Saturday, May 24, 2014

ប្រាក់ចំណេញ​​ទទួល​បាន​​ពី​ការ​លក់​​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន Lenovo កើន​ទ្បើង29%​

ហុង​កុង​ ៖ ក្រុម​ហ៊ុន​ផលិត​កុំព្យូ​ទ័រ​​ Lenovo បាន​ឱ្យ​ដឹង​ថា ​​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​​របស់​ខ្លួន​​បាន​កើន​ទ្បើង​​២​៩%​ ​ដោយ​សារ​តែ​ការ​រើប​ទ្បើង​​នៃ​ការ​លក់​​ទូរស័ព្ទ​​ស្មាត​ហ្វូន​​នៅ​ក្នុង​​ប្រទេស​ចិ​ន​ ​និង​ទីផ្សារ​​ដទៃ​ ។ ​កាល​ពីថ្ងៃ​​ទី២២ ឧសភា ​ក្រុម​ហ៊ុន​ បាន​ប្រកាស​​ពី​ប្រាក់​ចំណេញ​​​​នា​​​ដំណាច់​ខែ​​​មីនា ​មាន​ចំនួន​​៨១៧​លាន​ដុល្លារ​ ឬ​ស្មើ​​នឹង​​៧​,​៨៨​​សេនក្នុង​​មួយ​ហ៊ុន ។ ​​ចំណែក​​ប្រាក​់ច​ំណូល​​កើន​ទ្បើង​​១៤%​​ស្មើ​នឹង​​​​​​​៣៨,​៧ពាន់​ដុល្លារ។
ក្រុម​ហ៊ុន​ Lenovo បាន​បន្ថែម​​ថា បរិមាណ​​ទូរ​ស័ព្ទ​​ស្មាត​​ហ្វូន​ដែល​ខ្លួន​បាន​​ចែក​ចាយ​​លក់​អំទ្បុង​​ឆ្នាំ​២០១៤ នេះ​​​បាន​កើន​ទ្បើង​​​​​៧២​%​ស្មើ​នឹង​​​៥០​លាន​​គ្រឿង ។ ​ការ​​​កើន​ទ្បើង​​នេះ ក៏​ព្រោះ​តែ​មាន​ការ​ជួយ​​​ជ្រោម​ជ្រែ​ង​​​ពី​តម្រូវ​​ការ​​ច្រើន​នៅ​ក្នុង​​​ប្រទេស​ចិន ​អាស៊ី​អាគ្នេយ៍​ ​និង​តំបន់​​លោក​ខាង​លិច ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​




ប្រាក់ចំណេញ​​របស់​​ធនា​គារ​​​​យោធា​វៀតណាម​​កើន​ទ្បើង​​ក្នុង​ត្រី​មាស​ទី​1

ហា​ណូយ​​ ៖ ប្រាក់​ចំណេញ​ក្រោយ​កាត់​ពន្ធ​​របស់​​ធនា​គារ​​យោ​ធា​​​ប្រទេស​វៀតណាម​​ បាន​កើន​​ទ្បើង​១,៤%​ ពី​មួយ​​ឆ្នាំ​​ទៅ​មួយ​ឆ្នាំ​ក្នុង​ត្រីមាស​​ទី១ ​ឆ្នាំ​២០១៤ ​គឺ​សម្រេច​​បាន​​៣​​០,៣​លាន​ដុល្លារអាមេរិ​ក ។ តាម​របាយការណ៍​​ហិរញ្ញវត្ថុ​​ថ្មី​មួយ ​របស់​​​ធនារ​គារ​​នោះ បាន​បង្ហាញ​​ឱ្យ​ឃើញ​​ពី​ការ​កើន​ទ្បើង​​​៧,៨​​% ដែល​ជា​​ការ​កាត់​បន្ថយ​​មហា​និភ័យ​​នៃ​ប្រាក់​​ទុន​ជា​​បណ្តោះ​​អាសន្ន​ ដែល​សម្រេច​បាន​​១​៧,៤៣​លា​ន​ដុល្លារ ។
​ចំណែក​​ប្រាក់​ចំណូល​​ទទួល​បាន​​ពី​ប្រតិ​បត្តិ​​​ការ​ទាំង​ស្រុង​​របស់​ធ​នា​គារ​​​​មាន​ចំនួន​​​៨​៧,​១​៤​លាន​​ដុល្លារ​ ធ្លាក់​​ចុះ​​០,៧%​ ​ធៀប​នឹង​​អំទ្បុង​​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​​មុន ខណៈ​​ការ​ចំ​ណាយ​លើ​ប្រតិ​បត្តិ​​ការ​​រួម​មាន​ចំនួន​​៣១,​២៦​​លាន​ដុល្លារ​ កើន​ទ្បើង​​​៦,៥%​ ៕

មន្ត្រី​អូស្ត្រាលី​ថាជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី​អាច​មក​នៅ​កម្ពុជា​បាន​ហើយ

មន្ត្រី​អូស្ត្រាលី​អះអាង​ថា ជន​ភៀស​ខ្លួន​ដែល​រស់នៅ​ប្រទេស​​តំបន់​កោះ​ ណូរូ (Nauru) នៃ​សមុទ្រ​ប៉ាស៊ីហ្វិក អាច​មក​តាំង​ទី​លំនៅ នៅ​កម្ពុជា​បាន​ហើយ។
រដ្ឋមន្ត្រី​អន្តោប្រវេសន៍ អូស្ត្រាលី លោក ស្កុត ម័រីសុន (Scott Morrison) ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក អេ ភី (AP) ស្រង់​សម្ដី​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​២២ ឧសភា ថា ក្រុម​ជន​ភៀស​ខ្លួន​​​នៃ​ប្រទេស​តំបន់​កោះ ណូរូ (Nauru) មុន​គេ អាច​ត្រូវ​បាន​បញ្ជូន​មក​តាំង​ទី​លំនៅ នៅ​​កម្ពុជា​បាន តាមរយៈ​កិច្ច​ព្រមព្រៀង នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​អូស្ត្រាលី។
ទោះយ៉ាងណា លោក ស្កុត ម័រីសុន មិន​បាន​បញ្ជាក់​ថា តើ​កិច្ច​ព្រមព្រៀង​ប្រគល់​និង​ទទួល​ជន​ភៀស​ខ្លួន រវាង​អូស្ត្រាលី និង​កម្ពុជា នឹង​សម្រេច​​នៅ​ពេល​ណា​ទេ។
សព្វថ្ងៃ អូស្ត្រាលី បាន​បង់​ប្រាក់​ឲ្យ​ប្រទេស​មួយ​ចំនួន​ដូច​ជា៖ ណូរូ (Nauru) ប៉ាពូញូវហ្គីនី (Papua New Guinea) សម្រាប់​ថ្លៃ​បោះ​ជុំរុំ​ជន​ភៀស​ខ្លួន​ទាំង​នោះ។
កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៤ ភាគី​អូស្ត្រាលី​បាន​សុំ​ឲ្យ​កម្ពុជា ​ជួយ​ទទួល​ជន​ភៀសខ្លួន មកពី​ប្រទេស​នានា ដែល​បាន​ភៀស​ខ្លួន​តាម​សមុទ្រ​ទៅ​អូស្ត្រាលី តែ​មក​ទល់​ពេល​នេះ ភាគី​កម្ពុជា​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ទទួល​ជន​ភៀស​ទាំង​នោះ តាម​សំណើ​របស់​ភាគី​អូស្ត្រាលី នៅ​ឡើយ​ទេ។
សំណើ​បញ្ជូន​ជន​ភៀស​ខ្លួន​របស់​ភាគី​អូស្ត្រាលី មក​តាំង​លំនៅ នៅ​កម្ពុជា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា ជា​រឿង​មិន​អាច​ទទួលយក​បាន ដោយ​សំអាង​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ។ ម្យ៉ាងវិញទៀត ​សង្គម​ស៊ីវិល​បាន​​មន្ទិល​ថា កិច្ច​ព្រមព្រៀង​ប្រគល់​និង​ទទួល​ជន​ភៀស​ខ្លួន​នេះ នៃ​ភាគី​ទាំង​ពីរ អាច​បង្កប់​ទៅ​ដោយ​​អំពើ​ពុក​រលួយ​ទៀត​ផង៕

កម្មករ​រោងចក្រ​នៅ​តាកែវ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ថ្លៃ​បាយ

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ហ្វាយស្តារ កម្ពុជា (Five Stars Cotton Garment Cambodia) នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៣ ក្នុង​ដែន​ដី​ខេត្ត​តាកែវ ចំនួន​ជិត ៦០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ថា កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​នេះ គឺ​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​ថ្លៃ​បាយ៖ «ផ្ទុះ​ការ​តវ៉ា​ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ហ្នឹង ផ្ដល់​លុយ​បាយ អាហារ​ថ្ងៃ​ត្រង់ ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​មួយ​ទៀត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​បាយ​ថែម​ម៉ោង គឺ​មួយ​ម៉ោង ២​ពាន់​រៀល ហើយ​ក្នុង​នោះ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ដឹក​នាំ​ដោយ​ខ្ញុំ កំពុង​ធ្វើ​ការ​សម្រប​សម្រួល ប៉ុន្តែ​យើង​ឃើញ​ថា ខាង​ភាគី​ក្រុមហ៊ុន​ហាក់​ដូច​ជា​បដិសេធ​មិន​ធ្វើ​ការ​ដោះស្រាយ​អ្វី​ទាំងអស់។ បើ​យើង​ប្រៀបធៀប​រោងចក្រ​ក្នុង​តំបន់​តាម​ផ្លូវ​ជាតិ​លេខ​៣ ទាំងអស់ គឺ​គេ​បាន​អនុវត្ត​រួច​ចំពោះ​លក្ខខណ្ឌ​ការងារ​ហ្នឹង។ អ៊ីចឹង​ហើយ ទើប​បណ្ដាល​ឱ្យ​បង​ប្អូន​កម្មករ​ហ្នឹង​ការ​ទាមទារ ដើម្បី​ឱ្យ​ក្រុមហ៊ុន​របស់​គាត់​អនុវត្ត​ដូច​ជា​ក្រុមហ៊ុន​ដទៃ​ដែល​នៅ​ជុំវិញ​ហ្នឹង​ដែរ»
លោក​បញ្ជាក់​ថា ភាគី​កម្មករ និង​ខាង​ថៅកែ​រោងចក្រ បាន​ជួប​ចរចា​គ្នា​ម្ដង​ពេល​ព្រឹក ក៏ប៉ុន្តែ ការ​ចរចា​នោះ​មិន​ត្រូវ​គ្នា​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​បន្ត​កូដកម្ម​ពេញ​មួយ​ថ្ងៃ។ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​នៅ​ថ្ងៃ​បន្ទាប់ កម្មករ​ទាំង​នោះ​នឹង​ហែ​ក្បួន​តវ៉ា​ជា​បន្ត​ទៀត៕

ថៃ​បិទ​ច្រក​របៀង​ព្រំដែន​កម្ពុជា​ថៃ​ចំនួន​បី

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ច្រក​របៀង​ព្រំដែន​ដែល​ធ្លាប់​តែ​ដោះ​ដូរ​ទំនិញ​គ្នា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ ចំនួន​៣ ត្រូវ​ភាគី​ថៃ សម្រេច​បិទ​ជា​ឯកតោ​ភាគី កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា។
នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា ថា ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ភាគី​ថៃ បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ ច្រក​ជាំសាង៉ាំ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​ស៊ីសាកេត ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា គឺ​បាន​បិទ​ច្រក​របៀង​ជប់គគីរ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ខេត្ត​បូរីរ៉ាំ។
លោក ហោ ជិនវិរៈយុទ្ធ៖ «ថ្ងៃ​ទី​២២ ពី​ម៉ោង​៤​កន្លះ​មក គាត់​បិទ​នៅ​ច្រក​ជាំសាង៉ាំ ហើយ​ម៉ោង​៦ បិទ​នៅ​អូស្មាច់។ តំបន់​ជប់គគីរ យើង​បើក​តែ​២​ថ្ងៃ​ទេ ព្រហស្បតិ៍ សុក្រ ថ្ងៃ​នេះ​បិទ​ដូច​គ្នា។ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​យើង​ដែល​ចង់​ចាក​ចេញ​ពី​ប្រទេស​ថៃ មក​យើង គឺ​គាត់​អនុញ្ញាត​ឱ្យ​ចេញ ហើយ​ប្រជាពលរដ្ឋ​គាត់​ដែល​ចូល​ពី​ដី​ខ្មែរ​ទៅ​ប្រទេស​វិញ គឺ​គាត់​ឱ្យ​ចូល ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​ទំនិញ​ប្ដូរ​អី គឺ​គាត់​បិទ​ជា​បណ្ដោះ​អាសន្ន»
ប្រទេស​ថៃ សម្រេច​ចិត្ត​បិទ​ច្រក​នៅ​តាម​បណ្ដោយ​ព្រំដែន​​កម្ពុជា​ថៃ នេះ នៅ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​តែ​ប្រមុខ​យោធា​ថៃ ព្រមាន​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ពេល​ប្រទេស​នេះ​កំពុង​ស្ថិត​ក្រោម​ច្បាប់​អាជ្ញា​សឹក។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទបញ្ជា​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ប្រុង​ប្រយ័ត្ន​នឹង​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ត្រូវ​តែ​បង្កើន​បរិយាកាស​ល្អ សម្រាប់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ដដែល៕

គោល​នយោបាយ​ការ​បរទេស​កម្ពុជា​ប៉ះពាល់​ដោយ​ជម្លោះ​ក្នុង​តំបន់


វ៉ាស៊ីនតោន៖ ជម្លោះ​ទាំង​ពីរ​គឺ​វៀតណាម​និង​ចិន​ក្នុង​រឿង​ដែន​អធិបតេយ្យ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ ហើយ​នឹង​អំពើ​រដ្ឋប្រហារ​យោធា​ក្នុង​ប្រទេស​ថៃ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំនឹង​នយោបាយ​ការ​បរទេស​របស់​កម្ពុជា​ ប៉ះពាល់​សន្តិសុខ សន្តិភាព​ និង​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​កម្ពុជា​ទៀត​ផង។​ នេះ​ជា​ការ​អះអាង​របស់​លោក​ ឈាង វណ្ណារិទ្ធ ​សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ ​លីដស៍ (Leeds) ​ប្រទេស​អង់គ្លេស ​ដែល​បាន​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី ​ហេឡូ​វីអូអេ​កាល​ពីយប់​ថ្ងៃ​ព្រហស្បតិ៍។​

លោក​ថ្លែង​ថា៖ «បញ្ហា​ព្រំដែន​ជាមួយ​ថៃ​អាច​មាន​បញ្ហា​សន្តិសុខ​ខ្ពស់​ ព្រោះ​ថា​ក្រុម​អាវ​លឿង​ដូច​ជា​ក្រុម​កងទ័ព​ដែល​ធ្លាប់តែ​មាន​ជម្លោះ​ព្រំដែន​ជាមួយ​កម្ពុជា​យើង​តាំង​ពី​ឆ្នាំ​២០០៨ ​ដល់​ឆ្នាំ​២០១១ ​គឺក្រុម​ដដែល​អាច​ឡើង​មក​កាន់​អំណាច​ហើយ​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ជម្លោះ​នៅ​តាម​ព្រំដែន។​ ហើយ​យើង​មើល​ជម្លោះ​ប្រទេស​ចិន​និង​វៀតណាម​ ព្រោះ​ចិន​និង​វៀតណាម​ជា​ដៃគូ​សំខាន់​ជាង​គេ​បំផុត​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន​នេះ។​ ដូច្នេះ​ជម្លោះ​នៃ​ ប្រទេស​ទាំង​ពីរ​ហ្នឹង​ វា​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ទៅ​ដល់​លំនឹង​នយោបាយ​ ការបរទេស​របស់​កម្ពុជា​ ពីព្រោះ​ថា​យើង​មាន​ក្រុមមួយ​ស្និទ្ធ​នឹង​ក្រុង ហាណូយ ​ក្រុម​មួយ​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​ ហើយ​បញ្ហា​ជម្លោះ​ក្នុង​ប្រទេស ទាំង​ពីរ​ (ចិន ​វៀតណាម) ​ក៏​អាច​ធ្វើ​ឲ្យ​ក្រុម​ផ្សេងៗ​នៅ​កម្ពុជា​យើង ​ក៏​អាច មាន​ភាព​តានតឹង​ដែរ»។
លោក​ពន្យល់​បន្ថែម​ថា ​បញ្ហា​មួយ​ទៀត​គឺ​សមុទ្រ​ចិន​ខាងត្បូង​ជា​កន្លែង​ឆ្លង កាត់​ទំនិញ​ពិភពលោក​ដ៏​ធំ​ទី២៖ «ព្រោះ​ថា​សមុទ្រ​ចិនខាង​ត្បូង​គឺ​និយាយ​ឲ្យ​ចំ​គឺ​ខ្សែ​ពាណិជ្ជកម្ម​ធំ​ទី​២​លើ​ពិភពលោក ​ដែល​ឆ្លង​កាត់​តាម​សមុទ្រ​ចិន​ខាង​ត្បូង។​ អញ្ចឹង​បើ​មាន​ សង្គ្រាម​ជម្លោះ​ប្រដាប់​អាវុធ​មួយ​នៅ​ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង​ គឺ​វា​ធ្វើ​ឲ្យ​ ប្រព័ន្ធ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វ៊ិក ​មាន​ការ​ប៉ះពាល់​ ហើយ​ កម្ពុជា​យើង​ត្រូវការ​ច្រក​សមុទ្រ​ចិន​ខាង​ត្បូង​ហ្នឹង​ដែរ​ដើម្បី​ធ្វើ​ការ​នាំ​ចេញ​នាំចូល។​ អញ្ចឹង​វា​អាច​ប៉ះពាល់​ផ្នែក​ពាណិជ្ជកម្ម​ហ្នឹង»។

លោក​ថា ​វិបត្តិ​ក្នុង​តំបន់​ជា​ឱកាស​សម្រាប់​កម្ពុជា​ចាប់​យក​ផល​ប្រយោជន៍​ ដែរ​ តែ​កម្ពុជា​ខ្វះ​ឯកភាពជាតិ​និង​ស្ថាប័ន​រឹងម៉ាំ។​ លោក​បាន​ផ្តល់​អនុសាសន៍​ថា ​កម្ពុជា​ត្រូវ​ស្ថិត​នៅ​ជា​អព្យាក្រឹត​មិន​ចូល​បក្សសម្ព័ន្ធ​ ហើយ​ ស្វែងរក​ដៃគូ​យុទ្ធសាស្ត្រ​ច្រើន​ ទាំង​ក្នុង​តំបន់​អាស៊ាន​ ទាំង​ជាមួយ​ប្រទេស​ មហាអំណាច​ជាជាង​មាន​តែ​មួយ៕

ការតវ៉ា​នៅ​វៀតណាម​អាច​ឱ្យ​អ្នក​វិនិយោគទុន​ចិន​ងាក​មក​កម្ពុជា

 — ទោះ​បី​ជា​ប្រទេស​កម្ពុជា​មិន​ទាន់​ទទួល​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ណា​មួយពី​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​រវាង​ប្រទេស​វៀតណាម​និង​ចិនក៏​ដោយ ប៉ុន្តែ​អ្នក​វិភាគ​ខ្លះ​យល់​ថា​ជម្លោះ​រវាង​មហា​មិត្ត​ទាំង​ពីររបស់​គណបក្ស​កាន់​អំណាច​កម្ពុជា ​ជា​សម្ពាធដល់ផ្នែក​នយោបាយរបស់​កម្ពុជា។


ជម្លោះ​រវាង​ប្រទេស​វៀតណាម​និង​ចិន​ជុំ​វិញ​ដែន​អធិបតេ្យភាព​សមុទ្រ​ចិន​ខាង​ត្បូង​បាន​វិវត្តន៍​ទៅ​រក​អំពើ​ហិង្សា​កាល​ពី​សប្តាហ៍​មុន។ ក្នុង​នោះ​បាតុកម្ម​ប្រឆាំង​នឹង​ចិន​នៅ​វៀតណាម​នាំ​ឱ្យ​មាន​ការ​ដុត​រោងចក្រ​ចិន​យ៉ាង​តិច​ណាស់​១៥​រោងចក្រ ​និង​មាន​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បាន​សម្លាប់​និង​ឃាត់​ខ្លួន។ ហើយ​មកទល់​ពេល​នេះ​មាន​ពលរដ្ឋ​ចិន​ជាង​មួយ​ពាន់​នាក់​បាន​ភៀស​ខ្លួន​ចេញ​ពី​ប្រទេស​វៀតណាម​មក​កាន់​កម្ពុជា​ ស្រប​ពេល​ដែល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​ក្រុង​ហាណូយ​នៅ​តែ​ដំឡើង​សាច់​ដុំ​ដាក់​គ្នា​នៅ​ឡើយ។

ទោះ​បី​ជា​យ៉ាង​ណា​ទំនាស់​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​ដែល​ស្និទ្ធ​នឹង​រដ្ឋាភិបាល​កម្ពុជាមិន​ទាន់​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​និង​បណ្តូរ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា ​ចិន​និង​វៀតណាម​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​លោក កែន រដ្ឋា អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម។

​លោក កែន រដ្ឋា បង្ហើប​ឱ្យ​ដឹង​ថា​មាន​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​ដែល​ដាក់​ទុន​នៅ​វៀតណាម​កំពុង​ពិចារណា​បង្វែរ​ទុន​របស់​ខ្លួន​មក​កម្ពុជា​វិញ​ដែល​ជា​ឱកាស​មួយ​សម្រាប់​កម្ពុជា។

«អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​គាត់​គ្រោង​នឹង​សិក្សា​ពី​លទ្ធភាព​វិនិយោគ​នៅ​ស្រុក​យើង​បន្ថែម ជា​ពិសេស​អ្នក​ដែល​មាន​ទុន​វិនិយោគ​រួច​ហើយ​នៅ​ប្រទេស​វៀតណាម។ អញ្ចឹង​គាត់​គ្រោង​នឹង​រៀបចំ​គណៈប្រតិភូ​របស់​គាត់​ដើម្បី​មក​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​ខាង​យើង»។

លោក ចេង ហុងបូ អ្នក​នាំ​ពាក្យ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​ ថ្លែង​ថា​មក​ទល់​ពេល​នេះ​អ្នក​វិនិយោគ​ចិន​មួយ​ចំនួន​នៅ​តែ​បន្ត​ស្នាក់នៅ​ប្រទេស​កម្ពុជា​នៅ​ឡើយ ដោយ​សារ​បារម្ភ​ពី​បាតុកម្ម​ប្រឆាំង​ជនជាតិ​ចិន​នៅ​ប្រទេស​វៀតណាម។

«​ពួកគេ​ខ្លះ​នៅ​តែ​ស្នាក់នៅ​កម្ពុជា​នៅ​ឡើយ ហើយនៅ​ពេល​ដែល​ស្ថានការណ៍​ស្ងប់​ស្ងាត់​ពួកគេ​នឹង​ត្រឡប់​ទៅ​ប្រទេស​វៀតណាម​វិញ​ហើយ»។

វៀតណាម​ជា​អ្នក​ជួយ​ផ្តួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ខ្មែរ​ក្រហម និង​ជួយ​ជ្រោមជ្រែង​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​បច្ចុប្បន្ន​ឱ្យ​បាន​ឡើង​កាន់​អំណាច​ក្រោយ​ពី​ការ​ដួល​រលំ​របប​នេះ។

ក្រឡេក​ទៅ​មើល​ចិន​វិញ ​ចិនជាម្ចាស់​បំណុល​ផង និង​ជា​ប្រទេស​ម្ចាស់​ជំនួយ​ដ៏​ធំមួយ​ផង​របស់​កម្ពុជា។ ត្រឹម​ឆ្នាំ​២០១២ ​ចិន​ផ្តល់​កម្ចី​និង​ជំនួយ​ដល់​កម្ពុជា​ប្រមាណ​២,៧​ពាន់​លាន​ដុល្លារ ​ដែល​ធ្វើ​ឱ្យ​ចិន​ជា​ប្រទេស​ផ្តល់​ជំនួយធំ​លំដាប់​ទី​ពីរ​បន្ទាប់​ពី​ជប៉ុន ​ដល់​ប្រទេស​កម្ពុជា​ដែល​កំពុង​ពឹង​ផ្អែក​ខ្លាំង​លើ​ជំនួយ​បរទេស។

បើ​និយាយ​ពី​ការ​បណ្តាក់​ទុន​រក​ស៊ី​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​វិញ ​ទាំង​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​លេច​ធ្លោ​ដូច​គ្នា។

បច្ចុប្បន្ន​វៀតណាម​នៅ​តែ​ជា​ដៃ​គូ​ពាណិជ្ជកម្ម​និង​វិនិយោគ​ទុន​ដ៏​សំខាន់​របស់​កម្ពុជា ​ដោយ​មាន​ទឹក​ប្រាក់​វិនិយោគ​៣០២​លាន​ដុល្លារ ​និង​បណ្តូរ​ពាណិជ្ជកម្ម​ទ្វេភាគីជាមួយ​កម្ពុជា​ទំហំ​៣,៤៣​ពាន់ដុល្លារ ​នៅ​ឆ្នាំ​២០១៣។ ចំណែក​វិនិយោគ​ពី​ចិន​មាន​ទំហំ​៤២៧​លាន​ដុល្លារ​និង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ជាង​៣​ពាន់​លាន​ដុល្លារ​សម្រាប់​ឆ្នាំ​២០១៣។

បើ​និយាយ​ពី​ទេសចរណ៍​វិញ ​ទេសចរ​វៀតណាម​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ១​ដោយ​មានអ្នក​ទេសចរ​៨៥​ម៉ឺន​នាក់​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​២០១៣  និង​តាម​ពី​ក្រោយ​ដោយ​ចិន​៤៦​ម៉ឺន​នាក់។

លោក ថោង ខុន រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍​ថ្លែង​ប្រាប់​វីអូអេ​ ខេមរភាសា​ថា​ជម្លោះ​រវាង​ចិន​និង​វៀតណាម​មិន​ទាន់​ប៉ះពាល់​ដល់​លំហូរ​ទេសចរ​បរទេស​មក​កម្ពុជា​នៅ​ឡើយ​ទេ។

«ភ្ញៀវ​ទេសចរណ៍​ចិន​មក​កម្ពុជា​មិន​ទាន់​មាន​ការ​ប៉ះពាល់​ទេ ​ដោយ​សារ​គេ​មក​ភាគ​ច្រើន​តាម​អាកាស។ ហើយ​ភ្ញៀវ​ទេសចរណ៍​វៀតណាម​មក​កម្ពុជា​ក៏​អត់​ទាន់​ប៉ះពាល់​ដែរ។ ហើយ​យើង​កំពុង​តែ​តាម​ដាន​ថា​ភ្ញៀវ​ទេសចរណ៍​ប្រទេស​ទី​បី​មក​កាន់​វៀតណាម​មាន​ការ​ថយ​ចុះ​ឬ​អត់?»

ក្នុង​ន័យ​នយោបាយ​វិញ ​ទាំង​ប្រទេស​កុម្មុយនីស្ត​វៀតណាម​ទាំង​ចិន​សុទ្ធ​តែ​ជា​មហាមិត្ត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មិន​អាច​ខ្វះ​បាន​ដូច​គ្នា ​ ជា​ពិសេស​ខណៈ​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​រង​សម្ពាធ​ពី​គណបក្ស​ប្រឆាំង​និង​សហគមន៍​អន្តរជាតិ​ចំពោះ​ភាព​ស្រប​ច្បាប់​របស់​ខ្លួន។

លោក​បណ្ឌិត​ ឈាង វណ្ណារិទិ្ធ ​សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​លីដ​ប្រទេស​អង់គ្លេស​និង​ជា​អ្នក​វិភាគ​នយោបាយ​ម្នាក់​យល់​ថា ​ជម្លោះ​ដែន​សមុទ្រ​រវាង​ប្រទេស​កុម្មុយនីស្ត​ទាំង​ពីរ​ជា​សម្ពាធ​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។

«កម្ពុជា​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ដែល​លំបាក​ និយាយ​ឱ្យ​ចំ​ទៅ។ ពិបាក​ដោយ​សារ​គណបក្ស​ប្រជាជន ដែល​ជា​គណបក្ស​កាន់​អំណាច​បច្ចុប្បន្ន​ហ្នឹង​គឺ​គាត់​ត្រូវ​ការ​ទាំង​ពីរ ទាំង​ប្រទេស​វៀតណាម​និង​ចិន​ដើម្បី​ពង្រឹង​អំណាច​នៅ​ប្រទេស​កម្ពុជា។ ​ផល​ប៉ះពាល់​ទៅ​ដល់​ស្ថានការណ៍​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​ដែរ។ ប្រហែល​ជា​មាន​ការ​ប្រទាញ​ប្រទង់​ច្រើន​រវាង​ក្រុម​ដែល​ស្និទ្ធ​នឹង​ក្រុង​ហាណូយ​និង​ក្រុម​ដែល​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង»។

លោក​ឈាង វណ្ណារិទ្ធិ ​អត្ថាធិប្បាយ​បន្ថែម​ថា​ក្នុង​កាលៈទេសៈ​បែប​នេះ ​រដ្ឋាភិបាល​កម្ពុជា​គួរ​រក្សា​ជំហ​អព្យាក្រឹត​ស្រប​តាម​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន។

លោក កុយ គួង ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស ​អះអាង​ថា​កម្ពុជា​នៅ​តែ​ឈរ​នៅ​កណ្តាល​ជា​និច្ច​ក្នុង​ជម្លោះ​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ និង​អំពាវនាវ​ឱ្យ​មាន​ការ​ដោះស្រាយ​ទំនាស់​ដោយ​សន្តិវិធី។

«​ចិន​ក៏​ជា​មិត្ត​របស់​កម្ពុជា ​វៀតណាម​ក៏​ជា​មិត្ត​របស់​កម្ពុជា។ កម្ពុជា​សង្ឃឹម​ថា​បញ្ហា​នានា​នឹង​ដោះស្រាយ​ដោយ​សន្តិវិធី។ យើង​អត់​កាន់​ខាង​ណា​ទេ។ យើង​រក្សា​ជំហរ​អព្យាក្រឹត»។

នា​ពេល​ថ្មី​ៗ​នេះ ​រដ្ឋាភិបាល​កម្ពុជា​បាន​ជំទាស់​ទៅ​ហ្នឹង​សំណើ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន​របស់​ជនជាតិ​វៀតណាម​ដែល​រស់​នៅ​កម្ពុជា ​ហើយ​អះអាង​ថា​គ្មាន​ជនជាតិ​ណា​អាច​យក​ទឹក​ដី​កម្ពុជា​ទៅ​ប្រឆាំង​នឹង​ជនជាតិ​មួយ​ទៀត​បាន​ទេ។ ហើយ​នៅ​ពេល​ជម្លោះ​នេះ​កំពុង​តាន​តឹង ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បាន​ផ្ញើ​កំណត់​ទូត​មួយ​មក​កម្ពុជា​ដោយ​ស្នើ​ឱ្យ​ជួយ​រក្សា​សន្តិសុខ​ដល់​ពលរដ្ឋ​ខ្លួន។ ជា​ការ​ឆ្លើយ​តប រដ្ឋាភិបាល​កម្ពុជា​បាន​អះអាង​ថា​ខ្លួន​បាន​ការពារ​ជនជាតិ​ចិន​នៅ​ក្នុង​ប្រទេស​ខ្លួន​ មុន​ពេល​ទទួល​បាន​កំណត់​ទូត​នោះ​ទៅ​ទៀត។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​ប្រទេស​ចិន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​ភាគី​ចិន​បាន​ផ្តល់​ប្រាក់​កម្ចី​និង​ជំនួយ​គ្មាន​សំណង​ជិត​១៥០​លាន​ដុល្លារ​ដល់​ភាគី​កម្ពុជា៕

យោធា​ថៃ​ធ្វើ​រដ្ឋប្រហារ​និង​ព្យួរ​រដ្ឋធម្មនុញ្ញ

 — យោធា​ថៃ​បាន​ចូល​ត្រួតត្រា​ប្រទេស​ជា​ផ្លូវការនៅ​ក្នុង​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គឺ​២​ថ្ងៃ​ក្រោយពី​មេបញ្ជារ​ការ​កងទ័ព ​បាន​ដាក់​ច្បាប់​អាជ្ញាសឹក។ ​ពួក​យោធា​បាន​ឃុំ​ឃាំង​ពួក​មន្រ្តី​រដ្ឋាភិបាលហើយ​បាន​រឹត​បន្តឹង​បណ្តាញ​ផ្សាយ​ព័ត៌មាន។

ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់-អូចា (Prayuth Chan-ocha) មេ​បញ្ជាការកងទ័ព​ថៃ ​ដែល​ត្រូវ​បាន​អម​ដោយ​មេដឹកនាំ​កងកម្លាំង​ប្រដាប់​អាវុធ ​បាន​ប្រកាស​រដ្ឋ​ប្រហារ​នេះ​នៅ​ក្នុង​សន្ទរកថាមួយ​ដែល​បាន​ផ្សាយ​តាម​គ្រប់​ស្ថានីយ​ទូរទស្សន៍​សំខាន់ៗទាំងអស់កាល​ពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ ​ហើយ​បាន​ប្រកាស​ថា ស្ថាប័ន​យោធា​និង​ប៉ូលីស​ ឥឡូវ​នេះ​ជា​អ្នក​ចាត់ចែង​រដ្ឋាភិបាល​របស់​រាជាណាចក្រ​នេះ។

លោក​ឧត្តមសេនីយ៍ ​និយាយ​ថា ​វា​ជា​ការណ៍​ចាំបាច់ដែល​យោធា​និង​ប៉ូលីស ត្រួត​ត្រាប្រទេស។ ​លោក​និយាយ​ទៀត​ថា ​កងទ័ព​នឹង​ស្តារ​សណ្តាប់​ធ្នាប់​ឡើង​វិញ​ ហើយ​នឹងជំរុញឲ្យ​មាន​ការ​កែទម្រង់​ខាង​នយោបាយ»។

ពួក​យោធា​និយាយ​ថា ស្ថាប័ន​គ្រប់​គ្រង​ថ្មី​របស់​ថៃ ​មាន​ឈ្មោះ​ថា ក្រុម​ប្រឹក្សា​ថែ​រក្សា​សន្តិភាព​និង​សណ្តាប់​ធ្លាប់​ជាតិ (National Peace and Order Maintaining Council - NOMC) ​ដែល​ដឹកនាំ​ដោយ​លោក​មេបញ្ជាការយោធា Prayuth។
 បន្ទាប់​ពី​ការ​ប្រកាស​រដ្ឋប្រហារ​នោះ ​យោ​ធា​បាន​ឃុំ​ឃាំង​ពួក​មន្រ្តី​ជាន់​ខ្ពស់ក្នុង​រដ្ឋាភិបាល​ចាំផ្ទះ​និង​មេដឹកនាំ​របស់​គណបក្ស​គូ​ប្រជែង​នានា។ ​ក្រោយ​មក ​ពួក​យោធា​បាន​បញ្ជាសមាជិក​ផ្សេងៗ​ទៀត​របស់​គណៈរដ្ឋមន្រ្តី​ចាំផ្ទះ​ ​រួម​ទាំង​នាយករដ្ឋមន្រ្តី​ស្តី​ទី​ផង ឲ្យ​ប្រគល់​ខ្លួន​នៅ​ការិយាល័យ​កណ្តាល​របស់​យោធា​ប្រចាំរាជធានី​បាងកក។

​ពួក​ទាហាន​បាន​ចូល​អន្តរាគមន៍ដើម្បី​បោស​សម្អាត​កន្លែង​បាតុកម្ម​សំខាន់ៗ​២​កន្លែង ​ដែល​នៅ​ទី​នោះ​ទាំង​បាតុករលម្អៀង​ទៅ​រដ្ឋាភិបាល​និង​បាតុករ​ប្រឆាំងរដ្ឋាភិបាល ​បាន​ធ្វើ​បាតុកម្ម​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ។ ពួក​យោធា​បាន​បំបែក​ហ្វូង​មនុស្ស​ហើយ​បាន​ឃុំ​ខ្លួនពួក​មេដឹកនាំ​ជា​ច្រើន។

​យោធា​ក៏​បាន​ប្រកាស​ដាក់​បំរាម​គោចរ​ទូទាំង​ប្រទេស​ជាតិចាប់​តាំង​ពី​ម៉ោង១០យប់​រហូត​ដល់​ម៉ោង​៥​ភ្លឺ។

​ស្ថានីយ​ទូរទស្សន៍​និង​វិទ្យុក្នុង​ស្រុក​ទាំងអស់ ត្រូវ​គេ​បញ្ជា​ឲ្យ​ផ្អាក​កម្មវិធី​ផ្សាយ​របស់​ខ្លួន។ ​ការ​ផ្សាយ​ព័ត៌មាន​បរទេស​ក៏​ត្រូវ​កាត់​ផ្តាច់​ដែរ។ ​សេវាកម្ម​អ៊ីនធឺណិត ​ទំនងជា​មិន​មាន​ប៉ះពាល់។

​ពួក​អាវ​ក្រហមដែល​លម្អៀង​ទៅ​រដ្ឋាភិបាល​ ​បាន​ចាក​ចេញពី​កន្លែង​ធ្វើ​បាតុកម្មនៅ​ជាយ​រាជធានី​បាងកក​ ​ក៏ប៉ុន្តែ​នៅ​លើ​បណ្តាញព័ត៌មាន​សង្គម ពួក​គេ​បន្ត​ធ្វើ​ការ​ប្រឆាំង។ សារ​មួយ​តាម​បណ្តាញ​ Twitter ពី​រណសិរ្ស​រួប​រួមដើម្បី​លទ្ធិប្រជាធិបតេយ្យ​ប្រឆាំងរបប​ផ្តាច់ការ (UDD) បាន​ព្រមាន​ឲ្យ«ប្រុង​ប្រៀប​ធ្វើ​ការ​សងសឹក»។ ​

នៅ​កន្លែង​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​វិញ ​បាតុករជាច្រើន​បាន​ស្វាគមន៍​រដ្ឋប្រហារ​នោះ ​ដោយ​មើល​ឃើញ​រដ្ឋប្រហារ​នោះ​ថា​ជា​វិធានការ​ចុងក្រោយនៅ​ក្នុង​ការ​ដក​គូ​ប្រកួតប្រជែង​ខាង​នយោបាយរបស់​ខ្លួន​ចេញ​ពី​អំណាច។

ឥឡូវ​នេះ​ ប្រទេស​ថៃ​បាន​ជួប​ប្រទះ​រដ្ឋ​ប្រហារ​ឬ​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋប្រហារ​ចំនួន​១៩​លើក​ហើយ ​ចាប់​តាំង​ពី​ឆ្នាំ​១៩៣២​មក។ ​លោក​ Carl Thayer ​ជា​សាស្រ្តាចារ្យខាង​នយោបាយមក​ពី​សាកល​វិទ្យាល័យ New South Walesនៃ​ប្រទេស​អូស្រ្តាលី។

លោក​ថ្លែង​ថា៖ «ប្រទេស​ថៃ​មាន​ការ​បែក​បាក់​យ៉ាង​ខ្លាំង។ ​ពួក​យោធា​មិន​អព្យាក្រឹត​ទេ។ ​ពួក​យោធា​គាំទ្រ​ស្ថាប័ន​ព្រះមហាក្សត្រ ហើយ​រដ្ឋ​ប្រហារ​នៅ​ពេលនេះ​អាច​នាំ​ឲ្យ​មាន​ការ​តស៊ូ​ប្រឆាំង​ការ​គ្រប់​គ្រង​របស់​ពួក​យោធា។ ​វា​ដូច​ជា​ព្រឹត្តិការណ៍​កាល​ពី​ឆ្នាំ​២០០៦​ បានចាប់​ផ្តើម​ម្តង​ទៀតអញ្ចឹង»។

រដ្ឋប្រហារយោធា​ក្នុង​ឆ្នាំ​២០០៦ ​បាន​នាំ​ឲ្យ​មាន​ការ​កែប្រែរដ្ឋធម្មនុញ្ញ​ដែល​មាន​គោល​បំណងបង្កើត​ប្រព័ន្ធ​នយោបាយ​ដែល​មាន​ស្ថេរភាព​កាន់​តែ​ខ្លាំង​ឡើង។ ​កាល​ពី​ចុង​ឆ្នាំ​ទៅ ​បាតុករ​ប្រឆាំង​រដ្ឋាភិបាល​បាន​ចាប់​ផ្តើម​បាតុកម្ម​របស់​ខ្លួន​ក្នុង​ទីក្រុង​បាងកក ​ដើម្បី​ទម្លាក់​រដ្ឋាភិបាល​ជាប់​ឆ្នោត​ហើយ​នឹង​អនុវត្ត​ការ​ធ្វើ​កំណែ​ទម្រង់ខាង​នយោបាយសំខាន់ៗ​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត។

​៦​ខែ​ក្រោយ​មក បន្ទាប់ពី​មនុស្ស​២៨​នាក់​បាន​ត្រូវ​សម្លាប់​ហើយ​នឹង​៧០០​នាក់​ទៀត​បាន​រង​របួស​នៅ​ក្នុងអំពើ​ហិង្សា ដែល​បាន​ទាក់​ទិន​នឹង​ការ​តវ៉ា​ប្រឆាំង​ខាង​នយោបាយ​នោះ​ ​កងទ័ព​និយាយ​ថា ​ខ្លួន​បាន​ចូល​កាន់​កាប់​អំណាច​ដើម្បី​បញ្ចប់អំពើ​ហិង្សា​នេះ៕