Saturday, May 24, 2014

មន្ត្រី​អូស្ត្រាលី​ថាជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី​អាច​មក​នៅ​កម្ពុជា​បាន​ហើយ

មន្ត្រី​អូស្ត្រាលី​អះអាង​ថា ជន​ភៀស​ខ្លួន​ដែល​រស់នៅ​ប្រទេស​​តំបន់​កោះ​ ណូរូ (Nauru) នៃ​សមុទ្រ​ប៉ាស៊ីហ្វិក អាច​មក​តាំង​ទី​លំនៅ នៅ​កម្ពុជា​បាន​ហើយ។
រដ្ឋមន្ត្រី​អន្តោប្រវេសន៍ អូស្ត្រាលី លោក ស្កុត ម័រីសុន (Scott Morrison) ត្រូវ​បាន​ទីភ្នាក់ងារ​សារព័ត៌មាន​អាមេរិក អេ ភី (AP) ស្រង់​សម្ដី​ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​២២ ឧសភា ថា ក្រុម​ជន​ភៀស​ខ្លួន​​​នៃ​ប្រទេស​តំបន់​កោះ ណូរូ (Nauru) មុន​គេ អាច​ត្រូវ​បាន​បញ្ជូន​មក​តាំង​ទី​លំនៅ នៅ​​កម្ពុជា​បាន តាមរយៈ​កិច្ច​ព្រមព្រៀង នៃ​ប្រទេស​ទាំង​ពីរ កម្ពុជា-​អូស្ត្រាលី។
ទោះយ៉ាងណា លោក ស្កុត ម័រីសុន មិន​បាន​បញ្ជាក់​ថា តើ​កិច្ច​ព្រមព្រៀង​ប្រគល់​និង​ទទួល​ជន​ភៀស​ខ្លួន រវាង​អូស្ត្រាលី និង​កម្ពុជា នឹង​សម្រេច​​នៅ​ពេល​ណា​ទេ។
សព្វថ្ងៃ អូស្ត្រាលី បាន​បង់​ប្រាក់​ឲ្យ​ប្រទេស​មួយ​ចំនួន​ដូច​ជា៖ ណូរូ (Nauru) ប៉ាពូញូវហ្គីនី (Papua New Guinea) សម្រាប់​ថ្លៃ​បោះ​ជុំរុំ​ជន​ភៀស​ខ្លួន​ទាំង​នោះ។
កាលពី​ខែ​កុម្ភៈ ឆ្នាំ២០១៤ ភាគី​អូស្ត្រាលី​បាន​សុំ​ឲ្យ​កម្ពុជា ​ជួយ​ទទួល​ជន​ភៀសខ្លួន មកពី​ប្រទេស​នានា ដែល​បាន​ភៀស​ខ្លួន​តាម​សមុទ្រ​ទៅ​អូស្ត្រាលី តែ​មក​ទល់​ពេល​នេះ ភាគី​កម្ពុជា​នៅ​មិន​ទាន់​សម្រេច​ចិត្ត​ថា តើ​ត្រូវ​ទទួល​ជន​ភៀស​ទាំង​នោះ តាម​សំណើ​របស់​ភាគី​អូស្ត្រាលី នៅ​ឡើយ​ទេ។
សំណើ​បញ្ជូន​ជន​ភៀស​ខ្លួន​របស់​ភាគី​អូស្ត្រាលី មក​តាំង​លំនៅ នៅ​កម្ពុជា​នេះ ត្រូវ​បាន​សង្គម​ស៊ីវិល​រិះគន់​ថា ជា​រឿង​មិន​អាច​ទទួលយក​បាន ដោយ​សំអាង​ថា កម្ពុជា​ជា​ប្រទេស​ក្រីក្រ មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ឡើយ។ ម្យ៉ាងវិញទៀត ​សង្គម​ស៊ីវិល​បាន​​មន្ទិល​ថា កិច្ច​ព្រមព្រៀង​ប្រគល់​និង​ទទួល​ជន​ភៀស​ខ្លួន​នេះ នៃ​ភាគី​ទាំង​ពីរ អាច​បង្កប់​ទៅ​ដោយ​​អំពើ​ពុក​រលួយ​ទៀត​ផង៕

No comments:

Post a Comment