមេរិក លុបចោល​សម​យុទ្ធ​យោធា​ឆ្មាំ​អង្គរ​នៅ​ឆ្នាំ​ក្រោយៗ​ទៀត ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា បន្ត​គាប​សង្កត់​ទៅ​លើ​គណបក្ស​នយោបាយ​ប្រឆាំង​អ្នក​តវ៉ា និង​ការ​បាញ់​សម្លាប់​កម្មករ​សហជីព។
​សេចក្តី​ថ្លែងការណ៍​របស់​អង្គការ Human Rights Watch  ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២០ ឧសភា សរសេរ​ថា  ទាហាន​អាមេរិក បាន​បង្រៀន​យោធា​កម្ពុជា ពី​វិធីសាស្ត្រ​ប្រយុទ្ធ​ដែល​អាច​ឲ្យ​ទាហាន​កម្ពុជា ប្រើប្រាស់​ក្នុង​ការ​បង្ក្រាប​អ្នក​ប្រឆាំង និង​សកម្មជន​សិទ្ធិ​មនុស្ស។ អង្គការ​នេះ​បន្ត​ទៀត​ថា សម​យុទ្ធ​យោធា​កម្ពុជា និង​អាមេរិក អាច​រំលោភ​លក្ខខណ្ឌ​មួយ​ចំនួន​របស់​រដ្ឋសភា​សហរដ្ឋអាមេរិក ដែល​កំណត់​ថា ជំនួយ​យោធា​សហរដ្ឋអាមេរិក ត្រូវ​បាន​ហាមឃាត់​លើកលែងតែ​ជំនួយ​មនុស្សធម៌ និង​ការ​បណ្ដុះបណ្ដាល​ផ្នែក​សិទ្ធិមនុស្ស ឲ្យ​មន្ត្រី​យោធា​កម្ពុជា។
វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​ទេ កាល​ពី​ថ្ងៃ​ទី​២០ ឧសភា នេះ៕

No comments:

Post a Comment