Friday, May 16, 2014

អាជីវករ​លក់​ដូរ​នៅ​ផ្សារ​លើ​ខេត្ត​កំពង់ឆ្នាំង​រិះគន់​គម្រោង​ស្ដារ​ប្រព័ន្ធ​លូ​ថា​មិន​ច្បាស់​លាស់

អាជីវករ​លក់​ដូរ​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​ជើង​នៃ​ផ្សារ​លើ ខេត្ត​កំពង់ឆ្នាំង ខក​ចិត្ត​ចំពោះ​ភាព​មិន​ច្បាស់​លាស់​របស់​អាជ្ញាធរ ក្នុង​ការ​អនុវត្ត​គម្រោង​ស្ថាបនា​ប្រព័ន្ធ​លូ​បង្ហូរ​ទឹក​ស្អុយ ដែល​ធ្វើ​នៅ​ចំ​ទីតាំង​តូប​លក់​ដូរ​របស់​ពួក​គាត់។
ក្រុម​អាជីវករ​អះអាង​ថា អាជ្ញាធរ និង​គណៈកម្មការ​ផ្សារ ម្ដង​បង្ខំ​ឲ្យ​ពួក​គាត់​រុះរើ​តូប​ចេញ ដើម្បី​ចាប់​ផ្ដើម​អនុវត្ដ​គម្រោង​នេះ ម្ដង​ត្រូវ​ពន្យារ​ពេល។ ភាព​មិន​ច្បាស់​លាស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​លក់​ដូរ និង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់​ធ្ងន់ធ្ងរ។
ដំបូល​ឆត្រ និង​គ្រែ​លក់​ដូរ​របស់​អាជីវករ​ប្រមាណ​ជា ៤០០​កន្លែង ត្រូវ​បាន​រុះរើ​ជា​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា បន្ទាប់​ពី​ពួក​គាត់​សម្រេច​ចិត្ត​នាំ​គ្នា​ចូល​ទៅ​លក់​ដូរ​នៅ​កន្លែង​ចាស់​មួយ​រយៈ​វិញ។ ការ​សម្រេច​ចិត្ត​ចូល​ទៅ​លក់​ដូរ​នៅ​លើ​ទីតាំង​ចាស់ ដែល​អាជ្ញាធរ​ឲ្យ​រុះ​តូប​ចោល​អស់​ម្តង​ហើយ​នោះ គឺ​ដោយសារ​តែ​មិន​ឃើញ​គ្រឿងចក្រ​របស់​គម្រោង ចៃកា (Jica) ធ្វើ​សកម្មភាព​ស្ដារ​ប្រព័ន្ធ​លូ​ដូច​គម្រោង និង​ការ​ប្រកាស​របស់​អាជ្ញាធរ​នោះ​ឡើយ។
អាជីវករ​លក់​បន្លែ និង​សាច់​ជ្រូក ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ឲ្យ​ដឹង​ថា ភាព​រអាក់រអួល​នៃ​ការ​លក់​ដូរ​បាន​កើត​មាន​តាំង​ពី​ពេល​រុះរើ នៅ​ថ្ងៃ​ទី​១ ខែ​ឧសភា មក។ ពួក​គាត់​បន្ត​ថា ប្រសិន​គម្រោង​ធ្វើ​លូ​នេះ​នៅ​តែ​បន្ត​អូស​បន្លាយ ខណៈ​ដែល​កន្លែង​លក់​ដូរ​របស់​ពួក​គាត់​មិន​ច្បាស់​លាស់​ដូច​សព្វថ្ងៃ​នេះ បញ្ហា​ជីវភាព​របស់​អាជីវករ​នឹង​កាន់​តែ​ប៉ះពាល់​ខ្លាំង៖ «លំបាក​ហ្នឹង​វា​ក្រៃណា​នឹង​និយាយ ដល់​យើង​និយាយ ដល់​យើង​ធ្វើ​អ៊ីចឹងៗ វា​ដូច​ជា​អត់​សម។ បើ​ថា​ដេញ​ចេញ​ឲ្យ​វា​ចេញ​ទៅ​កុំ​អា​ដែង​ចេញ​ហើយ​ចូល​ហើយ​ចូល​ហើយ​ទៅ​ជា​មាន​ពាក្យ​ចចាមអារ៉ាម ដី​ទៅ​ដោះដូរ​ជាមួយ​ប្រជាពលរដ្ឋ​អា​ម៉េច​អី​អា​ម៉េច ហើយ​អា​ភាស៊ី​កង់​អី​នៅ​ត្រង់​ហ្នឹង​អត់​ចេញ ហើយ​ឲ្យ​ប្រជាជន​ចេញ ឲ្យ​អា​ភាស៊ី​កង់​នៅ​ទុក​ហ្នឹង។ ជួល​កន្លែង​គេ​មួយ​ថ្ងៃ​គេ​យក ២ ទៅ ៣​ពាន់​មួយ​ថ្ងៃ ក្មួយ​ឯង​គិត​មើល​ថា​យក​ក៏​យក​ចុះ ឲ្យ​តែ​បាន​ប្រជាជន​ធ្វើ​ស្ដារ​ស្អាត​ទៅ នឹង​អាង​ចូល​វិញ»
ក្រោយ​ពី​ការ​រុះរើ​នេះ ក្រុម​អាជីវករ​នាំ​គ្នា​ជួល​ដី​នៅ​តាម​មុខ​ផ្ទះ​អ្នក​ភូមិ​ត្រពាំងបី ដែល​ស្ថិត​នៅ​ក្បែរ​ផ្សារ​នោះ ដើម្បី​លក់​ដូរ​បណ្ដោះ​អាសន្ន ក្នុង​គោល​បំណង​រង់ចាំ​ចូល​លក់​ដូរ​កន្លែង​ដើម​វិញ បន្ទាប់​ស្ថាបនា​ប្រព័ន្ធ​លូ​រួច។ ត្រង់​ចំណុច​នេះ គណៈ​គ្រប់គ្រង​ផ្សារ​លើ​បញ្ជាក់​ថា ក្រុម​អាជីវករ​អាច​ចូល​លក់​នៅ​កន្លែង​ដើម​វិញ​បាន ប៉ុន្តែ​មាន​អាជ្ញាធរ​ខេត្ត​ក្រុង រួម​សហការ​ជាមួយ​នឹង​គណៈកម្មការ​ផ្សារ ដើម្បី​វាស់​បែង​ចែក​ទំហំ​តូប​ស្មើៗ​គ្នា សម្រាប់​អាជីវករ​ជួល​នៅ​ក្រោយ​ការ​សាងសង់​ប្រព័ន្ធ​លូ​រួច។
ប្រធាន​គណៈកម្មការ​ផ្សារ​លើ លោក លន់ ថា មាន​ប្រសាសន៍​ថា មូលហេតុ​ពិត​ប្រាកដ​នៃ​ការ​យឺតយ៉ាវ​នេះ លោក​មិន​ដឹង​ថា​បណ្ដាល​មក​ពី​អាជ្ញាធរ ឬ​ខាង​គម្រោង ចៃកា របស់​ប្រទេស​ជប៉ុន នោះ​ទេ៖ «អា​ហ្នឹង​គាត់​ចង់​បាក់​ជំនឿ​ថា តិច​ថយ​ដូច​ថ្ងៃ​មុន​ទៅ ប្រសិន​បើ​ថយ​ទៅ​គេ​អត់​ទាន់​ធ្វើ​ដដែល វា​ខាត​គាត់​ណាស់​ណា ទៅ​លក់​ឯណោះ​វា​អត់​មាន​អ្នក​ទិញ​អ្នក​អី​អ៊ីចឹង​ទៅ វា​ដាច់​ជីវភាព​គាត់​ណា​ប្អូន»
វិទ្យុ​អាស៊ីសេរី ពុំ​ទាន់​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី ដោក សុទ្ធា និង​អភិបាល​ក្រុង លោក ហៃ មនោរម្យ ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៥ ខែ​ឧសភា ប៉ុន្តែ​សេចក្ដី​ជូន​ដំណឹង​ដែល​បិទ​ផ្សាយ​លើ​គម្រោង​ការ​សាងសង់​ប្រព័ន្ធ​លូ​នៅ​អម​សង​ខាង​ផ្សារ​នេះ នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៥ ខែ​មិថុនា ដល់​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១៤ ហើយ​រយៈពេល​នៃ​ការ​ក្រាល​កម្រាល គឺ​ចាប់​ពី​ថ្ងៃ​ទី​២០ ខែ​កក្កដា ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០១៤៕
                                                                                        ប្រភព:អាស៊ីសេរី

No comments:

Post a Comment