Tuesday, May 20, 2014

សហគមន៍​ព្រៃឈើ​​ធ្វើ​សន្និសីទ​កាសែត​អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ

តំណាង​សហគមន៍​ព្រៃឈើ​នៅ​តាម​ខេត្ត​ចំនួន ១៣ ក្នុង​ប្រទេស​កម្ពុជា ជួបជុំ​គ្នា​បង្ហាញ​ពី​វិនាសកម្ម​ព្រៃឈើ និង​បញ្ហា​ប្រឈម ដោយសារ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ ដើម្បី​ចងក្រង​ឯកសារ​ដាក់​ជូន​រាជរដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់។
តំណាង​សហគមន៍​ព្រៃ​ឈើ​អះអាង​ថា ដី​ព្រៃ​សហគមន៍​នឹង​ត្រូវ​រលាយ​បាត់​បង់​នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥ បើ​គ្មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ។ ​បទល្មើស​ព្រៃឈើ​នេះ​ដែរ ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល ធ្លាប់​បាន​ប្រកាស​ជា​សាធារណៈ​ថា នឹង​ធ្វើ​ឃាត​ខ្លួនឯង​ដោយ​កាត់​ក បើ​សិន​បទបញ្ជា​ទប់​ស្កាត់​បទល្មើស​ព្រៃឈើ​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព។
ថ្លែង​ក្នុង​សន្និសីទ​កាសែត​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ឧសភា នា​ភោជនីយដ្ឋាន​សុរិន្ទ ក្រុង​ភ្នំពេញ តំណាង​សហគមន៍​មក​ពី ១៣​ខេត្ត បាន​លើក​ឡើង​ពី​កង្វល់​នៃ​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​អនាធិបតេយ្យ ហើយ​គ្មាន​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ជួយ​ទប់​ស្កាត់។
​លោក ស្មឿន បូរីរ័ត្ន តំណាង​សមាគម​អភិវឌ្ឍន៍​កុមារ បាន​បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១១​មក មាន​សហគមន៍​ព្រៃឈើ​ជាង ២៨០​សហគមន៍ ក្នុង​ខេត្ត​ចំនួន ១៨ បាន​ចុះ​បញ្ជី​ផ្លូវការ​នៅ​ក្រសួង​កសិកម្ម​រុក្ខា​ប្រមាញ់​និង​នេសាទ។
លោក​បន្ត​ថា បច្ចុប្បន្ន​នេះ តាម​ការ​សិក្សា​ស្ដីពី​ការ​គ្រប់គ្រង​សហគមន៍​ព្រៃឈើ​នៅ​តាម​ខេត្ត​មួយ​ចំនួន ដែល​គ្រប់គ្រង​ដោយ​សហគមន៍​មូលដ្ឋាន គឺ​មាន​សហគមន៍​តាម​ខេត្ត​ខ្លះ មាន​ព្រះវិហារ កំពង់ធំ ក្រចេះ ឧត្តរមានជ័យ និង​ខេត្ត​កំពង់ស្ពឺ ជាដើម មាន​សកម្មភាព​កាប់​ទន្ទ្រាន​យក​ដី​សហគមន៍​ធ្វើ​កម្មសិទ្ធិ និង​ធ្វើ​អាជីវកម្ម​ព្រៃឈើ​ពី​ឈ្មួញ​មាន​អំណាច​នៅ​ក្នុង​ដែន​សហគមន៍​ព្រៃឈើ​ទាំង​នោះ។
ផ្ដើម​ពី​បញ្ហា​នេះ លោក​ស្នើ​ដល់​រាជរដ្ឋាភិបាល ត្រូវ​ជួយ​បង្កើន​វិធានការ​ទប់ស្កាត់​ចំពោះ​រាល់​សកម្មភាព​ទន្ទ្រាន​រាន​ដី​ព្រៃ​សហគមន៍​ឲ្យ​បាន​ទាន់​ពេល ព្រោះ​គណៈកម្មការ​គ្រប់គ្រង​នៅ​តាម​សហគមន៍​ព្រៃឈើ ពុំ​មាន​អំណាច​គ្រប់គ្រាន់​ដើម្បី​គ្រប់គ្រង​សហគមន៍​ព្រៃ​នៅ​តាម​មូលដ្ឋាន​ពួកគេ​ទេ។
លោក សា ថ្លៃ តំណាង​សហគមន៍​មក​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ឲ្យ​ដឹង​ថា នៅ​ខេត្ត​នេះ​មាន​សហគមន៍​ព្រៃឈើ​ចំនួន ១៣ បាន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៤ ដោយ​មាន​ផ្ទៃដី​សរុប​ជិត ៦៥​ម៉ឺន​ហិកតារ (៦៤.៣១៨)។ ប៉ុន្តែ​លោក​ថា និរន្តភាព​ព្រៃឈើ និង​ដី​ព្រៃ​សហគមន៍​ទាំង​នោះ កំពុង​រង​ការ​បំផ្លាញ​តាម​រយៈ​ការ​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច សង្គមកិច្ច ការ​ទន្ទ្រាន​យក​ដី​ពី​ជនល្មើស​នានា ការ​បោះ​ទីតាំង​កងទ័ព និង​ការ​បង្កើត​ភូមិ​អនាធិបតេយ្យ​នៅ​លើ​ដី​ព្រៃ​សហគមន៍​ជាដើម។
កត្តា​ប្រឈម​ទាំង​នេះ លោក សា ថ្លៃ បាន​ស្នើ​ដល់​រដ្ឋាភិបាល ជួយ​មាន​វិធានការ​ទប់ស្កាត់​ឲ្យ​មាន​ប្រសិទ្ធភាព។ ដូច​គ្នា​ដែរ​សម្រាប់​លោក សន ស៊ីយ៉ាន តំណាង​សហគមន៍​ព្រៃឈើ​ស្រុក​ស្នួល ខេត្ត​ក្រចេះ និង​តំណាង​សហគមន៍​ព្រៃឈើ ស្រុក​គូលែន ខេត្ត​ព្រះវិហារ អ្នកស្រី មាស រ៉េន ព្រម​ទាំង​តំណាង​សហគមន៍​តាម​ខេត្ត​ច្រើន​ទៀត ក៏​បាន​លើក​ឡើង​ក្នុង​សន្និសីទ​កាសែត​ដោយ​ព្រួយ​បារម្ភ​ចំពោះ​សកម្មភាព​ទន្ទ្រាន​កាប់​រាន​យក​ដី​ព្រៃ​សហគមន៍​ពី​អ្នក​មាន​អំណាច ឬ​ជន​អនាធិបតេយ្យ​នេះ​ដែរ។
តំណាង​សហគមន៍​ព្រៃឈើ​ទាំង​នោះ បង្ហាញ​កង្វល់​ថា បើ​រដ្ឋាភិបាល​គ្មាន​ការ​ទប់​ស្កាត់​បទល្មើស​ព្រៃ​ឈើ​ឲ្យ​ទាន់​ពេល​ទេ ដី​ព្រៃ​សហគមន៍​នឹង​ត្រូវ​ហិនហោច​នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នេះ។
ទាក់ទិន​បញ្ហា​នេះ លោក ផៃ ស៊ីផាន មន្ត្រី​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ស្វាគមន៍​រាល់​ឯកសារ ឬ​ភស្តុតាង​ពិត​ប្រាកដ​នៃ​បទល្មើស​ផ្សេង មាន​ព្រៃឈើ ឬ​ទំនាស់​ដីធ្លី​ជាដើម ដាក់​ជូន​មក​រដ្ឋាភិបាល​ពិនិត្យ​និង​មាន​វិធានការ ប៉ុន្តែ​ស្នើ​ឲ្យ​មាន​ឯកសារ​ពិត​ប្រាកដ។
បញ្ហា​នេះ​ដែរ លោក ម៉ុក ម៉ារ៉េត ប្រធាន​គណៈកម្មការ​ផែនការ​វិនិយោគ​កសិកម្ម អភិវឌ្ឍន៍​ជនបទ បរិស្ថាន និង​ធនធាន​ទឹក​នៃ​រដ្ឋសភា​នីតិកាល​ទី​៥ កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ដឹង​ថា ការ​បាត់បង់​ផ្ទៃដី​ព្រៃឈើ គឺ​បណ្ដាល​មក​ពី​កំណើន​ប្រជាពលរដ្ឋ​មាន​ចំនួន​កើន​ឡើង​ពី ១​អាណត្តិ​ទៅ ១​អាណត្តិ។ ជាង​នេះ​រាជរដ្ឋាភិបាល​ក៏​បាន​កាត់​ផ្ទៃ​ព្រៃ ឬ​ដី​សហគមន៍​ខ្លះ​ដើម្បី​ផ្តល់​ជូន​ប្រជាពលរដ្ឋ​កាប់​រុករាន​យក​ដី​ធ្វើ​កសិកម្ម​បង្កបង្កើន​ផល។
​លោក​ថ្លែង​ថា រាជរដ្ឋាភិបាល​បាន​គិតគូរ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ចំពោះ​ការងារ​អភិរក្ស​ព្រៃឈើ​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ធ្វេសប្រហែស​ទេ៖ «តាំងពី​ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ ដែន​ជម្រក​សត្វ​ព្រៃ រនាម​ដូនសំ ហើយ​ទៅ​ដល់​កន្លែង​មួយ​ចំនួន​ទៀត ដែល​យើង​ត្រូវ​ដក​ពី​តំបន់​ការពារ​ធម្មជាតិ ប្រគល់​ជូន​ប្រជាពលរដ្ឋ ដើម្បី​គាត់​ធ្វើ​ភូមិឋាន និង​ធ្វើ​ស្រែចម្ការ បង្កបង្កើនផល​សេដ្ឋកិច្ច​រីក​ចំរើន។ ខ្ញុំ​ចង់​ជម្រាប​អ៊ីចឹង អា​ហ្នឹង​វា​ត្រូវ​បាត់​ដី​ព្រៃ​ហើយ។ ឥឡូវ​ដី​ជិត ២​លាន​ហិកតារ កាល​ពី​ដើម​សុទ្ធតែ​ជា​ដី​ព្រៃ តែ​បងប្អូន​ប្រជាពលរដ្ឋ​ទៅ​កាន់​កាប់។ ចុះ​កំណើន​ប្រជាពលរដ្ឋ​ដូច​ខ្ញុំ​បាន​ជម្រាប​អម្បាញ់មិញ​នោះ! អ៊ីចឹង​ហើយ​រាជរដ្ឋាភិបាល​លោក​ស្វែង​យល់ ឈ្លាសវៃ​ណាស់ បាន​រៀបចំ​នយោបាយ​ចាស់​សកម្មភាព​ថ្មី ក៏​បាន​វាស់​ដី​ផ្ដល់​ប្លង់ដី​ត្រឹមត្រូវ​ជូន​បង​ប្អូន​ទៅ។ អ៊ីចឹង​ត្រូវ​បាត់​ដី​ព្រៃ​ទៀតហើយ។ និយាយ​ទៅ​កំណើន​ប្រជាពលរដ្ឋ កំណើន​សេដ្ឋកិច្ច​ត្រូវ​ការ​ដី​ព្រៃ​ទាំងអស់​ហ្នឹង។ ខ្ញុំ​លើក​ខ្លី​ទេ ខ្ញុំ​មិន​ចង់​លើក​ច្រើន​ទេ គឺ​វា​ត្រូវ​តែ​បាត់បង់​ផ្ទៃដី​ព្រៃ​ហើយ។ យើង​អត់​មាន​វិធី​អី​ទេ ប្រជាពលរដ្ឋ​ពី​មុន​ជំនាន់​ព្រះករុណា សម្ដេច នរោត្តម សីហនុ ចំនួន​ប្រជាជន​កម្ពុជា ពី ៦ ទៅ ៧​លាន​នាក់ តែ​ឥឡូវ ១៤ ទៅ ១៥​លាន​នាក់។ អ៊ីចឹង​វា​ត្រូវ​សម្រុក​ទៅ​រក​ដី​សម្រាប់​បង្កបង្កើន​ផល​ហ្នឹង​ហើយ»
កន្លង​មក​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤ ធ្លាប់​មាន​ប្រសាសន៍​ថា បើ​រាល់​បទបញ្ជា​របស់​លោក​ដែល​បាន​ដាក់​ចេញ​ទាក់ទង​ការ​ទប់ស្កាត់​បទល្មើស​ផ្សេងៗ មាន​ព្រៃឈើ​ជាដើម ហើយ​បែរ​ជា​គ្មាន​អ្នក​អនុវត្ត​តាម ឬក៏​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព លោក​នឹង​ធ្វើ​ឃាត​ដោយ​កាត់​ក​ខ្លួន​ឯង៕​

No comments:

Post a Comment