Thursday, May 15, 2014

បទ​វិភាគ៖ តើ​ការ​ទាមទារ​ដំឡើង​ប្រាក់ខែ​គោល​របស់​កម្មករ​ជា​ការ​ញុះញង់​ឬ​​បញ្ហា​ក្រពះ?


មន្ត្រី​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន តែង​តែ​លើក​យក​រឿង​ការ​តវ៉ា​របស់​កម្មករ​ក្នុង​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នោះ ថា​ជា​រឿង​នយោបាយ​ដោយ​មាន​ការ​ញុះញង់​ពី​គណបក្ស​សង្គ្រោះ​ជាតិ និង​មេដឹកនាំ​សហជីព​មួយ​ចំនួន​ទៀត​ជា​ដើម។
តើ​ការ​ទាម​ទារ​ដំឡើង​ប្រាក់​ខែ​គោល​របស់​កម្មករ​កន្លង​មក និង​បាន​ធ្វើ​បាតុកម្ម​ជា​បន្ត​បន្ទាប់ ហើយ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល​បង្ក្រាប​នោះ ​ ធ្វើ​ឡើង​តាម​ការ​ញុះញង់ ឬ​ក៏​ដោយសារ​តែ​បញ្ហា​ក្រពះ​ស្រេកឃ្លាន?
បញ្ហា​បាតុកម្ម​នៅ​កម្ពុជា គឺ​ជា​រឿង​ដ៏​ពេញ​និយម​មួយ​ដែល​កំពុង​ល្បី​ល្បាយ​នៅ​លើ​ឆាក​អន្តរ​ជាតិ​ក្នុង​ឆ្នាំ​២០១៤ នេះ។ បាតុកម្ម​នេះ​កើត​ឡើង​គ្រប់​បែប​បទ​ច្រើន​មុខ​ច្រើន​យ៉ាង រហូត​មាន​មនុស្ស​ស្លាប់ របួស ពិការ​មួយ​ជីវិត ជាប់​គុក​ច្រវាក់​ជា​ច្រើន​នាក់​ទៀត​ផង។
នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​៥ នេះ សន្ទុះ​ធ្វើ​បាតុកម្ម​មាន​ចំនួន​ច្រើន​នៅ​រោងចក្រ​ខុសៗ​គ្នា។ សំឡេង​ស្រែក​តវ៉ា​តាមរយៈ​ដើរ​ក្បួន​បាតុកម្ម​បាន​លាន់​ឮ​ទ្រហឹង​ពេញ​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​មួយ​ចំនួន ទោះបី​ជា​រដ្ឋាភិបាល​ថ្មីៗ​នេះ​បាន​ដំឡើង​ប្រាក់ខែ​គោល​បាន​មួយ​កម្រិត គឺ​ពី ៨០ ទៅ ១០០​ដុល្លារ​ទៅ​ហើយ​ក្ដី។ ក្នុង​នោះ​មាន​ទាំង​មាន​ទាំង​បាតុកម្ម​ប្រឆាំង​នឹង​លទ្ធផល​ឆ្នោត​ដែល​ធ្វើ​ឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​ផង។
រដ្ឋាភិបាល​ឯក​បក្ស​នីតិកាល​ទី​៥ នេះ តាម​មើល​ទៅ​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា និង​ការ​ដឹក​នាំ។ ដៃ​ម្ខាង​រវល់​ដោះ​ស្រាយ​រឿង​ជម្លោះ​នយោបាយ​ជាប់​គាំង ដៃ​ម្ខាង​ទៀត​ដោះ​ស្រាយ​រឿង​បាតុកម្ម និង​ស្វែង​រក​ជំនួយ​ដើម្បី​បន្ត​និរន្តភាព​ក្នុង​ការ​ដឹក​នាំ​ប្រទេស​បន្ត​ទៀត។
បើ​មើល​ពី​សន្ទុះ​បាតុកម្ម​វិញ គឺ​មាន​ច្រើន​ក្រុម​ក្រៅ​ពី​ក្រុម​កម្មករ គឺ​នៅ​មាន​បាតុកម្ម​ទាម​ទារ​ឲ្យ​រដ្ឋាភិបាល​បញ្ចុះ​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​រួម​មាន​ប្រេង​សាំង ដែល​ចេះ​តែ​ឡើង​ថ្លៃ​គ្មាន​ដែន​កំណត់។ បាតុកម្ម​នេះ​ធ្វើ​ឡើង​ដោយ​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ក្រីក្រ ក្រុម​អ្នក​រត់​ម៉ូតូ​ឌុប និង​រ៉ឺម៉ក​កង់​បី ព្រម​ទាំង​បាតុកម្ម​របស់​កម្មករ​ស្ទើរ​ទូទាំង​ប្រទេស ទាមទារ​ដំឡើង​ប្រាក់​ខែ​គោល​ឲ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។
ការ​តវ៉ា​នេះ​បាន​ធ្វើ​ឲ្យ​រដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ហៅ​ថា រដ្ឋាភិបាល​មិន​គ្រប់​ទឹក​នោះ​​ឈឺ​ក្បាល​វិល​មុខ​មិន​តិច​ទេ។ ប៉ុន្តែ​រដ្ឋាភិបាល​ហាក់​ពុំ​មាន​សមត្ថភាព​ដោះ​ស្រាយ​បញ្ចប់​បញ្ហា​នេះ​បាន ក្រៅ​ពី​ដាក់​ផែន​ការ​បង្ក្រាប​ក្រុម​អ្នក​តវ៉ា អ្នក​គាំ​ទ្រ​រហូត​ធ្វើ​ឲ្យ​កម្មករ​ស្លាប់​ដោយ​គ្រាប់​កាំភ្លើង និង​ខ្លះ​ទៀត​ត្រូវ​ជាប់​គុក​រហូត​ដល់​សព្វ​ថ្ងៃ​នេះ ដូចជា​កម្មករ​រោងចក្រ យ៉ាកជីង ស្ថិត​នៅ​ក្បែរ​តំបន់​សេដ្ឋកិច្ច​ពិសេស និង​នៅ​ផ្លូវ​វ៉េងស្រេង រួម​ទាំង​លោក វន់ ពៅ និង​តំណាង​អ្នក​ភូមិ​បឹងកក់​ជាដើម។
មន្ត្រី​ជាន់ខ្ពស់​របស់​រដ្ឋាភិបាល​បាន​ចោទ​ថា ក្រុម​នេះ​ស្ថិត​នៅ​ក្រោម​ការ​ញុះញង់​របស់​បក្ស​សង្គ្រោះ​ជាតិ ដែល​ដឹកនាំ​ដោយ​លោក សម រង្ស៊ី និង​លោក កឹម សុខា និង​មេដឹកនាំ​សហជីពកម្មករ​មួយ​ចំនួន​ទៀត។ ទាំង​លោក សម រង្ស៊ី និង លោក កឹម សុខា ក៏​ត្រូវ​បាន​រដ្ឋាភិបាល​ប្ដឹង​ទៅ​តុលាការ​ពាក់​ព័ន្ធ​ពី​បញ្ហា​នេះ​ដែរ ហើយ​សំណុំ​រឿង​អ្នក​ទាំង​ពីរ​កំពុង​ស្ថិត​នៅ​ក្នុង​ដៃ​តុលាការ​នៅ​ឡើយ។
ដោយ​ឡែក​ភាគី​ពាក់​ព័ន្ធ​ម្ខាង​ទៀត​គឺ​ខាង​សមាគម​រោងចក្រ​កាត់ដេរ​វិញ បាន​គាំ​ទ្រ​គំនិត​របស់​រដ្ឋាភិបាល​ដែរ ព្រម​ទាំង​បាន​បញ្ជាក់​ថា ការ​ទាមទារ​ប្រាក់​ខែ​គោល ១៦០​ដុល្លារ​នេះ​ ខ្ពស់​ហួស​ពី​សមត្ថភាព​របស់​និយោជក។ ជាង​នេះ​ទៅ​ទៀត​សមាគម​នេះ​បាន​គំរាម​បិទ​រោងចក្រ​ទៀត​ផង​បើ​សិន​ជា​នៅ​មាន​ការ​តវ៉ា​សុំ​ដំឡើង​ប្រាក់​ខែ​ដូច្នេះ។
ចំណែក​បក្ស​សង្គ្រោះ​ជាតិ​វិញ បាន​រលាស់​ខ្លួន​ចេញ​ពី​ការ​ចោទ​ប្រកាន់​នេះ ហើយ​ថា​ការ​តវ៉ា​ដោយ​ធ្វើ​បាតុកម្ម​របស់​កម្មករ​គឺ​ជា​បញ្ហា​ក្រពះ​របស់​ពួកគេ​ផ្ទាល់ មិន​ពាក់​ព័ន្ធ​នឹង​គណបក្ស​ប្រឆាំង​ឡើយ។ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ក្នុង​គោល​នយោបាយ ៧​ចំណុច​របស់​បក្ស​នេះ គឺ​បាន​កំណត់​​រួច​ជា​ស្រេច​ទៅ​ហើយ​តាំង​ពី​អំឡុង​ពេល​យុទ្ធនា​ការឃោសនា​បោះ​ឆ្នោត​ថា ខ្លួន​មាន​លទ្ធភាព​ដំឡើង​ប្រាក់ខែ​គោល​​ដល់​កម្មករ ១៥០​ដុល្លារ នៅ​ពេល​ដែល​ខ្លួន​ជាប់​ឆ្នោត​ដឹក​នាំ​រដ្ឋាភិបាល។
ងាក​មក​ខាង​ប្រព័ន្ធ​ផ្សព្វផ្សាយ​វិញ លើក​លែង​តែ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល គឺ​តែង​តែ​បាន​រាយការណ៍​ជាច្រើន​ពី​ស្ថានភាព​លំបាក​របស់​កម្មករ​ទាំង​ការ​ស្នាក់​នៅ ការ​ហូប​ចុក​មិន​គ្រប់​គ្រាន់ បញ្ហា​សុខភាព ការ​ដួល​សន្លប់​របស់​កម្មករ​ពេល​កំពុង​ធ្វើ​ការងារ​ជាដើម​ ហើយ​បញ្ហា​នេះ​កើត​មាន​ជាច្រើន​ឆ្នាំ​មក​ហើយ។
ក្រុម​គ្រូពេទ្យ​បាន​បង្ហាញ​ថា ប្រាក់​ខែ​តិច​ធ្វើ​ឲ្យ​ពួក​គាត់​រិះ​ថាំ​ខ្លាំង​ពេក​ក្នុង​ការ​ហូប​ចុក សម្រាក​មិន​គ្រប់​គ្រាន់ ធ្វើ​ការ​ច្រើន កម្លាំង​ចុះ​ខ្សោយ រួម​នឹង​បរិយាកាស​ក្នុង​រោងចក្រ​ខ្លះ​មាន​ខ្យល់​អាកាស​ចេញ​ចូល​មិន​គ្រប់គ្រាន់ ខ្វះ​ប្រព័ន្ធ​ពិនិត្យ​ជាតិពុល​ក្នុង​រោងចក្រ​ជាដើម។
ប្រសិន​បើ​លោក​អ្នកនាង ឬ​មន្ត្រី​រដ្ឋាភិបាល​ចង់​ឃើញ​ទិដ្ឋភាព​ទាំង​នេះ​ផ្ទាល់​នោះ​​ប្រាកដ​ជា​មិន​ពិបាក​ដូច​ឡើង​ឋាន​សួគ៌ ឬ​ឡើង​ឋាន​ព្រះចន្ទ​នោះ​ទេ​ គឺ​គ្រាន់​តែ​ចំណាយ​ពេល​ខ្លះ​ទៅ​មើល​ការ​ទទួលទាន​អាហារ​ថ្ងៃ​ត្រង់​​នៅ​ខាងមុខ​រោងចក្រ​ និង​នៅ​តាម​ផ្ទះ​ជួល​របស់​ពួក​គេ​ក្បែរៗ​តំបន់​មាន​រោងចក្រ​នោះ​នឹង​បាន​យល់​កាន់តែ​ច្រើន​ថែម​ទៀត​អំពី​ស្ថានភាព​ជាក់ស្ដែង​របស់​កម្មករ។
កម្មករ​តែង​តែ​បែង​ចែក​ប្រាក់​ខែ​របស់​ខ្លួន​ដែល​ទទួល​បាន​ជា​មធ្យម​ពី ១០០​ដុល្លារ ទៅ​ជាង ១០០​ដុល្លារ បើ​សិន​បូក​ទាំង​ថ្លៃ​ធ្វើ​ការ​ថែម​ម៉ោង​ទៀត​ផងយ៉ាង​ល្អិត​ល្អន់​បំផុត គឺ​មិន​ខុស​ពី​សុភាសិត​ខ្មែរ​មួយ​តែង​ពោល​ថា​សក់​មួយ​សរសៃ​ត្រូវ​ពុះ​ច្រៀក​ជា​ដប់​នោះ​ទេ។
តែ​ទោះ​យ៉ាងណា​ពួក​គេ​នៅ​តែ​មិន​អាច​រត់​ឲ្យ​ទាន់​នឹង​ទំនិញ​ឡើង​ថ្លៃ​គ្មាន​ថ្ងៃ​ចុះ​វិញ​សោះ​នោះ​ឡើយ។ ក្រុម​កម្មករ​បាន​បង្ហាញ​ថា ពួក​គេ​ធ្វើ​ការ​សព្វថ្ងៃ​លះ​បង់​អស់​រលីង​ហើយ​ទាំង​កម្លាំង​កាយ​កម្លាំង​ចិត្ត។
ចំណែក​ប្រាក់​ខែ​បាន​មក​គេ​គ្រាន់​តែ​បាន​ឃើញ​បាន​កាន់​តែមួយ​ភ្លែត​ប៉ុណ្ណោះ​ ព្រោះ​គេ​ត្រូវ​ចំណាយ​ច្រើន​មុខ​ទៅ​វិញ ជាពិសេស​ថ្លៃ​ផ្ទះ គឺ​គ្រាន់​តែ​ឮ​បើក​ប្រាក់​ខែ​ភ្លាម​ឃើញ​មុខ​ម្ចាស់​ផ្ទះនៅ​មុខ​បន្ទប់​ជួល​នោះ​តែ​ម្ដង។ ចំណាយ​លើ​ទឹក ភ្លើង ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ឆ្លៀត​ដក​លុយ​ខ្លះ​ផ្ញើ​ទៅ​ម្ដាយ ​​ទិញ​សម្លៀក​បំពាក់​ខ្លះ ពេល​មាន​បុណ្យ​ទាន​ម្តងៗ បូក​សរុប​ទៅ​មួយ​ខែៗ​បាន​ត្រឹម​តែ​មួយ​រស់​មួយ​គែៗ​ដូច​សត្វ​មាន់ ពេល​ខ្លះ​រស់​លំបាក​ជាង​មាន់​ទៅ​ទៀត។
ដល់​ពេល​មាន​ជំងឺ​ធ្ងន់​ត្រូវ​ចាក់​ថ្នាំ ឬ​សម្រាក​ពេទ្យ​ម្តងៗ​ចាំ​បាច់​ត្រូវ​ខ្ចី​លុយ​គេ​បន្ថែម ហើយ​បំណុល​នេះ​ពិបាក​នឹង​រក​ពេល​សង​វិញ​ណាស់។ ការ​ហូប​ចុក​មិន​គ្រប់​របស់​កម្មករ​នេះ ក៏​ជា​កត្តា​រួម​ផ្សំ​មួយ ដែល​ធ្វើ​ឲ្យ​កម្មករ​សន្លប់​នៅ​កន្លែង​ធ្វើ​ការ​ជា​ញឹក​ញាប់​ដែរ។
បញ្ហា​នេះ​មុន​នឹង​ក្រុម​ប្រឹក្សា​ការងារ​ប្រជុំ​ដោះស្រាយ​វិបត្តិ​ប្រាក់​ខែ​កម្មករ រដ្ឋាភិបាល​បាន​សិក្សា​ជា​មុន​ពី​តម្រូវ​ការ​ប្រាក់​ខែ​សមរម្យ​ដល់​កម្មករ​ដែល​អាច​រស់​បាន។ ការ​សិក្សា​ដែល​មាន​សមាសភាព​ពី​ក្រសួង​ការងារ តំណាង​និយោជក និង​តំណាង​សហជីព​កម្មករ​រក​ឃើញ​ថា កម្មករ​ត្រូវ​ការ​ប្រាក់​ចន្លោះ ១៥៧ ទៅ ១៧៧​ដុល្លារ ដែល​អាច​ធ្វើ​ឲ្យ​កម្មករ​ចាយ​គ្រប់​ក្នុង​មួយ​ខែ។ អ្នក​សេដ្ឋកិច្ច​ខ្លះ​ក៏បាន​រក​ឃើញ​ថា រោងចក្រ​កាត់​ដេរ​ទាំងអស់​អាច​សល់​ទឹក​ប្រាក់​ប្រមាណ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ សម្រាប់​ចំណាយ​លើ​កម្រៃ​ផ្សេងៗ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ការ​ចំណាយ​ប្រតិបត្តិការ​ផល​ចំណេញ និង​ការ​ចំណាយ​លើ​ប្រាក់​ខែ​កម្មករ​ប្រមាណ ៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ។
វិល​មក​រឿង​កម្មករ​វិញ ​ក្រៅ​ពី​បញ្ហា​ប្រាក់​ខែ​ចាយ​សល់​ថ្ងៃ​ក្នុង​១​ខែ​នោះ នៅ​មាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​នៅ​ពេល​មាន​បាតុកម្ម​តាម​ផ្លូវ​សាធារណៈ មុខ​រោងចក្រ មន្ទីរ ក្រសួង​ពាក់​ព័ន្ធ​នានា និង​នៅ​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន ជិត​វិមាន​ឯករាជ្យ​ជាដើម។
ជួន​ពេល​ខ្លះ​ក្រុម​កម្មករ​មាន​ឱកាស​ស្រែក​ចេញ​អស់​ពី​បេះដូង និង​សរសេរ​អក្សរ​លើ​បដា​ធំៗ បង្ហាញ​នូវ​ទុក្ខ​លំបាក​របស់​ពួក​គេ​ដូច​ជា​ករណី​រំលោភ​ច្បាប់​ការងារ រំលោភ​សិទ្ធិ សេចក្ដី​ថ្លៃថ្នូរ ពី​ថៅកែ​រោងចក្រ ការ​រើស​អើង​សហជីព ការ​បញ្ឈប់​កម្មករ​ដោយ​ពុំ​មាន​ហេតុផល​ច្បាស់​លាស់ និង​គ្មាន​សំណង ការ​មើល​ងាយ​លើ​កម្មករ ការ​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​ជាដើម។ ការ​បញ្ឈប់​តំណាង​សហជីព​មួយ​ចំនួន​នៅ​តាម​រោងចក្រ​នោះ ជា​ការ​ព្រមាន​កុំ​ឲ្យ​កម្មករ​ហ៊ាន​ធ្វើ​បាតុកម្ម ក៏​ប៉ុន្តែ​ការ​គំរាម​បែប​នេះ ខាង​និយោជក​មិន​ទទួល​បាន​ជោគ​ជ័យ​ឡើយ ព្រោះ​កម្មករ​ខ្លួន​ឯង​បាន​ដឹង​ច្បាស់​ថា ការ​ធ្វើ​បាតុកម្ម​មិន​មែន​ដើម្បី​ផល​ប្រយោជន៍​អ្នកណា​ទេ ការ​ធ្វើ​បាតុកម្ម​ដើម្បី​ផល​ប្រយោជន៍​ពួក​គាត់ ហើយ​ក៏​មិន​មែន​ជា​ការ​ញុះញង់​ដែរ។
ការ​លើក​បដា ការ​ស្រែក​ប្រកូក​ប្រកាស​ជា​សាធារណៈ​ទាម​ទារ​រក​ដំណោះ​ស្រាយ​នោះ​ជូន​ទទួល​បាន​ដំណោះ​ស្រាយ​ខ្លះ​ ជូន​គ្មាន​បាន​អ្វី​ទាល់​តែ​សោះ ហើយ​ត្រូវ​ក្រុម​សមត្ថកិច្ច​ចម្រុះ​ដេញ​ចាប់ ដេញ​វាយ​តប់​រត់​ប្រផាប់​ប្រភីង​តែ​រៀងៗ​ខ្លួន។​ទំនង​ជា​បញ្ហា​លំបាក និង​គ្មាន​ដំណោះស្រាយ​បែប​នេះ​ហើយ​មើល​ទៅ​ បាន​ជា​ធ្វើ​ឲ្យ​ពួកគេ​ទ្រាំ​លែង​បាន​តទៅ​ទៀត​ ហើយ​សុខ​ចិត្ត​នាំគ្នា​ចេញ​តវ៉ា​ប្រថុយ​ស្លាប់​រស់​នឹង​គ្រាប់​កាំ​ភ្លើង និង​ការ​វាយ​ដំ​បែក​ក្បាល បាក់ជើង ចាប់​ដាក់​គុក​មិន​ស្វាង​នោះ។
ការ​កត់​សម្គាល់​ផ្សេង​ទៀត​ឃើញ​ថា បាតុកម្ម​របស់​កម្មករ​ទាម​ប្រាក់​ខែ​ឲ្យ​ស្រប​នឹង​ទំនិញ​ទីផ្សារ​នោះ​បាន​កើត​មាន​តាំង​ពី​ឆ្នាំ​២០០៣ មក​ជា​បន្ត​បន្ទាប់​ហើយ​បញ្ហា​នេះ​វា​ក្លាយ​ជា​រឿង​ទុំ​ជោរ​មួយ ឬ​ជា​ដំបៅ​មហារីក​មួយ​នៅ​ក្នុង​សង្គម ប៉ុន្តែ​វា​ទើប​នឹង​បាន​ផ្ទុះឡើង​ខ្លាំង​ក្លា​ស្រប​ពេល​គ្នា នឹង​ការ​បោះ​ឆ្នោតជាតិ​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ និង​ការ​ផ្ទុះឡើង​នៃ​មហា​បាតុកម្ម​របស់​បក្ស​សង្គ្រោះ​ជាតិ​ដែល​ទាម​ទារ​ស្វែង​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ឆ្នោត​នៅ​ឆ្នាំ​២០១៤ នេះ។
​ក្រុម​កម្មករ​ដែល​ធ្វើ​បាតុកម្ម​តែង​តែ​ស្រែក​ចំ​ទាល​ដាក់​មេក្រូ​ថា ប្រាក់​ខែ ១០០​ដុល្លារ​នេះ​ បើ​សិន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន ​ ឬ​ក្រុម​គ្រួសារ​លោក​វិញ​តើ​ចាយ​គ្រប់​អត់? រស់​បាន​អត់? ការ​ស្រែក​បែប​នេះ ប្រហែល​ជា​កម្មករ​ស្ថិត​នៅ​ក្នុង​ភាព​ទាល់​ច្រក​មួយ ដោយ​សារ​តែ​រដ្ឋាភិបាល​មិន​អើពើ​ចំពោះ​ការ​ទាម​ទារ​ឲ្យ​បាន ១៦០​ដុល្លារ​នោះ ហើយ​នេះ​ក៏​ជា​សំណួរ​ដែល​គ្មាន​ចម្លើយ​រហូត​ដល់ពេល​នេះ ហើយ​ការ​ដាក់​សំណួរ​បែប​នេះ ធ្វើ​ឲ្យ​អ្នក​ឈរ​មើល​ក្បួន​បាតុកម្ម​តាម​ដង​ផ្លូវ​ផ្ទុះ​សំណើច​ដោយ​មិន​ដឹង​ខ្លួន​ក៏​មាន។
ក្រុម​កម្មករ​តែង​តែ​លើក​ឡើង​ជា​រឿយៗ​ថា បើ​សិន​ជា​ការ​ងារ​របស់​ពួក​គេ​ទទួល​បាន​ប្រាក់​កម្រៃ​អាច​រស់​នៅ​ហូប​ចុក​បាន​សមរម្យ ថ្លៃថ្នូរ មាន​ការ​គោរព​សិទ្ធិ​ពួក​គេ​បាន​ត្រឹម​ត្រូវ​នោះ ពិត​ជា​ពុំ​មាន​នរណា​ម្នាក់​មក​ហាន​ចេញ​មក​ឈរ​កាន់​បដា​ហាល​ថ្ងៃ​ដូច​ត្រីងៀត ដូច​លៀស​ហាល ហើយ​ថែម​យក​ជីវិត​មក​ប្រថុយ​លលេង​ជាមួយ​នឹង​គ្រាប់​កាំភ្លើង ខែល និង​ដំបង​ឆក់​របស់​សមត្ថ​កិច្ច​នោះ​ឡើយ។
ចំណែក​ក្រុម​មេ​ដឹកនាំ​សហជីព​កម្មករ​ដែល​គាំទ្រ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ខែ ១៦០​ដុល្លារ វិញ​បាន​ពោល​បែប​ឌឺ​ទៅ​រដ្ឋាភិបាល​ថា បើ​ចិត្ត​សឿង​ដំឡើង​ប្រាក់​ខែ​ឲ្យ​ដូច​ការ​ទាម​ទារ​នោះ​សាកល​មើល តើ​មាន​បាតុកម្ម​ទៀត​អត់? មាន​អ្នក​ណា​មាន​លទ្ធភាព​ក្នុង​ការ​ញុះញង់​នោះ​ទេ? ពេល​នោះ​អ្នក​គ្រប់​គ្នា​ដឹង​កាន់​តែ​ច្បាស់​ថា តើ​បញ្ហា​បាតុកម្ម​នេះ កើត​ឡើង​ដោយ​សារ​ការ​ញុះញង់ ឬ​ក៏​ជា​រឿង​បញ្ហា​ក្រពះ​របស់​អ្នក​ក្រ?

សមាជ​រើស​ក្រុមប្រឹក្សាភិបាល​កំពូល​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា

ពលរដ្ឋ​មក​ពី ៦​ភូមិ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ និង​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​ពិធី​សមាជ​ជ្រើស​រើស​ក្រុមប្រឹក្សាភិបាល​កំពូល នៃ​មូលនិធិ​សហគ្រិន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា។
មូលនិធិ​នេះ បង្កើត​ឡើង​ដើម្បី​ឲ្យ​ប្រជា​សហគមន៍​សន្សំ​ប្រាក់ និង​អាច​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដែល​អាច​ជួយ​លើក​កម្ពស់​ជីវភាព និង​ផ្តល់​ឱកាស​ឲ្យ​សហគមន៍​បង្កើត​អាជីវកម្ម​ខ្នាត​តូច ដោយ​មិន​ចាំបាច់​ទៅ​ខ្ចី​បុល​ពី​ធនាគារ។
មូលនិធិ​សហគ្រិន​កម្ពុជា បាន​ប្រមូល​ប្រាក់​សន្សំ​ពី​ប្រជា​សហគមន៍​ក្នុង​ភូមិ​ចំនួន​៦ បាន ៧៦​លាន​រៀល ដើម្បី​ត្រៀម​ឲ្យ​សមាជិក​ក្រុម​សន្សំ​ប្រាក់​ខ្ចី​ប្រាក់​ទាំង​នោះ ទៅ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។
ទីប្រឹក្សា​បច្ចេកទេស​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា លោក ធី រស្មី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ក្រុម​សន្សំ​ប្រាក់​នៃ​មូលនិធិ​នេះ ចាប់​ផ្ដើម​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​លុយ​សន្សំ​ក្នុង​មួយ​ខែ​យ៉ាង​តិច ៣​ម៉ឺន​រៀល។ លោក​បន្ត​ថា តាំង​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ពេល​នេះ មូលនិធិ​សន្សំ​ប្រាក់​របស់​សហគមន៍​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ និង​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​សន្សំ​ប្រាក់​ចំនួន ៧៦​លាន​រៀល ហើយ​សមាជិក​ក្រុម​នោះ​អាច​ដាក់​ពាក្យ​ខ្ចី​ប្រាក់​បាន​ចន្លោះ​ពី ៣០​ម៉ឺន​រៀល ទៅ ១០​លាន​រៀល ក្នុង​អត្រា​ការ​ប្រាក់​ទាប។
លោក ធី រស្មី៖ «គោល​បំណង​ដើម្បី​ពង្រឹង​ទុន​សម្រាប់​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច​បំផុត​នៅ​តាម​ភូមិ​ផ្សេងៗ ក្នុង​ស្រុក​សំរោងទង និង​ស្រុក​អង្គស្នួល ដើម្បី​ឲ្យ​គាត់​មាន​ទុន​ស្ដារ​ជីវភាព ក៏​ដូច​ជា​ពង្រីក​អាជីវកម្ម​ខ្នាត​តូច​របស់​គាត់ ដូច​ជា លក់​កាហ្វេ លក់​គុយទាវ នំ​បញ្ចុក បបរ ធ្វើ​ជាង​ជួសជុល​ទូរទស្សន៍ កាត់​សក់​ផ្សេងៗ។ ពួក​គាត់​ត្រូវ​ការ​ទុន​ដើម្បី​ពង្រឹង និង​រក​ចំណូល​បន្ថែម​សម្រាប់​ជីវភាព​ពួក​គាត់។ ពួក​គាត់​ក៏​មាន​សាមគ្គី​ភាព​រឹងមាំ​ក្នុង​ការ​ជួយ​ធុរៈ​គ្នា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​សាមគ្គី​គ្នា​ក្នុង​មូលនិធិ​នេះ​ដែរ»
លោក​បន្ត​ថា សមាជិក​ក្រុម​សន្សំ​ប្រាក់​អាច​ខ្ចី​ប្រាក់​ស្រួល​ក្នុង​មូលនិធិ ដោយ​មិន​ចាំបាច់​ដាក់​ប្លង់​ដី ឬ​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ ដូច​ខ្ចី​ប្រាក់​នៅ​ធនាគារ​ទេ។ មួយ​ទៀត ពួក​គេ​អាច​ទទួល​បាន​ការ​ប្រាក់​ខ្លះ​មក​វិញ​ពី​ប្រាក់​កម្ចី​ទាំង​នោះ​ថែម​ទៀត។
សមាជិក​ក្រុម​សន្សំ​ប្រាក់​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា លោកស្រី ជិន សុភា រស់​នៅ​ភូមិ​ដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និយាយ​ថា លោកស្រី​មាន​ប្រាក់​ជាង ១​លាន​រៀល​ក្នុង​មូលនិធិ​ប្រាក់​សន្សំ។ លោកស្រី​នៅ​មិន​ទាន់​គិតគូរ​ពី​រឿង​ខ្ចី​ប្រាក់​មូលនិធិ​យក​ទៅ​ពង្រីក​មុខ​របរ​ចិញ្ចឹម​មាន់ ដែល​លោកស្រី​កំពុង​ចិញ្ចឹម​សព្វថ្ងៃ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ប្រាក់​សន្សំ​នោះ​បាន​ច្រើន​ជាង​នេះ​បន្តិច៖ «ជួយ​ឲ្យ​បង​ប្អូន​សហគមន៍​ខ្ញុំ​បាន​ខ្ចី​ដើម​ទុន​រក​ស៊ី ហើយ​មាន​ការ​រីក​ចម្រើន ពេល​បាន​ការ​ប្រាក់​មក គឺ​បាន​ជួយ​ដល់​សហគមន៍ គឺ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ខ្ចី​ប្រាក់​អង្គការ (ធនាគារ)»
អង្គការ​បណ្ដុះ​បណ្ដាល​ធនធាន​សហគមន៍ (OBCR) បាន​ផ្ដួចផ្ដើម​ឲ្យ​ប្រជា​សហគមន៍​ចងក្រង​គ្នា បង្កើត​មូលនិធិ​សហគ្រិន​កម្ពុជា។ សព្វថ្ងៃ​នេះ ក្រុម​មូលនិធិ​នេះ​មាន ៥​ក្រុម ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ដោយ​ក្រុម​នីមួយៗ​មាន​ទិសដៅ​ផ្សេងៗ​គ្នា​តាម​កិច្ច​ព្រមព្រៀង​រវាង​សមាជិក​នីមួយៗ។ ក្រុម​ខ្លះ​មាន​ទិសដៅ​វែង​ឆ្ងាយ ដោយ​រៀង​រាល់ ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ឲ្យ​មាន​ការ​បង្កើន​ទុន​ក្នុង​មូលនិធិ ហើយ​មាន​ក្រុម​ខ្លះ​បង្កើត​ក្នុង​រយៈពេល​ខ្លី ដោយ​សន្សំ​ប្រាក់ ១ ទៅ ២​ឆ្នាំ រួច​នឹង​ចែក​ទុន​គ្នា​សម្រាប់​រក​ស៊ី​រៀងៗ​ខ្លួន៕

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​​និង​ហុង​កុង​​​មាន​ទឹក​​ប្រាក់​កើន​ឡើង​ដល់​1​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​2013

មីយ៉ាន់​ម៉ា​ ៖ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា​ កន្លង​ទៅ​ លោក​ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល​ បាន​រៀប​ចំ​កិច្ច​​ប្រជុំ​ទ្វេ​ភាគី​​ជាមួយ​លោក Gregory So រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​ និង​អភិវឌ្ឍ​​ន៍​​សេដ្ឋ​កិច្ច​ ​ហុង​កុង​​​ ក្នុង​អំឡុង​ពេល​​​​នៃ​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​​របស់​សមា​គម​អាស៊ាន​​លើក​​ទី​១១ ។ ភាគី​ទាំង​ពីរ​ បាន​ពិភាក្សា​​ផ្លាស់​ប្តូរ​យោបល់​​អំពី​វិធី​ពង្រឹង​​ចំណង​ទាក់​ទង​សេដ្ឋ​កិច្ច​ និង​ពង្រីក​​ពាណិជ្ជ​កម្ម​បន្ថែម​រវាង​កម្ពុជា និង​ហុង​កុង ។
ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​ប្រទេស​​កម្ពុជា​​​ និង​ហុង​កុង​ មាន​ទឹក​ប្រាក់​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​​សហ​រដ្ឋ​​អាមេរិក​ ក្នុង​ឆ្នាំ​២០១៣​ កើន​ឡើង​ចំនួន​១៩% ធៀប​នឹង​ឆ្នាំ​២០១២​ ។ លោក​ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល​ បាន​ស្នើ​​ឱ្យ​លោក Gregory So ជួយ​ជ្រោម​ជ្រែង​​​ក្នុង​ការ​នាំ​ចូល​​ស្រូវ​អង្ករ​​​បន្ថែម​​ពី​ប្រទេស​​កម្ពុជា​ និង​លើក​ទឹក​ចិត្ត​ពាណិជ្ជ​ករ​ហុង​កុង​ ឱ្យ​មក​វិនិយោគ​វិស័យ​ស្រូវ​​អង្ករ​នៅ​កម្ពុជា ដើម្បី​ជួយ​បង្កើន​​ថ្លៃ​ស្រូវ​អង្ករ​ សម្រាប់​កសិករ​​និង​ផ្តល់​មូល​និធិ​​ទិញ​ស្រូវ​អង្ករ​​ ក្នុង​​អំឡុង​ពេល​​រដូវ​ប្រមូល​ផល ។
លោក​ទេស​រដ្ឋ​មន្ត្រី​​ក៏​បាន​ស្នើ​​ឱ្យ​លោក​ Gregory So ជួយ​​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សភា​ពាណិជ្ជ​កម្ម​​នៃ​ប្រទេស​​ទាំង​ពីរ​​ និង​បាន​អញ្ជើញ​​លោក Gregory So ឱ្យ​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​ធុរ​កិច្ច​​​មក​កាន់​កម្ពុជា​ ដើម្បី​ស្វែង​យល់​អំពី​កាលា​នុ​វត្តិ​ភាព​វិនិយោគ​​​ និង​ពាណិជ្ជ​កម្ម​​​នៅ​កម្ពុជា​ផង​ដែរ ។លោក Gregory So បាន​ស្នើ​​សុំ​ការ​គាំទ្រ​​ពី​កម្ពុជា​​សម្រាប់​ភាព​ជោគ​ជ័យ​នៃ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​-​ហុង​កុង ។
គណៈ​កម្មា​ធិការ​​​ចរចា​ពាណិជ្ជ​កម្ម​​​ អាស៊ាន​-​ហុង​កុង នឹង​ជួប​ប្រជុំ​​លើក​ដំបូង​នៅ​ថ្ងៃ​ទី​​១០​-១១​ កក្កដា​ ២០១៤ ។ លោក​ក៏បាន​​អញ្ជើញ​​លោក​ទេស​រដ្ឋ​មន្ត្រី​ ជា​ផ្លូវ​ការ​​ឱ្យ​ដឹក​នាំ​​​គណៈ​ប្រតិ​ភូ​​​ទៅ​បំពេញ​​ទស្សន​កិច្ច​នៅ​ហុង​កុង​ ក្រោម​កម្ម​វិធី​​ Sponsored Visitors’ Program នៅ​មុន​​ដំណាច់​ខែ​មីនា ឆ្នាំ​២០១៥​ ហើយ​កម្ម​វិធី​​​នេះ​រៀប​ចំ​ឡើង​​ដើម្បី​អនុ​ញ្ញាត​ឱ្យ​​លោក​ទេស​រដ្ឋ​មន្ត្រី​ បាន​ជួប​ជាមួយ​មន្ត្រី​​រដ្ឋា​​ភិបាល​​ជាន់​ខ្ពស់​​​ និង​ពាណិជ្ជ​ករ​របស់​ហុង​កុង ៕

វៀតណាម​ប្រឆាំងនឹង​ចិន​ឈ្លានពាន​ដែនសមុទ្រ​មិនមែន​ប្រឆាំង​ជាមួយ​អ្នកវិនិយោគ​ចិន​ទេ​

ភ្នំពេញ: អ្នកវិនិយោគ និង​អ្នកទេសចរ​ចិន ដែល​នៅ​ប្រទេស​វៀតណាម បានគេច​ខ្លួន​សម្រុកចូល​មក​ក្នុងប្រទេស​កម្ពុជា តាម​ច្រកព្រំដែន​កម្ពុជា​-​វៀតណាម​(បាវិត)ដោយសារតែ​ពួកគេ​ព្រួយបារម្ភ​ពី​សន្តិសុខ​សុវត្ថិភាព​ផ្ទាល់ខ្លួន​ខណៈពេល​ប្រជាពលរដ្ឋ​វៀតណាម​បានធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន​​ករណីចិនជីករកប្រេង​នៅ​សមុទ្រ​ចិន​ខាងត្បូង ដែលវៀតណាមអះអាងថា ស្ថិតក្នុងអធិបតេយ្យរបស់វៀតណាម​។​
នៅក្នុង​​បាតុកម្ម​នាថ្ងៃនេះនៅខេត្តប៊ីញ យឿងប្រឆាំង​ជាមួយនឹង​រដ្ឋាភិបាល​ចិន កម្មករវៀតណាម​បាន​វាយ​បំផ្លិចបំផ្លាញ​រោងចក្រ និង​រោងចក្រ​ខ្លះ​ត្រូវបាន​ដុតបំផ្លាញ​។​
​លោក​ទ្រឹង វ៉ាន់​ថុង អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​ប្រចាំ​កម្ពុជា បាន​ប្រាប់​អ្ន​ក​កាសែតនៅថ្ងៃទី១៤ខែឧសភា​ថា អ្នកវិនិយោគ​ចិន និង​អ្នកទេសចរ​ចិន ដែល​គេចពីវៀតណាម​មកគឺ​គេ​មានការ​ភ័យខ្លាច​ដោយ​ខ្លួនឯង​ទេ​។​ប្រជាជន​វៀតណាម​គេ​ធ្វើបាតុកម្ម​មិនមែន​ប្រឆាំង​ជាមួយនឹង​ប្រជាជន​ចិន​ទេ ហើយ​គេ​ក៏​មិន​ប្រឆាំង​ជាមួយនឹង​ក្រុមហ៊ុន​វិនិយោគទុន​របស់​ចិន​នៅក្នុង​ប្រទេស​វៀតណាម​ដែរ​។​
​លោក​បាន​បន្តថា នៅ​វៀតណាម​មាន​ចលនា​ប្រឆាំងនឹង​ចិន​ឈ្លានពាន​ដែនសមុទ្រ​វៀតណាម​ គឺ​នៅ​គ្រប់​ទីក្រុង និង​ខេត្ត ហើយ​គេ​កំពុងតែ​តស៊ូ​។​ប៉ុន្តែ​ការប្រឆាំង​ជាមួយនឹង​អ្នកវិនិយោគទុន​ចិន​នោះ​លោក​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ទេ​។​ប្រជាជន​វៀតណាម​ស្នេហា​ជាតិ គ្រប់​មជ្ឈដ្ឋាន​ដាច់ខាត​ត្រូវការពារ​បូរណភាព​ដែនដី​របស់គេ​ហើយ និង​ប្រឆាំង​គ្រប់ការ​ឈ្លានពាន​ពី​ខាងក្រៅ​។​
​អ្នកនាំពាក្យ​ស្ថានទូត​វៀតណាម​បានបញ្ជាក់ “​ចំពោះ​អ្នកវិនិយោគទុន​របស់​ចិន​ដក​ចេញពី​វៀតណាម​នោះ គឺ​អត់​មាន​បញ្ហា​អ្វី​ទេ ពីព្រោះ​អ្នកវិនិយោគទុន​នៅ​វៀតណាម​មាន​ប្រទេស​ជាច្រើន មិនមែន​មានតែ​ចិន​ទេ​។ អត់​មាន​បញ្ហា​អ្វី​ទេ ហើយ​យើង​ប្រឆាំង​នេះ មិនមែន​ប្រឆាំង​ជាមួយ​អ្នកវិនិយោគ​ចិន​ទេ​។ មិនមែន​ប្រឆាំង​ជនជាតិ​ចិន​ទេ ហើយ​អ្នកវិនិយោគទុន​ចិន និង​ប្រជាជន​ចិន គឺ​ភាគច្រើន​ល្អ​ទេ យើងគ្រាន់តែ​ប្រឆាំង​ទៅនឹង​អំពើ​ឈ្លានពាន​មកលើ​វៀតណាម​។ អាជ្ញាធរ​ចិន និង​ក្រុមហ៊ុន​ប្រេង​របស់​ចិន រំលោភ​មកលើ​ដែនទឹក​របស់​វៀតណាម គឺ​ប្រជាជន​ប្រឆាំង​ដាច់ខាត​ហើយ​”៕

យុវជន​មួយ​ចំនួន​ប្រកាស​កាត់កាលលោក​ ហ៊ុន​ សែន​ តាម​ហ្វេសប៊ុក


កម្លាំង​យុវជន​ដែល​រួម​នៅ​ក្នុង​នយោបាយ និង​កិច្ចការ​អភិវឌ្ឍ​ កំពុង​កើន​ឡើយ​យ៉ាង​ខ្លាំង ​ដែល​​ពួក​គេ​ហ៊ាន​រិះគន់​រាជរដ្ឋាភិបាល​ដោយ​ផ្ទាល់​និង​ដោយ​ប្រយោល។ នេះ​ជា​លើក​ទី​មួយ​ហើយ​ ដែល​យុវជន​កម្ពុជា ហ៊ាន​សរសេរ​លិខិត​បែប​កំប្លុក​កំប្លែង​ប្រកាស​កាត់កាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បន្ទាប់​ពី​លោក​កាន់​ដំណែង​ជា​នាយក​រដ្ឋមន្ត្រី​រយៈ​​ពេល​ជាង​៣០​ឆ្នាំ​​​ហើយ​នោះ។
កាលណា​បើ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ ឃើញ​នៅ​ក្នុង​សារព័ត៌មាន​​ដែល​ប្រកាស​អំពី​ការ​កាត់កាល់ គេ​ប្រាកដ​ជា​សម្លឹង​​មើល​ថា​នោះ​ជា​នរណា? គេ​ជា​មនុស្ស​ប្រុស ឬ​ស្រី? ហើយ​មាន​មុខ​ម៉ាត់​ដូច​ម្ដេច​ខ្លះ ។ ព័ត៌មាន​អំពី​ការ​កាត់​កាល​កូន ឬ​សមាជិក​ណា​ម្នាក់​ចេញ​ពី​ក្រុម​គ្រួសារ​ដោយ​សារ​តែ​គេ​បាន​ប្រព្រឹត្តិ​កំហុស​ធ្ងន់ធ្ងរ និង​មិន​អាច​កែ​ឲ្យ​ប្រសើរ​ឡើង​វិញ​​ឡើយ។ ប៉ុន្តែ​ការ​ប្រកាស​ដែល​មិន​ធ្លាប់​លឺ ឬ​ពុំ​ធ្លាប់​មាន​ពី​មុន​មក​នោះ​ដែល​សរសេរ និង​បោះផ្សាយ​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​នោះ គឺ​ការ​ប្រកាស​កាត់​កាល់​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន។
លិខិត​កាត់កាល់​ដែល​សរសេរ​ដោយ​​​ក្រុម​អ្នក​លេង​​ហ្វេសប៊ុក​មួយ​ចំនួន បាន​បដិសេធ​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ នឹង​មិន​ទទួល​ស្គាល់​ឡើយ​នៅ​ពេល​ដែល​លោក ហ៊ុន សែន យក​ឈ្មោះ​ប្រជាពលរដ្ឋ​កម្ពុជា​ យក​ទៅ​ខ្ចី​បុល​បរទេស​ដើម្បី​យក​មក​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា តែ​បែរ​ជា​ដាក់​ឈ្មោះ​ខ្លួន​ឯង​ទៅ​វិញ។ លិខិត​ដែល​សរសេរ​បែប​កំប្លុកកំប្លែង​ដដែល បញ្ជាក់​ទៀត​ថា​ការ​ខ្ចី​បំណុល​បរទេស​+ដែល​យក​មក​បម្រើ​ឲ្យ​ហេតុផល​ផ្ទាល់​ខ្លួន​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន គឺ​មិន​ពាក់ព័ន្ធ​នឹង​រូប​ខ្ញុំ​ឡើយ។ ហើយ​ខ្ញុំ​ជា​ប្រជាពលរដ្ឋ​ម្នាក់​មិន​ទទួល​ស្គាល់ និង​ទទួល​ខុស​ត្រូវ​សង​ ចំពោះ​បំណុល​ទាំង​នោះ​ឡើយ។
អ្នក​លេង​ហ្វេសប៊ុក មួយ​ចំនួន ដែល​បាន​ឃើញ​លិខិត​នោះ អ្នក​ខ្លះ​សើច​ដោយ​គិត​ថា​តើ​អ្នក​ណា​អាច​ទៅ​កាត់កាល់​នាយករដ្ឋមន្ត្រី​ ដូច​កាត់កាល់​សមាជិក​គ្រួសារ​បាន​នោះ។ ប៉ុន្តែ​អ្នក​ខ្លះ​បែរ​ជា​គាំទ្រ​ទៅ​វិញ។
អ្នក​លេង​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ម្នាក់ កញ្ញា លី ឡាយហ៊ុយ បាន​ឃើញ​លិខិត​កាត់កាល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​គេ​បង្ហោះ​តៗគ្នា​នៅ​ក្នុង​បណ្ដាញ​សង្គម។ លិខិត​នោះ​បាន​សរសេរ​ជា​លក្ខណៈ​ឌឺដង ដោយ​ហាក់​ភ្ជាប់​ទៅ​នឹង​ស្ថានភាព​កម្ពុជា​ជាក់​ស្ដែង​ ដែល​បាន​ខ្ចី​លុយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ពី​សហគមន៍​អន្តរជាតិ ក្រោម​ការ​ដឹក​នាំ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន៖ «គឺ​គាត់​លែង​យក​នាយករដ្ឋមន្រ្តី ធ្វើ​ជា​នាយករដ្ឋមន្រ្តី​របស់​គាត់​ទៀត​ហើយ​ គឺ​គាត់​លែង​ទទួល​ស្គាល់​តែ​ម្ដង​។ អ៊ីចឹង​ហើយ ​នាយករដ្ឋមន្ត្រី​យើង​រាល់​ថ្ងៃ​ធ្វើ​អី​ទៀត ពួក​គាត់​លែង​ទទួល​ស្គាល់​ហើយ។ គាត់​ថា​នាយករដ្ឋមន្រ្តី​ទៅ​ខ្ជី​លុយ​ពី ស្រុក​ណា ពី​ប្រទេស​ណា គាត់​អត់អាច​ទទួល​ខុស​ត្រូវ​ថា​ថ្ងៃ​ក្រោយ​ កម្ពុជា​អ្នក​សង ដូច្នេះ​គាត់​អត់​ចូល​រួម​ទទួល​សង ព្រោះ​គាត់​បាន​កាត់កាល​ចោល​ហើយ»
យុវជន​កម្ពុជា​ជា​ច្រើន​ដែល​សកម្ម​នៅ​ក្នុង​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) បាន​បង្ហាញ​ពី​ភាព​ក្លាហាន​របស់​ខ្លួន សរសេរ​ពាក្យ​រិះគន់​ស្រដៀងៗ​គ្នា លើ​រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​ដោយ​ពួក​គេ​មិន​ខ្លាច​អំពី​ការ​ចាប់​ចង ឬ​គ្រាន់​តែ​និយាយ​អ្វី​ដែល​ចង់​ឲ្យ​មាន​កែប្រែ​នោះ​ទេ។
ក្រុម​យុវជន​ទាំង​នោះ​បាន​ទទួល​ស្គាល់​ថា​ភាព​ភ័យ​ខ្លាច បាន​ជំរុញ​ឲ្យ​ប្រទេស​កម្ពុជា រួម​ទាំង​ខ្លួន​ឯង​ផ្ទាល់​​ធ្លាក់​ចូល​នៅ​ភាព​គ្រោះ​ថ្នាក់។
ដោយ​ឡែក​ក្រុម​យុវជន​ដែល​ធ្វើ​ការងារ​នៅ​ក្នុង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ដែល​ដឹក​នាំ​ដោយ​កូន​ប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន លោក ហ៊ុន ម៉ានី វិញ​អះអាង​ថា​ការ​រិះ​គន់​នោះ​គឺ​ទស្សនៈ​របស់​គេ​ ដែល​ក្រុម​នោះ​ចង់​បង្អាក់​ដល់​ការងារ​អភិវឌ្ឍ​ទៅ​វិញ។ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា បាន​ប្រមែប្រមូល​យុវជន​ដោយ​រាប់​តាំង​ពី​អ្នក​ចម្រៀង​ សិល្បករ គ្រូពេទ្យ និង​យុវជន​ជា​ច្រើន​ទៀត​ឲ្យ​ចូល​រួម​ក្នុង​ការងារ​មនុស្ស​ធម៌​នៅ​ក្នុង​សង្គម។
ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក​ ហ៊ុន ម៉ានី បាន​បដិសេធ​ចំពោះ​ការ​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ដោយ​លោក​តម្រូវ​ឲ្យ​សរសេរ​ពាក្យ​ស្នើ​សុំ​បទ​សម្ភាស​ដោយ​ផ្ទាល់​៖ «ខ្ញុំ​មិន​ផ្ដល់​បទ​សម្ភាស​​តាម​ទូរស័ព្ទ​ដូច​អ៊ីចឹង​ទេ​បងបើ​សិន​ជា​មាន​ការ​អី ចាំ​ដាក់​លិខិត​ផ្លូវការ​​ ហើយ​យើង​ជួប​ទល់​មុខ​គ្នា​វិញ»
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​តារា​ចម្រៀង​ដែល​បាន​ស្ម័គ្រ​ចិត្ត​ចូល​នៅ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា លោក ករុណា ពេជ្រ បាន​ឲ្យ​ដឹង​ថា​ការ​​​រិះ​គន់​នរណា​ម្នាក់​ដោយ​ប្រើ​សំដី​អាក្រក់​ ឲ្យ​មក​ធ្វើ​តាម​យើង​គិត​នោះ​គឺ​ជា​រឿង​លំបាក​បំផុត។ ក្នុង​នាម​លោក​ជា​យុវជន​មួយ​រូប​គឺ​ត្រូវ​បង្ហាញ​ឲ្យ​គេ​ដឹង​ថា​បច្ចុប្បន្ន​តើ​យើង​បាន​ចូល​រួម​យ៉ាង​ដូច​ម្ដេច​ខ្លះ​ដល់​ការងារ​ជួយ​សង្គម នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​កម្ពុជា​មាន​ទុក្ខ​លំបាក៖ «ខ្ញុំ​គ្រាន់​តែ​ចង់​ជម្រាប​ថា​នេះ គឺ​ជា​សិទ្ធិ​បុគ្គល​ឆន្ទៈ​របស់​យុវជន​រៀងៗ​ខ្លួន យើង​មិន​បង្ខំ​នរណា​ម្នាក់​ឲ្យ​មក​តាម​យើង​បាន​ទេ។ ហើយ​យើង​ក៏​មិន​អាច​នឹង​មាន​ឱកាស​ភ្លាមៗ ​យក​ពាក្យ​សំដី​ប្រមាថ ជេរ​មើលងាយ ​ទៅ​លើ​អ្នក​ណា​ម្នាក់​ហើយ​ឲ្យ​អ្នក​ហ្នឹង​មក​តាម​យើង ខ្ញុំ​ថា​វា​មិន​មែន​បញ្ហា​ងាយស្រួល​ទេ»
ប្រធាន​ដេប៉ាតឺម៉ង់​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សារ​គមនាគមន៍​នៃ​សកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ លោក សោម រតនា មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​យុវជន​បាន​ចូល​រួម​ក្នុង​ការងារ​នយោបាយ និង​សង្គម​កាន់​តែ​ច្រើន​ជាង​មុខ​ដោយ​សារ​បច្ចេកវិទ្យា​ទំនើប និង​ភាព​រីក​ចម្រើន​នៃ​បណ្ដាញ​សង្គម។ លោក​បញ្ជាក់​ទៀត​ថា​ការ​រិះ​គន់ ដោយ​លើក​យក​ការ​កាត់កាល់​នាយករដ្ឋមន្ត្រី​ដោយ​បង្ហោះ​តៗ​គ្នា​នៅ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ គឺ​ត្រូវ​មាន​ការ​ទទួល​ខុស​ត្រូវ​របស់​បុគ្គល​នោះ៖ ខ្ញុំ​​គិត​ថា​លើស​ពី​ការ​បញ្ចេញ​មតិ​ក្នុង​ករណី​ហ្នឹង ជា​ទូទៅ​ជា​គំនិត​របស់​គាត់​​មែន ក៏​ប៉ុន្តែ​ជា​ការទទួល​ខុសត្រូវ​មួយ​ផង​ដែរ»។
ប៉ុន្តែ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ធ្លាប់​អះអាង​ថា​ការ​ប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដោយ​ខុស​គោលដៅ​ដូច​ជា​ការ​ក្លែង​បន្លំ​ប្រភព​ឯកសារ ឬ​ការ​ជេរ​ប្រមាថ​អាច​ប៉ះពាល់​សង្គម​កម្ពុជា។ លោក ហ៊ុន សែន បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​មិន​មាន​ផែនការ​បិទ​ហ្វេសប៊ុក​ឡើយ តែ​លោក​អំពាវ​កុំ​ឲ្យ​យុវជន​យក​ហ្វេសប៊ុក​ក្លាយ​ជា​ឧបករណ៍​ធ្វើ​ឲ្យ​បំផ្លាញ​ស្ថិរភាព​សង្គម៖ «រាជរដ្ឋាភិបាល​លើក​ទឹក​ចិត្ត​ដល់​ក្រុម​យុវជន​​ ដែល​ចេះ​ប្រើ​បណ្ដាញ​ហ្វេសប៊ុក ហើយ​ល្បឿន​ឲ្យ​លឿន​ទៀត​ដើម្បី​ឲ្យ​ពួកគេ​​ចែក​រំលែក និង​ទទួល​ព័ត៌មាន​ថ្មីៗ យើង​ក៏​អាច​ទាញ​យ​ក​ព័ត៌មាន​ពី​ហ្វេសប៊ុក​ដើម្បី​ប្រើជា​ផល​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​របស់​យើង​បាន​ដែរ។ ហើយ​អ្នក​ផ្ដល់​ព័ត៌មាន​ក៏​គួរ​ផ្ដល់​ឲ្យ​បាន​ត្រឹមត្រូវ​សុក្រិត​ដែរ ប៉ុន្តែ​ត្រឹមត្រូវ ឬ​មិន​ត្រឹមត្រូវ យើង​ខ្លួនឯង​ក៏​ចេះ​ចំរាញ់​យក​ថា ត្រូវ ឬ​ខុស​កុំ​ជឿ​វា​ទាំង​អស់ តែ​ជឿ​វា​ទាំង​អស់​ងាប់​ហើយ»
ប្រធាន​អង្គការ​កម្មវិធី​ធនធាន​យុវជន លោក ជាង សុខា មាន​ប្រសាសន៍​ថា​បើ​ធៀប​និង​ការ​បោះឆ្នោត​អាណត្ត​មុនៗ យុវជន​ជា​ច្រើន​រារែក​ក្នុង​ការ​ជជែក​រឿង​នយោបាយ ឬ​មិន​ហ៊ាន​រិះ​គន់​ដល់​រាជ​រដ្ឋាភិបាល​ឡើយ។ ប៉ុន្តែ​បច្ចុប្បន្ន​ជា​ពិសេស​ការ​បោះឆ្នោត​អាណត្តិ​ទី ៥នេះ យុវជន​បាន​ចូល​រួម​ដល់​សកម្មភាព​នយោបាយ​កាន់​តែ​ច្រើន ឬ​ផ្ញើ​សារ​នយោបាយ​កាន់​តែ​ច្រើន នៅ​តាម​បណ្ដាញ​សង្គម។ ទោះ​បី​ជា​គុណភាព​នៃ​ការ​ផ្ញើ​នោះ​នៅ​មាន​កម្រិត​ទាប ប៉ុន្តែ​សកម្មភាព​នេះ​បង្ហាញ​ថា​ភាព​ក្លាហាន​របស់​យុវជន​មាន​កម្រិត​ខ្ពស់​ជាង​មុន៕

វិបត្តិ​អាង​ទន្លេ​មេគង្គ​លាតត្រដាង​នៅរដ្ឋធានី​វ៉ាស៊ីនតោន​តាមរយៈ​ខ្សែ​ភាពយន្ត

វិបត្តិ​អាង​ទន្លេ​មេគង្គ​ដែល​ត្រូវ​បង្កើត​ឡើង​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាស​ ធាតុ​និង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី ​មាន​ការ​បើក​បង្ហាញ​ឲ្យ​ឃើញ​ក្នុង​ ទិវា​មេគង្គ។ ​ពិធីនេះ​ធ្វើឡើង​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ដោយ​មាន​ការ​បញ្ចាំង​ខ្សែ​ ភាពយន្ត​និង​កិច្ច​ពិភាក្សា​ផងដែរ។ ​លោក​សុខ ខេមរា​នៃ​វីអូអេ​ដែល​បាន​ចុះយក​ ព័ត៌មាន​ផ្ទាល់​ក្នុង​ពេល​បើក​ទិវា​មេគង្គ​នោះ​រាយ​ការណ៍​ជូន​ពិស្តារ​អំពីរឿង​នេះ៕

បទ​វិភាគ៖ តើ​មាន​អ្វី​នៅ​ពី​ក្រោយ​នៃ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ?

ថ្មីៗ​នេះ ផែនទី​របស់​ក្រុមហ៊ុន Google ដែល​មាន​ឈ្មោះ​ថា Google Map បាន​ប្ដូរ​ឈ្មោះ​ទីលាន​ប្រជាធិបតេយ្យ​ទៅ​ជា​ទីលាន​សម្រាប់​វាយ (Fighting Park)។ ការ​ផ្លាស់​ប្ដូរ​ឈ្មោះ​នេះ គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​កម្លាំង​សន្តិសុខ​ខណ្ឌ​ដូនពេញ បាន​វាយ​លើ​ពលរដ្ឋ​នៅ​ពេល​ដែល​ពួក​គេ​ព្យាយាម​ទៅ​កៀក​ទីលាន​ប្រជាធិបតេយ្យ ហើយ​សូម្បី​តែ​អ្នក​កាសែត​ជាតិ​អន្តរជាតិ ទៅ​យក​ព័ត៌មាន​នៅ​ក្បែរ​នោះ ក៏​ត្រូវ​ក្រុម​សន្តិសុខ​វាយ​ឲ្យ​របង​របួស​ដែរ។
លើស​ពី​នេះ កម្លាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច បាន​ដាក់​ពង្រាយ​បន្លា​លួស​ហ៊ុមព័ទ្ធ​ទីលាន​ប្រជាធិបតេយ្យ រារាំង​មិន​ឲ្យ​ពលរដ្ឋ​ចេញ​ចូល ហើយ​បាន​ចេញ​បម្រាម​មិន​ឲ្យ​យក​ទីតាំង​នោះ​ធ្វើ​ការ​ជួប​ជុំ​តវ៉ា ឬ​កូដកម្ម​បាតុកម្ម​ផ្សេងៗ ដោយ​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។
តើ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ មក​ពី​រដ្ឋាភិបាល​ខ្លាច​កើត​មាន​អំពើ​ហិង្សា​ទៀត ឬ​ក៏​ខ្លាច​អំណាច​ពលរដ្ឋ?
មិន​មែន​ជា​រឿង​ចៃដន្យ​ទេ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បង្កើត​ទីលាន​ប្រជាធិបតេយ្យ​ឡើង។ ទីលាន​មួយ​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ជា​ការ​ឆ្លើយ​តប​នឹង​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ហើយ​ជាពិសេស ការ​បង្កើត​អោយ​មាន​ទីតាំង​មួយ​សម្រាប់​អោយ​មនុស្ស​ធ្វើ​បាតុកម្ម​នោះ ប្រហែល​ជា​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ងាយ​ស្រួល​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​ការ​ជួប​ជុំ​បញ្ចេញ​មតិ​ដោយ​សេរី​នោះ។
ឆ្លង​តាម​ការ​ធ្វើ​បាតុកម្ម​ផ្ទួនៗ​គ្នា​កន្លង​ទៅ អាជ្ញាធរ​ពិត​ជា​គ្រប់គ្រង និង​ត្រួត​ពិនិត្យ​បាន​មែន។ នៅ​ទីលាន​ប្រជាធិបតេយ្យ ពុំ​ដែល​មាន​អំពើ​ហិង្សា​បង្ហូរ​ឈាម​កើត​ឡើង​ទេ។ អំពើ​ហិង្សា​បង្ហូរ​ឈាម​ដែល​ក្រុម​ប្រដាប់​អាវុធ​បាញ់​តម្រង់​ទៅ​ក្រុម​បាតុករ​នោះ កើត​ឡើង​នៅ​ជាយ​ក្រុង​ម្ខាង​ទៀត​ឯណោះ មិន​មែន​នៅ​ទីលាន​ប្រជាធិបតេយ្យ​ឯ​កណ្ដាល​ក្រុង​ឯណេះ​ទេ។ តើ​ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​នេះ​មក​ពី​ពិបាក​បាញ់​មនុស្ស​នៅ​កណ្ដាល​ក្រុង​ពេក ឬ​ក៏​ជា​ការ​បិទ​សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា?
សាលា​រាជធានី​ភ្នំពេញ ពន្យល់​ថា នេះ​ជា​ការ​បិទ​ដើម្បី​ស៊ើប​អង្កេត​ករណី​បង្ក​ហិង្សា​មួយ កាល​ពី​ដើម​ខែ​មករា ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នៅ​ផ្លូវ​វ៉េងស្រេង ហើយ​ថា សេរីភាព​បញ្ចេញ​មតិ​នៅ​កម្ពុជា វា​សម្បូរ​ហូរហៀរ​ណាស់​ទៅ​ហើយ។ បើ​ពិនិត្យ​លើ​ទិដ្ឋភាព​ច្បាប់​វិញ អ្នក​ច្បាប់​ដែល​មិន​បម្រើ​ផល​ប្រយោជន៍​រដ្ឋាភិបាល មូល​មតិ​គ្នា​ថា ការ​បិទ​របស់​សាលា​រាជធានី​ភ្នំពេញ​នេះ គឺ​ជា​អំពើ​បំពាន​រដ្ឋធម្មនុញ្ញ​ផង និង​រំលោភ​ច្បាប់​ទូទៅ​ផង។
ទី​១ រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល បាន​ចែង​ច្បាស់​អំពី​សិទ្ធិ​សេរីភាព​របស់​ពលរដ្ឋ​ក្នុង​ការ​ជួប​ជុំ​ការ​ប្រមូល​ផ្តុំ ការ​ធ្វើ​បាតុកម្ម ការ​តវ៉ា​ដោយ​សន្តិវិធី។ នៅ​ក្នុង​កតិកាសញ្ញា​ស្ដីពី​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ ដែល​កម្ពុជា ជា​ម្ចាស់​ហត្ថលេខី​នោះ ក៏​បាន​ចែង​ច្បាស់​ពី​សិទ្ធិ​ទាំង​នោះ​ថា ជា​សិទ្ធិ​មូលដ្ឋាន​គ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ ហើយ​សិទ្ធិ​មូលដ្ឋាន​ទាំង​នោះ​ត្រូវ​តែ​ផ្តល់​ជូន​ពលរដ្ឋ។ រីឯ​ច្បាប់​ស្ដីពី​បាតុកម្ម​ដោយ​សន្តិវិធី ក៏​បាន​ចែង​ទៀត​ថា ការ​ធ្វើ​បាតុកម្ម ការ​ជួប​ជុំ គឺ​សម្រេច​ឲ្យ​មាន​ទីលាន​មួយ​សម្រាប់​ធ្វើ​ជា​សាធារណៈ។ ច្បាប់ និង​រដ្ឋធម្មនុញ្ញ ត្រូវ​ស្ថិត​ជា​ច្បាប់​កំពូល ហើយ​សេចក្តី​ជូន​ដំណឹង ឬ ស.ជ.ណ ឬ​បម្រាម​ចេញ​ពី​ស្ថាប័ន​ណា​មួយ មិន​អាច​លុប​ច្បាប់​ទាំង​នោះ​បាន​ឡើយ។
ប៉ុន្តែ ការ​បិទ​ទីលាន​ប្រជាធិបតេយ្យ​តាម​រយៈ​លិខិត​បម្រាម​សាលា​រាជធានី​ភ្នំពេញ​នោះ ទំនង​ជា​កំពុង​ហក់​រំលោភ​ច្បាប់។
ទិដ្ឋភាព​ផ្លូវ​ច្បាប់​ទី​២ ដែល​ត្រូវ​កត់​សម្គាល់​មួយ​ទៀត គឺ​ការ​ដាក់​ទីតាំង​ណា​មួយ​ឲ្យ​ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត គឺ​មាន​តែ​ស្ថាប័ន​តុលាការ​ទេ​ដែល​មាន​ឆន្ទានុសិទ្ធិ ឬ​សិទ្ធិ​សម្រេច​ចេញ​ដីកា​រក្សា​ការពារ ដោយ​ផ្អាក ឬ​ហាម​ចេញ​ចូល​តំបន់​ដែល​បង្ក​ឲ្យ​មាន​បទល្មើស។ ប៉ុន្តែ ទីលាន​ប្រជាធិបតេយ្យ​មិន​មែន​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស​ទេ។ កន្លែង​ប្រព្រឹត្ត​បទល្មើស​ដែល​នរណា​ក៏​ដឹង​ដែរ​ថា អាជ្ញាធរ​បាញ់​សម្លាប់​មនុស្ស និង​ធ្វើ​ឲ្យ​មាន​មនុស្ស​ច្រើន​នាក់​របួស​នោះ គឺ​នៅ​ផ្លូវ​វ៉េងស្រេង ដែល​មាន​ចម្ងាយ​ច្រើន​គីឡូម៉ែត្រ​ពី​ទីលាន​ប្រជាធិបតេយ្យ។ ដូច្នេះ ផ្លូវ​វ៉េងស្រេង ឯណោះ​ទេ​ដែល​ត្រូវ​តែ​បិទ ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត។

ម្យ៉ាង​ទៀត រហូត​មក​ដល់​ពេល​នេះ ស្ថាប័ន​តុលាការ​មិន​បាន​ចេញ​ដីកា​រក្សា​ការពារ បិទ​ទីលាន និង​ដាក់​ទីតាំង​នេះ ស្ថិត​ក្រោម​ការ​ស៊ើប​អង្កេត​ឡើយ។ ជាក់ស្តែង គឺ​នៅ​ជុំវិញ​បរិវេណ​ទីលាន​នោះ មិន​ឃើញ​មាន​ដីកា​តុលាការ​បិទ​នៅ​ជាប់​ដើម​ឈើ ឬ​បង្គោល​ភ្លើង ទុក​សម្គាល់​ឲ្យ​មហាជន​ដឹង​ថា ជា​តំបន់​ហាម​ឃាត់។ បែរ​ជា​ខាង​សាលា​រាជធានី​ភ្នំពេញ​ឯណោះ​ទេ ឈឺ​ឆ្អាល​ឲ្យ​អាជ្ញាធរ​ហ៊ុមព័ទ្ធ​ដោយ​លួស​បន្លា រនាំង​ដែក​ពីរ​ជាន់​យ៉ាង​រឹងមាំ និង​មាន​កង​កម្លាំង​សន្តិសុខ សមត្ថកិច្ច​ចម្រុះ​នៅ​យាម​ការពារ​របាំង​នោះ​ទាំង​យប់​ថ្ងៃ។ នេះ​បាន​ចំ​ជា​ឆ្នាំង​មិន​ក្តៅ វា​ទៅ​ក្តៅ​គម្រប​ឯណោះ។

ប្រទេស​ចិន​បង្កើន​ការ​ទាម​ទារ​ដែន​សមុទ្រ

ចិន​មាន​ជម្លោះ​ដែន​សមុទ្រ​ជា​យូរ​មក​ហើយ​ជា​មួយ​នឹង​ប្រទេស​ជិត​ខាង​របស់​ខ្លួន​ក្នុង​ទ្វីប​អាស៊ី ប៉ុន្តែ​ភាពតាន​តឹង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះលើ​ការ​ប្រកាស​ទាមទារ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង និង​ខាង​កើត ត្រូវ​បាន​ឃើញ​ថា កើន​ឡើង។ លោក William Ide នៃ​វីអូអេ​ពិនិត្យ​មើល​មធ្យោបាយ​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ប្រើ ចាប់​ពី​ការ​បង្កើត​ក្រុង​ថ្មី​នៅ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រហូត​ដល់​សេចក្តី​រាយការណ៍​អាកាសធាតុ ដើម្បី​ទទួល​បាន​ជំហរ​រឹង​មាំ​ថែម​ទៀត។ អ្នកស្រី នុច សារីតា ប្រែសម្រួល​ជូន។

អតីត​នាយករដ្ឋ​មន្រ្តី​ថៃ​យីងឡាក់​ប្រឈម​ការ​ហាម​ឃាត់​ធ្វើ​នយោបាយ​៥​ឆ្នាំ

 — អតីត​នាយក​រដ្ឋ​មន្រ្តី​ថៃ លោកស្រី Yingluck Shinawatra ​បាន​ត្រូវ​គណៈ​កម្ម​ការ​ប្រឆាំង​អំពើ​ពុករលួយ​រក​ឃើញ​កំហុស​ពី​ការ​ធ្វេស​ប្រហែស​ ​ដែល​អាច​នាំ​ឲ្យ​មាន​ការ​ហាម​ឃាត់ធ្វើ​នយោបាយរយៈ​ពេល​៥​ឆ្នាំ។ លោកស្រី​ Yingluck ​ត្រូវ​បាន​បណ្តេញចេញ​ពីអំណាច​កាល​ពី​ថ្ងៃ​ពុធបន្ទាប់​ពីតុលាការមួយ​ទៀត​ ​បាន​រក​ឃើញ​ថា ​លោកស្រី​និង​រដ្ឋ​មន្រ្តី​សំខាន់​ៗ​របស់​លោក​ស្រី ​មាន​កំហុស​ពី​ការ​ប្រើ​អំណាច​ខុស​ច្បាប់​។


គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ថៃ ​បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន ​បាន​រក​ឃើញមូលដ្ឋាន​សម្រាប់​ការ​ប្តឹង​ចោទ​ប្រកាន់​លោក​ស្រី ​Yingluck ក្នុងតុលាការ ​ដោយ​ធ្វើ​ឲ្យ​លោកស្រី​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វេស​ប្រហែស​ក្នុងកម្មវិធី​ស្រូវ​អង្ករ​ដែល​ទិញ​ស្រូវ​អង្ករ​ពី​កសិករ​ក្នុង​តម្លៃ​កំណត់​មួយ​។

​រឿង​ក្តី​របស់​លោកស្រី​ ឥឡូវ​នេះ ត្រូវ​ទៅ​ដល់​ព្រឹទ្ធ​សភា។ ​ប្រសិន​បើ​ដក​ពី​តំណែង​ លោកស្រី Yingluck ​នឹង​ត្រូវ​គេ​រារាំង​មិន​ឲ្យ​ធ្វើ​នយោបាយរយៈ​ពេល​៥​ឆ្នាំ។ ក៏ប៉ុន្តែ ​ពួក​អ្នក​សង្កេត​ការណ៍​នយោបាយ ​និយាយ​ថា ​លោកស្រី ​អាច​មាន​ការ​គាំទ្រ​គ្រប់​គ្រាន់នៅ​ក្នុង​ព្រឹទ្ធ​សភា​ដើម្បីរារាំង​ព្រឹទ្ធ​សភា​នេះ​មិន​ឲ្យ​ប្រមូល​ផ្តុំ​សំឡេង​បាន​៣​ភាគ​៥​ដែល​ជា​តម្រូវ​ការ​សម្រាប់​ការ​ដក​ពី​តំណែង។

​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ ​បាន​រក​ឃើញកំហុសរបស់​លោកស្រី​ Yingluckពី​ការ​បំពេញ​ភារៈកិច្ច​ដោយធ្វេសប្រហែស ​នៅ​ពេល​ដែល​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​នយោបាយ​ស្រូវ​អង្ករជាតិ​ ​ដោយ​ខកខាន​មិន​បាន​ដោះ​ស្រាយ​អំពើពុក​រលួយ​នៅ​ក្នុង​គម្រោង​ស្រូវ​អង្ករដែល​ផ្តល់​ប្រាក់​ដោយ​រដ្ឋាភិបាល។ ​គណៈកម្មការ​នោះ​ ​នៅ​កំពុង​ស៊ើប​អង្កេត​នៅ​ឡើយ ​ថា​តើ​លោកស្រី ​អាច​ប្រ​ឈមមុខ​ការ​ចោទ​ប្រកាន់ខាង​ព្រហ្មទណ្ឌ​នៅ​ក្នុង​បញ្ហា​នេះដែរ​ឬទេ។

ការ​កាត់​សេចក្តី​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ​ដូច​គ្នា​នឹង​ភាសា​ដែល​ត្រូវ​បាន​ប្រើ​ប្រាស់ដោយ​តុលាការ​ធម្មនុញ្ញ​កាល​ពី​ថ្ងៃ​ពុធ​នៅ​ពេល​ដែល​ខ្លួន ​បាន​បញ្ជាឲ្យ​ដក​លោក​ស្រី​ចេញ​ពី​តំណែងចំពោះ​ការ​ផ្ទេរអំណាច​មិន​ត្រឹម​ត្រូវ​របស់​ប្រធាន​សន្តិសុខជាតិ។​

ចំពោះ​ពួក​អ្នកគាំទ្រ​លោកស្រី ​ការកាត់​សេចក្តីរបស់​តុលាការ​និង​គណៈកម្មការ​ប្រឆាំង​អំពើ​ពុករលួយ​ ​ជាភស្តុតាង​អ្វី​ដែល​ពួកគេ ​ចាត់​ទុក​ថា ​«ជា​រដ្ឋ​ប្រហារ​ខាង​តុលាការ» ប្រឆាំង​លោកស្រី​ Yingluck ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ខាង​នយោបាយរបស់​ក្រុម​គ្រួសារ​លោកស្រី ​ដែល​បាន​ឈ្នះ​គ្រប់​ការ​បោះឆ្នោត​ជាតិ​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក។

​មនុស្ស​ជាច្រើន​ក្នុង​ប្រទេស​ថៃ ​មាន​ការ​ព្រួយ​បារម្ភ​ថា ​ការប្រឈម​មុខ​គ្នា​ឬ​ជម្លោះអស់រយៈ​ពេល​ជា​ច្រើន​ខែរវាង​ភាគីគាំទ្រ​និង​ភាគី​ប្រឆាំង​រដ្ឋាភិបាល​ ​អាច​ធ្លាក់​ចូល​ក្នុង​អំពើ​ហិង្សា​កាន់​តែ​ខ្លាំង​ឡើង ​ប្រសិនបើ ភាគីទាំង​២ ​មិនអាច​ឈោង​ដល់​ការ​ព្រម​ព្រៀង​មតិ​នោះ​ទេ។

វរសេនីយ៍​ទោប៉ូលីស​ Krisana Pattanacharoen ​អ្នកនាំ​ពាក្យ​មជ្ឈមណ្ឌល​រដ្ឋបាល​សន្តិភាព​និង​សណ្តាប់​ធ្នាប់​ (CAPO) ​បាន​កត់​សម្គាល់​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ឃើញ​ថា មានអំពើ​ហិង្សា​ថ្មី​ៗ​នៅ​ក្នុងទីក្រុង​បាងកក ​ចាប់​តាំង​ពី​ការ​បណ្តេញ​លោកស្រី​នាយក​រដ្ឋ​មន្រ្តី​កាល​ពី​ថ្ងៃ​ពុធ​មក។

«មជ្ឈ​មណ្ឌល​រដ្ឋបាល​សន្តិភាព​និង​សណ្តាប់​ធ្នាប់​ (CAPO) ចង់​ធ្វើ​ការ​បញ្ជាក់​ឡើង​វិញ​ថា ការ​កាត់​សេចក្តី​របស់​តុលាការ ​នឹង​នាំ​ឲ្យ​មាន​អំពើ​ហិង្សា​ដូច​ដែល ​បាន​ឃើញ​ឧបទ្ទវហេតុ​ជាបន្ត​បន្ទាប់ រួមមាន ​ការ​បាញ់​កាំភ្លើង M-79 ដាក់​មន្ទីរពេទ្យ Chulabhorn ធនាគារ​ពាណិជ្ជកម្ម​ខ្លះ ​ហើយ​នឹង​គេហដ្ឋានរបស់​ចៅក្រម​តុលាការ​ធម្មនុញ្ញ»។

CAPO ​ក៏​កំពុង​ព្រមានពួក​មេដឹក​នាំ​ចលនា​លម្អៀងទាំង​ខាង​រដ្ឋាភិបាល​និង​ប្រឆាំង​រដ្ឋាភិបាល​ឲ្យ​ប្រឆាំង​នឹង​អំពើ​ហិង្សានានា​ក្នុង​អំឡុង​ពេល​នៃការ​តវ៉ា​ប្រឆាំង​តទល់​គ្នាក្នុង​រាជ​ធានីក្នុង​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ទៀត​នេះ។

​ក្នុង​ប៉ុន្មាន​ខែ​ថ្មី​ៗ​នេះ ​បាតុករ​លម្អៀង​ខាង​រដ្ឋាភិបាល​ ​ដែល​គេ​ស្គាល​ថា ​ពួកអាវ​ក្រហម​ ​ភាគ​ច្រើន​បាន​នៅ​ឆ្ងាយ​ពី​រាជ​ធានីដើម្បី​បញ្ចៀស​ការ​ប្រឈម​មុខដោយ​ផ្ទាល់​ជាមួយ​ក្រុម​ប្រឆាំង​រដ្ឋាភិបាលដែល​ប្រមូល​ផ្តុំ​គ្នាក្នុង​ទីក្រុង​បាងកក។ ពួកអ្នកវិភាគ​ ព្រួយ​បារម្ភ​ថា ​ចំណាត់​ការ​ប្រឆាំង​លោកស្រី Yingluck ​ហើយ​នឹង​សមាជិក​របស់​គណបក្ស​លោកស្រី​ ​អាច​នាំ​ឲ្យ​ពួក​អ្នកគាំទ្រធ្វើការ​តវ៉ាប្រឆាំង​កាន់​តែ​ខ្លាំង​ឡើងនៅជិត​រាជ​ធានី​ ​ដែល​នាំ​ឲ្យ​មាន​ការ​ប៉ះទង្គិច​ជាមួយ​ពួក​ប្រឆាំង។

​មាន​សេចក្តី​រាយការណ៍​ថា ​មាន​ការ​បាញ់​កាំភ្លើង​២​គ្រាប់ តម្រង់​ពួក​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​នៅពេល​ដែល​ពួកគេ ​បាន​ចាប់​ផ្តើម​ដើរ​ពីឧទ្យាន​កណ្តាលក្រុង​បាងកក​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ គ្មាន​មនុស្ស ​រង​របួស​ទេ។

​គណៈកម្មការរៀប​ចំការ​បោះឆ្នោត ​បាន​ស្នើធ្វើ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី​២០ ​ខែ​កក្កដា ​បន្ទាប់​ពីការ​បោះឆ្នោត​ខែ​កុម្ភៈ​ ​បាន​ត្រូវ​បដិសេធ​ដោយ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​។ ​ក៏ប៉ុន្តែ ​ការ​បន្ត​ភាព​ច្របូក​ច្របល់​ខាង​នយោបាយ​ ​បាន​ធ្វើ​ឲ្យ​មាន​ចម្ងល់​ថាតើការ​បោះឆ្នោត​ ​អាច​ធ្វើ​ឡើង​បាន​ដែរ​ឬទេ។

រុស្ស៊ី​កោះ​ហៅ​មន្ត្រី​កម្ពុជា​ប្រជុំ​រឿង​បំណុល

 — ប្រទេស​រុស្ស៊ី​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​លោក​អូន ព័ន្ធ​មុន្នី​រត្ន័ ​និង​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឲ្យ​ពិភាក្សា​ដោះ​ស្រាយបំណុល​ដែលក្រុង​ភ្នំពេញ​ជំពាក់​ប្រទេស​រុស្ស៊ី​ជាច្រើន​ទសវត្សរ៍​មកហើយ។


ការ​កោះ​ហៅ​ឲ្យ​ប្រទេស​កម្ពុជា​ដោះ​ស្រាយ​បំណុល​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេសរុស្ស៊ីលោក​ ឌីម៊ីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ជាមួយ​លោក​ហោ ណាំហុង ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ កុយ គួង ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថាប្រទេស​រុស្ស៊ី​បាន​អញ្ជើញ​លោក​អូន ព័ន្ធ​មុន្នី​រត្ន័ និង​លោក​ហោ ណាំហុង​ ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ​ដើម្បី​ដោះ​ស្រាយ​គ្នា​អំពី​បញ្ហា​បំណុល​នេះ។​ ដំណើរ​ទស្សនកិច្ច​ដែល​មិន​ទាន់​ត្រូវ​កំណត់​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ។

«ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ អញ្ជើញ​ឲ្យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​រុស្ស៊ីដែរ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។​ គឺ​ធ្វើ​យ៉ាងណា​ដោះ​ស្រាយ​ក្នុង​ស្មារតី​មិត្តភាព​និង​ជា​ប្រយោជន៍​នៃ​ប្រទេស​យើង​ទាំងពីរ»។

ប្រទេស​កម្ពុជា​ជំពាក់​បំណុល​អតីត​សហភាព​សូវៀត​ប្រមាណ​ជា​១.៥០០​លាន​ដុល្លារ អាមេរិក​ចាប់ពី​ទសវត្សរ៍​១៩៨០​រហូត​ដល់​ទសវត្សរ៍​១៩៩០។​ បំណុល​ទាំង​នោះ​គឺ​ជា​ជំនួយ​ផ្នែក​សម្ភារៈ​នានា​ដូច​ជា​សម្ភារៈ​កសិកម្ម​ គ្រឿង​យន្ត ​និង​គ្រឿង​សព្វាវុធ ​ជា ដើម។

​រដ្ឋសភា​កម្ពុជា​និង​លោក​ប្រមុខ​ការទូត​ខ្មែរ​ហោ ណាំហុង ​ធ្លាប់​បាន​ចរចា​ឲ្យ​ប្រទេស​រុស្ស៊ី​លុប​ចោល​បំណុល​ទាំង​នេះ។ ក៏ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ។

លោក​ជាម យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ​និង​សវនកម្ម​របស់​រដ្ឋ​សភាឲ្យ​ដឹង​ថាប្រធាន​សភា​រុស្ស៊ី​ ធ្លាប់​បាន​សន្យា​ថាប្រទេស​រុស្ស៊ី​នឹង​អនុវត្តន៍​តាម​គោល​ការណ៍ ​Club de Paris។​ គោលការណ៍​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស រុស្ស៊ី​កាត់​បន្ថយ​លុយ​បំណុល​ដល់​ប្រទេស​នានា​រហូត​ដល់​៧០​ភាគរយ​នៃ​បំណុល​សរុប។

«ឥឡូវ​នេះ​គេ​ប្រាប់​ថា​ប្រហែលជា​រដ្ឋា​ភិបាល​ប្រទេស​រុស្ស៊ី​ទំនង​ជា​នឹង​ទាក់​ទង​ផ្ទាល់​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​សារ​ឡើងវិញ​នូវ​អ្វី​ដែល​យើង​ត្រូវ​អនុម័ត​យក​សង​គេ​ប្រហែលជា​ចំនួន​៣០​ភាគរយ​នោះ។»

បើ​ផ្អែក​តាមការ​អះអាង​របស់​លោក​ជាម យៀប ​សំណង​នោះ​ទំនង​ជាមិន​មែនជា​សាច់​ប្រាក់​នោះ​ទេ។​ប៉ុន្តែ​គឺជា​ថ្នូរ​ជាមួយ​នឹង​ផលិត​ផល​កសិកម្ម​ ឬ​ឧស្សាហ​កម្ម​សម្រាប់​នាំ​ទៅ​កាន់​ប្រទេសរុស្ស៊ី។

តាម​របាយ​ការណ៍​ថ្មី​ៗរបស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​និង​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី(ADB) ​កម្ពុជា​ជំពាក់​បំណុល​បរទេស​រហូត​មក​ដល់​ឆ្នាំ​២០១៣​មាន​ចំនួន​សរុប​ពី​៣,៨​ទៅ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា​ប្រទេស​ចិន​ធ្លាប់​បាន​លុប​ចោល​បំណុល​ចំនួន​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ចំណោម​បំណុល​សរុប​ចំនួន​៥​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​ប្រទេស​ចិន។​ ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​ធ្លាប់​បាន​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ចំនួន​៨២​លាន​ដុល្លារ​អាមេរិក​ផងដែរ៕

កាល់តិក​បាត់​ចំណូល​រាប់​សែន​ដុល្លារ​ខណៈ​បុគ្គលិក​​​បន្ត​កូដកម្ម​ថ្ងៃ​ទី​៣

ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិក​របស់​ក្រុមហ៊ុន ​Chevron​ តាម​ការ​ប៉ាន់​ប្រមាណ​ បាន​បាត់បង់​ចំណូល​រាប់​សែន​ដុល្លារដោយសារ​កូដកម្ម​របស់​បុគ្គលិកខ្លួន​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ​មក​នេះ។​


ក្រុម​បុគ្គលិក​ក្រុមហ៊ុន​កាល់​តិក​ប្រមាណ​៣០០​នាក់​បាន​ធ្វើ​កូដកម្ម​នៅ​តាម​ស្ថានីយរៀងៗខ្លួន​ចំនួន​១៨​ទូទាំង​ក្រុង​ភ្នំពេញចាប់​តាំង​ពី​ថ្ងៃ​ច័ន្ទមកម៉្លេះដោយ​ទាមទារ​ការ​ដំឡើង​ប្រាក់ខែ​រហូត​ដល់​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​និង​ទាមទារ​ឱ្យ​មាន​ប្រាក់​ខែ​ទី​១៣។​

តាម​បទ​សម្ភាសន៍​របស់​វីអូអេ ខេមរភាសាជាមួយ​បុគ្គលិក​ផ្នែក​ចាក់​សាំង​នៅ​តាម​ស្ថានីយកាល់​តិក​នានា​ក្នុង​ក្រុង​ភ្នំពេញ ​ដូចជា​នៅ​ស្ថានីយផ្សារ​ដើម​គ ស្ថានីយបូកគោ និង​ស្ថានីយបឹង​ត្របែក ឱ្យ​ដឹង​ថា​ ក្នុង​មួយ​ស្ថានីយមាន​អ្នក​ចូល​ចាក់​សាំង​និង​ប្រេង​ម៉ាស៊ូត​ចន្លោះ​ពី​៥​ពាន់​ទៅ​១​ម៉ឺន​លីត្រក្នុង​មួយ​ថ្ងៃ។​

ដូច្នេះ​តាម​ការ​ប៉ាន់​ប្រមាណ ស្ថានីយកាល់តិក​ទាំង​១៨​ទីតាំង​នៅ​ភ្នំពេញ​ អាច​លក់​ប្រេង​សាំង​និង​ម៉ាស៊ូត​បាន​ចន្លោះ​ពី​៩០.០០០​ដល់​១៨០.០០០​លីត្រ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​នៅ​ក្រុង​ភ្នំពេញ ឬ​២៧០.០០០​ទៅ​៥៤០.០០០​លីត្រ​ក្នុង​អំឡុង​ពេលកូដកម្ម​រយៈពេល​៣​ថ្ងៃ​នេះ។​

ប្រេង​ម៉ាស៊ូត​មាន​តម្លៃ៥០០០​រៀល ប្រេងសាំង​ធម្មតា​តម្លៃ​៥២០០​រៀល និង​សាំង​ស៊ូពែរ៥.៤០០​រៀល។ ដូច្នេះ​កូដកម្ម​នា​ពេល​កន្លង​មក​ធ្វើឲ្យ​ស្ថានីយកាល់តិច​បាត់បង់​ចំណូល​របស់​ខ្លួន​ចន្លោះ​ពី​៣៥​ម៉ឺន​ទៅ​៧០​ម៉ឺន​ដុល្លារ។

ដោយ​ឡែក​លោកស្រី តាន់ ចាន់ឡេក មន្ត្រី​ទំនាក់​ទំនង​សាធារណៈ​របស់​ក្រុមហ៊ុន​ Chevron​ ប្រចាំ​កម្ពុជា ​បានបដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​ការ​ខាត​បង់​របស់​ខ្លួន​នោះ​ទេ។​

«ខ្ញុំ​អត់​អាច​ឆ្លើយ​ជូន​បាន​ទេចំពោះ​សំណួរ​របស់​ធារ៉ា»។​

ជំនួប​ចរចា​រវាង​ភាគី​និយោជក​ និង​តំណាង​ក្រុមហ៊ុន​ Chevron ​កាល​ពី​ថ្ងៃ​ម្សិលមិញ​មិន​ទទួល​បាន​លទ្ធផល​អ្វី​ជា​ផ្លែផ្កា​នោះ​ទេ នៅ​ពេល​ដែល​ក្រុមហ៊ុន​ស្នើ​សុំ​ទុក​ពេល​២​ទៅ​៣​ខែ​ដើម្បី​ស្រាវជ្រាវ​ពី​លទ្ធភាពដំឡើង​ប្រាក់​ខែ​នេះ ប៉ុន្តែ​ក្រុម​បុគ្គលិក​នៅ​តែ​ទាមទារ​ដំណោះ​ស្រាយ​ភ្លាមៗ។​

លោក សយ ហំ បុគ្គលិក​ផ្នែក​ចាក់សាំង​ម្នាក់​នៅ​ស្ថានីយ​កាល់តិក​សាខា​ពោធិ៍ចិនតុង ​ថ្លែង​ថា​ ពួក​លោក​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត​ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​សមស្រប​ដល់​ពួក​ខ្លួន។​

«តាម​សំណើ​របស់​គាត់​យើង​មិន​អាច​ទទួល​យក​បាន​ទេ។ យើង​ដាក់​សំណើ​ទៅ​គាត់​វិញ​សូម​មួយ​ខែ ប៉ុន្តែ​ពួកគាត់​មិន​ព្រម ​នៅ​តែ​សុំ​ពីរ​ទៅ​បី​ខែ​ដដែល។ យើង​នឹង​ធ្វើ​កូដកម្ម​បន្ត​ទៀត​ រហូត​ទាល់​តែ​មាន​ដំណោះស្រាយ»។​

ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន​ Chevron​ ដែល​ជា​ក្រុមហ៊ុនផលិត​ប្រេង​ឥន្ធនៈ​ និង​ឧស្ម័ន​ដ៏​ធំ​បំផុត​មួយ​លំដាប់​អន្តរជាតិ​ដែល​មាន​មូលដ្ឋាន​នៅ​សហ​រដ្ឋ​អាមេរិក។ កាល​ពី​ឆ្នាំ​២០១៣  ក្រុមហ៊ុន​នេះ​រក​ចំណូល​បាន​ជាង​២២០​ពាន់​លាន​ដុល្លារ​អាមេរិកពី​ការ​លក់​និង​ចែក​ចាយ​ប្រេង​ឥន្ធនៈ។ នេះ​បើ​តាម​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​នេះ។​

លោក ស មូរ៉ា ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ​ និង​សេវា​កម្ពុជា ដែល​ជួយ​ជ្រោមជ្រែង​ការ​ទាមទារ​របស់​ក្រុម​បុគ្គលិក​ស្ថានីយកាល់តិច​ បាន​ឱ្យ​ដឹង​ថា​ មក​ទល់​ពេល​នេះ​ការ​ចរចា​រវាង​ក្រុមហ៊ុន ​Chevron​និង​បុគ្គលិក​ខ្លួន​នៅ​តែ​ជាប់​គាំង​នៅ​ឡើយ។​

«មក​ទល់​ពេល​នេះ​ ជំហរ​របស់ក្រុមហ៊ុន​នៅ​តែ​មិន​បញ្ជាក់​ថា​ នឹង​ដំឡើង​ប៉ុន្មាន​ដល់​បងប្អូន​និយោជិក​ ហើយ​ក្រុមហ៊ុន​និយាយ​តែ​ពី​ការ​ពន្យារពេល​ឆ្លើយ​តប​ជូន​បងប្អូន​កម្មករ​និយោជិក។ ដោយ​ឡែក​បងប្អូន​និយោជិក​ចង់​ឱ្យ​ក្រុមហ៊ុន​ឆ្លើយ​តប​ថា​ អាចដំឡើង​បាន​ប៉ុន្មាន​ជាក់លាក់។ ចំណែក​ឯ​បញ្ហា​ពេល​វេលា​ជា​រឿង​មួយ​បន្ទាប់​បន្សំ»។

លោក​សរ មូរ៉ា​ឱ្យ​ដឹង​ថា ​បុគ្គលិក​ស្ថានីយកាល់តិក​ប្រមាណ​១០០​នាក់​នឹង​យក​ញ្ញត្តិ​ទៅ​ដាក់​នៅ​ស្ថានទូត​អាមេរិកដើម្បី​ស្វែង​រក​អន្តរាគមន៍​ពី​រដ្ឋាភិបាល​សហ​រដ្ឋ​អាមេរិក ត្បិត​ក្រុមហ៊ុន​ Chevron ​ជា​ក្រុមហ៊ុន​មួយរបស់​សហ​រដ្ឋ​អាមេរិក​ ហើយ​ប្រទេស​មហា​អំណាច​មួយ​នេះ​តែងតែ​យក​ចិត្ត​ទុក​ដាក់​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ និង​ជីវភាព​របស់​កម្មករ​និយោជិក៕

បាតុកម្ម​វាយ​បំផ្លាញ​រោងចក្រ​ចិន​នៅ​វៀតណា

ក្រុម​អាជ្ញាធរ​វៀតណាម​បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​បន្ទាប់​ពី​មាន​កម្មករ​ រោងចក្រ​រាប់ពាន់​នាក់​នៅភាគ​ខាងត្បូង​ប្រទេស​វៀតណាម​បាន​វាយ​ប្រហារ​រោង ចក្រ​ដែល​ពួកគេ​ជឿ​ថា​ជា​កម្ម​សិទ្ធិ​របស់​ជនជាតិ​ចិន។​



ការ​ប៉ះបោរ​បាន​ផ្ទុះ​ឡើង​ក្នុងខេត្ត​ ប៊ិញ ឌួង​ដែល​ជា​មជ្ឈមណ្ឌល​រោង​ចក្រ​សំខាន់​បំផុត​មួយ​ក្នុង​ប្រទេស​វៀតណាម។

សប្តាហ៍​នេះ ​មាន​ផ្លាក​មួយ​ត្រូវ​គេ​បិទ​នៅ​ក្លោង​ទ្វារ​រោងចក្រ​ដើម្បី​ព្យាយាម​ បញ្ជៀស​ការ​វាយ​ប្រហារ ​ដោយ​សរសេថា ​«យើង​ជា​ពលរដ្ឋ​កូរ៉េ​ខាង​ត្បូង​ មិន​មាន​មន្ត្រី​ចិន​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​របស់​យើង​ទេ»។

ផ្លាក​ផ្សេង​ទៀត​បង្ហាញ​ទង់ជាតិ​ជប៉ុន​ ហើយ​នឹង​សរសេរ​ពាក្យថា​ «យើង​គាំទ្រ​វៀត​ណាម​ជា​ដរាប»។

រូបភាព​សញ្ញា​ទាំងនោះ​ត្រូវគេ​ចែកផ្សាយ​យ៉ាង​ទូលំទូលាយ​លើ​ប្រព័ន្ធ​ Facebook ខណៈ​ពេល​ដែល​រោងចក្រ​បរទេស​ជាច្រើន​ព្យាយាម​ធ្វើ​អ្វីៗ​កុំឲ្យ​ពួក​បាតុករ​ច្រឡំ​ថា​ជាក្រុម​ហ៊ុន​ចិននោះ។​

សេចក្តី​រាយ​ការណ៍​នានា​និយាយ​ថា​មាន​ក្រុម​កម្មករ​រហូត​ដល់​២ម៉ឺននាក់​បាន ចេញ​មកធ្វើ​បាតុកម្ម​នៅតាម​ដងផ្លូវ​ប្រឆាំង​នឹង​ការ​ដាក់​ឧបករណ៍​ខួងយក​ប្រេង​របស់​រដ្ឋាភិបាល​ចិន​លើដែន​ទឹក​ប្រទេស​វៀតណាម។​ ក្រុម​បាតុករ​ទាំង​នោះ​បាន​តម្រង់​គោលដៅ​លើ​រោងចក្រ​ចិន​តៃវ៉ាន់​និង​ចិន​ហុងកុង​ ដោយ​ជឿ​ថា​រោងចក្រ​ទាំង​នោះ​ជា​កម្មសិទ្ធិ​របស់​ចិន​ដីគោក។ កាសែត​ Tuoi Tre ​គ្រប់គ្រង​ដោយរដ្ឋ​បាន​បោះពុម្ភ​ផ្សាយ​លើ​គេហទំព័រ​ជា​ភាសា​អង់គ្លេស​របស់ខ្លួន​កាល​ពី​ថ្ងៃពុធ​ បញ្ជាក់​ថា​ មាន​ក្រុម​បាតុករ​ខ្លះ​បាន​សម្រុក ​ចូល​ទៅ​ក្នុង​អគារ​ការិយាល័យ​ បំបែក​កញ្ចក់​និង​វាយ​កម្ទេច​សម្ភារៈ​មាន​តម្លៃ​ជា​ ច្រើន»។

នៅ​ក្នុង​សេចក្តី​រាយការណ៍​របស់​កាសែត ​ថាញ់ នៀន​ (Thanh Nien) ​បាន​ផ្សាយ​ថា ​មនុស្ស​ខ្លះ​បាន​ឆក់​ឱកាស​ពី​ភាព​ចលាចល​នោះ​ លួចប្លន់​ និង​ប្រព្រឹត្ត​ការ​ដុត បំផ្លាញ ​ហើយ​នឹង​វាយ​ធ្វើ​បាប​សន្តិសុខ​រោងចក្រ​ផងដែរ។​

ស្ត្រី​ម្នាក់​ដែល​ជា​សាក្សី​នៅ​ឯ​បាតុកម្ម​ តែ​មិន​ចង់​ប្រាប់​ឈ្មោះ​ បាន​ថ្លែង​ថា​ ស្ថានការណ៍​មួយ​ថ្ងៃ​ ពីរ​ថ្ងៃ​កន្លងមក​នេះ​មាន​ភាពច្របូក​ច្របល់​ណាស់។

អ្នកស្រី​ថ្លែងថា​អ្នកស្រី​ព្រួយបារម្ភ​អំពីក្រុម​កម្មករ​ក្នុង​រោងចក្រ​ចិន​ជាច្រើន​ដែល វាយ​សម្រុក​ចូល​ហើយអ្វី​ផ្សេង​ទៀត​អំពីរឿង​នេះ​អាច​នាំឲ្យ​កើត​ឡើង​បាន។

ក្រសួងការ​បរទេស​ចិន​តៃវ៉ាន់​បាន​ជំរុញ​ឲ្យអ្នក​វិនិយោគ​ចិនតៃវ៉ាន់​ក្នុង​ប្រទេស វៀតណាម​ដាក់​ផ្លាក​សញ្ញាថា​ «តៃវ៉ាន់» ​ខាងក្រៅ​រោងចក្រ​ពួកគេ ​ដើម្បី​បញ្ជៀស ការភ័ន​ច្រឡំ​ថាជា​ជនជាតិ​ចិនដីគោក។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍ របស់​សារព័ត៌មាន​រដ្ឋ។

ក្នុង​ទីក្រុង​ប៉េកាំង​វិញ ​រដ្ឋាភិបាល​ចិនបាន​សម្តែង​ការព្រួយ​បារម្ភ​យ៉ាងខ្លាំង​ចំពោះ​ព្រឹត្តិ​ការណ៍​ដែលបាន​កើតឡើង។​ អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ចិន​ ហ៊ូ ឈុននីង​ បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​ថ្ងៃ​កាលពី​ថ្ងៃពុធ​ថា៖​

«ចិន​បាន​ទទូច​ឲ្យ​អាជ្ញាធរ​វៀតណាម​ធ្វើអ្វីៗ​ទាំងអស់​ដែល​អាច​ធ្វើ​ទៅ​បាន​ដើម្បី​បញ្ឈប់​សកម្មភាព​កើត​មាន​ដូច្នោះ​ ដាក់ទោស​ទណ្ឌ​ដល់អ្នក​ទទួល​ខុសត្រូវ​ ធានា ​សន្តិសុខ​ដល់​ក្រុមហ៊ុន​ចិននិង​បុគ្គលិក»។

អាជ្ញាធរ​វៀតណាម​បាន​ទទូច​ភ្លាមៗ​ឲ្យមាន​ភាព​ស្ងប់ស្ងាត់​ ហើយបាន​បញ្ជូន​ក្រុម ប៉ូលិស​អន្តរាគមន៍​ផងដែរ។​ បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​កាល​ពី​ រសៀល​ថ្ងៃពុធ​ថា ​មាន​មនុស្ស​ចំនួន​១៩១​នាក់​ត្រូវ​ចាប់​ខ្លួន​ ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ ឲ្យ​បាត់​សណ្តាប់​ធ្នាប់​សារធារណៈ ​និងញុះ​ញង់​កម្មករ​ឲ្យ​មាន​ការ​បំផ្លិច​បំផ្លាញ​ ទ្រព​សម្បត្តិ។

តែ​ការ​ធ្វើ​ឲ្យ​មាន​ភាព​ស្ងប់ស្ថាត់​ចំពោះការ​បះបោរ​ប្រឆាំង​នឹង​ចិន​ វា​មិន​គ្រាន់​តែ​ ជា​ផល​ប្រយោជន៍​សម្រាប់​វៀតណាម​ តែក៏​ក្នុងន័យ​ថា​សម្រាប់​ភាព​ស្ងប់ចិត្ត​របស់ ក្រុមអ្នក​វិនិយោគ​បរទេស​ផងដែរ។

បើ​ទោះបី​ជា​ជម្លោះ​លើ​បញ្ហា​ឧបករណ៍​ខួង​ប្រេង​គឺ​ជា​បញ្ហា​អធិបតេយ្យ​ភាព​មែន​ តែ​នៅ​មាន​បញ្ហ​ាធំ​ជាងនេះ​ផងដែរ​ ដែល​ស្ថិតនៅ​ជ​ាការ​ប្រឈម​ផង​នោះ។

ប្រទេស​ចិនជា​ដៃគួរ​ពាណិជ្ជកម្ម​ដ៏ធំបំផុត​របស់​វៀតណាម​ ដោយ​ផ្តល់​ប្រយោជន៍ មកវិញ​ដល់ទៅ​៥០​ពាន់​លាន​ដុល្លារ​សរអា​ក្នុង​ឆ្នាំ២០១៣ ​ដោយ​កើនឡើង​ដល់ ទៅ​២២ ​ភាគរយ​ ក្នុងដើម​ឆ្នាំនេះ។​ នេះបើ​យោងទៅ​លើ​ការិយាល័យ​ស្ថិតិ​រដ្ឋ។

អ្នក​សេដ្ឋកិច្ច​ Le Dang Doanh​ ថ្លែងថា​ប្រសិនបើ​ ចិនដាក់​កម្រិត​ការ​នាំចេញ ទៅកាន់​ប្រទេស​វៀតណាម​ វាជារឿង​ធ្វើឲ្យ​ប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​សម្រាប់​សេដ្ឋកិច្ច វៀតណាម។​ អាក់

«លោក​ថ្លែងថា​ បើយោង​ទៅលើ​សកម្មភាព​គគ្លើន​របស់ចិន​កន្លងមក​លោក​បញ្ជាក់​ថា​លោក ​មិន​បោះបង់​ចោល​លទ្ធភាព​ដែលថា​ចិនអាច​ប្រើប្រាស់​កម្លាំង​សេដ្ឋកិច្ច​ខ្លួន ​ដើម្បី​ដាក់​សម្ពាធ​លើ​ប្រទេស​វៀតណាម។​ ហើយ​រដ្ឋាភិបាល​គួរ​ចាត់​វិធាន​ការសកម្ម​ នានា​ដើម្បី​បង្រួម​ការខាត​បង់​នោះ»។

បើទោះ​ជាក្រុម​អាជ្ញាធរ​និយាយ​ថា​ភាព​ស្ងប់ស្ងាត់​ត្រូវគេ​ធ្វើឲ្យ​ប្រសើរ​វិញមែន​ក្នុង ខេត្ត​ ប៊ិញ ឌួង​ តែ​សេចក្តី​រាយ​ការណ៍​នានា ​ដែលគេ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ បណ្តាញ​សង្គម​នៅតែ​បញ្ជាក់ថា​ក្រុម​កម្មករ​កំពុង​ធ្វើការ​តវ៉ា​ក្នុង​ខេត្ត ​វុង តាវ​ទៀត ដែលជា​ខេត្ត​តំបន់​ឆ្នេរ​សមុទ្រ​ស្ថិតនៅ​ភាគខាង​ត្បូង​ប្រទេស​វៀតណាម ​ហើយ នឹងខេត្ត​ ថៃ ប៊ិញ​ភាគខាង​ជើង​ប្រទេស​វៀតណាម៕

ដំណាំ​អំពៅ​លូតលាស់​យ៉ាង​ស្ងាត់ស្ងៀម​មិន​ចាញ់​កៅស៊ូ​ប៉ុន្មាន​ទេ​

មន្ដ្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​បានឱ្យដឹងថា ដំណាំ​អំពៅ​កំពុង​ពង្រីក​ផ្ទៃដី​ដាំ​ដុះ យ៉ាង​ស្ងាត់ស្ងៀម​ក្រោមរូបភាព​វិនិយោគ ក្នុង​ដី​សម្បទាន​សេដ្ឋកិច្ច​រាប់ម៉ឺន​ហិកតា​។​

​     ឆ្នាំ​២០១៣​តួលេខ​ដំណាំ​អំពៅ ដែល​ផ្ដល់ឱ្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​មាន​ចំនួន​ជិត​១៧​ម៉ឺន​ហិកតា ប៉ុណ្ណោះ ។ ប៉ុន្ដែ​មន្ដ្រី​រូបនេះ បាន បញ្ជាក់ថា​តួលេខ​ដំណាំ​អំពៅ​អាច មាន​ច្រើនជាង​នេះ ដោយសារ​សកម្ម​- ភាព​វិនិយោគ​លើ​ដំណាំ​អំពៅ​មាន លក្ខណៈ​គគ្រឹកគគ្រេង ។​

​    ​លោក ម៉ៅ សុភា​រ៉េត ប្រធាន នាយកដ្ឋាន​ដំណាំ​កសិឧស្សាហកម្ម នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ​បាន​ប្រាប់​ឱ្យដឹងថា រោងចក្រ ផលិត​ស្ករ​សមាន​ទាំងអស់​៣ គឺមាន​ខេត្ដ ព្រះវិហារ​ម្ចាស់​វិនិយោគ​កំពុងតែ សាងសង់​រោងចក្រ​នៅឡើយ ។ តែម​ន្ដ្រី រូបនេះ​មិនអាច​ប្រាប់ឱ្យដឹង​តួលេខ ដំណាំ​អំពៅ​នោះទេ ដោយ​បង្វែរ​ឱ្យ​សួរ ទៅតាម​ខេត្ដ​នីមួយៗ​វិញ ។ លោក​បន្ដថា តាមពិត​ដំណាំ​អំពៅ​កំពុង​រីកដុះដាល យ៉ាងខ្លាំង​ក្លា​ដូចជា​ខេត្ដ​ស្វាយរៀង​មាន ៦.០០០​ហិកតា​ដែល​កំពុង​ពេញ អំណោយផល​ក្នុង​កម្រិតស្ដង់ដារ​ផ្ដល់ ជាតិ​ស្ករ​ល្អ​បំផុត ។ នេះ​បណ្ដាល​មក ពី​អាកាសធាតុ​អំណោយផល​ផង និង​ដី អំណោយផល​ផង ។ ខេត្ដ​ជាច្រើន​សុទ្ធ តែ​ដាំ​អំពៅ​ក្រោមរូបភាព​វិនិយោគ លើដី​សម្បទាន​សេដ្ឋកិច្ច​ដូចជា​ខេត្ដ កោះកុង​,​ខេត្ដ​កំពង់ស្ពឺ ឥឡូវ​រីក​រាលដាល​ដល់​ខេត្ដ​កំពង់ឆ្នាំង​, ខេត្ដ​ក្រចេះ ,​ខេត្ដ​ព្រះវិហារ និង​ខេត្ដ​ឧត្ដរមានជ័យ ថែមទៀត ។​

​    ​លោក សុភា​រ៉េត បានឱ្យដឹង​ទៀត ថា ដំណាំ​អំពៅ​ជា​ដំណាំ​កសិឧស្សាហកម្ម​មួយ​ដាំ​រយៈពេល​១០​ខែ​បានទទួល ផល ។ ដី​នៅ​កម្ពុជា​អាច​ដាំ​បាន​ផល ៣.០០០​តោន​អំពៅ​ក្នុង​មួយ​ហិកតា ។ បើ​ប្រៀបធៀប​រវាង​ការ ធ្វើស្រែ​ប្រាំង និង​ដំណាំ​អំពៅ​ក្នុង​ដី​មួយ​ហិកតា​ដូចគ្នា គេ​អាច​បាន​ផល​ពី​ដំណាំ​អំពៅ​២.៥០០ ដុល្លារ​ក្នុង​មួយឆ្នាំ​ក្នុង​មួយ​ហិកតា ។ បើ​ធ្វើ​ស្រូវប្រាំង​មួយ​ហិកតា​វិញ​បាន ផល​តែ​៣០០​ដុល្លារ​ទេ ។ តែ​ការដាំ​អំពៅ​ទាមទារ​ចំណាយ ទុន​យ៉ាងតិច​នៅ គ្រា​ដំបូង​២.០០០​ទៅ​៣.០០០​ដុល្លារ ក្នុង​មួយ​ហិកតា​៕

ខេត្តព្រះសីហនុ បេះដូងទេសចរណ៍និង សេដ្ឋកិច្ចកម្ពុជា

ខេត្តព្រះសីហនុត្រូវបានគេចាត់ទុកជាបេះដូងទេសចរណ៍នឹងសេដ្ធកិច្ចកម្ពុជា ដោយសារខេត្តនេះសម្បូរទៅដោយធនធានធម្មជាតិ នឹងផ្លូវទឹកសម្រាប់ធ្វើពាណិជ្ជកម្មយ៉ាងអំណោយផល៕


មកមើលGDPរបស់កម្ពុជាវិញ យ៉ាងម៉េចដែរ

នៅឆ្នាំ ២០១៣ តាម​ការ​ព្យាករណ៍​បឋម ដោយ​យោង​តាម​ទិន្នន័យ​ស្ថិតិ​ផ្លូវការ​របស់​ស្ថាប័ន​ពាក់ពន្ធ ការតាមដ្ឋាន​រួមគ្នា​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​នៅ​ខែ មិថុនា ឆ្នាំ ២០១៣ កំណើន ផសស នៅឆ្នាំ ២០១៣ មានចំនួន ៧,៦% តាម​ថ្លៃស្ថេរ ទន្ទឹម​នឹងអត្រា​បរិត្តិផរណា (GDP deflator) មាន​កំរិត ០,៨% ។ ផសស ថ្លៃបច្ចុប្បន្ន​ឆ្នាំ ២០១៣ អាច​នឹង​មានចំនួន ៦១.៥២៥ ពាន់លានរៀល ឬ​ប្រមាណ ១៥.១៩១ លានដុល្លារ និងក្នុង​ចំនួន​ប្រជាជន ១៤,៧ លាននាក់ នៅឆ្នាំ ២០១៣ ផសស សម្រាប់​មនុស្ស​ម្នាក់​មានចំនួន ១.០៣៦ ដុល្លារ​អាមេរិក ។​
តាមការព្យាករណ៍នេះ សមាសធាតុ​នៃ​កំណើន​មាន​ដូចជា៖ (១) ផ្នែកកសិកម្ម​មាន​កំណើន ៤,២% ក្នុងនោះ​វិស័យ​ដំណាំ​មាន​កំណើន ៤,១% និង វិស័យ​នេសាទនិងវារីវប្បកម្ម​មាន​កំណើន ៧,១% (២) ផ្នែកឧស្សាហកម្ម​មានកំណើន ៩,៣% ក្នុងនោះ​វិស័យ​កម្មន្តសាល​មាន​កំណើន ៧% វិស័យ​អគ្គិសនី ឧស្ម័ន និង​ទឹកស្អាត​មាន​កំណើន ៨,៥% និង​វិស័យ​សំណង់​មាន​កំណើន ១៧,២% និង (៣) ផ្នែក​សេវាកម្ម​មាន​កំណើន ៨,៨% ក្នុងនោះ​វិស័យ​ពាណិជ្ជកម្ម​មាន​កំណើន ៧,៧% វិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​មានកំណើន ១៣,៧% វិស័យ​ហិរញ្ញវត្ថុ​មាន​កំណើន ១២,៣% និង ​វិស័យ​អចលនទ្រព្យ​និង​ជំនួញ​មានកំណើន ១០,៩% ។