Thursday, May 22, 2014

និស្សិត​ជាច្រើន​រៀន​ខុស​មុខ​ជំនាញ?

អត្រា​គ្មាន​ការងារ​ធ្វើ​នៃ​យុវជន​កម្ពុជា​ជាទូទៅ​(អាយុ​១៥​ដល់​២៩​ឆ្នាំ)​នៅ មាន​កម្រិត​ទាប​(២,១​ភាគរយ)​ប៉ុណ្ណោះ ប៉ុន្តែ​អត្រា​គ្មាន​ការងារ​ធ្វើ​ក្នុង​ចំណោម​យុវជន​ដែល​បាន​ទទួល​បាន ការ​សិក្សា​ខ្ពស់​មាន​កម្រិត​ខ្ពស់​ដល់​ទៅ​៣,៨​ភាគរយ​ឯណោះ​។ ស្ថិតិ​នេះ​អាច​បង្ហាញ​ថា ការ​អប់រំ​ក្នុង​សាលា និង​ជំនាញ​តម្រូវការ​ក្នុង​ទីផ្សារ​ការងារ​នៅ​ប្រទេស​កម្ពុជា​មិន​ទាន់ មាន​ភាព​ស៊ីចង្វាក់​គ្នា​នៅឡើយ​ទេ​។ បើ​យោងតាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) ចេញ​ផ្សាយ​របាយការណ៍​ថ្មី​មួយ​នៅ​ខែ​សីហា ឆ្នាំ​២០១៣។
របាយការណ៍ នេះ​បាន​ឲ្យ​ដឹង​ទៀត​ថា ចំណុច​ចម្បង​នៃ​ភាព​គ្មាន​ការងារ​ធ្វើ​របស់​យុវជន​គឺ​ដោយសារ​កង្វះ បទពិសោធ​ការងារ​(២៧,៤​ភាគរយ) និង​កម្រិត​នៃ​ការ​សិក្សា ឬ​ក៏​ការ​ហ្វឹកហាត់​មិន​ទាន់​គ្រប់គ្រាន់​(១៧,១​ភាគរយ​)។ លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ក៏​បាន​លើក​ឡើង​ពី​តម្រូវការ​ជា​បន្ទាន់ ក្នុង​ការ​ជំរុញ​នូវ​ភាព​ស៊ីចង្វាក់​គ្នា​នៃ​ទីផ្សារ​ពលកម្ម ការ​អប់រំ​ជំនាញ​ក្នុង​សាលា និង​ការ​ពង្រឹង​នូវ​សេវាកម្ម​ណែនាំ​ក្នុង​ការ​ចាប់​យក​អាជីព​ផង​ដែរ​។
ទាក់ទង​នឹង​បញ្ហា​ការ​សិក្សា​ខុស​ជំនាញ​ដែល​តម្រូវការ​ទីផ្សារ​នេះ លោក ឈុន បុរី (​Chhun Borey) សព្វថ្ងៃ​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន «Technology» ដែល​លក់​កុំព្យូទ័រ និង​ជា​ម្ចាស់​ក្រុមហ៊ុន​មួយ​ទៀត​គឺ «​E-Commerce» ដែល​ជា​ក្រុមហ៊ុន​លក់​សម្ភារ​តាម​អនឡាញ បាន​ឲ្យ​ដឹង​ថា សព្វថ្ងៃ​បុគ្គលិក​នៅក្នុង​ហាង​របស់​លោក​ភាគតិច​បំផុត​ដែល​ធ្វើការ ត្រូវ​នឹង​ជំនាញ ដែល​បាន​រៀន​នៅ​សាកលវិទ្យាល័យ​។
ជាមួយ​បទពិសោធ ក្នុង​ការ​បែងចែក​ការងារ​ទៅ​ឲ្យ​បុគ្គលិក​ធ្វើ លោក បុរី បាន​និយាយ​ថា៖ «ដោយសារ​តែ​ការ​សិក្សា​របស់​ពួកគាត់​មិន​រឹងមាំ ហើយ​វា​មិន​ត្រូវ​នឹង​ទេពកោសល្យ​ដែល​ពួកគាត់​មាន​ដូច្នេះ​ហើយ​ទើប​ពួកគាត់ មិន​អាច​ស្វែងរក​ការងារ​ឲ្យ​ត្រូវ​នឹង​ជំនាញ​ដែល​បាន​រៀន»។
លោក បុរី បាន​បញ្ជាក់​ថា បុគ្គលិក​របស់​លោក ៨០​ភាគរយ​កំពុង​ធ្វើការ​ខុស​ជំនាញ តែ​ក្នុង​នោះ ៥០​ភាគរយ​ពួកគាត់​បាន​បម្រើ​ការងារ​នៅ​កន្លែង​ផ្សេង​ទៀត​ត្រូវ​ជំនាញ​ដែល បាន​រៀន​ពី​សាលា មាន​តែ​៣០​ភាគរយ​ប៉ុណ្ណោះ​ដែល​ពួកគាត់​កំពុង​ធ្វើការ​ខុស​ជំនាញ​តែ​ម្តង។
លោក បុរី បាន​ឲ្យ​ដឹង​ទៀត​ថា ការងារ​ដែល​ពួកគាត់​ដាក់ [តម្រូវ​ទៅ​តាម​សញ្ញាបត្រ​] គឺ​មិន​ត្រូវ​នឹង​ទេពកោសល្យ​ដែល​ពួកគាត់​មាន​ឡើយ ហើយ​ពួកគាត់​មិន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​ការងារ​ដែល ពួកគាត់​ស្នើសុំ​នោះ​ទេ​។
លោក បាន​បញ្ចាក់​ថា ការ​ធ្វើ​ការងារ​ខុស​នឹង​មុខ​ជំនាញ​គឺ​វា​អាច​មាន​ផលបះពាល់​ទៅ​ដល់​ម្ចាស់ ក្រុមហ៊ុន​ក៏ដូចជា​បុគ្គលិក​ផ្ទាល់​ផង​ដែរ ដោយ​ផលប៉ះពាល់​គឺ​ម្ចាស់​ក្រុមហ៊ុន​ត្រូវ​ចំណាយ​ពេល​ក្នុង​ការ​បង្រៀន បុគ្គលិក​នូវ​ជំនាញ​ថ្មី​ដែល​វា​ធ្វើឲ្យ​ខាត​ពេល​បំពេញ​ការងារ ហើយ​ផលលំបាក​មួយ​ទៀត​គឺ​បុគ្គលិក​ផ្ទាល់​ត្រូវ​ចំណាយ​ពេល​រៀន​ជំនាញ​ថ្មី ដែល​គេ​មិន​បាន​រៀន។
លោក ខាន់ ចិន្តា អនុបណ្ឌិត​ផ្នែក​គោលនយោបាយ​សាធារណៈ​នៅ​សាកលវិទ្យាល័យ លី ក្វាន់យូ (Lee Kwuan Yeun) នៃ​ប្រទេស​សិង្ហបុរី​បាន​ឲ្យ​ដឹង​តាម​ការ​សង្កេត​ឃើញ​របស់​លោក​ថា៖ «ការ​ជ្រើសរើស​មុខវិជ្ជា​ខុស ឬ​ធ្វើ​ការងារ​ខុស​មុខ​ជំនាញ​នោះ​បណ្តាល​មកពី​កង្វះ​ព័ត៌មាន​ទីផ្សារ ការងារ​ដែល​ជា​បន្ទុក​របស់​ទីភ្នាក់ងារ​មុខរបរ និង​ការងារ​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​ក៏​អង្គភាព​ណា​មួយ​ដែល​ឯករាជ្យ​»។
លោក​ថា និស្សិត​ពេល​បញ្ចប់​ការ​សិក្សា​ត្រូវ​ដណ្តើម​ការងារ​គ្នា​ធ្វើ តែ​បើ​គេ​មិន​ដណ្តើម​បាន​នោះ​ទេ គេ​នឹង​ទៅ​ធ្វើ​ការងារ​ផ្សេងៗ​ទៀត​ដែរ មិនមែន​ជា​ជំនាញ​របស់​ខ្លួន។
លោក ចិន្តា យល់​ឃើញ​ថា ការ​រៀន​ខុស​មុខវិជ្ជា និង​ការ​ធ្វើការ​ខុស​មុខ​ជំនាញ​ជា​ផលអវិជ្ជមាន​មួយ​ដែរ ព្រោះ​គេ [និស្សិត] ត្រូវ​រៀន​មុខវិជ្ជា​បន្ថែម ហើយ​ចំណាយ​ពេលវេលា​ច្រើន និង​ធ្វើឲ្យ​លទ្ធភាព​ការងារ​មាន​លក្ខណៈ​ទាប ពីព្រោះ​ពេល​កំពុង​រៀន គេ​មិន​បាន​រៀន​ឲ្យ​បាន​ដិតដល់ ហើយ​ក៏​ខ្វះ​សមត្ថភាព​ធ្វើការ​តាម​ជំនាញ ឬ​ក៏​សមត្ថភាព​របស់​គេ​ខ្ពស់​ជាង​ការងារ​ដែល​មាន​ស្រាប់​ដែល​តម្រូវ​ឲ្យ រង់ចាំ​ឱកាស ឬ​ក៏​ស្វែងរក​ការងារ​ដែល​ប្រសើរ​ជាង​នេះ។
ទាក់ទង​នឹង​ការ រៀន​ខុស​ជំនាញ​ដដែល​នេះ លោក កែ ប៉ូលីន ដែល​រៀន​ចប់​ពី​វិទ្យាស្ថាន​បច្ចេកវិទ្យា (តិចណូ) ផ្នែក​វិស្វករ​គីមី​ចំណី​អាហារ ហើយ​សព្វថ្ងៃ​លោក​ក៏​បាន​ប្រកបរបរ​ជា​អ្នក​របាំ​ក្រៅ​ម៉ោង​ផង​ដែរ​នោះ បាន​ឲ្យ​ដឹង​ថា៖ «មុខវិជ្ជា​ដែល​ខ្ញុំ​ស្រឡាញ់​ពិតប្រាកដ​គឺ​ខាង​សារព័ត៌មាន​នោះ​ទេ ដោយសារ​តែ​ខ្ញុំ​មិន​ដឹង​ច្បាស់​ពី​កន្លែង​រៀន​ច្បាស់ ក្រោយមក​ទើប​ខ្ញុំ​សម្រេច​ចិត្ត​មក​រៀន​នៅ​តិចណូ​វិញ តាម​ការ​ណែនាំ​របស់​គ្រួសារ និង​មិត្តភក្តិ​អំពី​ភាព​ល្បីល្បាញ​របស់​សាលា​នេះ»។
លោក​បន្ត​ថា​៖ «ការ​សម្រេច​ចិត្ត​របស់​យុវជន​មួយ​ចំនួន​ធំ​ទេរ​ទៅ​រក​មុខវិជ្ជា​ដែល​មិនមែន​ជា​ចំណូល​ចិត្ត​របស់​គេ ឬ​លើស​ពី​សមត្ថភាព​សិក្សា​របស់​ពួកគេ។ ជាក់ស្ដែង សិស្ស​ខ្លះ​ខ្លាច​ឈាម​តែ​បង្ខំ​ចិត្ត​ទៅ​រៀន​ពេទ្យ។ ខ្លះ​មិន​ចូលចិត្ត​លេខ​ផង​បែរ​ជា​ធ្វើការ​ក្នុង​ធនាគារ»។
លោក​ក៏​បាន បន្ថែម​ថា៖ «ការ​ផ្សព្វផ្សាយ​របស់​សាលា​ភាគច្រើន​មិន​ទាន់​មាន​ភាព​ទូលំទូលាយ។ ម្យ៉ាង​ទៀត ផ្នត់​គំនិត​ខ្មែរ​យើង​តែង​ឲ្យ​តម្លៃ​លើ​មុខវិជ្ជា​ពេទ្យ ឬ​គណនេយ្យ​ជាដើម ដោយ​ឃើញ​ថា មុខវិជ្ជា​ហ្នឹង​ទទួល​បាន​ការងារ​ស្រួល»។
តើ​រៀន​មុខវិជ្ជា​អ្វី​ទើប​ត្រូវ​នឹង​ទីផ្សារ​ការងារ?
 អ្នកស្រី ស៊ុយ សុខា ប្រធាន​ផ្នែក​ជ្រើសរើស​បុគ្គលិក​របស់​ក្រុមហ៊ុន HR INC បាន​បញ្ជាក់​ថា៖ «តាម​ការ​ពិត​មុខវិជ្ជា​ណា​ក៏​គេ​ត្រូវការ​ដែរ តែ​យុវវ័យ​ខ្លួនឯង​គួរ​យល់ដឹង​ឲ្យ​បាន​ច្បាស់លាស់​ជា​មុន​សិន។ តើ​ខ្លួនឯង​ចូលចិត្ត​អ្វី? អាច​ធ្វើអ្វី​បាន នឹង​ប្រសប់​ខាង​អ្វី? មុន​ពេល​សម្រេច​ចិត្ត​ជ្រើសរើស​មុខវិជ្ជា​សិក្សា»។
អ្នកស្រី​បន្ត​ថា ម្យ៉ាង​ទៀត​និស្សិត​គួរ​តែ​ស្វែងយល់​ពី​ព័ត៌មាន​ឲ្យ​គ្រប់​ជ្រុងជ្រោយ ថា​តើ​រៀន​មុខវិជ្ជា​អ្វី​ត្រូវ ហើយ​មក​ធ្វើ​ការងារ​អ្វី។ ចុងក្រោយ​គេ​គួរ​យល់​ពី​បញ្ហា​ទូទៅ​ទាក់ទង​នឹង​ទីផ្សារ​ការងារ ហើយ​គួរ​ព្យាយាម​ស្វែងរក​សេវាកម្ម​ប្រឹក្សា​យោបល់​ស្វែងរក​ការងារ ពី​ទីភ្នាក់ងារ​ជាតិ មុខរបរ និង​ទីភ្នាក់ងារ​ដទៃ​ដើម្បី​ធ្វើការ​សម្រេច​ចិត្ត​ចុងក្រោយ​ដោយ ផ្អែកលើ​ព័ត៌មាន​លម្អិត។
អ្នកស្រី សុខា បញ្ជាក់​ដែរ​ថា នៅក្នុង​ទីភ្នាក់ងារ​ស្វែងរក​ការងារ​របស់​អ្នកស្រី អតិថិជន​ត្រូវការ​អ្នក​មាន​ជំនាញ​ច្បាស់លាស់​ទៅ​បម្រើ​ការងារ​នៅ ក្រុមហ៊ុន​របស់​គេ​។ ឧទាហរណ៍​អ្នក​រៀន​ជំនាញ​គណនេយ្យ ជំនាញ​វេជ្ជសាស្រ្ត និង ជំនាញ​វិស្វកម្ម ច្រើន​បាន​ធ្វើការ​តាម​ជំនាញ​របស់​គេ ហើយ​បច្ចុប្បន្ន​ជំនាញ ពាណិជ្ជ​កម្ម អាច​និយាយ​បាន​ថា ងាយ​ស្វែងរក​ឲ្យ​ខាង​អតិថិជន ប៉ុន្តែ​យើង​ឃើញ​ថា ជំនាញ​ជាច្រើន​ខាង​ផ្នែក​បច្ចេកវិទ្យា​មិន​បាន​បំពេញ​តម្រូវការ​របស់ អតិថិជន​នៅ​ឡើយ។
យោងតាម​របាយការណ៍​របស់ ILO ដដែល​នោះ​បាន​ឲ្យ​ដឹង​ថា និស្សិត​ភាគច្រើន​(៣៨,៦​ភាគរយ)​មាន​បំណង​ចាប់​យក​មុខវិជ្ជា​ក្នុង​កម្មវិធី​សិក្សា​ទូទៅ បន្ទាប់មក​គឺ​មុខវិជ្ជា​វិទ្យាសាស្រ្ត​សង្គម សេដ្ឋកិច្ច ឬ​ច្បាប់​(១៥,៨​ភាគរយ) ជំនាញ​វិទ្យាសាស្រ្ត គណិតវិទ្យា និង​កុំព្យូទ័រ​(១៤,៤​ភាគរយ) និង​ការ​អប់រំ​(១១,២​)។របាយការណ៍​នោះ​ក៏ បាន​បង្ហាញ​ថា ៤២,៨​ភាគរយ​នៃ​យុវជន​គឺ​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម និង​នេសាទ ២១,៧ ភាគរយ​ធ្វើការ​ក្នុង​វិស័យ​សេវាកម្ម និង​ការងារ​ផ្នែក​លក់ ចំណែកឯ​មុខងារ​បឋម​មាន​១៣,២​ភាគរយ ខណៈ​ដែល​៩,៣​ភាគរយ​ធ្វើការ​ក្នុង​ផ្នែក​សិប្បកម្ម និង​កម្មករ​ទាក់ទង​នឹង​ផ្នែក​ជំនួញ ហើយ​៥,២​ភាគរយ​ទៀត​ជា​អ្នក​បញ្ជា និង​ដំឡើង​មាស៊ីន៕

1 comment:

  1. សង្ឃឹមថា និស្សិតជំថ្មីនឹងមានការងារធ្វើច្រើន,,,,

    ReplyDelete