Friday, May 16, 2014

​រយៈពេល​៤​ខែ ​ស៊ី​ធី​អ៊ីន​ ប្រមូល​បាន​ថវិកា​ជាង​២៨​ម៉ឺន​ដុល្លា​រជួយ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ឆា​

ភ្ញៀវ​ប្រចាំថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI​នៅថ្ងៃនេះ គឺ​លោក សោម ឆាយា អគ្គនា​យក​​រង​បណ្តាញ​ទូរទស្សន៍​កម្ពុជា CTN​។ CTN ដែល​ទើបតែ​បានបញ្ចប់​យុទ្ធនាការ​រយៈពេល៤ខែ ដើម្បី​ប្រមូល​ថវិកា​បាន​ជាង២៨ម៉ឺន​ដុល្លា​រអាមេរិក យកទៅជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា ដែល​កំពុង​ស្រែក​ដង្ហោយ​ហៅរក​ជំនួយមក​ទប់​នឹង​ការចំណាយ យ៉ាង​សន្ធឹកសន្ធាប់ ជា​រៀង​រាល់​ថ្ងៃ​។​ ឆ្លើយ​នឹង​សំណួរ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI លោក សោម ឆាយា អគ្គនាយករង​បណ្តាញ​ទូរទស្សន៍​កម្ពុជា CTN បានឲ្យដឹងថា ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​ច្រើនឡើង បាន​ចូលរួម​នៅក្នុង​មូលនិធិ​នេះ ហើយ​លោក រំពឹងថា ប្រជាពលរដ្ឋ​ខ្មែរ នឹង​បន្ត​ជួយ​ដល់​មន្ទីរពេទ្យ​នេះ តាមរយៈ​សកម្មភាពផ្សេងៗទៀត។

បញ្ហាចិននឹងវៀតណាម កាន់តែយ៉ាប់យឺន

ចិនបង្វិលមីស៊ីលរបស់ខ្លួនតម្រង់ទៅទីក្រុងហាណូយ បន្ទាប់ពីយូនបានដុតបំផ្លាញរោងចក្ររបស់ចិននៅវៀតណាមអស់ជាងដប់កន្លែង នឹងបណ្ដាលអោយជនជាតិចិនស្លាប់ជាង១០អ្នក។

ភាព​ចលាចល​នៅ​ថៃ​និង​វៀតណាម​អាច​ឲ្យ​កម្ពុជា​ប្រឈម​នឹង​​កង្វះ​ទំនិញ​ប្រើប្រាស់

ប្រទេស​កម្ពុជា​អាច​ទទួល​បាន​ទាំង​ឱកាស និង​ឧបសគ្គ​ពី​ភាព​ចលាចល​នៅ​ប្រទេស​ថៃ និង​វៀតណាម។ ជម្លោះ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ និង​បាតុកម្ម​ប្រឆាំង​នឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​វៀតណាម​នោះ អាច​បង្ក​ឲ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ផ្លាស់​ទី​មក​កម្ពុជា​ប៉ុន្តែ​កម្ពុជា​វិញ អាច​បាត់បង់​ចំណែក​ទីផ្សារ​កសិផល​របស់​ខ្លួន និង​អាច​ប្រឈម​ពី​ភាព​ខ្វះ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស។
កម្ពុជា​ជា​ប្រទេស​នាំចូល​ទំនិញ ដោយសារតែ​កម្ពុជា​បាន​ចាប់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ដោយ​បើក​ចំហ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ ម្យ៉ាងវិញទៀត​មូលដ្ឋាន​ផលិត​ទំនិញ​ប្រើប្រាស់​របស់​កម្ពុជា​វិញ​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​នាំចូល​ទំនិញ ភាគច្រើន​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។
បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​នេះ​មាន​វិបត្តិ​ធ្ងន់ធ្ងរ ពី​ភាព​ជាប់​គាំង​នយោបាយ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ និង​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​វៀតណាម ពី​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ វិបត្តិ​ទាំង​នេះ​អាច​បង្អាក់​ដល់​ដំណើរការ​ផលិតកម្ម ដើម្បី​ផ្គត់ផ្គង់​ចរាចរ​ទំនិញ​នៅ​ក្នុង​ស្រុក​និង​បរទេស។
ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​មាន​ភាព​តានតឹង ចាប់​តាំង​ពី​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​ដក​ដំណែង នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៤។ នៅ​ពេល​នោះ​អ្នក​គាំទ្រ​អ្នកស្រី យីងឡាក់ បាន​ចេញ​មក​តវ៉ា​រហូត​បណ្ដាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ថៃ​យ៉ាងហោចណាស់ ២​នាក់​បាន​ស្លាប់ និង​ជាង​២០​នាក់ ផ្សេងទៀត​បាន​រង​របួស។
ចំណែក​ភាព​វឹកវរ​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​វិញ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ យ៉ាង​ហោច​ណាស់​២០​នាក់​បាន​ស្លាប់ និង​មាន​ដុត​បំផ្លាញ​រោងចក្រ​ដែកថែប​ធំ​បំផុត​មួយ ដែល​កំពុង​សាងសង់​នៅ​វៀតណាម។ សារព័ត៌មាន​របស់​វៀតណាម​ជាច្រើន បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​នេះ រោងចក្រ​ចិន ប្រមាណ​ជិត​៥០០ ត្រូវ​ខូចខាត​បន្តិចបន្តួច ពី​ការ​តវ៉ា​ប្រឆាំង​រឿងក្ដី​ក្ដាំ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ាន​ចិន​លើ​បញ្ហា​នេះ​បាន​បញ្ចប់​រយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។
បញ្ហា​កំពុង​កើតឡើង​នៅ​ប្រទេស​ថៃ និង​វៀតណាម​នេះ​អាច​ប៉ះពាល់​ដល់​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​ប្រសិនបើ ការ​នាំ​ចូល​ទំនិញ​ប្រើប្រាស់​មក​កម្ពុជា មានការ​ធ្លាក់​ចុះ។
អ្នកវិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា នៅ​ពេល​ប្រទេស​ដែល​នាំចេញ​មាន​បញ្ហា ប្រទេស​នាំចូល​ក៏​ត្រូវ​ជួប​បញ្ហា​ខ្វះ​ស្បៀង​ប្រើប្រាស់​ដែរ។ ជាក់ស្ដែង​ប្រទេស​កម្ពុជា នាំចូល​ទំនិញ​ប្រើប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។
របាយការណ៍​របស់​ស្ថានទូត​ថៃ និង​វៀតណាម​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ដែល​ប្រទេស​ថៃ​នាំ​ចូល​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ប្រចាំ​ឆ្នាំ​២០១៣។ ចំណែក​ការ​នាំ​ចូល​របស់​វៀតណាម​នៅ​កម្ពុជា​វិញ មានតម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក។
ក្រៅ​ពី​នេះ​ការ​វិនិយោគ​របស់​ប្រទេស​ថៃ​នៅ​កម្ពុជា មាន​ទឹកប្រាក់​ជាង​១២០(មួយ​រយ​ម្ភៃ​មួយ​) លាន​ដុល្លារ​អាមេរិក និង​ប្រទេស​វៀតណាម​មាន​ចំនួន​៨៦លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១២។
ទោះជា​យ៉ាង​ណា​ក៏​ដោយ​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ភាព​ចលាចល​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម មិន​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​កម្ពុជា ដូច​ប្រទេស​ថៃ​ឡើយ។ ការ​ព្រួយ​រូបារម្មណ៍​នោះ គឺ​វិបត្តិ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ខែ។ បញ្ហា​នេះ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​រាប់​ម៉ឺន​សហគ្រាស​ផលិតកម្ម និង​ការនាំចេញ។
អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា អ្នកស្រី ជីវ៉ាណាន់ វង្សមង្គល (Jiranan Wongmonkol) ធ្លាប់​អះអាង​ថា​ទោះបីជា​ប្រទេស​ថៃ កំពុង​ជួបប្រទះ​ពី​ភាព​ជាប់​គាំង​នយោបាយ​ក៏ដោយ ប៉ុន្តែ​ការនាំចេញ​និង​នាំចូល នៅ​តែ​មាន​សកម្មភាព​ដ​ដែល៖ «ប្រទេស​នីមួយៗ​តែង​តែ​មាន​បញ្ហា វិបត្តិ​ខាង​នយោបាយ​ ប៉ុន្តែ​ខ្ញុំ​ថា​ទំនាក់​ទំនង​គ្នា​ខាង​ពាណិជ្ជកម្ម​ហ្នឹង​ ធ្វើ​ដោយ​ធម្មតា អត់​មាន​​ពាក់ព័ន្ធ​ខាង​នយោបាយ​ទេ។ ដូច​យើង​មើល​តាម​តួលេខ ​ក៏​យើង​មើល​ឃើញ​អ៊ីចឹង​មែន ខាង​ជនជាតិ​ថៃ​មក​រកស៊ី មក​ធ្វើ​ធុរកិច្ច​នៅ​ខាង​ខ្មែរ នៅ​ឆ្នាំ​២០១៣​កើន​ជាង​ឆ្នាំ​២០១២។ យើង​មើល​ក៏​វា​មិន​អាក្រក់​ប៉ុន្មាន​ដែរ ការ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​​ វា​អត់​មាន​វិបត្តិ​តាម​រឿង​នយោបាយ​ទេ»។
ផ្ទុយ​ពី​លើកឡើង​នេះ​ឧស្សាហកម្ម និង​ផលិតកម្ម​របស់​ថៃ​រក​ឃើញ​ថា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ភាព​ជាប់​គាំង​នយោបាយ។ សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់ ​សហគ្រាស​ធន់​តូច និង​មធ្យម​ប្រមាណ​១​សែន​សហគ្រាស នឹង​ត្រូវ​បញ្ឈប់​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន ប្រសិនបើ​វិបត្តិ​នយោបាយ​នេះ​មិន​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៤នេះ។
សហព័ន្ធ​ដដែល​បាន​ពន្យល់​ថា វិបត្តិ​នយោបាយ​បាន ប៉ះពាល់​ដល់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ការ​វិនិយោគ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទ្រទ្រង់​អាជីវកម្ម ដែល​ជា​មូលដ្ឋាន​របស់​វិស័យ​សហគ្រាស​ធន់​តូច និង​មធ្យម​អាច​រស់រាន​បាន។ ការ​បិទ​ទ្វារ​សហគ្រាស​ថៃ​ទាំងអស់​នេះ អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​មក​កម្ពុជា។
ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា​វិបត្តិ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ និង​តវ៉ា​នៅ​ប្រទេស​វៀតណាម មិនទាន់​ឃើញ​មាន​សញ្ញា​អាក្រក់​ណាមួយ​ប៉ះពាល់​ដល់​កម្ពុជា ជាពិសេស​ទំនិញ​ប្រើប្រាស់​ក្នុងស្រុក​ឡើយ៖«ដូច​អត់​ពាក់ព័ន្ធ​​​ដល់​រឿង​ហ្នឹង​ទេ​បងចលាចល​នៅ​ថៃ​ នៅ​វៀតណាម ខ្ញុំ​មើល​ទៅ​រូប​ភាព​ហ្នឹង​អត់​ប៉ះ​ពាល់​អី​ផង»
អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា​ភាព​វឹកវរ ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ថៃ និង​វៀតណាម អាច​បង្វែរ​ការ​វិនិយោគ​មួយ​ចំនួន​មក​កម្ពុជា ប៉ុន្តែ​កម្ពុជា​វិញ​អាច​ប្រឈម​និង​បាត់បង់​ទីផ្សារ​មួយ​ចំណែក​ពី​ការនាំចេញ​ផលិតផល ឬ​វត្ថុធាតុដើម។
ទោះជា​យ៉ាងណា​ក៏​ដោយ ការ​រាយការណ៍​របស់​សារព័ត៌មាន​របស់​ថៃ​និង​វៀតណាម​ជាច្រើន​បាន​រាយការណ៍​ថា សហគ្រាស​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់ ពី​ភាព​ជាប់​គាំង​នយោបាយ​ភាគ​ច្រើន​ជា​ប្រភេទ​សហគ្រាស​លក់រាយ និង​ផ្នែក​សណ្ឋាគារ៕
                                                                                                 ប្រភព:អាស៊ីសេរី

អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ដ​វៀតណាមៈ​សភាពការណ៍​សមុទ្រ ចិន​ខាងត្បូង​ស្មុគស្មាញ ធ្ងន់ធ្ងរ​ខ្លាំង​ ​

  ​ខណៈដែល​បញ្ហា​ដែនសមុទ្រ ជាមួយ​ប្រទេស​ចិន រុញ​ទំនាក់ទំនង វៀតណាម​ចិន ឱ្យ​កាន់តែ​ផុយស្រួយ​, និង​បាន​ដុត​កំហឹង​ប្រជាជន​វៀតណាម បង្ក​ជា​ហិង្សា​លើ​រោងចក្រ​ចិន ព្រម ជាមួយ​ជនជាតិ​ចិន​នៅ​វៀតណាម ស្លន់ស្លោ គេច​ចេញពី​វៀតណាម​នោះ អគ្គលេខាធិការ​គណបក្ស​កុម្មុយនីស្ដ វៀតណាម បាន​អំពាវនាវ​ឱ្យ​បក្ស​ទាំង មូល ប្រជាជន និង​កងទ័ព​វៀតណាម ទាំងមូល ពង្រឹង​សាមគ្គីភាព ដើម្បី ការពារ​បូរណភាព ឯករាជ្យ អធិបតេយ្យភាព និង ទឹកដី​។​


      ​ប្រភពព័ត៌មាន​ពី​កាសែត វៀតណាម និយាយថា នៅ​រសៀល​ថ្ងៃ ទី ១៤ ខែឧសភា , សន្និសីទ​លើក​ទី​៩ នៃ​គណៈកម្មាធិការ​កណ្ដាល​ប​ក្ស កុម្មុយនីស្ដ​វៀតណាម អាណ​ត្ដិ​ទី ឃី បានបញ្ចប់ បន្ទាប់ពី​ប្រជុំ​រយៈពេល​៧ ថ្ងៃ​។​
        ​នៅក្នុង​សុន្ទរកថា​បិទ​សន្និបាត លោក​ង្វៀន ភូ ត្រុ​ង​អគ្គលេខាបក្ស កុម្មុយនីស្ដ​វៀតណាម បាន​ថ្លែងថា “... ជាពិសេស​ស្ថានការណ៍​សមុទ្រ​ខាង កើត (​ឈ្មោះ​សមុទ្រ​ចិន​ខាងត្បូង​ដែល វៀតណាម​ហៅ​) បច្ចុប្បន្ននេះ​, កំពុង ប្រែប្រួល​ស្មុគស្មាញ  ធ្ងន់ធ្ងរ​ខ្លាំងណាស់ ដែល​តម្រូវឱ្យ​គណបក្ស​ទាំងមូល ប្រជាជន​ទាំងមូល​និង​កងទ័ព​ទាំងមូល ត្រូវ​ភ្ញាក់រលឹក​បំផុត ភ្លឺស្វាង​បំផុត បង្កើន​សាមគ្គីភាព​, ទូទាំងប្រទេស បេះដូង​តែមួយ​, ប្ដេជ្ញា​ការពារ​ឯករាជ្យ អធិបតេយ្យភាព និង បូរណភាព​ទឹកដី នៃ​មាតុភូមិ  ក្នុងពេល​ដំណាលគ្នា​នោះ ថែរក្សា​ឱ្យបាន​នូវ​បរិស្ថាន​សន្ដិភាព ស្ថិរភាព ដើម្បី​កសាង និង​អភិវឌ្ឍ ប្រទេសជាតិ​” ៕

​    ​*​កម្មករ​ម្នាក់​ស្លាប់​ដោយ​ការ តវ៉ា​ប្រឆាំង​ចិន​នៅ​រោងចក្រ​តៃវ៉ាន់​នៅ វៀតណាម​
​    ​កម្មករ​ចិន​ម្នាក់ ត្រូវបាន​សម្លាប់ និង​យ៉ាងតិច​៩០​នាក់​រងរបួស នៅពេល ពួក​អ្នកប្រឆាំង​តវ៉ា បាន​វាយប្រហារ រោងចក្រ​ដែក​មួយ​នៅ​វៀតណាម ។ យោងតាម​សារព័ត៌មាន​បរទេស ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង​នៅ រោងចក្រ​ជា​របស់​ថៅកែ​តៃវ៉ាន់ នៅ ខេត្ដ​ហា​ទី​ញ ភាគ​កណ្ដាល​វៀតណាម កាលពី​ថ្ងៃ​ពុធ ទី​១៤​ឧសភា ។​
​    ​កាលពីពេល​មុននេះ គ្រូពេទ្យ ម្នាក់​បាន​និយាយថា កម្មករ​វៀតណាម ៥​នាក់ និង​មនុស្ស​១៦​នាក់​ទៀត​ដែល ត្រូវបាន​គេ​ពណ៌នា​ថា ជា​ជន​ជាតិចិន បាន​ស្លាប់​ក្នុងអំឡុង​កុបកម្ម​ប្រឆាំង​ចិន នៅ​ខេត្ដ​ហា​ទី​ញ របស់​វៀតណាម កណ្ដាល​។​

​    ​វេជ្ជបណ្ឌិត​នៅ​មន្ទីរពេទ្យ Ha Tinh General Hospital បាន​និយាយ តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា មនុស្ស ប្រមាណ ១០០​នាក់​ត្រូវបាន​បញ្ជូនមក កាន់​មន្ទីរពេទ្យ​កាលពី​យប់មិញ ។​
​    ​កាលពី​យប់​ថ្ងៃ​អង្គារ កុបករ​បាន វាយ​និង​ដុតបំផ្លាញ​រោងចក្រ​នៅ​សួន ឧស្សាហកម្ម ២ នៅ​ភាគខាងត្បូង​វៀតណាម តែ​មិនមាន​របាយការណ៍​អំពី ការស្លាប់ ឬ​របួស​មនុស្ស​ទេ ។​
​    ​បាតុកម្ម​និង​កុបកម្ម​នេះ​ត្រូវបាន បង្កឡើង​ដោយ​ការ​រើ​អណ្ដូងប្រេង របស់​ចិន​ចូលក្នុង​ដែនទឹក​នៅ​សមុទ្រ​ចិន ខាងត្បូង ម្ដុំ​ប្រជុំ​កោះ​ប៉ា​រ៉ា​សែ​ល ដែល ទាំង​ចិន​និង​វៀតណាម​អះអាង​ជា​របស់ ផង​ខ្លួន​។​
​    ​អ្នកឆ្លើយឆ្លង​ព័ត៌មាន បាន និយាយថា អារម្មណ៍​ជាតិនិយម​ឥឡូវ កើន​ខ្ពស់​ណាស់​អំពី​បញ្ហា​នេះ ហើយ ពួក​អ្នក​តវ៉ា​ប្រឆាំង​ទំនងជា​ផ្ដោតលើ ក្រុមហ៊ុន​និង​រោងចក្រ​ដែលមាន​អក្សរ ចិន មិន​ថា​វា​មកពីណា​ទេ ដូចជា​កោះ តៃវ៉ាន់​ជាដើម ។​

​    ​ស្ថានទូត​ចិន​នៅ​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ឧសភា បាន​អំពាវនាវ​ឱ្យ​ជនជាតិ​ចិន​មានការ ប្រុងប្រយ័ត្ន ។​
​    ​សេចក្ដីថ្លែងការណ៍​បង្ហោះ​ក្នុង វេ​ប​សាយ របស់​ស្ថានទូត បាន​និយាយ ថា​* យើង​ជាថ្មីទៀត​រំលឹក​ដល់​ជនជាតិ ចិន​ទាំងអស់​ឱ្យមាន​ការប្រុងប្រយ័ត្ន អំពី​សុវត្ថិភាព និង​ចៀសវាង​ចាកចេញ ពី​ផ្ទះ​ដោយ​មិនចាំបាច់​* ។​
​    ​ចិន នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះដែរ បានចេញ​ការព្រមាន​ដល់​អ្នកទេសចរ ចិន ដែលមាន​ផែនការ​ទៅ​ទស្សនា ប្រទេស​វៀតណាម នៅពេល​ប្រព័ន្ធ ផ្សព្វផ្សាយ​រដ្ឋ​បាន​បន្ទោស​រដ្ឋាភិបាល ក្រុង​ហាណូយ​ថា លើក​ទឹក​ចិ​ត្ដ​ឱ្យមាន កុបកម្ម​ប្រឆាំង​ចិន​ដ៏​អាក្រក់​បំផុត​ក្នុង ប៉ុន្មាន​ទសវត្សរ៍​មកនេះ​។​

​    ​រដ្ឋបាល​ទេសចរណ៍​ចិន បាន និយាយ​ក្នុង​លិខិត​ណែនាំ​មួយ​ថា ជន ជាតិចិន​ណា​ដែល​ចង់ទៅ​វៀតណាម *​គួរ​ពិចារណា​ឱ្យ​ដិតដល់​* និង​បាន អំពាវនាវ​ឱ្យ​អ្នក​ទៅ​ទស្សនា​* បង្កើន​ការ យល់ដឹង​អំពី​គ្រោះថ្នាក់​* ។​
​    ​ក្នុងពេល​ជាមួយគ្នា កាសែត​រដ្ឋ ចិន អ​លៀ​បាល ទិ​ម​សេ បាន​និយាយ​ក្នុង វិចារណកថា​របស់ខ្លួន​ថា កុបកម្ម​ដែល នាំ​ដល់​ការដុត​រោងចក្រ​ចំនួន​១៥ ជា លទ្ធផល​នៃ​ការឃោសនា​រាប់​ឆ្នាំ​របស់ ក្រុង​ហាណូយ​ប្រឆាំង​ចិន​។​
​    ​គេ​ថា ក្រុមហ៊ុន​ស្ថាប័ន​ជំនួញ និង​កម្មករ​ចិន ត្រូវបាន​ក្លាយជា​ចំណុច ផ្ទាំង​ស៊ី​ប​នៃ​អំពើហិង្សា នៅ​យ៉ាងតិច ខេត្ដ ក្រុង​ចំនួន ៧ នៅ​ទូទាំងប្រទេស វៀតណាម ។ ស្ថានទូត​បាន​និយាយថា ខ្លួន​បានស្នើ​ឱ្យ​អាជ្ញាធរ​វៀតណាម​ធានា សុវត្ថិភាព​របស់​ពល​រដ្ឋ​ចិន ។​

​    ​ក្នុងពេល​ជាមួយគ្នា ប៉ូលិស វៀតណាម​បាន​ប្រញាប់ប្រញាល់​ស្ដារ​សណ្ដាប់​នៅ​សួន​ឧស្សាហកម្ម ២ ដែល គ្រប់គ្រង​ដោយ​សិង្ហ​បុរី ក្រោយពី​វា​រង ការវាយប្រហារ​កាលពី​យប់​ថ្ងៃ​អង្គារ ពី​សំណាក់​ពួក​អ្នក​តវ៉ា​ប្រឆាំង​ចិន ។​
​    ​ក្រុមហ៊ុន​សួន​ឧស្សាហកម្ម វៀតណាម​សិង្ហ​បុរី បាន​និយាយ​ក្នុង សេចក្ដីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ ម្សិលមិញ​ថា ប៉ូលិស​មូលដ្ឋាន​បាន​ស្ដារ ការត្រួតត្រា​សន្ដិសុខ​ឡើងវិញ​។​រោងចក្រ ៩៩​រង​ការខូចខាត នៅ​ឧទ្យាន​ទាំង ២ នៅ​ខេត្ដ​ប៊ី​ញ ឌឿ​ង ខាងជើង​ក្រុង ហូជីមិញ​៕
                                                                                                                        ប្រភព  :កោះសន្តិភាព

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌូណេស៊ី​នៅមាន​តម្លៃ​ទាប​ ​

​ភ្នំពេញ:  បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​និង ឥណ្ឌូណេស៊ី​នៅមានកម្រិត​ទាប​នៅ ឡើយ ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងពីរ ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍ ថែមទៀត​។​


          ​លោក​រដ្ឋមន្ដ្រី បាន​និយាយ បែបនេះ​ក្នុងពេល​ទទួល​ជួប​ជាមួយ លោក​ពី​តូ​ណូ ពួរ​ណូ​ម៉ូ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤​នេះ ។ លោក បញ្ជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ភាគី​ទាំងពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប ប្រហាក់ប្រហែល ៣០០ លាន​ដុល្លារ តែប៉ុណ្ណោះ ។ ទំហំ​ពាណិជ្ជកម្ម​តម្លៃ នេះ​មាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប នឹង​សក្ដានុពល​ដែល​ប្រទេស​ទាំងពីរ មាន​។ លោក​រដ្ឋមន្ដ្រី​បាន​ជម្រាប​លោក ឯកអគ្គរដ្ឋទូត​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៣ សម្រេចបាន​ក្នុង​អត្រា​៧,៣ ភាគរយ​។​

          ​លោក​រដ្ឋមន្ដ្រី​មានប្រសាសន៍ ដែរ​ថា ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ នៅមានកម្រិត​ទាប ហើយដោយ​សារ ប្រទេស​ឥណ្ឌូណេស៊ី​ក៏​ជា​ប្រភព វិនិយោគ ដោយផ្ទាល់​ពី​បរទេសមួយ​ធំ នៅក្នុង​តំបន់​អាស៊ាន​ដែរនោះ​កម្ពុជា ស្នើ​សុំឱ្យ​លោក​ឯកអគ្គរដ្ឋទូត​ជួយ​ជំរុញ វិនិយោគិន​ឥណ្ឌូណេស៊ី​មក​បណ្ដាក់ទុន នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​ច្រើន ថែមទៀត​។ 

     ​លោក​ឯកអគ្គរដ្ឋទូត បាន សន្យា​កៀរគរ​វិនិយោគិន​ឥណ្ឌូណេស៊ី មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែមទៀត ហើយ​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍ និង​ជំរុញឱ្យមាន​កិច្ច សហ​ប្រតិ​ប​ត្ដិ​កា​រលើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឱ្យបាន​ខ្លាំងក្លា បន្ថែមទៀត​រវាង​គ្នា ៕ 
                                                                                                                 ប្រភព  :កោះសន្តិភាព

ក្រុមអ្នក​តស៊ូ​មតិ​ទទូច​ឲ្យ​ស.រ.អា.​​ជួយ​កម្ពុជា​ផ្នែក​តម្លាភាព



 — ក្រុម​អ្នក​តស៊ូ​មតិ​ក្នុង​ប្រទេស​កម្ពុជា​បាន​ទទូច​ឲ្យ​ស.រ.អា.និង​ក្រុម​ហ៊ុន​ស.រ.អា.ជួយ​កម្ពុជា​ផ្នែក​តម្លាភាព​ និង​អភិបាល​កិច្ច​ល្អ​ចំពោះ​ចំណូល​បាន​មក​ពី​ការ​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា។​

នៅ​ក្នុង​កិច្ច​ពិភាក្សា​មួយ​រៀបចំ​ដោយ​អង្គការ​ Oxfam America ​កាលពី​ថ្ងៃពុធ​នៅក្នុង​អាគារ​សភា​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីន​តោន​ ក្រុម​វាគ្មិន​បីរូប​មកពី​អង្គការ ​Oxfam ​ក្នុង​តំបន់​និង​កម្ពុជា​ បាន​ថ្លែង​ថា​ ជំនួយ​និង​បទពិសោធន៍​ស.រ.អា.គឺ​ជា​រឿង​សំខាន់​ដល់​តម្លាភាព​នៃ​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​ជីករ៉ែ​ក្នុង​ប្រទេស​កម្ពុជា ​ដោយសារ​តែ​កម្ពុជា​គ្មាន​ច្បាប់​ទទួល​បាន​ព័ត៌មាន​ទាក់ទង​នឹង​បញ្ហា​វិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម ​ឬការ​ជីករ៉ែ​ ហើយ​ព័ត៌មាន​អំពី​ចំណូល​ពន្ធរដ្ឋ​និង​ ដំណើរ​ការ​វិនិយោគ​លើ​ធនធាន​រ៉ែនេះ​ដែល​អាច​ប៉ះពាល់​ដល់​បរិស្ថាននិង​ជីវិភាព​ពលរដ្ឋ​នេះ​ មិនត្រូវ​គេ​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ។ ​

ពួក​គេ​ថ្លែង​យ៉ាង​ដូច្នេះ​ដោយ​យោង​ថា ​ក្រុមហ៊ុន​ស.រ.អា.ដូចជា​ក្រុមហ៊ុន ​Chevron ​និង​ក្រុមហ៊ុន​ចិន​ដែល​ទៅ​វិនិយោគ​ អាច​មាន​ឯកសារ​ជាមួយ​នឹង​ភាគី​នៅ​កម្ពុជា​ដើម្បី​ឲ្យពួក​គេ​បាន​ដឹង​ពី​ព័ត៌មាន​នេះ។

លោក​ឡាយ ឃីម​ មន្ត្រី​សម្រប​សម្រួល​កម្មវិធី​ប្រចាំ​តំបន់​ផ្នែក​ឧស្សាហ​កម្ម​និស្សារណកម្ម​នៃ​អង្គការ​អុកស្វាម​អាមេរិក​គឺជា​វាគ្មិន​ម្នាក់។​

«មាន​ក្រុមហ៊ុន​ច្រើន​បាន​ទទួល​នូវ​សម្បទាន​ក្នុង​ការ​រុករក​រ៉ែ។​ ប៉ុន្តែ​យើង​មិន​បាន​ដឹង​ថា ​តើ​គាត់​មាន​ជា​កិច្ច​ព្រមព្រៀង​របៀប​ម៉េច។​ តែ​ទី២​រឿង​ផល​ប៉ះពាល់​បរិស្ថាន​ ដែល​អាច​នឹង​កើត​មានឡើង​ ហើយនឹង​ការ​រុករក​រ៉ែនៅ​ក្នុង​តំបន់​ដែល​ប្រជាជន​ក្រីក្រ ​ជា​ពិសេស​ជនជាតិ​ដើម​ភាគ​តិច»។​

លោក​ថ្លែង​ថា ​ក្នុងរយៈ​ពេល​ជាង​១០​ឆ្នាំ​មាន​កំណើន​ក្រុមហ៊ុន​យ៉ាងតិច​១២០ ​ភាគច្រើន​មកពី​ប្រទេស​ចិន​មក​វិនិយោគ​នេះ ​ហើយ​បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ ដោយសារ​សង្គម​ស៊ីវិល​និង​ប្រជា​ពលរដ្ឋ​មិន​អាច​ចូលរួម​ពាក់ព័ន្ធ​នឹង​ដំណើរការ​វិនិយោគ​ ហើយ​នឹង​ដឹង​អំពី​បញ្ហា​តម្លាភាព​ចំពោះ​ដំណើរ​ការ​ក្រុមហ៊ុន​ទាក់ទង​នឹង​ប្រាក់​ចំណូល​ដល់រដ្ឋ​ ហើយ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​ក៏មិន​ត្រូវគេ​ឲ្យ​ដឹង​ផង​ដែរ។​

លោក​ឡាយ ឃីមបាន​បញ្ជាក់​ថា​ រ៉ែ​ទាំងអស់​ដែល​គេ​ធ្វើការ​វិនិយោគ​គឺ​រ៉ែ​ប្រេង​កាត​ រ៉ែមាស​ រ៉ែដែក​ និង​រ៉ែ​បុកស៊ីត​ជាដើម​ តែ​ក្រុមហ៊ុនទាំង​នោះ​ត្រូវ​គេ​បញ្ជាក់​ឲ្យ​ដឹង​ថា​ ស្ថិត​នៅក្នុង​ដំណាក់​កាល​រុករក ​ស្រាវជ្រាវ​នៅឡើយ​ ហើយ​ក្រុម​ហ៊ុន​ទាំង​នោះ​ក៏មិន​ទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ប្រត្តិបត្តិ​ការ​វិនិយោគ​របស់​គេ​ដែរ។​ ​លោក​គិត​ថា ​ស.រ.អា.​ ដែល​មាន​បទ​ពិសោធន៍​ក្នុង​រឿង​ធនធាន​ធម្មជាតិ​នេះ ​អាច​ជួយ​ដល់​កម្ពុជា​បាន។​

«ដោយសារ​តែ​ទំនាក់​ទំនង​រវាង​ស.រ.អា.ជាមួយ​ប្រទេស​កម្ពុជា​មាន​ដំណើរ​ការ​ល្អ ​ខ្ញុំ​យល់​ថា ​ស.រ.អា.អាច​ជួយ​លើក​ទឹក​ចិត្ត​ ឬ​ក៏ពន្យល់​រដ្ឋាភិបាល​ ឬក៏អ្នក​ធ្វើ​គោល​នយោបាយ​ឲ្យពិនិត្យ​មើល​ទៅលើ​បទ​ពិសោធន៍​នានា​ ដែល​មាន​បទ​ពិសោធន៍​ល្អ​នានា​ដែល​ស.រ.អា.កំពុង​ជួយ​នៅ​តាម​បណ្តា​ប្រទេស​នានា​ទៀត»។​

វាគ្មិន​ម្នាក់​ទៀត​គឺនាង ​ណាថាឆា ​គីម​ នាយិកា​អង្គការ​សម្ព័ន្ធ​ភាព​ដើម្បី​តម្លាភាព​ធនធាន​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​ធ្លាប់​មាន​បទ​ពិសោធន៍​មិនល្អ​ផ្នែក​ធនធាន​ធម្មជាតិ​ព្រៃឈើ​រួច​ហើយ។​ នាង​បាន​បញ្ជាក់​ថា​ កម្ពុជា​មិនគួរ​កើត​មាន​រឿងនេះ​ចំពោះ​បញ្ហា​ធនធាន​រ៉ែ​ទៀត​ទេ។​ នាង​ណាថាឆា ​គីម​សង្ឃឹម​ថា ​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់​ចំណូល​ ដ៏​ធំធេង​ តាមរយៈតម្លាភាព​សម្រាប់​ការ​អភិវឌ្ឍន៍​កម្ពុជា​ និង​ជួយ​ផ្នែក​សុខុមាល​ភាព​ពលរដ្ឋ​កម្ពុជា​ផង​ដែរ។​

ក្រុម​វាគ្មិន​បាន​បង្ហាញ​អំពី​បញ្ហា​វិបត្តិ​នយោបាយ​ ដែលជាប់គាំង​ ក្រោយ​ការ​បោះឆ្នោត ​ការធ្វើ​ច្បាប់​សង្គម​ស៊ីវិល​ ឬ​ច្បាប់ ​NGOs ​និង​ច្បាប់​ប្រព័ន្ធ​អ៊ីនធ័រណិត ដែល​ពុំ​មាន​ការ​ចូល​រួម​ពីក្រុម​អង្គកា​រសង្គម​ស៊ីវិល​ និង​អ្នក​ជំនាញ​ឯករាជ្យ​ជាដើម។ ​ពួក​គេ​បញ្ជាក់​ថា ​កម្ពុជា​ពេល​នេះ​មាន​គណបក្ស​តែ​មួយ​ដឹកនាំ​ប្រទេស​ ហើយ​គណបក្ស​ជំទាស់​នៅ​បន្ត​ពហិការ​ដោយសារ​ភាព​មិន​យល់​ព្រម​នឹង​លទ្ធផល​ឆ្នោត​ដែល​មាន​ភាព​មិន​ប្រក្រតី​ដ៏​ធ្ងន់ធ្ងរ​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៣​ផង​នោះ។​

នាង​ច័ន្ទគ្រីស្នា ​សាវ៉ាដា​ មន្ត្រី​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​ពលរដ្ឋ​សកម្ម​នៃ​អង្គ​ការ​អុកស្វាម​អាមេរិក​គឺ​ជា​វាគ្មិន​ផង​ដែរ។​ នាង​បាន​អះអាង​ថា​ ប្រទេស​កម្ពុជា​ពេលនេះ​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​បត់​មួយ​ ទាំង​នយោបាយ​និង​សេដ្ឋ​កិច្ច។​ នាង​បាន​ថ្លែង​ថា​ អ្វី​ដែល​ជាការ​គម្រាម​កំហែង​ដល់​សិទ្ធិ​សរីភាព​សង្គម​ស៊ីវិល​ពេលនេះ​គឺច្បាប់​អង្គការ ​និង​ច្បាប់​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីធ័រណិត ដែល​នាង​បាន​បញ្ជាក់​ថា ​ត្រូវ​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល​ដើម្បី​តាក់តែ​ច្បាប់​ដែល​អាច​ទទួល​យក​បាន។​

ក្រុម​វាគ្មិន​បាន​បញ្ជាក់​ថា ​ក្រុម​ប្រទេស​ផ្តល់​ជំនួយ ​ដូចជា​ស.រ.អា.និង​ក្រុម​ហ៊ុន​ស.រ.អា.ជាដើម ​អាច​ដាក់​លក្ខខណ្ឌ​ឲ្យ​មាន​ការ​អនុវត្ត​ទាក់ទង​នឹង​ការ​វិនិយោគ​ដោយ​តម្លាភាព​នេះ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ជំពាក់​បំណុល​បរទេស​រាប់ពាន់​លាន​ដុល្លារ​នេះ។​

លោកស្រី​អ៊ីសាប៊ែល​ ម៊ូនីឡា​ (Isabel Munilla) ​អ្នក​សម្រប​សម្រួល​ការ​ពិភាក្សា​មកពី​អង្គការ​ Oxfam ​America ​បាន​បង្ហាញ​ឲ្យដឹង​ថា ​ស.រ.អា.បាន​ផ្តល់​ជំនួយ​ដល់​កម្ពុជា​ជាប្រចាំ​ដែរ​ គឺ​មានប្រមាណ​៧៦​លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ។​

«ហើយ​ថវិកា​ជាតិ​ប្រទេស​កម្ពុជា​ប្រមាណ​ពាក់​កណ្តាល​គឺ​ជា​ជំនួយ​អន្តរជាតិ។​ ដូច្នេះ​សម្រាប់​ប្រទេស​ដែល​មាន​ផលិតផល​សរុប​ក្នុងស្រុក​ឬ​ GDP​ ចំនួន​១​ពាន់​៤​រយ​លាន​ដុល្លារ​ ហើយ​មាន​ពលរដ្ឋ​តែ​១៥​លាន​នាក់​នោះ ​ជំនួយ​បរទេស​ជា​រឿង​សំខាន់​ណាស់»។​

គេ​មិន​ដឹង​ថា ​តើការ​ផ្តល់​អាជ្ញាប័នវិនិយោគ​ផ្នែក​ឧស្សាហ​កម្ម​រ៉ែ​ដ៏ច្រើន​សន្ធឹក​សន្ទាប់​នេះ​អាច​នឹង​ធ្វើ​ឲ្យ​កម្ពុជា​គេចផុត​ពី​ការ​ខ្ចី​ប្រាក់​បំណុល​បរទេស​ឬ​យ៉ាង​ណាទេ​ ក្នុង​ពេល​កម្ពុជា​មាន​ការ​វិវត្ត​ផ្នែក​នយោបាយ​និង​សេដ្ឋកិច្ច​ដែល​ប្រជា​ពលរដ្ឋ​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​សង្គម​ ដូច​ការ​បង្ហាញ​ដោយ​សន្លឹក​ឆ្នោត​នោះ។​

ទោះជា​យ៉ាងណា​ក៏ដោយ​ ក្រុម​វាគ្មិន​បាន​ដាក់ក្តី​សង្ឃឹម​ថា​ ការ​យក​ចិត្ត​ទុក​ដាក់​របស់​ស.រ.អា.ចំពោះ​ការ​ផ្លាស់ប្តូរ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ​ជាពិសេស​ ការដែល​សភា​ស.រ.អា. មានការ​យក​ចិត្ត​ទុកដាក់​ខ្លាំង​អំពី​ស្ថាន​ការណ៍​កម្ពុជា​ចុងក្រោយ​ថ្មីៗ​នេះ​ នឹង​ជួយ​ដល់​ស្ថាន​ការណ៍​នយោបាយ​និង​សេដ្ឋកិច្ច​ប្រទេស​កម្ពុជា។​

ក្រុម​វាគ្មិន​បាន​ជួបជា​មួយ​នឹង​មន្ត្រី​ក្រសួង​ការ​បរទេស​ស.រ.អា. បុគ្គលិក​សភា​អាមេរិកាំង​ ក្រុម​ប្រទេស​អ្នកផ្តល់​ជំនួយ​ធំៗ​ ដូចជា​ធនាគារ​ពិភព​លោក​ អង្គការ​រូបិយ​ប័ណ្ណ​អន្តរជាតិ​ និង​ទីភ្នាក់ងារ​ផ្តល់​ជំនួយ​អន្តរជាតិ ​USAID​ ជាដើម៕
                                                                        ប្រភព :វីអូអេ

ប្រតិបត្តិការ​ចម្រុះ​ជាតិ​ស្វែង​រក​និង​សង្គ្រោះ Search and Rescue (SAR) ដើម្បី​ស្វែង​រក​យន្តហោះ​ម៉ាឡេស៊ី MH 370

ប្រតិបត្តិការ​ស្វែង​រក​យន្តហោះ​អាកាសចរណ៍​ម៉ាឡេស៊ី​លេខ MH 370 កាន់​តែ​ត្រូវ​ពង្រីក​ធំ​ឡើង​ជា​បន្តបន្ទាប់​ខណៈ​ដែល​វា​ចូល​ដល់​សប្តាហ៍​ទី​២។ ប្រទេស​ម៉ាឡេស៊ី​បាន​ស្នើ​សុំ​ជំនួយ​បន្ថែម​ពី​ប្រទេស​ផ្សេង​ទៀត​ទៀត​ដែល​មិន​មាន​ក្នុង​បញ្ជី​ខាង​ក្រោម។ ប្រទេស​ទាំង​នោះ​រួម​មាន៖ កាហ្សាក់ស្ថាន អ៊ូសបេគីស្ថាន តួកម៉េនីស្ថាន ប៉ាគីស្ថាន ភូមា (មីយ៉ាន់ម៉ា) ឡាវ និង បារាំង។

ម៉ាឡេស៊ី

ម៉ាឡេស៊ី​ដឹកនាំ​ប្រតិបត្តិការ​ចម្រុះ​ជាតិ​ SAR ដោយ​ប្រើប្រាស់​កងកម្លាំង​យោធា​និង​ស៊ីវិល​របស់​ខ្លួន។

ចិន

បណ្តាញ​ផ្សាយ​ជាតិ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​ថា​ ប្រទេស​ចិន​បាន​ប្រើប្រាស់​កងនាវា​តូច​ SAR ក្នុង​ទ្រង់ទ្រាយ​ធំ​បំផុត​ដែល​ខ្លួន​ធ្លាប់​មាន ហើយ​ស្ថានីយ​បញ្ជាការ​ផ្កាយរណប​ Xi'an នៅ​ខេត្ត Shaanxi បាន​បញ្ជូន​ផ្កាយ​រណប​ចំនួន​៨​ដើម្បី​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​និង​សង្គ្រោះ។

វៀតណាម

ក្រសួង​នានា​របស់​រដ្ឋាភិបាល​វៀតណាម​ចូល​រួម​នៅ​ក្នុង​កិច្ចប្រឹងប្រែង SAR ដោយ​ប្រើប្រាស់​យន្តហោះ​មួយ​ចំនួន​និង​នាវា​ចំនួន​៧ ពី​កងទ័ព​ជើង​ទឹក កង​ឆ្មាំ​សមុទ្រ និង​នាយកដ្ឋាន​ត្រួត​ពិនិត្យ​ការ​នេសាទ។

សហរដ្ឋ​អាមេរិក

យន្តហោះ​ P-8A Poseidon ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ពេល​ចុង​ក្រោយ​នេះ ជា​យន្តហោះ​ឈ្លប​យក​ការណ៍​តាម​អាកាស​និង​ប្រឆាំង​នឹង​នាវា​មុជ​ទឹក​ដែល​ទំនើប​បំផុត​របស់​កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក។ កងទ័ព​ជើង​ទឹក​សហរដ្ឋ​អាមេរិក​ក៏​បាន​ប្រើប្រាស់​យន្តហោះ​ P-3C Orion ពី​កងនាវា​ទី​៧ (Seventh Fleet) ពី​ Kadena កោះ​ Okinawa ប្រទេស​ជប៉ុន។ ស.រ.អា​ក៏​ប្រើ​នាវា​ពិឃាត​ដែល​មាន​ផ្ទុក​កាំជ្រួច​ទូរបញ្ជា​ ដែល​នាវា​និមួយៗ​មាន​ផ្ទុក​ឧទ្ធម្ភាគចក្រ MH-60R Seahawk។ នាវា​​ USNS John Ericsson ជួយ​ទ្រទ្រង់​ខាង​សម្ភារៈ​ដល់​នាវា​ចម្បាំង​ទាំង​ពីរ។

ឥណ្ឌូនេស៊ី

កងទ័ព​ជើង​ទឹក​ឥណ្ឌូនេស៊ី (TNI-AL) បាន​បញ្ជូន​នាវា​៥​ទៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង។ ឥណ្ឌូនេស៊ី​ក៏​បាន​បង្ហាញ​ចេតនា​ចង់​បញ្ជូន​យន្តហោះ​ឈ្លប​យក​ការណ៍​មួយ​ចំនួន​ទៅ​កាន់​តំបន់​នេះ​ដែរ។

សិង្ហបុរី

ប្រទេស​សិង្ហបុរី​ជា​ដំបូង​ដែល​បាន​ផ្តល់​ការ​គាំទ្រ​ជា​សម្ភារៈ​ដល់​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ប្រតិបត្តិការ​ SAR operation។ កងទ័ព​សិង្ហបុរី (SAF) បាន​បញ្ជូន​យន្តហោះ​យោធា​ចំនួន​៣ តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​យន្តហោះ​ម៉ាឡេស៊ី Malaysia Airlines MH 370 បាន​បាត់​ពី​រ៉ាដា។

ឥណ្ឌា

ប្រទេស​ឥណ្ឌា​បាន​បញ្ជូន​នាវា​កងទ័ព​ជើងទឹក​ចំនួន​២​ នាវា​ល្បាត​១ ​នាវា​ចម្បាំង​២ និង​នាវា​ផ្សេង​ទៀត​ពី​កង​ឆ្មាំ​សមុទ្រ យន្តហោះ​ឈ្លប​យក​ការណ៍​លើ​សមុទ្រ យន្តហោះ​ដឹក​ជញ្ជូន​យោធា ផ្កាយរណប​ឈ្លប​យក​ការណ៍​លើ​សមុទ្រ​ ពី​បញ្ជាការដ្ឋាន​បូព៌ា​នៃ​កងទ័ព​ជើង​ទឹក។

កម្ពុជា

រដ្ឋាភិបាល​កម្ពុជា​និយាយ​ថា​ខ្លួន​បាន​បញ្ជូន​នាវា​២ និង​ឧទ្ធម្ភាគចក្រ​៤ ដើម្បី​ទៅ​ជួយ​ការ​រុករក​យន្តហោះ​ Malaysian Airlines MH370។

ហ្វីលីពីន

កងទ័ព​ជើង​ទឹក​ហ្វីលីពីន​បាន​បញ្ជូន​នាវា​ល្បាត​៣​ និង​យន្តហោះ​១។

បង់ក្លាដែស

រដ្ឋាភិបាល​បង់ក្លាដែស​និយាយ​ថា​ ខ្លួន​ប្រើ​យន្តហោះ​២​គ្រឿង​និង​នាវា​ចម្បាំង​ frigate ចំនួន​២​ដើម្បី​ស្វែង​រក​យន្តហោះ​នោះ។

តៃវ៉ាន់

កោះ​តៃវ៉ាន់​បាន​បញ្ជូន​យន្តហោះ​ដឹកជញ្ជូន​យោធា​មួយ នាវា​ចម្បាំង​ frigate មួយ​និង​នាវា​ពី​កង​ឆ្មាំ​សមុទ្រ។

អូស្ត្រាលី

កង​ភូមិន្ទ​អាកាស​របស់​អូស្ត្រាលី (RAAF) បាន​បញ្ជូន​យន្តហោះ​ល្បាត​សមុទ្រ​ចំនួន​២ ទៅ​ជួយ​ក្នុង​ប្រតិបត្តិការ​ស្វែង​រក​។

ថៃ

កងទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ​ (RTN) បាន​បញ្ជូន​ឧទ្ធម្ភាគចក្រ​១​គ្រឿង​និង​នាវា​ល្បាត​មួយ​គ្រឿង។ ប្រទេស​ថៃ​ក៏​អាច​បញ្ជូន​នាវា​និង​យន្តហោះ​បន្ថែម​ទៀត​ដែរ បើ​មាន​ការ​ស្នើ​ពី​ម៉ាឡេស៊ី។

អេមីរ៉ាត​អារ៉ាប់​រួម

បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​អេមីរ៉ាត​អារ៉ាប់​រួម (UAE) រាយការណ៍​ថា​ ប្រទេស​នេះ​បាន​បញ្ជូន​យន្តហោះ​២​គ្រឿង​ដើម្បី​ទៅ​ចូល​រួម​ក្នុង​ការ​ស្វែង​រក​នេះ។

នូវែលសេឡង់

កងទ័ព​អាកាស​នូវែលសេឡង់ (RNZAF) បាន​ប្រើប្រាស់​យន្តហោះ​ ម៉ាស៊ីន​៤ turboprop ដែល​ប្រឆាំង​នឹង​នាវា​មុជ​ទឹក និង​ឈ្លប​យក​ការណ៍​លើ​ផ្ទៃ​សមុទ្រ ដែល​ចេញ​ពី​ក្រុង Auckland កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា​ហើយ​មាន​មូលដ្ឋាន​បណ្តោះអាសន្ន​នៅ​កោះ​ Penang ប្រទេស​ម៉ាឡេស៊ី។
                                                                                                       ប្រភព:វីអូអេ

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង​រិះគន់​គម្រោង​ស្ដារ​ប្រព័ន្ធ​លូ​ថា​មិន​ច្បាស់​លាស់

អាជីវករ​លក់​ដូរ​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​នៃ​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​ចំពោះ​ភាព​មិន​ច្បាស់​លាស់​របស់​អាជ្ញាធរ ក្នុង​ការ​អនុវត្ត​គម្រោង​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ ដែល​ធ្វើ​នៅ​ចំ​ទីតាំង​តូប​លក់​ដូរ​របស់​ពួក​គាត់។
ក្រុម​អាជីវករ​អះអាង​ថា អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ ម្ដង​បង្ខំ​ឲ្យ​ពួក​គាត់​រុះរើ​តូប​ចេញ ដើម្បី​ចាប់​ផ្ដើម​អនុវត្ដ​គម្រោង​នេះ ម្ដង​ត្រូវ​ពន្យារ​ពេល។ ភាព​មិន​ច្បាស់​លាស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​ដូរ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ធ្ងន់ធ្ងរ។
ដំបូល​ឆត្រ និង​គ្រែ​លក់​ដូរ​របស់​អាជីវករ​ប្រមាណ​ជា ៤០០​កន្លែង ត្រូវ​បាន​រុះរើ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា បន្ទាប់​ពី​ពួក​គាត់​សម្រេច​ចិត្ត​នាំ​គ្នា​ចូល​ទៅ​លក់​ដូរ​នៅ​កន្លែង​ចាស់​មួយ​រយៈ​វិញ។ ការ​សម្រេច​ចិត្ត​ចូល​ទៅ​លក់​ដូរ​នៅ​លើ​ទីតាំង​ចាស់ ដែល​អាជ្ញាធរ​ឲ្យ​រុះ​តូប​ចោល​អស់​ម្តង​ហើយ​នោះ គឺ​ដោយសារ​តែ​មិន​ឃើញ​គ្រឿងចក្រ​របស់​គម្រោង ចៃកា (Jica) ធ្វើ​សកម្មភាព​ស្ដារ​ប្រព័ន្ធ​លូ​ដូច​គម្រោង និង​ការ​ប្រកាស​របស់​អាជ្ញាធរ​នោះ​ឡើយ។
អាជីវករ​លក់​បន្លែ និង​សាច់​ជ្រូក ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ភាព​រអាក់រអួល​នៃ​ការ​លក់​ដូរ​បាន​កើត​មាន​តាំង​ពី​ពេល​រុះរើ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា មក។ ពួក​គាត់​បន្ត​ថា ប្រសិន​គម្រោង​ធ្វើ​លូ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ ខណៈ​ដែល​កន្លែង​លក់​ដូរ​របស់​ពួក​គាត់​មិន​ច្បាស់​លាស់​ដូច​សព្វថ្ងៃ​នេះ បញ្ហា​ជីវភាព​របស់​អាជីវករ​នឹង​កាន់​តែ​ប៉ះពាល់​ខ្លាំង៖ «លំបាក​ហ្នឹង​វា​ក្រៃណា​នឹង​និយាយ ដល់​យើង​និយាយ ដល់​យើង​ធ្វើ​អ៊ីចឹងៗ វា​ដូច​ជា​អត់​សម។ បើ​ថា​ដេញ​ចេញ​ឲ្យ​វា​ចេញ​ទៅ​កុំ​អា​ដែង​ចេញ​ហើយ​ចូល​ហើយ​ចូល​ហើយ​ទៅ​ជា​មាន​ពាក្យ​ចចាមអារ៉ាម ដី​ទៅ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​អា​ម៉េច​អី​អា​ម៉េច ហើយ​អា​ភាស៊ី​កង់​អី​នៅ​ត្រង់​ហ្នឹង​អត់​ចេញ ហើយ​ឲ្យ​ប្រជាជន​ចេញ ឲ្យ​អា​ភាស៊ី​កង់​នៅ​ទុក​ហ្នឹង។ ជួល​កន្លែង​គេ​មួយ​ថ្ងៃ​គេ​យក ២ ទៅ ៣​ពាន់​មួយ​ថ្ងៃ ក្មួយ​ឯង​គិត​មើល​ថា​យក​ក៏​យក​ចុះ ឲ្យ​តែ​បាន​ប្រជាជន​ធ្វើ​ស្ដារ​ស្អាត​ទៅ នឹង​អាង​ចូល​វិញ»
ក្រោយ​ពី​ការ​រុះរើ​នេះ ក្រុម​អាជីវករ​នាំ​គ្នា​ជួល​ដី​នៅ​តាម​មុខ​ផ្ទះ​អ្នក​ភូមិ​ត្រពាំងបី ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​នោះ ដើម្បី​លក់​ដូរ​បណ្ដោះ​អាសន្ន ក្នុង​គោល​បំណង​រង់ចាំ​ចូល​លក់​ដូរ​កន្លែង​ដើម​វិញ បន្ទាប់​ស្ថាបនា​ប្រព័ន្ធ​លូ​រួច។ ត្រង់​ចំណុច​នេះ គណៈ​គ្រប់គ្រង​ផ្សារ​លើ​បញ្ជាក់​ថា ក្រុម​អាជីវករ​អាច​ចូល​លក់​នៅ​កន្លែង​ដើម​វិញ​បាន ប៉ុន្តែ​មាន​អាជ្ញាធរ​ខេត្ត​ក្រុង រួម​សហការ​ជាមួយ​នឹង​គណៈកម្មការ​ផ្សារ ដើម្បី​វាស់​បែង​ចែក​ទំហំ​តូប​ស្មើៗ​គ្នា សម្រាប់​អាជីវករ​ជួល​នៅ​ក្រោយ​ការ​សាងសង់​ប្រព័ន្ធ​លូ​រួច។
ប្រធាន​គណៈកម្មការ​ផ្សារ​លើ លោក លន់ ថា មាន​ប្រសាសន៍​ថា មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​យឺតយ៉ាវ​នេះ លោក​មិន​ដឹង​ថា​បណ្ដាល​មក​ពី​អាជ្ញាធរ ឬ​ខាង​គម្រោង ចៃកា របស់​ប្រទេស​ជប៉ុន នោះ​ទេ៖ «អា​ហ្នឹង​គាត់​ចង់​បាក់​ជំនឿ​ថា តិច​ថយ​ដូច​ថ្ងៃ​មុន​ទៅ ប្រសិន​បើ​ថយ​ទៅ​គេ​អត់​ទាន់​ធ្វើ​ដដែល វា​ខាត​គាត់​ណាស់​ណា ទៅ​លក់​ឯណោះ​វា​អត់​មាន​អ្នក​ទិញ​អ្នក​អី​អ៊ីចឹង​ទៅ វា​ដាច់​ជីវភាព​គាត់​ណា​ប្អូន»
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ដោក សុទ្ធា និង​អភិបាល​ក្រុង លោក ហៃ មនោរម្យ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​ដែល​បិទ​ផ្សាយ​លើ​គម្រោង​ការ​សាងសង់​ប្រព័ន្ធ​លូ​នៅ​អម​សង​ខាង​ផ្សារ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ ហើយ​រយៈពេល​នៃ​ការ​ក្រាល​កម្រាល គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤៕
                                                                                        ប្រភព:អាស៊ីសេរី

បុគ្គលិក​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច​ដាក់​ញត្តិ​ជូន​ទូត​អាមេរិក​ជួយ​អន្តរាគមន៍

ការ​បន្ត​ធ្វើ​កូដកម្ម​របស់​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) នៅ​រាជធានី​ភ្នំពេញ ឈាន​ចូល​ដល់​ថ្ងៃ​ទី​៤​ហើយ​រហូត​មក​ដល់​ថ្ងៃ​ទី​១៥ ឧសភា។ បុគ្គលិក​កម្មករ​ដែល​កំពុង​តវ៉ា នៅ​តែ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ខែ​ដល់​ពួក​គេ​ឱ្យ​បាន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ។ ក្រៅ​ពី​ការ​ធ្វើ​កូដកម្ម​នៅ​តាម​កន្លែង ពួក​គេ​ក៏​ស្វែង​រក​អន្តរាគមន៍​ពី​ស្ថានទូត​សហរដ្ឋ​អាមេរិក ដែរ។
តំណាង​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​កាល់តិច នៅ​រាជធានី​ភ្នំពេញ​ជាង ២០​នាក់ មក​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ឧសភា ដើម្បី​ដាក់​ញត្តិ​រក​អន្តរាគមន៍​ពី​ស្ថានទូត​នេះ។
អនុព័ន្ធ​សន្តិសុខ​រង​នៃ​ស្ថានទូត​សហរដ្ឋ​អាមេរិក លោក ដេវិដ ខាបឡែន (David Kaplan) ចេញ​មក​ទទួល​ញត្តិ​របស់​បុគ្គលិក​កម្មករ​កាល់តិច ទាំង​នេះ។
ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​ចំណី​អាហារ និង​សេវាកម្ម​កម្ពុជា លោក ស ម៉ូរ៉ា ថ្លែង​បន្ទាប់​ការ​ប្រគល់​ញត្តិ​នេះ​ថា លោក ដេវិដ ខាបឡែន មិន​បាន​សន្យា​អ្វី​ចំពោះ​ពួក​លោក​ទេ៖ «គាត់​មិន​បាន​ប្រាប់​ទេ ប៉ុន្តែ​គាត់​យក​ញត្តិ​យើង​នេះ​ទៅ​ជួប​ខាង​ផ្នែក​គោល​នយោបាយ​របស់​ពួក​គាត់ ដើម្បី​ជួយ​អន្តរាគមន៍​បែប​ណា (មួយ)។ ប៉ុន្តែ​យើង​ជឿ​ថា រដ្ឋាភិបាល​អាមេរិក នឹង​មិន​ព្រងើយ​កន្តើយ​ទេ ដែល​យើង​មើល​ឃើញ​ថា នេះ​ជា​លទ្ធភាព​ដែល​ក្រុមហ៊ុន​អាច​មាន​លទ្ធភាព ព្រោះ​ក្រុមហ៊ុន​ដៃគូ​ប្រកួត​ប្រជែង​គេ​អាច​ឱ្យ​បាន រឿង​អី កាល់តិច ឱ្យ​មិន​បាន? កាល់តិច ជា​ក្រុមហ៊ុន​អាមេរិក ហើយ​ឈាន​មុខ​គេ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​ការ​លក់​សាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា។ អ៊ីចឹង​គាត់​ប្រាកដ​ណាស់​ដែល​អាច​ឱ្យ​បង​ប្អូន​កម្មករ​និយោជិក​បាន»
ក្នុង​ញត្តិ​ដាក់​ជូន​ស្ថានទូត​សហរដ្ឋ​អាមេរិក នោះ បាន​សរសេរ​ថា ក្រុម​បុគ្គលិក​កម្មករ​ដឹង​ថា សហរដ្ឋ​អាមេរិក យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ការ​ប្រតិបត្តិការ​នៅ​បរទេស ជាពិសេស​ពាក់ព័ន្ធ​នឹង​ការ​គោរព​សិទ្ធិ​មនុស្ស និង​អំពើ​ពុក​រលួយ ជាដើម។ ញត្តិ​បន្ត​ថា ក្រុមហ៊ុន​ឈេហ្វរ៉ុន​កម្ពុជា មិន​បាន​ផ្ដល់​ប្រាក់​ឈ្នួល​ដែល​ធានា​ការ​រស់​នៅ​សមរម្យ ស្រប​តាម​ច្បាប់​កម្ពុជា ទេ។ ខ្លឹមសារ​ញត្តិ​នេះ ស្នើសុំ​ស្ថានទូត​ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ចំពោះ​ក្រុមហ៊ុន​ឈេហ្វរ៉ុន​កម្ពុជា លើ​ពីរ​ចំណុច គឺ​ទី​១ ឱ្យ​ក្រុមហ៊ុន​ផ្ដល់​ប្រាក់​រង្វាន់​ប្រចាំ​ឆ្នាំ ឬ​ហៅ​ថា ប្រាក់​ខែ​ទី​១៣ យ៉ាង​ហោច​ណាស់​ឱ្យ​ស្មើ​នឹង​ប្រាក់​ឈ្នួល​ខែ​ចុង​ក្រោយ​របស់​កម្មករ​និយោជិក ដោយ​អនុវត្ត​សម្រាប់​ឆ្នាំ​២០១៤។ ចំណុច​ទី​២ គឺ​ឱ្យ​ក្រុមហ៊ុន​ដំឡើង​ប្រាក់​ឈ្នួល​គោល​ដល់​កម្មករ​អនាម័យ ចាក់​សាំង និង​ប្ដូរ​ប្រេង​ម៉ាស៊ីន​ចំនួន ១៦០​ដុល្លារ​ក្នុង​មួយ​ខែ និង​បន្ថែម​ប្រាក់​ឈ្នួល ៥០​ដុល្លារ​ទៀត​ដល់​បុគ្គលិក​ផ្នែក​បេឡា។ ការ​ដំឡើង​នេះ គឺ​អនុវត្ត​ចាប់​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ ត​ទៅ។
ប្រធាន​សហជីព​មូលដ្ឋាន​នៃ​បុគ្គលិក​កម្មករ​ក្រុមហ៊ុន​កាល់តិច លោក យឿង រ៉េត បញ្ជាក់​ជំហរ​ថា បន្ទាប់​ពី​ដាក់​ញត្តិ​នេះ​រួច ពួក​លោក​មិន​បញ្ឈប់​ការ​តវ៉ា​នៅ​តាម​ស្ថានីយ​ទេ ប្រសិន​បើ​គ្មាន​ដំណោះស្រាយ។ ប៉ុន្តែ លោក​សង្ឃឹម​លើ​ស្ថានទូត​អាមេរិក៖ «ខ្ញុំ​រំពឹង​ទុក​ជោគជ័យ​ទៅ​លើ​ស្ថានទូត ព្រោះ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ស្តង់ដារ ហើយ​ជា​ក្រុមហ៊ុន​របស់​អាមេរិកាំង​ទៀត។ អ៊ីចឹង​ខ្ញុំ​សង្ឃឹម​ថា អាមេរិកាំង មិន​បណ្ដែតបណ្ដោយ​ឱ្យ​រឿង​ហ្នឹង​អូស​បន្លាយ​ពេល​វេលា​ត​ទៅ​ទៀត​ទេ»
បុគ្គលិក​ធ្វើ​កូដកម្ម​មួយ​រូប លោក ឈួន សុភ័ណ្ណារ៉ា ត្អូញ​ថា ប្រាក់​ឈ្នួល​ដែល​ក្រុមហ៊ុន​ផ្ដល់​ឱ្យ​មាន​ការ​លំបាក​សម្រាប់​ការ​ទ្រទ្រង់​ជីវភាព​បច្ចុប្បន្ន៖«សម្រាប់​ប្រាក់​ខែ ១១០​ដុល្លារ តើ​យើង​អាច​រស់​នៅ​សមរម្យ​ទេ? ធម្មតា​យើង​ដឹង​ហើយ យើង​និយាយ​ពី​រោងចក្រ​វិញ គ្រាន់​តែ​រោងចក្រ​ចេញ​គោលការណ៍​ថា​ឡើង​ប្រាក់​ខែ​គោល ១០០ គោលការណ៍​ហ្នឹង​មិន​ទាំង​ចេញ​ថា​ឱ្យ ១០០​ផង ថ្លៃ​ឡើង​មុន​បាត់​ទៅ​ហើយ។ យើង​គិត​តែ​ថ្លៃ​ផ្ទះ ចុះ​ថ្លៃ​ម្ហូប​អាហារ អង្ករ​ត្រី​សាច់​ស្អីៗ​សុទ្ធ​តែ​ថ្លៃ សួរ​ថា​តើ​ប្រាក់​ខែ​ប៉ុណ្ណឹង​យើង​អាច​បែង​ចែក​គ្រប់​ទេ។ ហ្នឹង​សម្រាប់​អ្នក​ខ្លួន​មួយ។ ចុះ​សម្រាប់​មាន​ប្រពន្ធ​មាន​កូន? បើ​សិន​ជា​អ្នក​មាន​ប្រពន្ធ​ហ្នឹង​មាន​ការងារ​ដែរ នោះ​មិន​អី​ទេ។ ចុះ​សម្រាប់​ដែល​អត់​ការងារ​ធ្វើ ហើយ​បើ​សិន​គ្នា​មាន​បន្ទុក​នៅ​ក្នុង​គ្រួសារ មាន​កូន ឬ​មាន​ម្ដាយ​ចាស់​ជរា មាន​ឈឺ​ទៀត សួរ​តើ​ស្ថានភាព​របស់​ពួក​គេ​នឹង​ទៅ​ជា​យ៉ាង​ម៉េច? ឬ​មួយ​ក៏​ឱ្យ​ពួក​គេ​រង់ចាំ​ថ្ងៃ​ស្លាប់?»
លោក ស ម៉ូរ៉ា មាន​ប្រសាសន៍​ថា ប្រសិន​បើ​មិន​មាន​ដំណោះស្រាយ​ដែល​អាច​ទទួល​យក​បាន​ទេ ក្រុម​បុគ្គលិក​កម្មករ​នឹង​បន្ត​ធ្វើ​កូដកម្ម ដោយ​មិន​បម្រើ​សេវា​ដល់​អតិថិជន ហើយ​នឹង​តាម​ដាន​ដំណឹង​អំពី​ញត្តិ​ដែល​បាន​ដាក់​ទៅ​ស្ថានទូត​នេះ។ ក្រុម​បុគ្គលិក​កម្មករ ក៏​នឹង​ស្វែង​រក​ការ​គាំទ្រ​ជា​សកម្មភាព​សាមគ្គីភាព​ពី​សមាជិក និង​សហព័ន្ធ​សហជីព​អន្តរជាតិ ដើម្បី​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ឈេហ្វរ៉ុន នៅ​កម្ពុជា ដែរ៕
                                                                                                                 ប្រភព :អាស៊ីសេរី

សមាគម​វៀតណាម​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន​មុខ​ទូត​ចិន​ប្រចាំ​កម្ពុជា

សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា​ប្រតិកម្ម​ចំពោះ​ការ​ដាក់​ពង្រាយ​ឧបករណ៍​បូម​ប្រេង​របស់​ប្រទេស​ចិន នៅ​ក្នុង​ដែន​ទឹក​កំពុង​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម។ សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា ដែល​មាន​សមាជិក​៥​ពាន់​នាក់ បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា ដើម្បី​ត្រៀម​ប្រឆាំង​បក​ទៅ​រដ្ឋាភិបាល​ចិន​វិញ​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ទាក់ទង​នឹង​ការ​ឈ្លានពាន​ដែន​សមុទ្រ​នៅ​ភាគ​ខាងត្បូង​នៃ​ប្រទេស​វៀតណាម។ អាជ្ញាធរ​ខ្មែរ​ព្រមាន​ថា​ទឹកដី​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​ជនបរទេស ប្រើប្រាស់​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ទេ ហើយ​នឹង​ចាត់​វិធានការ​តាម​ច្បាប់​ចំពោះ​ការ​រឹង​ទទឹង​ធ្វើបាតុកម្ម​ក្នុង​ទឹកដី​កម្ពុជា។
មន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួងមហាផ្ទៃ បញ្ជាក់​ថា​រដ្ឋធម្មនុញ្ញ​កម្ពុជា​មិនបាន​ចែង​ឬ​ផ្ដល់​សិទ្ធិ​ឲ្យ​ជនបរទេស ប្រើប្រាស់​ទឹកដី​កម្ពុជា​ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណាមួយ​ឡើយ ហើយ​ថែមទាំង​ព្រលយ​ពាក្យ​ថា​ចំណងមិត្តភាព​ម៉ឺន​ឆ្នាំ​រវាង​កម្ពុជា និង​វៀតណាម ក៏​មិន​បន្ទន់​ចិត្ត​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ប្រព្រឹត្ត​ផ្ទុយ​ពី​ច្បាប់​បាន​ដែរ។
ការ​លើក​ឡើង​នេះ គឺ​នៅ​ពេល​ដែល​ខាង​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា កំពុង​ត្រៀម រៀបចំ​សកម្មភាព​មួយ​ចំនួន ដើម្បី​ប្រឆាំង​និង​រដ្ឋាភិបាល​ចិន។ សមាគម​នេះ​ក៏​គ្រោង​ធ្វើបាតុកម្ម​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ចិន នៅ​ខាង​មុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា ខណៈ​ដែល​ជនជាតិ​និង​អាជ្ញាធរ​វៀតណាម កំពុង​ផ្ទុះ​កំហឹង​កញ្ជ្រោល​ទាមទារ ឲ្យ​ប្រទេស​ចិន​ដក​ឧបករណ៍​បូម​ប្រេង​ក្នុង​ដែនសមុទ្រ ភាគ​ខាងត្បូង ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម។
​ប្រធាន​សមាគម​សហព័ន្ធ​ខ្មែរ​វៀតណាម​ប្រចាំ​កម្ពុជា លោក ស៊ឹម ជី មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា​ជនជាតិ​វៀតណាម​ដែល​កំពុង​រស់នៅ​កម្ពុជា​ត្រៀម ធ្វើ​សកម្មភាព​ខ្លះ​ប្រឆាំង​និង​ប្រទេស​ចិន។ តែ​លោក​មិនបាន​ទម្លាយ​ថា​សកម្មភាព​ប្រឆាំង​ទាំងនោះ និង​ធ្វើ​តាមរយៈ​រូបភាព​ណាខ្លះ​ទេ។ លោក​គ្រាន់តែ​សង្កត់​ធ្ងន់​ថា ការ​ធ្វើ​បាតុកម្ម​នៅមុខ​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា នឹង​ធ្វើ​ឡើង​នា​ពេល​ខាងមុខ៖ «គម្រោង​របស់​សមាគម​ខ្ញុំ​មិន​ទាន់​មាន​គម្រោង​ថា​ធ្វើបាតុកម្ម​ទេ កំណត់​ពេលណា​នឹង​ខ្ញុំ​នឹង​ជម្រាប​ពេល​ក្រោយ។ ប៉ុន្តែ​ខ្ញុំ​នឹង​មាន​សកម្មភាព​ខ្លះៗ​ចំពោះ​ការ​ប្រឆាំង​នឹង​រដ្ឋ​ចិន»។
ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា ធ្លាប់​ប្រកាស​ជា​ចំហ​រថា​ប្រទេស​វៀតណាម​ជា​មហាមិត្ត​ជាមួយ​កម្ពុជា។ តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក្រ ប្រាប់​ថា​ចំណងមិត្តភាព​ស្និទ្ធស្នាល​ជាមួយ ប្រទេស​វៀតណាម មិនមែន​មានន័យថា​កម្ពុជា​ត្រូវតែ អនុញ្ញាត​ឲ្យ​ជនជាតិ​វៀតណាម ធ្វើ​អ្វី​ស្រេច​តែ​អំពើ​ចិត្ត ដោយ​មិន​គោរព​ច្បាប់​ឡើយ។ លោក ខៀវ សុភ័ក្រ បញ្ជាក់​ថា​កម្ពុជា​គោរព​ច្បាប់ និង​ប្រទេស​មាន​អព្យាក្រឹត​អចិន្ត្រៃយ៍ ហើយ​ប្រសិនបើ​សមាគម​វៀតណាម​នៅតែ​រឹងទទឹង​យក​ទឹកដី​កម្ពុជា ជា​កន្លែង​តវ៉ា​ប្រឆាំង​ចិន​នោះ អាជ្ញាធរ​នឹង​ចាត់​វិធានការ​តាមច្បាប់៖ «កម្ពុជា​របស់​យើង​ជា​ប្រទេស​អព្យាក្រឹត​អចិន្ត្រៃយ៍​មិន​ប្រកាន់​ថា​ខាង​ណា​ទេ ហើយ​មិន​អនុញ្ញាត​ឲ្យ​មាន​កម្លាំង​បរទេស​ដាក់​ទីតាំង​យោធា ក្នុង​ទឹកដី​យើង​ទេ​ក្នុង​ន័យ​នេះ​ថា​បានសម្រេច​ក្ដី​ថា មិន​អនុញ្ញាត​ឲ្យ​ជនជាតិ​បរទេស​ប្រើប្រាស់​ទឹកដី​កម្ពុជា ដើម្បី​ប្រឆាំង​នឹង​ប្រទេស​ណា​ទៀត​មិន​ថា​ប្រទេស​ចិន​ទេ ប្រទេស​ណា​ក៏​ដោយ​និយាយ​ជា​រួម​ទោះបីជា​អាមេរិក​ក៏​មិន​ឲ្យ​ធ្វើ ចិន​ក៏​មិន​ឲ្យ​ធ្វើ»។
អ្នកវិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ ព្រួយបារម្ភ​ថា​រដ្ឋាភិបាល​កម្ពុជា អាច​នឹង​ពិបាក​ក្នុង​ការ​សម្រេចចិត្ត នៅ​ពេល​ដែល​មហាមិត្ត​ទាំងពីរ គឺ​ប្រទេស​វៀតណាម​និង​ចិន ឈ្លោះ​គ្នា​រឿង​ដណ្ដើម​ដែន​កោះ។ លោក​បន្ត​ថា​ត្បិត​រដ្ឋធម្មនុញ្ញ​ចែង​ច្បាស់​ពី​ភាព​អព្យាក្រឹត និង​ឯករាជ្យ​របស់​ប្រទេស ប៉ុន្តែ​ជា​បទពិសោធន៍​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​នូវ​ប្រតិកម្ម​ជនបរទេស ដែល​ចង់​យក​ទឹកដី​កម្ពុជា​ជា​កន្លែង​ឃោសនា ឬ​ប្រឆាំង​នឹង​ប្រទេស​ណាមួយ។ លោក​បាន​លើក​ឧទាហរណ៍​ថា កាលដែល​ប្រទេស​ថៃ​វឹកវរ​ផ្នែក​នយោបាយ ហើយ​ហាម​មិន​អតីត​នាយករដ្ឋមន្ត្រី លោក ថាក់ ស៊ីន ចូល​ប្រទេស​បាន​នោះ ស្រាប់តែ​លោក ថាក់ ស៊ីន បាន​មក​ឃោសនា និង​ជួប​អ្នកគាំទ្រ​នៅ​ក្នុង​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ដោយមាន​អ្នកគាំទ្រ​ច្រើន​ពាន់​នាក់​ចូលរួម ហើយ​ប្រទេស​វៀតណាម​អាច​ប្រើ​វិធី​ស្រដៀង​គ្នា​នេះ ដោយ​យក​ចំណងមិត្តភាព យក​មក​ដាក់​មុខ​ឲ្យ​កម្ពុជា​ពិបាក បដិសេធ​សំណើ​របស់​ខ្លួន៖ «ចុះបើ​ជនជាតិ​យួន​ធ្វើ​បាន ចុះ​ជនជាតិ​ចិន​ធ្វើ​បានទេ? ម្ល៉ោះ​ហើយ​វា​ទៅជា​មាន​ចម្បាំង​រវាង​ជនជាតិ​ទាំងពីរ​ដែល​មាន​វត្តមាន​នៅ​កម្ពុជា មិន​ជា​ការ​ល្អ​ទេ​សម្រាប់​យើង​នឹង»។
លោក ឡៅ ម៉ុងហៃ ស្នើសុំ​ឲ្យ​រដ្ឋាភិបាល​រក្សា​អព្យាក្រឹត​ឲ្យ​រឹងមាំ។ ពិសេស​សូម​ឲ្យ​ជនជាតិ​វៀតណាម និង​ជនជាតិ​ចិន​រស់នៅ​កម្ពុជា​កុំ​ជ្រួលជ្រើម​ធ្វើបាតុកម្ម​ដែល​នាំ​ឲ្យ​មាន​ហិង្សា​ក្នុង​ទឹកដី​កម្ពុជា។
ទាក់ទង​បញ្ហា​នេះ​ដែរ កាលពីដើម​ខែ​ឧសភា ប្រទេស​ចិន​បាន​ដាក់​កប៉ាល់​ទៅ​ខួង​ប្រេង​នៅ​កោះ​ហ្វាងសា (Hoang Sa) ឬ​ត្រឿងសា (Truong) ភាគ​ខាងត្បូង​ក្នុង​ដែនសមុទ្រ ប្រទេស​វៀតណាម ដោយមាន​ទាំង​កង​ទាហាន និង​យន្តហោះ​ទៅ​ការពារ រារាំង​មិន​ឲ្យ​អាជ្ញាធរ​វៀតណាម មក​ឆាឆៅ​ឬ​បណ្ដេញ​ពួកគេ​ពី​ដែនសមុទ្រ​នោះ​ថែមទៀត។ ទាំង​អាជ្ញាធរ​ចិន និង​អាជ្ញាធរ​វៀតណាម បាន​ប៉ះ​គ្នា​២​លើក​មក​ហើយ ដោយ​ភាគី​ទាំងពីរ​បាន​បាញ់​ទឹក​ពន្លិច​ទូក​គ្នា​ទៅវិញទៅមក។
ក្រោយ​ការ​បរាជ័យ ឲ្យ​ចិន​ដក​កប៉ាល់​ខួង​ប្រេង​ចេញពី​កោះ​ហ្វាងសា នោះ​ជនជាតិ​វៀតណាម បាន​ចេញ​តវ៉ា​ជា​បន្តបន្ទាប់​ចាប់ពី​ថ្ងៃ​ទី​១១ ឧសភា ដែល​នេះ​ជា​ការ​ប្រឆាំង​ដ៏​កម្រ​ឃើញ​មួយ នៅ​ក្នុង​ប្រទេស​កុម្មុយនិស្ត ដោយ​ពួកគេ​បាន​ចេញ​តវ៉ា​តាម​ផ្លូវ​និង​គ្រវី ទង់ជាតិ​វៀតណាម ប្រឆាំង​នឹង​ការ​ពង្រាយ​ឧបករណ៍​បូម​ប្រេង​របស់​ចិន ទៅ​ក្នុង​ដែនសមុទ្រ​ភាគ​ខាងត្បូង។
អ្នក​តវ៉ា​បាន​ប្រឆាំង​ក្រុមហ៊ុន​ចិន ហើយ​បាន​ដុត​រោងចក្រ​ជាច្រើន​ជា​កម្មសិទ្ធិ​របស់​អ្នក​វិនិយោគ​ចិន។
ព័ត៌មាន​ពី​រយទ័រ ផ្សាយ​ថា​មានការ​ប៉ះទង្គិច​ហិង្សា រហូត​បណ្ដាល​ឲ្យ​មនុស្ស​ជាង​២០​នាក់​ស្លាប់ កាលពី​ល្ងាច​ថ្ងៃ​ទី​១៤ ឧសភា នៅ​ក្នុង​ខេត្ត​ហាទីន(Ha Tinh) ក្នុងនោះ​មានកម្ម​ករ​ជា​ជនជាតិ វៀតណាម​៥​នាក់​និង​ជនជាតិ​ចិន ១៦​នាក់៕
                                                                                                                               ប្រភព:អាស៊ីសេរី

ជនជាតិ​ចិន​នៅ​វៀតណាម​សម្រុក​មក​កម្ពុជា​បន្ទាប់​មាន​បាតុកម្ម​ដុត​រោងចក្រ

ជនជាតិ​ចិន ជាច្រើន​រយ​នាក់​បាន​សម្រុក​ចេញ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា តាម​ចក្រ​ព្រំដែន​អន្តរជាតិ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជា​បន្តបន្ទាប់។ ជនជាតិ​ចិន សម្រុក​ចូល​មក​ប្រទេស​កម្ពុជា នេះ ដោយសារ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មាន​ផ្ទុះ​បាតុកម្ម​ដុត​រោងចក្រ​នៅ​ប្រទេស​វៀតណាម។
ក្រោយ​ពី​ជនជាតិ​វៀតណាម ធ្វើ​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន នៅ​ក្នុង​ប្រទេស​ខ្លួន​មក ជនជាតិ​ចិន ទាំង​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ផង បាន​សម្រុក​ភៀស​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ តាម​រូបភាព​មក​ទេសចរណ៍ និង​ធ្វើ​ការងារ​ផ្សេងៗ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ជនជាតិ​ចិន ដែល​ចូល​មក​ប្រទេស​កម្ពុជា ភាគ​ច្រើន​មក​ដោយ​ស្រប​ច្បាប់​ជា​បន្តបន្ទាប់ តាំង​តែ​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក ហើយ​គិត​មក​ទល់​ពេល​នេះ មាន​ប្រមាណ​ជាង ៦០០​នាក់។ លោក​បន្ថែម​ថា ជនជាតិ​ចិន ដែល​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា នេះ ដើម្បី​បញ្ចៀស​បញ្ហា​ពី​ការ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​រោងចក្រ​ចិន នៅ​ប្រទេស​វៀតណាម។
លោក​ថា ជនជាតិ​ចិន ទាំង​នោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត មក​ប្រទេស​កម្ពុជា ក្នុង​លក្ខណៈ​ជា​អ្នក​ទេសចរ​ធម្មតា ហើយ​នឹង​ត្រឡប់​ទៅ​វៀតណាម វិញ​នៅ​ពេល​ដែល​ស្ថានភាព​នៅ​ប្រទេស​វៀតណាម ស្ងប់ស្ងាត់​ទៅ​វិញ៖ «អឺ​នែក! ពេល​ដែល​គាត់​អញ្ជើញ​មក​ធម្មតា​ដែង​គាត់​ចូល​មក​ក្នុង​នាម​ជា​អ្នក​ទេសចរ ឬ​ក៏​អ្នក​ស្នាក់​អាស្រ័យ​បណ្ដោះអាសន្ន​ទេ មិន​មែន​អ្នក​វិនិយោគ​ទេ។ អ៊ីចឹង​អ្វី​ដែល​គាត់​អាច​រស់​នៅ​បាន​ធម្មតា​តាម​រយៈពេល​ការ​ស្នាក់​អាស្រ័យ​របស់​គាត់ ដែល​នគរបាល​តាម​ច្រក​ទ្វារ​បាន​ផ្ដល់​ឲ្យ​ហ្នឹង។ ឧទាហរណ៍​ថា មក​ប៉ុន្មាន​ខែ​អ៊ីចឹង​ទៅ​ណាស់! តាម​ដែល​សិទ្ធិ​ហ្នឹង​ទៅ ដូច្នេះ​គាត់​ចប់​គាត់​អាច​អញ្ជើញ​ទៅ​វិញ​ទៅ។ ជា​ណែ​នយោបាយ​ការ​បរទេស​កម្ពុជា ជាទូទៅ​មិន​ប៉ះពាល់​ទាំង​វៀតណាម មិន​ប៉ះពាល់​ទាំង​ចិន គេ​អាច​ចេញ​ចូល​បាន​ដោយ​សេរី»
លោក​បន្ថែម​ថា ជនជាតិ​ចិន ចូល​មក​ប្រទេស​កម្ពុជា ដូច​ជា​ជន​បរទេស​ដទៃ​ដែល​ចូល​មក​ទេសចរណ៍​ទូទៅ​ដែរ គឺ​ពុំ​មាន​ការ​យាម​កាម​ការពារ​អ្វី​ពិសេស​នោះ​ទេ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ត្រឹង វាំងថុង (Trang Van Thang) មាន​ប្រសាសន៍​ថា ជនជាតិ​វៀតណាម ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ដោយសារ​តែ​ចិន ចូល​ឈ្លាន​ពាន​ចូល​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង ដែល​ជា​អធិបតេយ្យភាព​របស់​ប្រទេស​វៀតណាម ដោយ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៤ គឺ​ពុំ​មែន​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​អ្នក​វិនិយោគទុន​របស់​ចិន នៅ​ក្នុង​ប្រទេស​វៀតណាម នោះ​ឡើយ៖ «តំបន់​សមុទ្រ​ហ្នឹង​ប្រជុំ​កោះ​ហ្នឹង គឺ​របស់​វៀតណាម បាទ! ដូច្នេះ ចិន យក​នាវា​ចូល​មក​ហ្នឹង នាវា​ខួង​ប្រេង​របស់​ចិន ហើយ​និង​មាន​នាវា​មួយ​ចំនួន​ទៀត​ទៅ​ការពារ ធ្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ដែន​សមុទ្រ​របស់​វៀតណាម។ ដូច្នេះ ប្រជាពលរដ្ឋ​វៀតណាម គេ​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន រំលោភ​ច្បាប់​ហ្នឹង រំលោភ​ដែន​សមុទ្រ​របស់​វៀតណាម»
លោក​បន្ថែម​ថា ជនជាតិ​វៀតណាម ដែល​ស្រឡាញ់​ជាតិ​ទឹក​ដី​របស់​ខ្លួន ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​ទី​១២ ឧសភា ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ចិន ដក​នាវា​ពី​របស់​ខ្លួន​ចេញ​ពី​ដែន​សមុទ្រ​ដែល​កំពុង​មាន​ជម្លោះ​នោះ៕ 
​​​​​​​                                                                                                                                    ប្រភព:អាស៊ីសេរី