Tuesday, May 20, 2014

ការ​នាំចេញ​អង្ករ​របស់​វៀតណាម​ហាក់​មាន​សន្ទុះ​ក្នុងឆ្នាំ​នេះ​

ហាណូយ​ ៖ តាម​ទិន្ន​ន័យ​របស់​សមា​គម​ស្បៀង​អាហារ​វៀត​ណាម​បាន​ឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អង្ករ​វៀតណាម​សម្រេចបាន​១៨១.០០០​តោន​នៅ​ក្នុង​អំឡុង​ពេល​ជិត​មួួយ​ឆមាសដំបូង​នេះ​ ដែល​មាន​ទឹក​ប្រាក់​៧៩,៨៧​លាន​ដុល្លារ​អាមេរិក ។​
សមាគម​ថ្លែង​ថា​ តម្លៃ​ជា​មធ្យម​សម្រាប់​អង្ករ​នាំចេញ​ខែ​ឧសភា​នេះ​ គឺ​៤៤១,៥១​ដុល្លារ​ក្នុង​មួយ​តោន​​ និង​ធ្លាក់​​ចុះ​២១​​ដុល្លារ​ក្នុង​មួយ​តោន​ ធៀប​នឹង​អំឡុង​ពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ តម្លៃ​អង្ករ​ក្នុងស្រុក​មាន​ការ​កើន​ឡើង​ចាប់​តាំង​ពី​ថ្ងៃទី​១៥ ឧសភា​ រហូត​មក​ដល់​ពេល​នេះ ។​ ចំពោះ​អង្ករ​​សម្រូប​មានតម្លៃ​ចាប់​ពី​០,២៥​ដុល្លារ​ទៅ​០,២៧​ដុល្លារ​ក្នុង​មួយ​គីឡូ​ក្រាម​ អាស្រ័យតាម​ប្រភេទ​អង្ករ​ ។​ ចំណែក​អង្ករ​បាក់​ចុង​៥%​ មានតម្លៃ​ចន្លោះ​ពី​០,៣២​ដុល្លារ​ទៅ​០,៣៣​ ក្នុង​មួយ​គីឡូ​ក្រាម ។​
អង្គការកសិ​កម្ម​ និង​ស្បៀង​អាហារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ព្យាករ​ថា​ ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​កើន​ឡើង​៧,២​​លាន​តោន​នៅ​ក្នុងឆ្នាំ​២០១៤​ នេះ គឺ​ពង្រីក​បាន​៨%​ ធៀប​នឹង​ឆ្នាំ​២០១៣​ នាំ​ចេញបាន​៦,៧​លាន​តោន​​ដោយសារ​ផលិត​កម្ម​ខ្ពស់​ជាង​មុន​ ហើយ​តម្រូវ​ការ​នាំចេញ​ ក៏​កើន​ឡើង​ពិសេសគឺ​​ទៅ​កាន់​ទីផ្សារ​នៅ​ប្រទេស​ឥណ្ឌូណេ​ស៊ី​, ម៉ាឡេស៊ី​, ចិន និង​​ហ្វ៊ីលី​ពីន ។​ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ អង្គការ​កសិ​កម្ម​ និងស្បៀង​អាហារ​របស់​វៀត​ណាម​បាន​ព្យាករ​ថា​ ការ​បង្ក​បង្កើន​ផល​ស្រូវ​សរុប​​របស់​វៀតណាម​នឹង​សម្រេច​បាន​៤៤,២​លានតោន ។​ ចំណែក​សមា​គម​ស្បៀង​អាហារ​វៀតណាម​បាន​បង្ហើប​ឱ្យ​ដឹង​ថា ប្រទេស​វៀត​ណាម​មាន​ទិសដៅ​នាំចេញ​អង្ករ​ឱ្យបាន​៦,២​លានតោន​ពី​ទិស​ដៅ​កាលពី​មុន​៦,៦លាន​តោន​ទៅ​៧​លាន​តោន ស្រប​តាម​​តម្រូវការ​ទីផ្សារ​ប្រកួតប្រជែង​យ៉ាង​ខ្លាំង​ក្លា​ជាមួយ​នឹង​ប្រទេស​ឥណ្ឌា​ និង​ថៃ​ ៕​

No comments:

Post a Comment