Saturday, May 24, 2014

ថៃ​បិទ​ច្រក​របៀង​ព្រំដែន​កម្ពុជា​ថៃ​ចំនួន​បី

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ខេត្ត​ឧត្តរមានជ័យ ឱ្យ​ដឹង​ថា ច្រក​របៀង​ព្រំដែន​ដែល​ធ្លាប់​តែ​ដោះ​ដូរ​ទំនិញ​គ្នា​រវាង​ប្រជាពលរដ្ឋ​ខ្មែរ និង​ថៃ ចំនួន​៣ ត្រូវ​ភាគី​ថៃ សម្រេច​បិទ​ជា​ឯកតោ​ភាគី កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី​២២ ខែ​ឧសភា។
នាយក​រដ្ឋបាល​សាលា​ខេត្ត​ឧត្តរមានជ័យ គឺ​លោក ហោ ជិនវិរៈយុទ្ធ។ លោក​មាន​ប្រសាសន៍​កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា ថា ចាប់​តាំង​ពី​រសៀល​ថ្ងៃ​ទី​២២ ខែ​ឧសភា ភាគី​ថៃ បាន​សម្រេច​បិទ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​អូស្មាច់ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​សុរិន្ទ ច្រក​ជាំសាង៉ាំ ដែល​នៅ​ជាប់​ព្រំដែន​ខេត្ត​ស៊ីសាកេត ហើយ​នៅ​ថ្ងៃ​សុក្រ ទី​២៣ ខែ​ឧសភា គឺ​បាន​បិទ​ច្រក​របៀង​ជប់គគីរ ដែល​នៅ​ជាប់​នឹង​ព្រំដែន​ខេត្ត​បូរីរ៉ាំ។
លោក ហោ ជិនវិរៈយុទ្ធ៖ «ថ្ងៃ​ទី​២២ ពី​ម៉ោង​៤​កន្លះ​មក គាត់​បិទ​នៅ​ច្រក​ជាំសាង៉ាំ ហើយ​ម៉ោង​៦ បិទ​នៅ​អូស្មាច់។ តំបន់​ជប់គគីរ យើង​បើក​តែ​២​ថ្ងៃ​ទេ ព្រហស្បតិ៍ សុក្រ ថ្ងៃ​នេះ​បិទ​ដូច​គ្នា។ ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ​យើង​ដែល​ចង់​ចាក​ចេញ​ពី​ប្រទេស​ថៃ មក​យើង គឺ​គាត់​អនុញ្ញាត​ឱ្យ​ចេញ ហើយ​ប្រជាពលរដ្ឋ​គាត់​ដែល​ចូល​ពី​ដី​ខ្មែរ​ទៅ​ប្រទេស​វិញ គឺ​គាត់​ឱ្យ​ចូល ប៉ុន្តែ​ការ​ផ្លាស់​ប្ដូរ​ទំនិញ​ប្ដូរ​អី គឺ​គាត់​បិទ​ជា​បណ្ដោះ​អាសន្ន»
ប្រទេស​ថៃ សម្រេច​ចិត្ត​បិទ​ច្រក​នៅ​តាម​បណ្ដោយ​ព្រំដែន​​កម្ពុជា​ថៃ នេះ នៅ​ស្រប​ពេល​ដែល​ស្ថានភាព​នយោបាយ​កំពុង​មាន​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​តែ​ប្រមុខ​យោធា​ថៃ ព្រមាន​ធ្វើ​រដ្ឋ​ប្រហារ​នៅ​ពេល​ប្រទេស​នេះ​កំពុង​ស្ថិត​ក្រោម​ច្បាប់​អាជ្ញា​សឹក។
កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋាភិបាល​កម្ពុជា បាន​ចេញ​បទបញ្ជា​ឱ្យ​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំងអស់ ប្រុង​ប្រយ័ត្ន​នឹង​ស្ថានការណ៍​នៅ​ប្រទេស​ថៃ ក៏ប៉ុន្តែ​ត្រូវ​តែ​បង្កើន​បរិយាកាស​ល្អ សម្រាប់​ទំនាក់ទំនង​នៃ​ប្រទេស​ទាំង​ពីរ​ដដែល៕

No comments:

Post a Comment