Friday, May 16, 2014

ជនជាតិ​ចិន​នៅ​វៀតណាម​សម្រុក​មក​កម្ពុជា​បន្ទាប់​មាន​បាតុកម្ម​ដុត​រោងចក្រ

ជនជាតិ​ចិន ជាច្រើន​រយ​នាក់​បាន​សម្រុក​ចេញ​ពី​ប្រទេស​វៀតណាម មក​កម្ពុជា តាម​ចក្រ​ព្រំដែន​អន្តរជាតិ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជា​បន្តបន្ទាប់។ ជនជាតិ​ចិន សម្រុក​ចូល​មក​ប្រទេស​កម្ពុជា នេះ ដោយសារ​ពួក​គេ​បារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់​ខ្លួន បន្ទាប់​ពី​មាន​ផ្ទុះ​បាតុកម្ម​ដុត​រោងចក្រ​នៅ​ប្រទេស​វៀតណាម។
ក្រោយ​ពី​ជនជាតិ​វៀតណាម ធ្វើ​កូដកម្ម​ប្រឆាំង​រដ្ឋាភិបាល​ចិន នៅ​ក្នុង​ប្រទេស​ខ្លួន​មក ជនជាតិ​ចិន ទាំង​អ្នក​វិនិយោគ និង​អ្នក​ទេសចរ​ផង បាន​សម្រុក​ភៀស​ខ្លួន​ចូល​មក​ប្រទេស​កម្ពុជា ជា​បន្តបន្ទាប់ តាម​រូបភាព​មក​ទេសចរណ៍ និង​ធ្វើ​ការងារ​ផ្សេងៗ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ឧសភា ថា ជនជាតិ​ចិន ដែល​ចូល​មក​ប្រទេស​កម្ពុជា ភាគ​ច្រើន​មក​ដោយ​ស្រប​ច្បាប់​ជា​បន្តបន្ទាប់ តាំង​តែ​ពី​ថ្ងៃ​ទី​១៣ ឧសភា កន្លង​មក ហើយ​គិត​មក​ទល់​ពេល​នេះ មាន​ប្រមាណ​ជាង ៦០០​នាក់។ លោក​បន្ថែម​ថា ជនជាតិ​ចិន ដែល​សម្រុក​ចូល​មក​ប្រទេស​កម្ពុជា នេះ ដើម្បី​បញ្ចៀស​បញ្ហា​ពី​ការ​ធ្វើ​បាតុកម្ម​តវ៉ា​តាម​រោងចក្រ​ចិន នៅ​ប្រទេស​វៀតណាម។
លោក​ថា ជនជាតិ​ចិន ទាំង​នោះ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​បាវិត មក​ប្រទេស​កម្ពុជា ក្នុង​លក្ខណៈ​ជា​អ្នក​ទេសចរ​ធម្មតា ហើយ​នឹង​ត្រឡប់​ទៅ​វៀតណាម វិញ​នៅ​ពេល​ដែល​ស្ថានភាព​នៅ​ប្រទេស​វៀតណាម ស្ងប់ស្ងាត់​ទៅ​វិញ៖ «អឺ​នែក! ពេល​ដែល​គាត់​អញ្ជើញ​មក​ធម្មតា​ដែង​គាត់​ចូល​មក​ក្នុង​នាម​ជា​អ្នក​ទេសចរ ឬ​ក៏​អ្នក​ស្នាក់​អាស្រ័យ​បណ្ដោះអាសន្ន​ទេ មិន​មែន​អ្នក​វិនិយោគ​ទេ។ អ៊ីចឹង​អ្វី​ដែល​គាត់​អាច​រស់​នៅ​បាន​ធម្មតា​តាម​រយៈពេល​ការ​ស្នាក់​អាស្រ័យ​របស់​គាត់ ដែល​នគរបាល​តាម​ច្រក​ទ្វារ​បាន​ផ្ដល់​ឲ្យ​ហ្នឹង។ ឧទាហរណ៍​ថា មក​ប៉ុន្មាន​ខែ​អ៊ីចឹង​ទៅ​ណាស់! តាម​ដែល​សិទ្ធិ​ហ្នឹង​ទៅ ដូច្នេះ​គាត់​ចប់​គាត់​អាច​អញ្ជើញ​ទៅ​វិញ​ទៅ។ ជា​ណែ​នយោបាយ​ការ​បរទេស​កម្ពុជា ជាទូទៅ​មិន​ប៉ះពាល់​ទាំង​វៀតណាម មិន​ប៉ះពាល់​ទាំង​ចិន គេ​អាច​ចេញ​ចូល​បាន​ដោយ​សេរី»
លោក​បន្ថែម​ថា ជនជាតិ​ចិន ចូល​មក​ប្រទេស​កម្ពុជា ដូច​ជា​ជន​បរទេស​ដទៃ​ដែល​ចូល​មក​ទេសចរណ៍​ទូទៅ​ដែរ គឺ​ពុំ​មាន​ការ​យាម​កាម​ការពារ​អ្វី​ពិសេស​នោះ​ទេ។
ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា លោក ត្រឹង វាំងថុង (Trang Van Thang) មាន​ប្រសាសន៍​ថា ជនជាតិ​វៀតណាម ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​រដ្ឋាភិបាល​ចិន ដោយសារ​តែ​ចិន ចូល​ឈ្លាន​ពាន​ចូល​ក្នុង​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង ដែល​ជា​អធិបតេយ្យភាព​របស់​ប្រទេស​វៀតណាម ដោយ​ខុស​ច្បាប់​កាល​ពី​ថ្ងៃ​ទី​២ ឧសភា ឆ្នាំ​២០១៤ គឺ​ពុំ​មែន​ជា​ការ​តវ៉ា​ប្រឆាំង​នឹង​អ្នក​វិនិយោគទុន​របស់​ចិន នៅ​ក្នុង​ប្រទេស​វៀតណាម នោះ​ឡើយ៖ «តំបន់​សមុទ្រ​ហ្នឹង​ប្រជុំ​កោះ​ហ្នឹង គឺ​របស់​វៀតណាម បាទ! ដូច្នេះ ចិន យក​នាវា​ចូល​មក​ហ្នឹង នាវា​ខួង​ប្រេង​របស់​ចិន ហើយ​និង​មាន​នាវា​មួយ​ចំនួន​ទៀត​ទៅ​ការពារ ធ្វើ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​ក្នុង​ដែន​សមុទ្រ​របស់​វៀតណាម។ ដូច្នេះ ប្រជាពលរដ្ឋ​វៀតណាម គេ​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​ចិន រំលោភ​ច្បាប់​ហ្នឹង រំលោភ​ដែន​សមុទ្រ​របស់​វៀតណាម»
លោក​បន្ថែម​ថា ជនជាតិ​វៀតណាម ដែល​ស្រឡាញ់​ជាតិ​ទឹក​ដី​របស់​ខ្លួន ចាប់​ផ្ដើម​ធ្វើ​បាតុកម្ម​តាំង​ពី​ថ្ងៃ​ទី​១២ ឧសភា ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស ដើម្បី​ឲ្យ​ចិន ដក​នាវា​ពី​របស់​ខ្លួន​ចេញ​ពី​ដែន​សមុទ្រ​ដែល​កំពុង​មាន​ជម្លោះ​នោះ៕ 
​​​​​​​                                                                                                                                    ប្រភព:អាស៊ីសេរី


No comments:

Post a Comment