Friday, May 16, 2014

ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​-​ឥណ្ឌូណេស៊ី​នៅមាន​តម្លៃ​ទាប​ ​

​ភ្នំពេញ:  បណ្ឌិត​អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​និយាយថា ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​កម្ពុជា​និង ឥណ្ឌូណេស៊ី​នៅមានកម្រិត​ទាប​នៅ ឡើយ ដែល​ទាមទារ​ឱ្យ​ប្រទេស​ទាំងពីរ ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យ ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍ ថែមទៀត​។​


          ​លោក​រដ្ឋមន្ដ្រី បាន​និយាយ បែបនេះ​ក្នុងពេល​ទទួល​ជួប​ជាមួយ លោក​ពី​តូ​ណូ ពួរ​ណូ​ម៉ូ ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ ឥណ្ឌូណេស៊ី​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៤​នេះ ។ លោក បញ្ជាក់ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង ភាគី​ទាំងពីរ​មាន​ទំហំ​ពាណិជ្ជកម្ម​សរុប ប្រហាក់ប្រហែល ៣០០ លាន​ដុល្លារ តែប៉ុណ្ណោះ ។ ទំហំ​ពាណិជ្ជកម្ម​តម្លៃ នេះ​មាន​កម្រិត​ទាប​នៅឡើយ បើ​ធៀប នឹង​សក្ដានុពល​ដែល​ប្រទេស​ទាំងពីរ មាន​។ លោក​រដ្ឋមន្ដ្រី​បាន​ជម្រាប​លោក ឯកអគ្គរដ្ឋទូត​ថា កំណើនសេដ្ឋកិច្ច​កម្ពុជា នៅ​ឆ្នាំ​២០១៣ សម្រេចបាន​ក្នុង​អត្រា​៧,៣ ភាគរយ​។​

          ​លោក​រដ្ឋមន្ដ្រី​មានប្រសាសន៍ ដែរ​ថា ដោយសារ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ នៅមានកម្រិត​ទាប ហើយដោយ​សារ ប្រទេស​ឥណ្ឌូណេស៊ី​ក៏​ជា​ប្រភព វិនិយោគ ដោយផ្ទាល់​ពី​បរទេសមួយ​ធំ នៅក្នុង​តំបន់​អាស៊ាន​ដែរនោះ​កម្ពុជា ស្នើ​សុំឱ្យ​លោក​ឯកអគ្គរដ្ឋទូត​ជួយ​ជំរុញ វិនិយោគិន​ឥណ្ឌូណេស៊ី​មក​បណ្ដាក់ទុន នៅក្នុង​ប្រទេស​កម្ពុជា ឱ្យបាន​ច្រើន ថែមទៀត​។ 

     ​លោក​ឯកអគ្គរដ្ឋទូត បាន សន្យា​កៀរគរ​វិនិយោគិន​ឥណ្ឌូណេស៊ី មក​បណ្ដាក់ទុន​នៅ​កម្ពុជា​បន្ថែមទៀត ហើយ​បាន​សន្យា​ពង្រឹង​កិច្ចសហប្រតិបត្ដិការ​លើ​វិស័យ​ពាណិជ្ជកម្ម​វិនិយោគ និង​ទេសចរណ៍ និង​ជំរុញឱ្យមាន​កិច្ច សហ​ប្រតិ​ប​ត្ដិ​កា​រលើ​វិស័យ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ឱ្យបាន​ខ្លាំងក្លា បន្ថែមទៀត​រវាង​គ្នា ៕ 
                                                                                                                 ប្រភព  :កោះសន្តិភាព

No comments:

Post a Comment