Saturday, May 24, 2014

កម្មករ​រោងចក្រ​នៅ​តាកែវ​ធ្វើ​កូដកម្ម​ទាមទារ​ដំឡើង​ប្រាក់​ថ្លៃ​បាយ

កម្មករ​រោងចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ហ្វាយស្តារ កម្ពុជា (Five Stars Cotton Garment Cambodia) នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​៣ ក្នុង​ដែន​ដី​ខេត្ត​តាកែវ ចំនួន​ជិត ៦០០​នាក់ នាំ​គ្នា​ធ្វើ​កូដកម្ម​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ឧសភា។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា ថ្លែង​ថា កូដកម្ម​របស់​កម្មករ​នៅ​រោងចក្រ​នេះ គឺ​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ដំឡើង​ប្រាក់​ថ្លៃ​បាយ៖ «ផ្ទុះ​ការ​តវ៉ា​ក្នុង​គោល​បំណង​ទាមទារ​ឱ្យ​ភាគី​ក្រុមហ៊ុន​ហ្នឹង ផ្ដល់​លុយ​បាយ អាហារ​ថ្ងៃ​ត្រង់ ២​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ ហើយ​មួយ​ទៀត​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ផ្ដល់​លុយ​បាយ​ថែម​ម៉ោង គឺ​មួយ​ម៉ោង ២​ពាន់​រៀល ហើយ​ក្នុង​នោះ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ ដែល​ដឹក​នាំ​ដោយ​ខ្ញុំ កំពុង​ធ្វើ​ការ​សម្រប​សម្រួល ប៉ុន្តែ​យើង​ឃើញ​ថា ខាង​ភាគី​ក្រុមហ៊ុន​ហាក់​ដូច​ជា​បដិសេធ​មិន​ធ្វើ​ការ​ដោះស្រាយ​អ្វី​ទាំងអស់។ បើ​យើង​ប្រៀបធៀប​រោងចក្រ​ក្នុង​តំបន់​តាម​ផ្លូវ​ជាតិ​លេខ​៣ ទាំងអស់ គឺ​គេ​បាន​អនុវត្ត​រួច​ចំពោះ​លក្ខខណ្ឌ​ការងារ​ហ្នឹង។ អ៊ីចឹង​ហើយ ទើប​បណ្ដាល​ឱ្យ​បង​ប្អូន​កម្មករ​ហ្នឹង​ការ​ទាមទារ ដើម្បី​ឱ្យ​ក្រុមហ៊ុន​របស់​គាត់​អនុវត្ត​ដូច​ជា​ក្រុមហ៊ុន​ដទៃ​ដែល​នៅ​ជុំវិញ​ហ្នឹង​ដែរ»
លោក​បញ្ជាក់​ថា ភាគី​កម្មករ និង​ខាង​ថៅកែ​រោងចក្រ បាន​ជួប​ចរចា​គ្នា​ម្ដង​ពេល​ព្រឹក ក៏ប៉ុន្តែ ការ​ចរចា​នោះ​មិន​ត្រូវ​គ្នា​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​កម្មករ​បន្ត​កូដកម្ម​ពេញ​មួយ​ថ្ងៃ។ លោក ប៉ាវ ស៊ីណា បញ្ជាក់​ថា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​នៅ​ថ្ងៃ​បន្ទាប់ កម្មករ​ទាំង​នោះ​នឹង​ហែ​ក្បួន​តវ៉ា​ជា​បន្ត​ទៀត៕

No comments:

Post a Comment