Tuesday, May 20, 2014

តើ​សហព័ន្ធ​ស្រូវ​អង្ករ​អាច​សម្រេច​គោល​ដៅ​​នាំ​ចេញ​អង្ករ​១​លាន​តោន​ដោយ​របៀប​ណា?

វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​ចាត់​ទុក​ថា ជា​មូលដ្ឋាន​​​សម្រាប់​​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូល​រួម​ដល់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ​វិស័យ​នេះ ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន រួម​មាន​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ ​ខ្វះ​ម៉ាស៊ីន​កែច្នៃ និង​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​​​​​​​ប្រមូល​ទិញ​ស្រូវ ​និង​អ្នក​​ផលិត​ដើម្បី​នាំ​ចេញ។ ម៉្យាង​វិញ​ទៀត អ្នក​បញ្ជា​ទិញ​អង្ករ​អន្តរជាតិ​បាន​​​រក​ឃើញ​ថា ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ហាក់​មាន​ភាព​មិន​ស្មោះត្រង់។
ពាណិជ្ជករ​និង​វិនិយោគិន​បាន​បណ្ដាក់​ទុន​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​លាន​តោន​កាល​ពី​​ឆ្នាំ​២០១០។ កំណើន​នៃ​អ្នក​រក​ស៊ី​ទាំង​នោះ បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ដែល​សម្រេច​បាន​បរិមាណ​ជិត ៤០​ម៉ឺន​តោន​​​ក្នុង​ឆ្នាំ​២០១៣ កើន​ឡើង​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន។

ស្រប​ពេល​ដែល​មាន​កំណើន​នេះ អ្នក​នាំ​ចេញ​អង្ករ​ជា​ច្រើន​ហាក់​ចាប់​យក​ឱកាស​រៀងៗ​ខ្លួន​ពី​គោលនយោបាយ​នាំ​ចេញ​​អង្ករ​នេះ។ អ្នក​នាំ​​ចេញ​ខ្លះ​ប្រឹង​ប្រជែង​​យក​ឈ្នះ​ជាមួយ​អ្នក​នាំ​ចេញ​​ផ្សេង​ទៀត​ដើម្បី​ទាក់ទាញ និង​ចាប់​​យក​ទីផ្សារ​​អង្ករ​អន្តរជាតិ។ អ្នក​នាំ​ចេញ​ខ្លះ​ទៀត​ ហាក់​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ខ្វះ​ព័ត៌មាន​ និង​ការ​សម្របសម្រួល​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។
​ម៉្យាង​វិញ​​ទៀត សមាគម​អ្នក​នាំ​ចេញ​អង្ករ​ជា​ច្រើន​ដែល​បាន​​បង្កើត​ឡើង ​គឺ​សម្រាប់​​​ប្រើប្រាស់​ជា​​ប្រយោជន៍​របស់​ក្រុមហ៊ុន​ខ្លួន​ឯង​វិញ។ ទី​បំផុត​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ ​ត្រូវ​បែក​ខ្ញែក​គ្នា។
អគ្គលេខាធិការ​រង​នៃ​សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា លោក វ៉ាន់ ដេវីត វិចិត្រ​មាន​ប្រសាសន៍​ថា អ្នក​រក​ស៊ី​ស្រូវ​អង្ករ​កម្ពុជា យក​ឈ្នះ​រៀង​ខ្លួន៖ «ក្នុង​វិស័យ​ស្រូវ​​អង្ករ​ហ្នឹង​​វា​មាន​សមាគម​ សហព័ន្ធ សហភាព​ស្អីៗ​​ហូរហែ​ពេក វា​បែកបាក់​គ្នា។ ពួក​ហ្នឹង​អត់​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា។ មតិ​ភាគ​​ច្រើន​របស់​លោក​ឧកញ៉ា​ជើង​ចាស់​នោះ បញ្ហា​គាត់​​មិន​ចេះ​សហការ​គ្នា និយាយ​​ឲ្យ​តែ​ម្ដង​ទៅ របៀប​ដែល​ថា មាន​ខ្ញុំ អត់​​គាត់​ មាន​គាត់ អត់​ខ្ញុំ...»
បន្ថែម​លើ​នេះ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ខ្មែរ ហ្វូត (Khmer Food) ​លោក​ឧកញ៉ា គឹម សាវុធ បាន​អះអាង​​ស្រដៀង​គ្នា​នេះ​ដែរ​​​ថា ការ​បង្កើត​សមាគម​នាំ​ចេញ​​អង្ករ​ច្រើន​ពេក​ អាច​ធ្វើ​កិច្ច​ការងារ​​មួយ​ចំនួន​អនុវត្តន៍​​​ជាន់​គ្នា និង​ខ្វះ​ការ​សហការ​គ្នា​​ជា​ដើម។ បញ្ហា​ទាំង​អស់​​នឹង​​បាត់បង់​ភាព​ប្រជែង​ឈ្នះ​រវាង​ប្រទេស​អ្នក​នាំ​ចេញ​អង្ករ​ដទៃ​ទៀត​នៅ​លើ​​ទីផ្សារ​អន្តរជាតិ។
លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​អ្នក​នាំ​ចេញ​អង្ករ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​បាន​ប្រមូល​ផ្ដុំ​​គ្នា​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​តំណាង​ឲ្យ​អ្នក​នាំ​ចេញ​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា ដើម្បី​​ដណ្ដើម​ទីផ្សារ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ៖ «តែ​លើក​នេះ វា​ពិសេស​ជាង! ដោយសារ​លើក​នេះ យើង​កែ​ឈ្មោះ​សហព័ន្ធ ​ទៅ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រួម​បញ្ចូល​ទាំង​សម្ព័ន្ធ​អ្នក​ផលិត​ និង​សមាគម​អ្នក​នាំ​ចេញ។ ក្នុង​មុខ​ជំនួញ​មួយ ឬ​ក្នុង​មុខ​ជំនាញ​មួយ​​គេ​មិន​ដែល​មាន​សមាគម​ពីរ​បី​ដូច​ស្រុក​ខ្មែរ​ទេ»
លោក​ឧកញ៉ា​ គឹម សាវុធ អះអាង​ថា ទៀត​ថា ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​​ ការ​ច្រណែន​គ្នា​រវាង​អ្នក​នាំ​ចេញ​​អង្ករ​កម្ពុជា ទាំង​អស់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម។ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​សហព័ន្ធ​​នេះ ​អាស្រ័យ​លើ​សមត្ថភាព​​របស់​អ្នក​ដឹក​នាំ។
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ លោក សុខ ពុទ្ធីវុធ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ដំបូង​ដែល​យើង​កំពុង​បង្កើត​គោលនយោបាយ​​អាទិភាព​​ ដើម្បី​​បម្រើ​ផល​ប្រយោជន៍​​អ្នក​នាំ​ចេញ​និង​កសិករ។ ការងារ​ដំបូង​ដែល​ត្រូវ​អនុវត្ត​​នោះ ​គឺ​កសាង​បទដ្ឋាន​របស់​ស្ថាប័ន​នាំ​ចេញ​អង្ករ និង​កេរ្តិ៍​ឈ្មោះ​​អង្ករ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ។ ម៉្យាង​វិញ​ទៀត​ ការ​ប្រមូល​ក្រុម​អ្នក​នាំ​ចេញ​ឲ្យ​មក​ធ្វើ​ការ​រួម​គ្នា ដើម្បី​ប្រយោជន៍​រួម គឺ​ជា​រឿង​សំខាន់​​បំផុត។
លោក សុខ ពុទ្ធីវុធ៖ «សំខាន់​វា​ធ្វើ​ឲ្យ​ស្ថាប័ន​ហ្នឹង​រៀប​ចំ​ឲ្យ​​វា​ល្អ។ អ៊ីចឹង​យើង​ឃើញ​គំរូ (model) ដូច​នៅ​​ថៃ សហព័ន្ធ​ស្រូវ​អង្ករ​ថៃ គេ​ធ្វើ​យ៉ាង​ម៉េច នៅ​ជប៉ុន គេ​ធ្វើ​យ៉ាង​ម៉េច នៅ​វៀតណាម គេ​​ធ្វើ​ម៉េច។ យើង​មាន​គំនិញ​មួយ​ចំនួន​ដែរ ប៉ុន្តែ​យើង​ត្រូវ​ដាក់​លើ​តុ ឯកភាព​គ្នា​រវាង​ក្រុម​ប្រឹក្សាភិបាល​ រៀប​ចំ​ស្ថាប័ន​ហ្នឹង​ឲ្យ​បាន​លឿន​ ទី​មួយ​ផ្ទៃ​ក្នុង​រៀប​ឲ្យ​មូល​សិន»
បន្ថែម​លើ​នេះ ភាព​រស់​​រាន​របស់​វិស័យ​អង្ករ​កម្ពុជា បច្ចុប្បន្ន​ដោយសារ​តែ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​​ ជា​ពិសេស​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប។ ប៉ុន្តែ​​​​អ្នក​បញ្ជា​ទិញ​​​ទាំង​នោះ ធ្លាប់​​រិះ​គន់​ថា​ ពាណិជ្ជកម្ម​អង្ករ​កម្ពុជា​ ហាក់​មាន​ភាព​មិន​ស្មោះត្រង់ ​ជា​ពិសេស​​ការ​ក្លែង​បន្លំ​ប្រភេទ​អង្ករ​នាំ​ចេញ។
ការ​រិះ​គន់​មួយ​ចំនួន​ទៀត បាន​ចោទ​ប្រកាន់​សហព័ន្ធ​​​​ស្រូវ​អង្ករ​នានា​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​កសិករ​ឡើយ។ មាន​ន័យ​ថា ខ្សែ​ចង្វាក់​​​នៃ​អ្នក​ផលិត​ស្រូវ​អង្ករ និង​អ្នក​នាំ​ចេញ​ទទួល​បាន​​ គម្លាត​ផល​ប្រយោជន៍​ខុស​គ្នា​ខ្លាំង ក្នុង​នោះ​អ្នក​នាំ​ចេញ​បាន​ផល​ប្រយោជន៍​ច្រើន រី​ឯ​កសិករ​វិញ​ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​លំបាក​ដដែល។
បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​កំពុង​កសាង​មូលដ្ឋាន​​​រឹងមាំ​មួយ ដើម្បី​ធ្វើ​ឲ្យ​កសិករ​និង​អ្នក​នាំ​ចេញ​​ទទួល​បាន​ផល​ប្រយោជន៍​ជា​អតិបរមា ពី​ការ​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ៖ «ការ​ងារ​​វា​ជា​ចង្វាក់ វា​អត់​មាន​​កន្លែង​ណា​មួយ​​​ដូច​ថា អត់​មាន​ក្រុម​ណា​មួយ​ធ្វើ​ដាច់​ដោយ​ឡែក​ខ្លួន​ឯង​បាន​ យើង​ត្រូវ​រៀបចំ​ចង្វាក់​ផលិត​ស្រូវ​អង្ករ​ឲ្យ​វា​​ដើរ​ឡើង​វិញ។ កន្លង​មក​ចង្វាក់​ហ្នឹង​ ប្រហែល​ជា​ដាច់ វា​មិន​ទាន់​ដើរ​ស្រួល រៀបចំ​ឡើង​វិញ​រៀប​ម៉េច​ដើម្បី​ឲ្យ​វា​បាន​គ្រប​ដណ្ដប់​គ្រប់​ផ្នែក​ទាំង​អស់ ​ទាំង​កសិករ​ក៏​ជួយ​គាត់​ ទាំង​ខាង​អ្នក​ប្រមូល​ទិញ​ស្រូវ ​ហើយ​និង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​ជួយ​គាត់​ ក៏​ដូច​អ្នក​នាំ​ចេញ (ទៅ​កាន់​) ទីផ្សារ»
ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​នេះ ស្ថិត​នៅ​ភាព​​ស្រពិចស្រពិល​នៅ​ឡើយ ​ដើម្បី​សម្រេច​បាន​គោលដៅ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥។
របាយការណ៍​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ បាន​បង្ហាញ​ថា កម្ពុជា​មាន​ក្រុមហ៊ុន​នាំ​ចេញ​​អង្ករ​ចំនួន​ ៦៣ ​បាន​នាំ​ចេញ​បរិមាណ ១២​ម៉ឺន​តោន នៅ​រយៈ​ពេល ៤​ខែ​ដើម​​ឆ្នាំ​២០១៤ ទៅ​កាន់​ទីផ្សារ​ចំនួន ៤៦​ប្រទេស​នៅ​លើ​ពិភពលោក៕

សហគមន៍​ព្រៃឈើ​​ធ្វើ​សន្និសីទ​កាសែត​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ

តំណាង​សហគមន៍​ព្រៃឈើ​នៅ​តាម​ខេត្ត​ចំនួន ១៣ ក្នុង​ប្រទេស​កម្ពុជា ជួបជុំ​គ្នា​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​បញ្ហា​ប្រឈម ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ចងក្រង​ឯកសារ​ដាក់​ជូន​រាជរដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់។
តំណាង​សហគមន៍​ព្រៃ​ឈើ​អះអាង​ថា ដី​ព្រៃ​សហគមន៍​នឹង​ត្រូវ​រលាយ​បាត់​បង់​នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ​បទល្មើស​ព្រៃឈើ​នេះ​ដែរ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ធ្វើ​ឃាត​ខ្លួនឯង​ដោយ​កាត់​ក បើ​សិន​បទបញ្ជា​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព។
ថ្លែង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នា​ភោជនីយដ្ឋាន​សុរិន្ទ ក្រុង​ភ្នំពេញ តំណាង​សហគមន៍​មក​ពី ១៣​ខេត្ត បាន​លើក​ឡើង​ពី​កង្វល់​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​អនាធិបតេយ្យ ហើយ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ជួយ​ទប់​ស្កាត់។
​លោក ស្មឿន បូរីរ័ត្ន តំណាង​សមាគម​អភិវឌ្ឍន៍​កុមារ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក មាន​សហគមន៍​ព្រៃឈើ​ជាង ២៨០​សហគមន៍ ក្នុង​ខេត្ត​ចំនួន ១៨ បាន​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ។
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ តាម​ការ​សិក្សា​ស្ដីពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​មូលដ្ឋាន គឺ​មាន​សហគមន៍​តាម​ខេត្ត​ខ្លះ មាន​ព្រះវិហារ កំពង់ធំ ក្រចេះ ឧត្តរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ ជាដើម មាន​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​សហគមន៍​ធ្វើ​កម្មសិទ្ធិ និង​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ពី​ឈ្មួញ​មាន​អំណាច​នៅ​ក្នុង​ដែន​សហគមន៍​ព្រៃឈើ​ទាំង​នោះ។
ផ្ដើម​ពី​បញ្ហា​នេះ លោក​ស្នើ​ដល់​រាជរដ្ឋាភិបាល ត្រូវ​ជួយ​បង្កើន​វិធានការ​ទប់ស្កាត់​ចំពោះ​រាល់​សកម្មភាព​ទន្ទ្រាន​រាន​ដី​ព្រៃ​សហគមន៍​ឲ្យ​បាន​ទាន់​ពេល ព្រោះ​គណៈកម្មការ​គ្រប់គ្រង​នៅ​តាម​សហគមន៍​ព្រៃឈើ ពុំ​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​សហគមន៍​ព្រៃ​នៅ​តាម​មូលដ្ឋាន​ពួកគេ​ទេ។
លោក សា ថ្លៃ តំណាង​សហគមន៍​មក​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​នេះ​មាន​សហគមន៍​ព្រៃឈើ​ចំនួន ១៣ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ដោយ​មាន​ផ្ទៃដី​សរុប​ជិត ៦៥​ម៉ឺន​ហិកតារ (៦៤.៣១៨)។ ប៉ុន្តែ​លោក​ថា និរន្តភាព​ព្រៃឈើ និង​ដី​ព្រៃ​សហគមន៍​ទាំង​នោះ កំពុង​រង​ការ​បំផ្លាញ​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ការ​ទន្ទ្រាន​យក​ដី​ពី​ជនល្មើស​នានា ការ​បោះ​ទីតាំង​កងទ័ព និង​ការ​បង្កើត​ភូមិ​អនាធិបតេយ្យ​នៅ​លើ​ដី​ព្រៃ​សហគមន៍​ជាដើម។
កត្តា​ប្រឈម​ទាំង​នេះ លោក សា ថ្លៃ បាន​ស្នើ​ដល់​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​ដែរ​សម្រាប់​លោក សន ស៊ីយ៉ាន តំណាង​សហគមន៍​ព្រៃឈើ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​តំណាង​សហគមន៍​ព្រៃឈើ ស្រុក​គូលែន ខេត្ត​ព្រះវិហារ អ្នកស្រី មាស រ៉េន ព្រម​ទាំង​តំណាង​សហគមន៍​តាម​ខេត្ត​ច្រើន​ទៀត ក៏​បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ដោយ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទន្ទ្រាន​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍​ពី​អ្នក​មាន​អំណាច ឬ​ជន​អនាធិបតេយ្យ​នេះ​ដែរ។
តំណាង​សហគមន៍​ព្រៃឈើ​ទាំង​នោះ បង្ហាញ​កង្វល់​ថា បើ​រដ្ឋាភិបាល​គ្មាន​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​ទាន់​ពេល​ទេ ដី​ព្រៃ​សហគមន៍​នឹង​ត្រូវ​ហិនហោច​នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ។
ទាក់ទិន​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ស្វាគមន៍​រាល់​ឯកសារ ឬ​ភស្តុតាង​ពិត​ប្រាកដ​នៃ​បទល្មើស​ផ្សេង មាន​ព្រៃឈើ ឬ​ទំនាស់​ដីធ្លី​ជាដើម ដាក់​ជូន​មក​រដ្ឋាភិបាល​ពិនិត្យ​និង​មាន​វិធានការ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ឯកសារ​ពិត​ប្រាកដ។
បញ្ហា​នេះ​ដែរ លោក ម៉ុក ម៉ារ៉េត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ការ​បាត់បង់​ផ្ទៃដី​ព្រៃឈើ គឺ​បណ្ដាល​មក​ពី​កំណើន​ប្រជាពលរដ្ឋ​មាន​ចំនួន​កើន​ឡើង​ពី ១​អាណត្តិ​ទៅ ១​អាណត្តិ។ ជាង​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​កាត់​ផ្ទៃ​ព្រៃ ឬ​ដី​សហគមន៍​ខ្លះ​ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កាប់​រុករាន​យក​ដី​ធ្វើ​កសិកម្ម​បង្កបង្កើន​ផល។
​លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការងារ​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ធ្វេសប្រហែស​ទេ៖ «តាំងពី​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូនសំ ហើយ​ទៅ​ដល់​កន្លែង​មួយ​ចំនួន​ទៀត ដែល​យើង​ត្រូវ​ដក​ពី​តំបន់​ការពារ​ធម្មជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​គាត់​ធ្វើ​ភូមិឋាន និង​ធ្វើ​ស្រែចម្ការ បង្កបង្កើនផល​សេដ្ឋកិច្ច​រីក​ចំរើន។ ខ្ញុំ​ចង់​ជម្រាប​អ៊ីចឹង អា​ហ្នឹង​វា​ត្រូវ​បាត់​ដី​ព្រៃ​ហើយ។ ឥឡូវ​ដី​ជិត ២​លាន​ហិកតារ កាល​ពី​ដើម​សុទ្ធតែ​ជា​ដី​ព្រៃ តែ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​កាប់។ ចុះ​កំណើន​ប្រជាពលរដ្ឋ​ដូច​ខ្ញុំ​បាន​ជម្រាប​អម្បាញ់មិញ​នោះ! អ៊ីចឹង​ហើយ​រាជរដ្ឋាភិបាល​លោក​ស្វែង​យល់ ឈ្លាសវៃ​ណាស់ បាន​រៀបចំ​នយោបាយ​ចាស់​សកម្មភាព​ថ្មី ក៏​បាន​វាស់​ដី​ផ្ដល់​ប្លង់ដី​ត្រឹមត្រូវ​ជូន​បង​ប្អូន​ទៅ។ អ៊ីចឹង​ត្រូវ​បាត់​ដី​ព្រៃ​ទៀតហើយ។ និយាយ​ទៅ​កំណើន​ប្រជាពលរដ្ឋ កំណើន​សេដ្ឋកិច្ច​ត្រូវ​ការ​ដី​ព្រៃ​ទាំងអស់​ហ្នឹង។ ខ្ញុំ​លើក​ខ្លី​ទេ ខ្ញុំ​មិន​ចង់​លើក​ច្រើន​ទេ គឺ​វា​ត្រូវ​តែ​បាត់បង់​ផ្ទៃដី​ព្រៃ​ហើយ។ យើង​អត់​មាន​វិធី​អី​ទេ ប្រជាពលរដ្ឋ​ពី​មុន​ជំនាន់​ព្រះករុណា សម្ដេច នរោត្តម សីហនុ ចំនួន​ប្រជាជន​កម្ពុជា ពី ៦ ទៅ ៧​លាន​នាក់ តែ​ឥឡូវ ១៤ ទៅ ១៥​លាន​នាក់។ អ៊ីចឹង​វា​ត្រូវ​សម្រុក​ទៅ​រក​ដី​សម្រាប់​បង្កបង្កើន​ផល​ហ្នឹង​ហើយ»
កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ធ្លាប់​មាន​ប្រសាសន៍​ថា បើ​រាល់​បទបញ្ជា​របស់​លោក​ដែល​បាន​ដាក់​ចេញ​ទាក់ទង​ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ មាន​ព្រៃឈើ​ជាដើម ហើយ​បែរ​ជា​គ្មាន​អ្នក​អនុវត្ត​តាម ឬក៏​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព លោក​នឹង​ធ្វើ​ឃាត​ដោយ​កាត់​ក​ខ្លួន​ឯង៕​

ការ​នាំចេញ​អង្ករ​របស់​វៀតណាម​ហាក់​មាន​សន្ទុះ​ក្នុងឆ្នាំ​នេះ​

ហាណូយ​ ៖ តាម​ទិន្ន​ន័យ​របស់​សមា​គម​ស្បៀង​អាហារ​វៀត​ណាម​បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​វៀតណាម​សម្រេចបាន​១៨១.០០០​តោន​នៅ​ក្នុង​អំឡុង​ពេល​ជិត​មួួយ​ឆមាសដំបូង​នេះ​ ដែល​មាន​ទឹក​ប្រាក់​៧៩,៨៧​លាន​ដុល្លារ​អាមេរិក ។​
សមាគម​ថ្លែង​ថា​ តម្លៃ​ជា​មធ្យម​សម្រាប់​អង្ករ​នាំចេញ​ខែ​ឧសភា​នេះ​ គឺ​៤៤១,៥១​ដុល្លារ​ក្នុង​មួយ​តោន​​ និង​ធ្លាក់​​ចុះ​២១​​ដុល្លារ​ក្នុង​មួយ​តោន​ ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ តម្លៃ​អង្ករ​ក្នុងស្រុក​មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី​១៥ ឧសភា​ រហូត​មក​ដល់​ពេល​នេះ ។​ ចំពោះ​អង្ករ​​សម្រូប​មានតម្លៃ​ចាប់​ពី​០,២៥​ដុល្លារ​ទៅ​០,២៧​ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​ អាស្រ័យតាម​ប្រភេទ​អង្ករ​ ។​ ចំណែក​អង្ករ​បាក់​ចុង​៥%​ មានតម្លៃ​ចន្លោះ​ពី​០,៣២​ដុល្លារ​ទៅ​០,៣៣​ ក្នុង​មួយ​គីឡូ​ក្រាម ។​
អង្គការកសិ​កម្ម​ និង​ស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ថា​ ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​កើន​ឡើង​៧,២​​លាន​តោន​នៅ​ក្នុងឆ្នាំ​២០១៤​ នេះ គឺ​ពង្រីក​បាន​៨%​ ធៀប​នឹង​ឆ្នាំ​២០១៣​ នាំ​ចេញបាន​៦,៧​លាន​តោន​​ដោយសារ​ផលិត​កម្ម​ខ្ពស់​ជាង​មុន​ ហើយ​តម្រូវ​ការ​នាំចេញ​ ក៏​កើន​ឡើង​ពិសេសគឺ​​ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌូណេ​ស៊ី​, ម៉ាឡេស៊ី​, ចិន និង​​ហ្វ៊ីលី​ពីន ។​ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អង្គការ​កសិ​កម្ម​ និងស្បៀង​អាហារ​របស់​វៀត​ណាម​បាន​ព្យាករ​ថា​ ការ​បង្ក​បង្កើន​ផល​ស្រូវ​សរុប​​របស់​វៀតណាម​នឹង​សម្រេច​បាន​៤៤,២​លានតោន ។​ ចំណែក​សមា​គម​ស្បៀង​អាហារ​វៀតណាម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​វៀត​ណាម​មាន​ទិសដៅ​នាំចេញ​អង្ករ​ឱ្យបាន​៦,២​លានតោន​ពី​ទិស​ដៅ​កាលពី​មុន​៦,៦លាន​តោន​ទៅ​៧​លាន​តោន ស្រប​តាម​​តម្រូវការ​ទីផ្សារ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​ និង​ថៃ​ ៕​

ទី​ផ្សារ​រថ​យន្ត​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​សីុ​​ក្នុង​ខែ​មេសា​លក់​ដាច់​ Toyota Avanza និង​ Honda Mobilio ជាងគេរយៈ​ពេល​4​ខែ​ដំបូង​ដើម​ឆ្នាំ​2014​លក់​បាន​435.250​គ្រឿង​កើន​ឡើង​9​ភាគ​រយ​

ការ​លក់​រថ​យន្ត​ថ្មី​ក្នុង​ប្រទេស​ឥណ្ឌូ​ណេ​សីុ​កើន​ឡើង​៥%​នៅ​ក្នុង​ខែ​មេសា​​កន្លង​មក​នេះ​ជាមួយ​នឹង​ការ​ចុះ​បញ្ជី​បាន​១០៦.៨១១​គ្រឿង​ដែល​បាន​ពាំ​នាំ​មក​នូវ​បរិ​មាណ​លក់​បាន​សរុប​ក្នុង​រយៈ​ពេល​៤​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤​ មាន​ចំនួន​៤៣៥.២៨០​គ្រឿង​ កើន​ឡើង​៩%​ធៀប​នឹង​ឆ្នាំ​២០១៣​ ។
ក្នុង​នោះ​ Toyota Avanza បន្ត​រំកិល​ចុះ​នៃ​ការ​លក់​របស់​ខ្លួន​ដែល​ឈោង​ចាប់​បំណែក​ទី​ផ្សារ​បាន​ត្រឹម​តែ​១៣,២​%​ប៉ុណ្ណោះ​នៅ​ក្នុង​ខែ​មេសា​ ។ ប៉ុន្តែ​ម៉ូដែល​នេះ​នៅ​តែ​នាំ​មុខ​គេ​ដដែល​បើ​ទោះ​ជា​ធ្លាក់​ចុះ​បន្តិច​ក៏​ដោយ​ ។ ចំណែក​ Honda Mobilio បាន​អះ​អាង​ពី​ការ​ទទួល​បាន​នូវ​កៅ​អី​ថ្មី​ក្នុង​ចំណាត់​ថ្នាក់​លក់​ដាច់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ទី​២​តាម​ពី​ក្រោយ​​ Avanza យ៉ាង​ប្រកៀក​ប្រកិត​ នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា Mobilio ទទួល​បាន​ការ​និយម​ប្រើ​ប្រាស់​ច្រើន​ជាង​មុន​ក្នុង​ខែ​មេសាកន្លង​មក​ ។ រី​ឯ​តួ​ឯក​ទី​៣​ គឺ​បាន​ទៅ​លើ​ Toyota Agya ដែល​លក់​បាន​តិច​ជាង​ Honda Mobilio ជាង​១​ពាន់​គ្រឿង​ប៉ុណ្ណោះ​ ។
ខាង​ក្រោម​នេះ​គឺ​ជា​បញ្ជី​រាយ​ឈ្មោះ​រថ​យន្ត​ដែល​លក់​ដាច់​ជាង​គេ​ប្រចាំ​ខែ​មេសា​ឆ្នាំ​២០១៤៖
១-Toyota Avanza លក់​បាន​ ១៤.១១៨​គ្រឿង, ២-Honda Mobilio លក់​បាន​ ៧.៥២៦​គ្រឿង​, ៣-​Toyota Agya (៦.២២១​គ្រឿង​), ៤-Toyota Kijang Innova (៥.៣៩៦​គ្រឿង), ៥-​Daihatsu Grand Max ភិក​អាប់ (៤.៣៤១​គ្រឿង), ៦-Suzuki Carry ភិក​អាប់​ (៤.១០១​គ្រឿង), ៧-Suzuki Ertiga (៤.០៧៩​គ្រឿង​), ៨-Daihatsu Ayla (៤.០៣២​គ្រឿង), ៩-Daihatsu Xenia (៣.៥៤៣​គ្រឿង​), ១០-Toyota Yaris (៣.០៦៤​គ្រឿង​), ១១-​Toyota Rush (២.៧៤៧​គ្រឿង​), ១២-Mitsubishi T120-SS ភិក​អាប់​ (២.៤០៨​គ្រឿង), ១៣-​Mitsubishi L300 ភិក​អាប់​ (២.៤០៨​​គ្រឿង), ១៤-Toyota Fortuner (២.៣៣០​គ្រឿង​), ១៥-Suzuki Karimum Wagon (២.១៧២​គ្រឿង), ១៦-Daihatsu Terios (១.៨៨៩​គ្រឿង), ១៧-​Suzuki APV ភិក​អាប់​ (១.៧០៦​គ្រឿង​), ១៨-Nissan Grand livina (១.៣៩៣​គ្រឿង), ១៩-Honda Brio Satya (១.២២៤​គ្រឿង​), ២០-Honda Jazz (១.២១៣​គ្រឿង​) ៕

យោធា​ថៃ​ប្រកាស​ដាក់​ច្បាប់​អាជ្ញាសឹក​ទូទាំង​ប្រទេស

ស្ថាប័ន​យោធា​ថៃ​បាន​ប្រកាស​អនុវត្ត​ច្បាប់​អាជ្ញាសឹក​នៅ​ក្រុង​ព្រះរាជាណាចក្រ​ដ៏​មាន​វិបត្តិ​នេះ។

សេចក្តី​ប្រកាស​ដែល​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍​គ្រប់គ្រង​ដោយ​យោធា​មួយ​កាល​ពី​ថ្ងៃ​អង្គារ និយាយ​ថា យោធា​ថៃ​ចាត់​វិធានការ​នេះ​ដើម្បី​«រក្សា​សន្តិភាព​និង​សណ្តាប់ធ្នាប់»។

សេចក្តី​ប្រកាស​នេះ​និយាយ​ថា​«ការ​ដាក់​ច្បាប់​អាជ្ញាសឹក​នេះ​មិនមែន​ជា​រដ្ឋប្រហារ​ទេ»។

បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​រាប់​ខែ​នៅ​ប្រទេស​ថៃ​បាន​សម្លាប់​មនុស្ស​២៨​នាក់​និង​ធ្វើ​ឲ្យ​របួស​រាប់​រយ​នាក់​ទៀត។

លោក​ប្រធានាធិបតី​​​អូបាម៉ា​ជួប​​មេដឹក​នាំ​ប្រទេស​អាស៊ាន​ទាំងដប់នៅកម្ពុជា

លោក​​បារ៉ាក់​អូបាម៉ា​ប្រធានាធិបតី​ស.រ.អា.​បាន​ជួប​ជាមួយ​មេដឹក​នាំ​ប្រទេស​អាស៊ាន​ទាំង​១០​នៅភ្នំពេញ​នៅ​ថ្ងៃច័ន្ទ។ ​នេះជា​ទស្សនកិច្ច​លើក​ទី១​របស់​ប្រធានាធិបតី​ស.រ.អា.​កំពុង​កាន់​តំណែង​ទៅ​ប្រទេស​កម្ពុជា។ ​លោក​ប្រធានាធិបតី​ចេញ​ដំណើរ​ពីទីក្រុង​រ៉ងហ្គូន ហើយ​បាន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ ក្រោយពី​លោក​បាន​ជួប​​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ​សែន​នៃ​ប្រទេស​កម្ពុជា ដែល​រៀបចំ​កិច្ច​ប្រជុំនេះ។​ ប្រភព វីអូអេ

កុមារ​កំព្រា​កម្ពុជា​«នៅ​តែ​ព្យាយាម»​ក្នុង​ភាពយន្ត​ឯកសារ

រឿង«យើង​នៅ​តែ​ព្យាយាម» ឬ Still I Strive ជា​ភាពយន្ត​ឯកសារ​អំពី​កុមារ​នៅ​ឯ​មណ្ឌល​កុមារ​កំព្រា​ដ៏​ប្លែក​ពិសេស​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែល​មាន​ជំនាញ​សម្តែង​សិល្បៈ​បុរាណ​ខ្មែរ​ ហើយ​ដែល​ប្រាថ្នា​ចង់​សម្តែង​ថ្វាយ​សម្តេច​ព្រះរាម​បុប្ផាទេវី។ ថ្មីៗ​នេះ លោក Adam Pfleghaar អ្នក​ដឹកនាំ​រឿង​នេះ​បាន​ចូល​រួម​ពិធី​បញ្ចាំង​ខ្សែ​ភាពយន្ត​នេះ​​​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន។ លោក​បាន​​ថ្លែង​ប្រាប់​លោក សឹង សុផាត នៃ​វីអូអេ​ថា ថ្វី​បើ​មាន​អតីតកាល​ដ៏​លំបាក ក៏​ក្មេង​ៗ​កំព្រា​​ទាំង​នោះ​បាន​ប្រើ​ការ​សម្តែង​សិល្បៈ​ដើម្បី​​បង្កើត​ក្តី​សង្ឈឹម​ក្នុង​ជីវិត៕     ប្រភព:វីអូអេ

លោក​ប្រធានាធិបតី​ស.រ.អា.​បារ៉ាក់​អូបាម៉ា​បាន​ទៅ​ដល់​កម្ពុជា​

លោក​បារ៉ាក់ ​អូបាម៉ា​ប្រធានាធិបតី​ស.រ.អា. ដែល​អម​ដំណើរ​ដោយ​លោកស្រី​គ្លីនតុន រដ្ឋមន្ត្រី​ការ​បរទេស​ស.រ.អា.​បាន​អញ្ជើញ​ទៅ​ដល់​ប្រទេស​កម្ពុជា​ហើយ​នៅ​ល្ងាច​ថ្ងៃ​ច័ន្ទ​នេះ។​ក្នុងដំណើរ​ទស្សនកិច្ច​នេះ លោក​ប្រធានាធិបតី​គ្រោងចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ច​ប្រជុំ​កំពូល​អាស៊ីបូព៌ា។​ មុន​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ទាំងពីរ​នៅ​ប្រទេស​កម្ពុជា​ លោក​ប្រធានាធិបតី​ជួប​ជា​មួយ​លោក​ហ៊ុន សែន នាករដ្ឋ​មន្ត្រី​កម្ពុជា។​ (Reuter ភ្នំពេញ)    ប្រភព:វីអូអេ

ចិន​ជម្លៀស​ពលរដ្ឋ​ខ្លួន​រាប់​ពាន់​នាក់​ពី​វៀតណាម

ពួក​កម្មករ​ចិន​រាប់​រយ​នាក់​បាន​ចាក​ចេញ​ពី​ប្រទេស​វៀត​ណាម​នៅ​ថ្ងៃ​ច័ន្ទ​នេះ​តាម​កប៉ាល់​ដែល​បាន​ជួល​ដោយ​រដ្ឋាភិបាល​របស់​ខ្លួន​បន្ទាប់​ពី​ការ​សាងសង់​ការដ្ឋាន​ខួង​ប្រេង​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូងបាន​បណ្តាល​ឲ្យ​មាន​កុប្បកម្ម​ដ៏ប្រល័យ​កាល​ពី​សប្តាហ៍​មុន។

​កប៉ាល់​២​គ្រឿង​ដោយ​អាច​ផ្ទុក​មនុស្សបាន​១.០០០​នាក់​ក្នុង​មួយ​កប៉ាល់​ ​បាន​ទៅ​ដល់កំពង់​ផែ Vung Ang ​នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ។ កប៉ាល់​មួយ​គ្រឿង​បាន​ចាក​ចេញ​៣ទៅ៤ម៉ោង​ក្រោយ​មក ​យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌មាន Associated Press ដែល​បាន​រាយការណ៍​នៅ​ខាង​ក្រៅ​កំពង់ផែ​នោះ ហើយ​បាន​ឃើញ​ពួក​កម្មករ​ឡើង​ជិះ​កប៉ាល់។

កំពង់​ផែ Vung Ang ជា​ផ្នែក​ដ៏​ធំ​មួយ​នៃ​រោងចក្រ​ដែក​ថែប​របស់​តៃវ៉ាន់​ដែល​កំពុង​សាងសង់ដែល​ស្ថិត​នៅ​ចម្ងាយ៣៥០​គ.ម.​ខាង​ត្បូង​ទីក្រុង​ហាណូយ​ដែល​បាន​កាន់​កាប់​ដោយ​ជន​ឥត​សណ្តាប់​ធ្នាប់​ប្រឆាំង​ចិន​កាល​ពី​ថ្ងៃ​ពុធ​និង​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន។ ​កម្មករ​ចិន​២នាក់​បាន​ត្រូវ​គេ​សម្លាប់​ហើយ​១៤០​នាក់​ទៀត​បាន​រង​របួស​ ហើយ​ផ្នែក​នានា​នៃ​រោង​ចក្រ​នោះ​បាន​ឆេះ។ ​កម្មករ​ចិន​ប្រហែល​៣.០០០​នាក់ ​កំពុង​សាង​សង់រោងចក្រ​នោះ។

​ភាព​តាន​តឹង​រវាង​រដ្ឋាភិបាល​ទីក្រុង​ហាណូយ​និង​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ស្ថិត​ក្នុង​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ។ ​ភ្លាមៗ​បន្ទាប់​ពី​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​សាងសង់​ការដ្ឋាន​ខួង​ប្រេង​កាល​ពី​ថ្ងៃ​ទី១​ខែ​ឧសភា ​រដ្ឋាភិបាលទីក្រុង​ហាណូយ​បាន​បញ្ជូន​នាវា​ទៅ​តតាំង​នឹង​ការដ្ឋាន​នោះ។ ឥឡូវ​នេះ ​ប្រទេស​ទាំង​ពីរ​បាន​ស្ថិត​នៅ​ក្នុង​ភាព​មិន​ចាញ់​មិន​ឈ្នះ​ដោយ​នាវា​ចិន​បាន​ការពារការដ្ឋាន​ខួង​ប្រេង ​ដោយ​បង្កើន​លទ្ធភាព​នៃ​ការ​ប៉ះ​ទង្គិច​ជា​ថ្មី។


​វៀត​ណាម​បាន​ព្យាយាម​ប្រមូល​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះជំហរ​របស់​ខ្លួន។ ​សហរដ្ឋ​អាមេរិក​បាន​ចាត់​ទុក​ចំណាត់​ការ​របស់​ចិន​ថា ​ជា​ការ​បង្ក​ហេតុ។

ខណៈ​ដែល​កត់​សម្គាល់​ថា ​ប្រទេស​នានា​ ​មាន​កាតព្វកិច្ចជួយ​ពលរដ្ឋ​របស់​ខ្លួន ​លោក Jonathan London ​អ្នក​ជំនាញការ​ខាង​ប្រទេស​វៀត​ណាម​នៅ​សាកលវិទ្យាល័យ Hong Kong University ​បាន​មាន​ប្រសាសន៍​ថា ​ការ​បញ្ជូន​កប៉ាល់​នេះ​ផ្សព្វផ្សាយ​ទៅ​កាន់​ពិភពលោក​ថា ​ចិន​ជា​ជន​រងគ្រោះ ​បង្កើត​រូបភាព​អំពី​អស្ថេរ​ភាព​នៅ​វៀតណាម​ហើយ​នឹង​បញ្ជូន​សញ្ញា​ដ៏​ខ្លាំង​ ហើយបាន​ធ្វើ​ឲ្យ​គេ​ដឹង​ឮ​ពី​ការ​គំរាម​របស់​ចិន​ដាក់​វិធានការ​ទណ្ឌកម្ម៕
                                                                                                                            ប្រភព:វីអូអេ