Thursday, May 22, 2014

ចិន និង​រុស្ស៊ី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ផ្គត់​ផ្គង់​ឧស្ម័ន​

ប្រទេស​ចិន និង​រុស្ស៊ី​បាន​ចុះ​ហត្ថ​លេខា​​កាល​ពី​ថ្ងៃទី​២១ ឧសភា​ នៅ​ក្រុង​សៀង​​ហៃ​ លើ​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​គេ​រង់ចាំ​យូរ​មកហើយ​ក្រោយ​ការ​ចរចាគ្នា​រយៈ​ពេល​១ទសវត្ស​ ស្តី​ពី​ការ​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្ម​ជាតិ​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ ។​ ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ៉្លាឌី​មៀរពូទីន​ ដែល​មក​បំពេញ​ទស្សន​កិច្ច​ផ្លូវ​រដ្ឋ​មួយ​នៅចិន​នោះ​ ថ្លែង​កាល​ពី​ថ្ងៃ​២០ ឧសភា​ កន្លង​មក​នេះ​ថា​ ការរីក​ចម្រើន​នានា​សម្រេច​បាន​ក្នុង​ការ​ចរចា​ស្តី​ពី​តម្លៃ​ឧស្ម័នរវាង​ប្រទេស​ទាំង​ពីរ ។​
ស្សរណៈ​មួយ​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​ក្នុង​ពិធី​មួយ​​ចូលរួម​ដោយ​ប្រធានា​ធិបតី​ចិន​លោក​ស៊ី ជីន​ពីង និង​សមភាគី​រុស្ស៊ី​លោក​វ៉្លាឌីមៀរ​ពូទីន ។​ការចរចា​ពី​ការទិញ​​ឧស្ម័ន​រុស្ស៊ី​ ដែល​ចាប់​ផ្តើម​​តាំងពី​ឆ្នាំ​២០០៤ មក​ ត្រូវ​ជាប់គាំង​ចាប់​តាំង​ពី​ច្រើន​ឆ្នាំ​មក​ហើយ​មក​ពី​បញ្ហា​តម្លៃ ។​ កិច្ច​ព្រម​ព្រៀង​ស្តី​ពី​ការ​ផ្គត់​​ផ្គង់​ឧស្ម័ន​ត្រូវ​បាន​ចុះ​ហត្ថ​លេខា​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​លើក​ទី​៤​ របស់​សន្និសីទ​ដើម្បី​​អន្តរ​កម្ម និង​វិធាន​ការ​ទំនុក​ចិត្ត​គ្នា​នៅ​អាស៊ី​ ហៅ​កាត់​ថា​ CICA ជា​កិច្ច​ប្រជុំ​កំពូល​តំបន់​មួយ​ស្តី​ពី​បញ្ហា​សន្តិ​សុខ​ ចូលរួម​ដោយ​ទាំង​ប្រមុខ​រដ្ឋ​ចិន ទាំង​ប្រមុខ​រដ្ឋ​រុស្ស៊ី​ដែរ។​
យោងតាម​សេចក្តី​ប្រកាស​រួម​មួយ​ចុះ​ហត្ថ​លេខា​ដោយ​ប្រមុខ​រដ្ឋ​ទាំងពីរ​ ក្រោយ​ការជួប​ពិភាក្សាគ្នា​ថា ចិន​ និង​រុស្ស៊ី​សន្យា​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ខាង​វិស័យ​ថាម​ពល និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ។ ប្រទេស​ទាំង​ពីរ​បង្កើត​ភាព​ជា​ដៃ​គូ​កិច្ច​​សហ​ប្រតិបត្តិ​ការ​សាកល​មួយ​ខាង​ផ្នែក​ថាម​ពល៕​

No comments:

Post a Comment