Thursday, May 15, 2014

ទំហំ​ពាណិជ្ជ​កម្ម​កម្ពុជា​​និង​ហុង​កុង​​​មាន​ទឹក​​ប្រាក់​កើន​ឡើង​ដល់​1​ពាន់​លាន​ដុល្លារ​​នៅ​ឆ្នាំ​2013

មីយ៉ាន់​ម៉ា​ ៖ កាល​ពី​ថ្ងៃ​ទី​១១ ឧសភា​ កន្លង​ទៅ​ លោក​ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល​ បាន​រៀប​ចំ​កិច្ច​​ប្រជុំ​ទ្វេ​ភាគី​​ជាមួយ​លោក Gregory So រដ្ឋមន្ត្រី​​ក្រសួង​​ពាណិជ្ជ​កម្ម​​ និង​អភិវឌ្ឍ​​ន៍​​សេដ្ឋ​កិច្ច​ ​ហុង​កុង​​​ ក្នុង​អំឡុង​ពេល​​​​នៃ​វេទិកា​ភាព​ជា​អ្នក​ដឹក​នាំ​​របស់​សមា​គម​អាស៊ាន​​លើក​​ទី​១១ ។ ភាគី​ទាំង​ពីរ​ បាន​ពិភាក្សា​​ផ្លាស់​ប្តូរ​យោបល់​​អំពី​វិធី​ពង្រឹង​​ចំណង​ទាក់​ទង​សេដ្ឋ​កិច្ច​ និង​ពង្រីក​​ពាណិជ្ជ​កម្ម​បន្ថែម​រវាង​កម្ពុជា និង​ហុង​កុង ។
ទំហំ​ពាណិជ្ជ​កម្ម​សរុប​រវាង​ប្រទេស​​កម្ពុជា​​​ និង​ហុង​កុង​ មាន​ទឹក​ប្រាក់​ដល់​ទៅ​១​ពាន់​លាន​ដុល្លារ​​សហ​រដ្ឋ​​អាមេរិក​ ក្នុង​ឆ្នាំ​២០១៣​ កើន​ឡើង​ចំនួន​១៩% ធៀប​នឹង​ឆ្នាំ​២០១២​ ។ លោក​ទេស​រដ្ឋ​មន្ត្រី​ ស៊ុន ចាន់​ថុល​ បាន​ស្នើ​​ឱ្យ​លោក Gregory So ជួយ​ជ្រោម​ជ្រែង​​​ក្នុង​ការ​នាំ​ចូល​​ស្រូវ​អង្ករ​​​បន្ថែម​​ពី​ប្រទេស​​កម្ពុជា​ និង​លើក​ទឹក​ចិត្ត​ពាណិជ្ជ​ករ​ហុង​កុង​ ឱ្យ​មក​វិនិយោគ​វិស័យ​ស្រូវ​​អង្ករ​នៅ​កម្ពុជា ដើម្បី​ជួយ​បង្កើន​​ថ្លៃ​ស្រូវ​អង្ករ​ សម្រាប់​កសិករ​​និង​ផ្តល់​មូល​និធិ​​ទិញ​ស្រូវ​អង្ករ​​ ក្នុង​​អំឡុង​ពេល​​រដូវ​ប្រមូល​ផល ។
លោក​ទេស​រដ្ឋ​មន្ត្រី​​ក៏​បាន​ស្នើ​​ឱ្យ​លោក​ Gregory So ជួយ​​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​សភា​ពាណិជ្ជ​កម្ម​​នៃ​ប្រទេស​​ទាំង​ពីរ​​ និង​បាន​អញ្ជើញ​​លោក Gregory So ឱ្យ​ដឹក​នាំ​​គណៈ​ប្រតិ​ភូ​ធុរ​កិច្ច​​​មក​កាន់​កម្ពុជា​ ដើម្បី​ស្វែង​យល់​អំពី​កាលា​នុ​វត្តិ​ភាព​វិនិយោគ​​​ និង​ពាណិជ្ជ​កម្ម​​​នៅ​កម្ពុជា​ផង​ដែរ ។លោក Gregory So បាន​ស្នើ​​សុំ​ការ​គាំទ្រ​​ពី​កម្ពុជា​​សម្រាប់​ភាព​ជោគ​ជ័យ​នៃ​កិច្ច​ព្រម​ព្រៀង​​ពាណិជ្ជកម្ម​សេរី​ អាស៊ាន​-​ហុង​កុង ។
គណៈ​កម្មា​ធិការ​​​ចរចា​ពាណិជ្ជ​កម្ម​​​ អាស៊ាន​-​ហុង​កុង នឹង​ជួប​ប្រជុំ​​លើក​ដំបូង​នៅ​ថ្ងៃ​ទី​​១០​-១១​ កក្កដា​ ២០១៤ ។ លោក​ក៏បាន​​អញ្ជើញ​​លោក​ទេស​រដ្ឋ​មន្ត្រី​ ជា​ផ្លូវ​ការ​​ឱ្យ​ដឹក​នាំ​​​គណៈ​ប្រតិ​ភូ​​​ទៅ​បំពេញ​​ទស្សន​កិច្ច​នៅ​ហុង​កុង​ ក្រោម​កម្ម​វិធី​​ Sponsored Visitors’ Program នៅ​មុន​​ដំណាច់​ខែ​មីនា ឆ្នាំ​២០១៥​ ហើយ​កម្ម​វិធី​​​នេះ​រៀប​ចំ​ឡើង​​ដើម្បី​អនុ​ញ្ញាត​ឱ្យ​​លោក​ទេស​រដ្ឋ​មន្ត្រី​ បាន​ជួប​ជាមួយ​មន្ត្រី​​រដ្ឋា​​ភិបាល​​ជាន់​ខ្ពស់​​​ និង​ពាណិជ្ជ​ករ​របស់​ហុង​កុង ៕

No comments:

Post a Comment