ភ្នំពេញ: អ្នកវិនិយោគ និងអ្នកទេសចរចិន ដែលនៅប្រទេសវៀតណាម បានគេចខ្លួនសម្រុកចូលមកក្នុងប្រទេសកម្ពុជា តាមច្រកព្រំដែនកម្ពុជា-វៀតណាម(បាវិត)ដោយសារតែពួកគេព្រួយបារម្ភពីសន្តិសុខសុវត្ថិភាពផ្ទាល់ខ្លួនខណៈពេលប្រជាពលរដ្ឋវៀតណាមបានធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលចិនករណីចិនជីករកប្រេងនៅសមុទ្រចិនខាងត្បូង ដែលវៀតណាមអះអាងថា ស្ថិតក្នុងអធិបតេយ្យរបស់វៀតណាម។
នៅក្នុងបាតុកម្មនាថ្ងៃនេះនៅខេត្តប៊ីញ យឿងប្រឆាំងជាមួយនឹងរដ្ឋាភិបាលចិន កម្មករវៀតណាមបានវាយបំផ្លិចបំផ្លាញរោងចក្រ និងរោងចក្រខ្លះត្រូវបានដុតបំផ្លាញ។
លោកទ្រឹង វ៉ាន់ថុង អ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំកម្ពុជា បានប្រាប់អ្នកកាសែតនៅថ្ងៃទី១៤ខែឧសភាថា អ្នកវិនិយោគចិន និងអ្នកទេសចរចិន ដែលគេចពីវៀតណាមមកគឺគេមានការភ័យខ្លាចដោយខ្លួនឯងទេ។ប្រជាជនវៀតណាមគេធ្វើបាតុកម្មមិនមែនប្រឆាំងជាមួយនឹងប្រជាជនចិនទេ ហើយគេក៏មិនប្រឆាំងជាមួយនឹងក្រុមហ៊ុនវិនិយោគទុនរបស់ចិននៅក្នុងប្រទេសវៀតណាមដែរ។
លោកបានបន្តថា នៅវៀតណាមមានចលនាប្រឆាំងនឹងចិនឈ្លានពានដែនសមុទ្រវៀតណាម គឺនៅគ្រប់ទីក្រុង និងខេត្ត ហើយគេកំពុងតែតស៊ូ។ប៉ុន្តែការប្រឆាំងជាមួយនឹងអ្នកវិនិយោគទុនចិននោះលោកនៅមិនទាន់ទទួលព័ត៌មានទេ។ប្រជាជនវៀតណាមស្នេហាជាតិ គ្រប់មជ្ឈដ្ឋានដាច់ខាតត្រូវការពារបូរណភាពដែនដីរបស់គេហើយ និងប្រឆាំងគ្រប់ការឈ្លានពានពីខាងក្រៅ។
អ្នកនាំពាក្យស្ថានទូតវៀតណាមបានបញ្ជាក់ “ចំពោះអ្នកវិនិយោគទុនរបស់ចិនដកចេញពីវៀតណាមនោះ គឺអត់មានបញ្ហាអ្វីទេ ពីព្រោះអ្នកវិនិយោគទុននៅវៀតណាមមានប្រទេសជាច្រើន មិនមែនមានតែចិនទេ។ អត់មានបញ្ហាអ្វីទេ ហើយយើងប្រឆាំងនេះ មិនមែនប្រឆាំងជាមួយអ្នកវិនិយោគចិនទេ។ មិនមែនប្រឆាំងជនជាតិចិនទេ ហើយអ្នកវិនិយោគទុនចិន និងប្រជាជនចិន គឺភាគច្រើនល្អទេ យើងគ្រាន់តែប្រឆាំងទៅនឹងអំពើឈ្លានពានមកលើវៀតណាម។ អាជ្ញាធរចិន និងក្រុមហ៊ុនប្រេងរបស់ចិន រំលោភមកលើដែនទឹករបស់វៀតណាម គឺប្រជាជនប្រឆាំងដាច់ខាតហើយ”៕
No comments:
Post a Comment