Thursday, May 15, 2014

សមាជ​រើស​ក្រុមប្រឹក្សាភិបាល​កំពូល​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា

ពលរដ្ឋ​មក​ពី ៦​ភូមិ​ក្នុង​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ និង​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​ធ្វើ​ពិធី​សមាជ​ជ្រើស​រើស​ក្រុមប្រឹក្សាភិបាល​កំពូល នៃ​មូលនិធិ​សហគ្រិន​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា។
មូលនិធិ​នេះ បង្កើត​ឡើង​ដើម្បី​ឲ្យ​ប្រជា​សហគមន៍​សន្សំ​ប្រាក់ និង​អាច​ខ្ចី​ប្រាក់​ក្នុង​អត្រា​ការ​ប្រាក់​ទាប ដែល​អាច​ជួយ​លើក​កម្ពស់​ជីវភាព និង​ផ្តល់​ឱកាស​ឲ្យ​សហគមន៍​បង្កើត​អាជីវកម្ម​ខ្នាត​តូច ដោយ​មិន​ចាំបាច់​ទៅ​ខ្ចី​បុល​ពី​ធនាគារ។
មូលនិធិ​សហគ្រិន​កម្ពុជា បាន​ប្រមូល​ប្រាក់​សន្សំ​ពី​ប្រជា​សហគមន៍​ក្នុង​ភូមិ​ចំនួន​៦ បាន ៧៦​លាន​រៀល ដើម្បី​ត្រៀម​ឲ្យ​សមាជិក​ក្រុម​សន្សំ​ប្រាក់​ខ្ចី​ប្រាក់​ទាំង​នោះ ទៅ​បង្កើត​អាជីវកម្ម​ខ្នាត​តូច​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ។
ទីប្រឹក្សា​បច្ចេកទេស​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា លោក ធី រស្មី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ក្រុម​សន្សំ​ប្រាក់​នៃ​មូលនិធិ​នេះ ចាប់​ផ្ដើម​ឲ្យ​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ដាក់​លុយ​សន្សំ​ក្នុង​មួយ​ខែ​យ៉ាង​តិច ៣​ម៉ឺន​រៀល។ លោក​បន្ត​ថា តាំង​ពី​ឆ្នាំ​២០០៩ រហូត​ដល់​ពេល​នេះ មូលនិធិ​សន្សំ​ប្រាក់​របស់​សហគមន៍​នៅ​ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ និង​ក្នុង​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល បាន​សន្សំ​ប្រាក់​ចំនួន ៧៦​លាន​រៀល ហើយ​សមាជិក​ក្រុម​នោះ​អាច​ដាក់​ពាក្យ​ខ្ចី​ប្រាក់​បាន​ចន្លោះ​ពី ៣០​ម៉ឺន​រៀល ទៅ ១០​លាន​រៀល ក្នុង​អត្រា​ការ​ប្រាក់​ទាប។
លោក ធី រស្មី៖ «គោល​បំណង​ដើម្បី​ពង្រឹង​ទុន​សម្រាប់​ពង្រឹង​អាជីវកម្ម​ខ្នាត​តូច​បំផុត​នៅ​តាម​ភូមិ​ផ្សេងៗ ក្នុង​ស្រុក​សំរោងទង និង​ស្រុក​អង្គស្នួល ដើម្បី​ឲ្យ​គាត់​មាន​ទុន​ស្ដារ​ជីវភាព ក៏​ដូច​ជា​ពង្រីក​អាជីវកម្ម​ខ្នាត​តូច​របស់​គាត់ ដូច​ជា លក់​កាហ្វេ លក់​គុយទាវ នំ​បញ្ចុក បបរ ធ្វើ​ជាង​ជួសជុល​ទូរទស្សន៍ កាត់​សក់​ផ្សេងៗ។ ពួក​គាត់​ត្រូវ​ការ​ទុន​ដើម្បី​ពង្រឹង និង​រក​ចំណូល​បន្ថែម​សម្រាប់​ជីវភាព​ពួក​គាត់។ ពួក​គាត់​ក៏​មាន​សាមគ្គី​ភាព​រឹងមាំ​ក្នុង​ការ​ជួយ​ធុរៈ​គ្នា ទាំង​ផ្នែក​ហិរញ្ញវត្ថុ និង​ការ​សាមគ្គី​គ្នា​ក្នុង​មូលនិធិ​នេះ​ដែរ»
លោក​បន្ត​ថា សមាជិក​ក្រុម​សន្សំ​ប្រាក់​អាច​ខ្ចី​ប្រាក់​ស្រួល​ក្នុង​មូលនិធិ ដោយ​មិន​ចាំបាច់​ដាក់​ប្លង់​ដី ឬ​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ ដូច​ខ្ចី​ប្រាក់​នៅ​ធនាគារ​ទេ។ មួយ​ទៀត ពួក​គេ​អាច​ទទួល​បាន​ការ​ប្រាក់​ខ្លះ​មក​វិញ​ពី​ប្រាក់​កម្ចី​ទាំង​នោះ​ថែម​ទៀត។
សមាជិក​ក្រុម​សន្សំ​ប្រាក់​នៃ​មូលនិធិ​សហគ្រិន​កម្ពុជា លោកស្រី ជិន សុភា រស់​នៅ​ភូមិ​ដំណាក់អំពិល ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និយាយ​ថា លោកស្រី​មាន​ប្រាក់​ជាង ១​លាន​រៀល​ក្នុង​មូលនិធិ​ប្រាក់​សន្សំ។ លោកស្រី​នៅ​មិន​ទាន់​គិតគូរ​ពី​រឿង​ខ្ចី​ប្រាក់​មូលនិធិ​យក​ទៅ​ពង្រីក​មុខ​របរ​ចិញ្ចឹម​មាន់ ដែល​លោកស្រី​កំពុង​ចិញ្ចឹម​សព្វថ្ងៃ​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ប្រាក់​សន្សំ​នោះ​បាន​ច្រើន​ជាង​នេះ​បន្តិច៖ «ជួយ​ឲ្យ​បង​ប្អូន​សហគមន៍​ខ្ញុំ​បាន​ខ្ចី​ដើម​ទុន​រក​ស៊ី ហើយ​មាន​ការ​រីក​ចម្រើន ពេល​បាន​ការ​ប្រាក់​មក គឺ​បាន​ជួយ​ដល់​សហគមន៍ គឺ​វា​ផ្ទុយ​ស្រឡះ​ពី​ការ​ខ្ចី​ប្រាក់​អង្គការ (ធនាគារ)»
អង្គការ​បណ្ដុះ​បណ្ដាល​ធនធាន​សហគមន៍ (OBCR) បាន​ផ្ដួចផ្ដើម​ឲ្យ​ប្រជា​សហគមន៍​ចងក្រង​គ្នា បង្កើត​មូលនិធិ​សហគ្រិន​កម្ពុជា។ សព្វថ្ងៃ​នេះ ក្រុម​មូលនិធិ​នេះ​មាន ៥​ក្រុម ស្ថិត​ក្នុង​ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កណ្ដាល ដោយ​ក្រុម​នីមួយៗ​មាន​ទិសដៅ​ផ្សេងៗ​គ្នា​តាម​កិច្ច​ព្រមព្រៀង​រវាង​សមាជិក​នីមួយៗ។ ក្រុម​ខ្លះ​មាន​ទិសដៅ​វែង​ឆ្ងាយ ដោយ​រៀង​រាល់ ៥​ឆ្នាំ​ទៅ ១០​ឆ្នាំ ឲ្យ​មាន​ការ​បង្កើន​ទុន​ក្នុង​មូលនិធិ ហើយ​មាន​ក្រុម​ខ្លះ​បង្កើត​ក្នុង​រយៈពេល​ខ្លី ដោយ​សន្សំ​ប្រាក់ ១ ទៅ ២​ឆ្នាំ រួច​នឹង​ចែក​ទុន​គ្នា​សម្រាប់​រក​ស៊ី​រៀងៗ​ខ្លួន៕

No comments:

Post a Comment