Friday, May 16, 2014

ភាព​ចលាចល​នៅ​ថៃ​និង​វៀតណាម​អាច​ឲ្យ​កម្ពុជា​ប្រឈម​នឹង​​កង្វះ​ទំនិញ​ប្រើប្រាស់

ប្រទេស​កម្ពុជា​អាច​ទទួល​បាន​ទាំង​ឱកាស និង​ឧបសគ្គ​ពី​ភាព​ចលាចល​នៅ​ប្រទេស​ថៃ និង​វៀតណាម។ ជម្លោះ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ និង​បាតុកម្ម​ប្រឆាំង​នឹង​រឿង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​វៀតណាម​នោះ អាច​បង្ក​ឲ្យ​អ្នក​វិនិយោគ​បរទេស​មួយ​ចំនួន​ផ្លាស់​ទី​មក​កម្ពុជា​ប៉ុន្តែ​កម្ពុជា​វិញ អាច​បាត់បង់​ចំណែក​ទីផ្សារ​កសិផល​របស់​ខ្លួន និង​អាច​ប្រឈម​ពី​ភាព​ខ្វះ​ទំនិញ​ប្រើប្រាស់​នៅ​ក្នុង​ប្រទេស។
កម្ពុជា​ជា​ប្រទេស​នាំចូល​ទំនិញ ដោយសារតែ​កម្ពុជា​បាន​ចាប់​យក​សេដ្ឋកិច្ច​ទីផ្សារ​សេរី​ដោយ​បើក​ចំហ​ការ​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ ម្យ៉ាងវិញទៀត​មូលដ្ឋាន​ផលិត​ទំនិញ​ប្រើប្រាស់​របស់​កម្ពុជា​វិញ​នៅ​មាន​កម្រិត​ទាប​បើ​ធៀប​នឹង​តម្រូវការ​ប្រើប្រាស់​ជាក់ស្ដែង​របស់​ប្រជាពលរដ្ឋ​កម្ពុជា។ ការ​នាំចូល​ទំនិញ ភាគច្រើន​មកពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម។
បច្ចុប្បន្ន​ប្រទេស​ទាំងពីរ​នេះ​មាន​វិបត្តិ​ធ្ងន់ធ្ងរ ពី​ភាព​ជាប់​គាំង​នយោបាយ​កំពុង​កើត​ឡើង​នៅ​ប្រទេស​ថៃ និង​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​វៀតណាម ពី​រឿង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង។ វិបត្តិ​ទាំង​នេះ​អាច​បង្អាក់​ដល់​ដំណើរការ​ផលិតកម្ម ដើម្បី​ផ្គត់ផ្គង់​ចរាចរ​ទំនិញ​នៅ​ក្នុង​ស្រុក​និង​បរទេស។
ប្រទេស​ថៃ​បាន​ចាប់​ផ្ដើម​មាន​ភាព​តានតឹង ចាប់​តាំង​ពី​តុលាការ​រដ្ឋធម្មនុញ្ញ​ថៃ​បាន​ដក​ដំណែង នាយករដ្ឋមន្ត្រី យីងឡាក់ ស៊ីណាវ៉ាត្រ កាលពីដើម​ខែ​ឧសភា ឆ្នាំ​២០១៤។ នៅ​ពេល​នោះ​អ្នក​គាំទ្រ​អ្នកស្រី យីងឡាក់ បាន​ចេញ​មក​តវ៉ា​រហូត​បណ្ដាល​ឲ្យ​មាន​ប្រជាពលរដ្ឋ​ថៃ​យ៉ាងហោចណាស់ ២​នាក់​បាន​ស្លាប់ និង​ជាង​២០​នាក់ ផ្សេងទៀត​បាន​រង​របួស។
ចំណែក​ភាព​វឹកវរ​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម​វិញ បាន​បណ្ដាល​ឲ្យ​ប្រជាពលរដ្ឋ យ៉ាង​ហោច​ណាស់​២០​នាក់​បាន​ស្លាប់ និង​មាន​ដុត​បំផ្លាញ​រោងចក្រ​ដែកថែប​ធំ​បំផុត​មួយ ដែល​កំពុង​សាងសង់​នៅ​វៀតណាម។ សារព័ត៌មាន​របស់​វៀតណាម​ជាច្រើន បាន​គូស​បញ្ជាក់​ថា ក្រៅ​ពី​នេះ រោងចក្រ​ចិន ប្រមាណ​ជិត​៥០០ ត្រូវ​ខូចខាត​បន្តិចបន្តួច ពី​ការ​តវ៉ា​ប្រឆាំង​រឿងក្ដី​ក្ដាំ​ដែនទឹក​សមុទ្រ​ចិន​ខាងត្បូង បន្ទាប់ពី​កិច្ចប្រជុំ​អាស៊ាន​ចិន​លើ​បញ្ហា​នេះ​បាន​បញ្ចប់​រយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ។
បញ្ហា​កំពុង​កើតឡើង​នៅ​ប្រទេស​ថៃ និង​វៀតណាម​នេះ​អាច​ប៉ះពាល់​ដល់​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​ស្រុក​របស់​ប្រទេស​កម្ពុជា​ប្រសិនបើ ការ​នាំ​ចូល​ទំនិញ​ប្រើប្រាស់​មក​កម្ពុជា មានការ​ធ្លាក់​ចុះ។
អ្នកវិភាគ​សេដ្ឋកិច្ច​បាន​អះអាង​ថា នៅ​ពេល​ប្រទេស​ដែល​នាំចេញ​មាន​បញ្ហា ប្រទេស​នាំចូល​ក៏​ត្រូវ​ជួប​បញ្ហា​ខ្វះ​ស្បៀង​ប្រើប្រាស់​ដែរ។ ជាក់ស្ដែង​ប្រទេស​កម្ពុជា នាំចូល​ទំនិញ​ប្រើប្រាស់​យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ពី​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ។
របាយការណ៍​របស់​ស្ថានទូត​ថៃ និង​វៀតណាម​ប្រចាំ​កម្ពុជា​បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ដែល​ប្រទេស​ថៃ​នាំ​ចូល​មក​កម្ពុជា មាន​ទំហំ​ទឹកប្រាក់​ជាង​៤​ពាន់​លាន​ដុល្លារ​អាមេរិក​ប្រចាំ​ឆ្នាំ​២០១៣។ ចំណែក​ការ​នាំ​ចូល​របស់​វៀតណាម​នៅ​កម្ពុជា​វិញ មានតម្លៃ​ជិត​៣​ពាន់​លាន​ដុល្លារ​អាមេរិក។
ក្រៅ​ពី​នេះ​ការ​វិនិយោគ​របស់​ប្រទេស​ថៃ​នៅ​កម្ពុជា មាន​ទឹកប្រាក់​ជាង​១២០(មួយ​រយ​ម្ភៃ​មួយ​) លាន​ដុល្លារ​អាមេរិក និង​ប្រទេស​វៀតណាម​មាន​ចំនួន​៨៦លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១២។
ទោះជា​យ៉ាង​ណា​ក៏​ដោយ​អ្នកវិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា ភាព​ចលាចល​ដែល​កើតឡើង​នៅ​ប្រទេស​វៀតណាម មិន​មាន​ផល​ប៉ះពាល់​អាក្រក់​ដល់​កម្ពុជា ដូច​ប្រទេស​ថៃ​ឡើយ។ ការ​ព្រួយ​រូបារម្មណ៍​នោះ គឺ​វិបត្តិ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ​ដែល​បាន​អូស​បន្លាយ​ជាច្រើន​ខែ។ បញ្ហា​នេះ​នឹង​បង្ក​ផល​ប៉ះ​ពាល់​ដល់​រាប់​ម៉ឺន​សហគ្រាស​ផលិតកម្ម និង​ការនាំចេញ។
អគ្គ​ទីប្រឹក្សា​ពាណិជ្ជកម្ម ប្រចាំ​ស្ថាន​ឯកអគ្គរាជទូត​ថៃ​ប្រចាំ​កម្ពុជា អ្នកស្រី ជីវ៉ាណាន់ វង្សមង្គល (Jiranan Wongmonkol) ធ្លាប់​អះអាង​ថា​ទោះបីជា​ប្រទេស​ថៃ កំពុង​ជួបប្រទះ​ពី​ភាព​ជាប់​គាំង​នយោបាយ​ក៏ដោយ ប៉ុន្តែ​ការនាំចេញ​និង​នាំចូល នៅ​តែ​មាន​សកម្មភាព​ដ​ដែល៖ «ប្រទេស​នីមួយៗ​តែង​តែ​មាន​បញ្ហា វិបត្តិ​ខាង​នយោបាយ​ ប៉ុន្តែ​ខ្ញុំ​ថា​ទំនាក់​ទំនង​គ្នា​ខាង​ពាណិជ្ជកម្ម​ហ្នឹង​ ធ្វើ​ដោយ​ធម្មតា អត់​មាន​​ពាក់ព័ន្ធ​ខាង​នយោបាយ​ទេ។ ដូច​យើង​មើល​តាម​តួលេខ ​ក៏​យើង​មើល​ឃើញ​អ៊ីចឹង​មែន ខាង​ជនជាតិ​ថៃ​មក​រកស៊ី មក​ធ្វើ​ធុរកិច្ច​នៅ​ខាង​ខ្មែរ នៅ​ឆ្នាំ​២០១៣​កើន​ជាង​ឆ្នាំ​២០១២។ យើង​មើល​ក៏​វា​មិន​អាក្រក់​ប៉ុន្មាន​ដែរ ការ​ទំនាក់ទំនង​ខាង​ពាណិជ្ជកម្ម​​ វា​អត់​មាន​វិបត្តិ​តាម​រឿង​នយោបាយ​ទេ»។
ផ្ទុយ​ពី​លើកឡើង​នេះ​ឧស្សាហកម្ម និង​ផលិតកម្ម​របស់​ថៃ​រក​ឃើញ​ថា​បាន​រង​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ពី​ភាព​ជាប់​គាំង​នយោបាយ។ សហព័ន្ធ​ឧស្សាហកម្ម​ថៃ​បាន​បង្ហាញ​ថា​យ៉ាង​ហោច​ណាស់ ​សហគ្រាស​ធន់​តូច និង​មធ្យម​ប្រមាណ​១​សែន​សហគ្រាស នឹង​ត្រូវ​បញ្ឈប់​ដំណើរការ​ផលិតកម្ម​របស់​ខ្លួន ប្រសិនបើ​វិបត្តិ​នយោបាយ​នេះ​មិន​អាច​ដោះស្រាយ​បាន​នៅ​ក្នុង​ឆ្នាំ​២០១៤នេះ។
សហព័ន្ធ​ដដែល​បាន​ពន្យល់​ថា វិបត្តិ​នយោបាយ​បាន ប៉ះពាល់​ដល់​តម្រូវការ​ប្រើប្រាស់​ក្នុងស្រុក ការ​វិនិយោគ ការ​ចំណាយ​របស់​រដ្ឋាភិបាល​ទ្រទ្រង់​អាជីវកម្ម ដែល​ជា​មូលដ្ឋាន​របស់​វិស័យ​សហគ្រាស​ធន់​តូច និង​មធ្យម​អាច​រស់រាន​បាន។ ការ​បិទ​ទ្វារ​សហគ្រាស​ថៃ​ទាំងអស់​នេះ អាច​ប៉ះពាល់​ដល់​ការ​នាំ​ចេញ​ទំនិញ​មក​កម្ពុជា។
ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ខ្នាត​តូច និង​មធ្យម​នៅ​កម្ពុជា លោក​ឧកញ៉ា តែ តាំងប៉ មាន​ប្រសាសន៍​ថា​វិបត្តិ​នយោបាយ​ដែល​កើតឡើង​នៅ​ប្រទេស​ថៃ និង​តវ៉ា​នៅ​ប្រទេស​វៀតណាម មិនទាន់​ឃើញ​មាន​សញ្ញា​អាក្រក់​ណាមួយ​ប៉ះពាល់​ដល់​កម្ពុជា ជាពិសេស​ទំនិញ​ប្រើប្រាស់​ក្នុងស្រុក​ឡើយ៖«ដូច​អត់​ពាក់ព័ន្ធ​​​ដល់​រឿង​ហ្នឹង​ទេ​បងចលាចល​នៅ​ថៃ​ នៅ​វៀតណាម ខ្ញុំ​មើល​ទៅ​រូប​ភាព​ហ្នឹង​អត់​ប៉ះ​ពាល់​អី​ផង»
អ្នក​វិភាគ​សេដ្ឋកិច្ច​បាន​លើក​ឡើង​ថា​ភាព​វឹកវរ ដែល​កំពុង​កើតឡើង​នៅ​ប្រទេស​ថៃ និង​វៀតណាម អាច​បង្វែរ​ការ​វិនិយោគ​មួយ​ចំនួន​មក​កម្ពុជា ប៉ុន្តែ​កម្ពុជា​វិញ​អាច​ប្រឈម​និង​បាត់បង់​ទីផ្សារ​មួយ​ចំណែក​ពី​ការនាំចេញ​ផលិតផល ឬ​វត្ថុធាតុដើម។
ទោះជា​យ៉ាងណា​ក៏​ដោយ ការ​រាយការណ៍​របស់​សារព័ត៌មាន​របស់​ថៃ​និង​វៀតណាម​ជាច្រើន​បាន​រាយការណ៍​ថា សហគ្រាស​ដែល​កំពុង​រង​ផល​ប៉ះ​ពាល់ ពី​ភាព​ជាប់​គាំង​នយោបាយ​ភាគ​ច្រើន​ជា​ប្រភេទ​សហគ្រាស​លក់រាយ និង​ផ្នែក​សណ្ឋាគារ៕
                                                                                                 ប្រភព:អាស៊ីសេរី

No comments:

Post a Comment