Tuesday, May 20, 2014

តើ​សហព័ន្ធ​ស្រូវ​អង្ករ​អាច​សម្រេច​គោល​ដៅ​​នាំ​ចេញ​អង្ករ​១​លាន​តោន​ដោយ​របៀប​ណា?

វិស័យ​ស្រូវ​អង្ករ​កម្ពុជា បាន​ចាត់​ទុក​ថា ជា​មូលដ្ឋាន​​​សម្រាប់​​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ចូល​រួម​ដល់​កំណើន​សេដ្ឋកិច្ច។ ប៉ុន្តែ​វិស័យ​នេះ ប្រឈម​នឹង​ឧបសគ្គ​ជា​ច្រើន រួម​មាន​ខ្វះ​ធនធាន​ហិរញ្ញវត្ថុ ​ខ្វះ​ម៉ាស៊ីន​កែច្នៃ និង​ការ​មិន​ទុក​ចិត្ត​គ្នា​រវាង​អ្នក​​​​​​​ប្រមូល​ទិញ​ស្រូវ ​និង​អ្នក​​ផលិត​ដើម្បី​នាំ​ចេញ។ ម៉្យាង​វិញ​ទៀត អ្នក​បញ្ជា​ទិញ​អង្ករ​អន្តរជាតិ​បាន​​​រក​ឃើញ​ថា ពាណិជ្ជកម្ម​អង្ករ​កម្ពុជា ហាក់​មាន​ភាព​មិន​ស្មោះត្រង់។
ពាណិជ្ជករ​និង​វិនិយោគិន​បាន​បណ្ដាក់​ទុន​កាន់​តែ​ច្រើន​នៅ​ក្នុង​វិស័យ​ស្រូវ​អង្ករ បន្ទាប់​ពី​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​លាន​តោន​កាល​ពី​​ឆ្នាំ​២០១០។ កំណើន​នៃ​អ្នក​រក​ស៊ី​ទាំង​នោះ បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​អង្ករ​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ ដែល​សម្រេច​បាន​បរិមាណ​ជិត ៤០​ម៉ឺន​តោន​​​ក្នុង​ឆ្នាំ​២០១៣ កើន​ឡើង​ពីរ​ដង​បើ​ធៀប​នឹង​ឆ្នាំ​មុន។

ស្រប​ពេល​ដែល​មាន​កំណើន​នេះ អ្នក​នាំ​ចេញ​អង្ករ​ជា​ច្រើន​ហាក់​ចាប់​យក​ឱកាស​រៀងៗ​ខ្លួន​ពី​គោលនយោបាយ​នាំ​ចេញ​​អង្ករ​នេះ។ អ្នក​នាំ​​ចេញ​ខ្លះ​ប្រឹង​ប្រជែង​​យក​ឈ្នះ​ជាមួយ​អ្នក​នាំ​ចេញ​​ផ្សេង​ទៀត​ដើម្បី​ទាក់ទាញ និង​ចាប់​​យក​ទីផ្សារ​​អង្ករ​អន្តរជាតិ។ អ្នក​នាំ​ចេញ​ខ្លះ​ទៀត​ ហាក់​​ស្ថិត​នៅ​ឆ្ងាយ​ពី​គ្នា ខ្វះ​ព័ត៌មាន​ និង​ការ​សម្របសម្រួល​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។
​ម៉្យាង​វិញ​​ទៀត សមាគម​អ្នក​នាំ​ចេញ​អង្ករ​ជា​ច្រើន​ដែល​បាន​​បង្កើត​ឡើង ​គឺ​សម្រាប់​​​ប្រើប្រាស់​ជា​​ប្រយោជន៍​របស់​ក្រុមហ៊ុន​ខ្លួន​ឯង​វិញ។ ទី​បំផុត​សមាគម​អ្នក​នាំ​ចេញ​អង្ករ​ទាំង​នោះ ​ត្រូវ​បែក​ខ្ញែក​គ្នា។
អគ្គលេខាធិការ​រង​នៃ​សម្ព័ន្ធ​អ្នក​ផលិត​ស្រូវ និង​នាំ​ចេញ​អង្ករ​កម្ពុជា លោក វ៉ាន់ ដេវីត វិចិត្រ​មាន​ប្រសាសន៍​ថា អ្នក​រក​ស៊ី​ស្រូវ​អង្ករ​កម្ពុជា យក​ឈ្នះ​រៀង​ខ្លួន៖ «ក្នុង​វិស័យ​ស្រូវ​​អង្ករ​ហ្នឹង​​វា​មាន​សមាគម​ សហព័ន្ធ សហភាព​ស្អីៗ​​ហូរហែ​ពេក វា​បែកបាក់​គ្នា។ ពួក​ហ្នឹង​អត់​ចេះ​ធ្វើ​ការ​ជា​មួយ​គ្នា។ មតិ​ភាគ​​ច្រើន​របស់​លោក​ឧកញ៉ា​ជើង​ចាស់​នោះ បញ្ហា​គាត់​​មិន​ចេះ​សហការ​គ្នា និយាយ​​ឲ្យ​តែ​ម្ដង​ទៅ របៀប​ដែល​ថា មាន​ខ្ញុំ អត់​​គាត់​ មាន​គាត់ អត់​ខ្ញុំ...»
បន្ថែម​លើ​នេះ ប្រធាន​ក្រុមហ៊ុន​នាំ​ចេញ​អង្ករ ខ្មែរ ហ្វូត (Khmer Food) ​លោក​ឧកញ៉ា គឹម សាវុធ បាន​អះអាង​​ស្រដៀង​គ្នា​នេះ​ដែរ​​​ថា ការ​បង្កើត​សមាគម​នាំ​ចេញ​​អង្ករ​ច្រើន​ពេក​ អាច​ធ្វើ​កិច្ច​ការងារ​​មួយ​ចំនួន​អនុវត្តន៍​​​ជាន់​គ្នា និង​ខ្វះ​ការ​សហការ​គ្នា​​ជា​ដើម។ បញ្ហា​ទាំង​អស់​​នឹង​​បាត់បង់​ភាព​ប្រជែង​ឈ្នះ​រវាង​ប្រទេស​អ្នក​នាំ​ចេញ​អង្ករ​ដទៃ​ទៀត​នៅ​លើ​​ទីផ្សារ​អន្តរជាតិ។
លោក​បញ្ជាក់​ថា​ បច្ចុប្បន្ន​អ្នក​នាំ​ចេញ​អង្ករ​សមាគម​អ្នក​នាំ​ចេញ​អង្ករ​បាន​ប្រមូល​ផ្ដុំ​​គ្នា​បង្កើត​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​តំណាង​ឲ្យ​អ្នក​នាំ​ចេញ​ទាំង​អស់​ធ្វើ​ការ​រួម​គ្នា ដើម្បី​​ដណ្ដើម​ទីផ្សារ​អង្ករ​នៅ​លើ​ទីផ្សារ​អន្តរជាតិ៖ «តែ​លើក​នេះ វា​ពិសេស​ជាង! ដោយសារ​លើក​នេះ យើង​កែ​ឈ្មោះ​សហព័ន្ធ ​ទៅ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រួម​បញ្ចូល​ទាំង​សម្ព័ន្ធ​អ្នក​ផលិត​ និង​សមាគម​អ្នក​នាំ​ចេញ។ ក្នុង​មុខ​ជំនួញ​មួយ ឬ​ក្នុង​មុខ​ជំនាញ​មួយ​​គេ​មិន​ដែល​មាន​សមាគម​ពីរ​បី​ដូច​ស្រុក​ខ្មែរ​ទេ»
លោក​ឧកញ៉ា​ គឹម សាវុធ អះអាង​ថា ទៀត​ថា ការ​រួម​បញ្ចូល​គ្នា​តែ​មួយ​នេះ នឹង​អាច​ជួយ​កាត់​បន្ថយ​​ ការ​ច្រណែន​គ្នា​រវាង​អ្នក​នាំ​ចេញ​​អង្ករ​កម្ពុជា ទាំង​អស់ ដើម្បី​បម្រើ​ផល​ប្រយោជន៍​រួម។ ប៉ុន្តែ​ភាព​ជោគជ័យ​របស់​សហព័ន្ធ​​នេះ ​អាស្រ័យ​លើ​សមត្ថភាព​​របស់​អ្នក​ដឹក​នាំ។
ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​ លោក សុខ ពុទ្ធីវុធ ដែល​ទើប​នឹង​ជាប់​ឆ្នោត​ថ្មី​មាន​ប្រសាសន៍​ថា នេះ​ជា​ជំហាន​ដំបូង​ដែល​យើង​កំពុង​បង្កើត​គោលនយោបាយ​​អាទិភាព​​ ដើម្បី​​បម្រើ​ផល​ប្រយោជន៍​​អ្នក​នាំ​ចេញ​និង​កសិករ។ ការងារ​ដំបូង​ដែល​ត្រូវ​អនុវត្ត​​នោះ ​គឺ​កសាង​បទដ្ឋាន​របស់​ស្ថាប័ន​នាំ​ចេញ​អង្ករ និង​កេរ្តិ៍​ឈ្មោះ​​អង្ករ​កម្ពុជា​លើ​ទីផ្សារ​អន្តរជាតិ។ ម៉្យាង​វិញ​ទៀត​ ការ​ប្រមូល​ក្រុម​អ្នក​នាំ​ចេញ​ឲ្យ​មក​ធ្វើ​ការ​រួម​គ្នា ដើម្បី​ប្រយោជន៍​រួម គឺ​ជា​រឿង​សំខាន់​​បំផុត។
លោក សុខ ពុទ្ធីវុធ៖ «សំខាន់​វា​ធ្វើ​ឲ្យ​ស្ថាប័ន​ហ្នឹង​រៀប​ចំ​ឲ្យ​​វា​ល្អ។ អ៊ីចឹង​យើង​ឃើញ​គំរូ (model) ដូច​នៅ​​ថៃ សហព័ន្ធ​ស្រូវ​អង្ករ​ថៃ គេ​ធ្វើ​យ៉ាង​ម៉េច នៅ​ជប៉ុន គេ​ធ្វើ​យ៉ាង​ម៉េច នៅ​វៀតណាម គេ​​ធ្វើ​ម៉េច។ យើង​មាន​គំនិញ​មួយ​ចំនួន​ដែរ ប៉ុន្តែ​យើង​ត្រូវ​ដាក់​លើ​តុ ឯកភាព​គ្នា​រវាង​ក្រុម​ប្រឹក្សាភិបាល​ រៀប​ចំ​ស្ថាប័ន​ហ្នឹង​ឲ្យ​បាន​លឿន​ ទី​មួយ​ផ្ទៃ​ក្នុង​រៀប​ឲ្យ​មូល​សិន»
បន្ថែម​លើ​នេះ ភាព​រស់​​រាន​របស់​វិស័យ​អង្ករ​កម្ពុជា បច្ចុប្បន្ន​ដោយសារ​តែ​មាន​ការ​អនុគ្រោះ​ពន្ធ​នាំ​ចូល​​ ជា​ពិសេស​ទីផ្សារ​នៅ​សហភាព​អឺរ៉ុប។ ប៉ុន្តែ​​​​អ្នក​បញ្ជា​ទិញ​​​ទាំង​នោះ ធ្លាប់​​រិះ​គន់​ថា​ ពាណិជ្ជកម្ម​អង្ករ​កម្ពុជា​ ហាក់​មាន​ភាព​មិន​ស្មោះត្រង់ ​ជា​ពិសេស​​ការ​ក្លែង​បន្លំ​ប្រភេទ​អង្ករ​នាំ​ចេញ។
ការ​រិះ​គន់​មួយ​ចំនួន​ទៀត បាន​ចោទ​ប្រកាន់​សហព័ន្ធ​​​​ស្រូវ​អង្ករ​នានា​ថា មិន​បាន​យក​ចិត្ត​ទុក​ដាក់​ដល់​ជីវភាព​កសិករ​ឡើយ។ មាន​ន័យ​ថា ខ្សែ​ចង្វាក់​​​នៃ​អ្នក​ផលិត​ស្រូវ​អង្ករ និង​អ្នក​នាំ​ចេញ​ទទួល​បាន​​ គម្លាត​ផល​ប្រយោជន៍​ខុស​គ្នា​ខ្លាំង ក្នុង​នោះ​អ្នក​នាំ​ចេញ​បាន​ផល​ប្រយោជន៍​ច្រើន រី​ឯ​កសិករ​វិញ​ នៅ​តែ​ស្ថិត​នៅ​ក្នុង​ភាព​លំបាក​ដដែល។
បញ្ហា​នេះ ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា លោក សុខ ពុទ្ធីវុធ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​យើង​កំពុង​កសាង​មូលដ្ឋាន​​​រឹងមាំ​មួយ ដើម្បី​ធ្វើ​ឲ្យ​កសិករ​និង​អ្នក​នាំ​ចេញ​​ទទួល​បាន​ផល​ប្រយោជន៍​ជា​អតិបរមា ពី​ការ​កំណើន​នៃ​ការ​នាំ​ចេញ​អង្ករ៖ «ការ​ងារ​​វា​ជា​ចង្វាក់ វា​អត់​មាន​​កន្លែង​ណា​មួយ​​​ដូច​ថា អត់​មាន​ក្រុម​ណា​មួយ​ធ្វើ​ដាច់​ដោយ​ឡែក​ខ្លួន​ឯង​បាន​ យើង​ត្រូវ​រៀបចំ​ចង្វាក់​ផលិត​ស្រូវ​អង្ករ​ឲ្យ​វា​​ដើរ​ឡើង​វិញ។ កន្លង​មក​ចង្វាក់​ហ្នឹង​ ប្រហែល​ជា​ដាច់ វា​មិន​ទាន់​ដើរ​ស្រួល រៀបចំ​ឡើង​វិញ​រៀប​ម៉េច​ដើម្បី​ឲ្យ​វា​បាន​គ្រប​ដណ្ដប់​គ្រប់​ផ្នែក​ទាំង​អស់ ​ទាំង​កសិករ​ក៏​ជួយ​គាត់​ ទាំង​ខាង​អ្នក​ប្រមូល​ទិញ​ស្រូវ ​ហើយ​និង​ម៉ាស៊ីន​កិន​ស្រូវ​ក៏​ជួយ​គាត់​ ក៏​ដូច​អ្នក​នាំ​ចេញ (ទៅ​កាន់​) ទីផ្សារ»
ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ដែល​ទើប​បង្កើត​ថ្មី​នេះ ស្ថិត​នៅ​ភាព​​ស្រពិចស្រពិល​នៅ​ឡើយ ​ដើម្បី​សម្រេច​បាន​គោលដៅ​នាំ​ចេញ​អង្ករ​មួយ​លាន​តោន​នៅ​ឆ្នាំ​២០១៥។
របាយការណ៍​ច្រក​ចេញ​ចូល​តែ​មួយ​នៃ​ការ​នាំ​ចេញ​អង្ករ​កម្ពុជា​ បាន​បង្ហាញ​ថា កម្ពុជា​មាន​ក្រុមហ៊ុន​នាំ​ចេញ​​អង្ករ​ចំនួន​ ៦៣ ​បាន​នាំ​ចេញ​បរិមាណ ១២​ម៉ឺន​តោន នៅ​រយៈ​ពេល ៤​ខែ​ដើម​​ឆ្នាំ​២០១៤ ទៅ​កាន់​ទីផ្សារ​ចំនួន ៤៦​ប្រទេស​នៅ​លើ​ពិភពលោក៕

No comments:

Post a Comment