Saturday, May 17, 2014

ទិន្នផល​ស្វាយ​ចន្ទី​នៅ​រតនគីរី​ធ្លាក់​ចុះ​ដោយសារ​បម្រែបម្រួល​អាកាសធាតុ

ការប្រែប្រួល​អាស​កាស​ធាតុ​នា​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ​នេះ ធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​មួយ​ចំនួន​នៅ​ខេត្ត​រតនគិរី​មិន​ផ្ដល់​ផល​ល្អ​ប្រសើរ​ដល់​កសិករ​ឡើយ ជាពិសេស​ដំណាំ​ស្វាយចន្ទី។ ជនជាតិ​ដើម​ភាគ​តិច​បាន​ដាំ​ស្វាយចន្ទី​ស្ទើរ​គ្រប់​ក្រុម​គ្រួសារ​ដើម្បី​បង្កើន​ចំណូល​សេដ្ឋកិច្ច​គ្រួសារ ក៏ប៉ុន្តែ​ឆ្នាំនេះ​ចម្ការ​ស្វាយចន្ទី​ផ្ដល់​ទិន្នផល​តិច​ប្រៀបធៀប​និង​បណ្ដា​ឆ្នាំ​មុនៗ។ ករណី​នេះ​ធ្វើ​ឲ្យ​កសិករ​ខ្លះ​ប្ដូរ​ទៅ​ដាំ​កៅស៊ូ ឬ​ម្រេច​វិញ។

ក្រុម​កសិករ​កំណើត​ជនជាតិ​ដើម​ភាគតិច ជា​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ភាគច្រើន​នៅ​ខេត្ត​រតនគិរី សំដែង​ការ​ខក​ចិត្ត​បន្ទាប់ពី​បរិមាណ​គ្រាប់ស្វាយចន្ទី​ប្រមូល​បាន​ខុសធម្មតា។
ម្ចាស់​ចម្ការ​ស្វាយចន្ទី​នៅ​ភូមិ​ណងហៃ ឃុំ​សេ​ដា ស្រុក​លំផាត់ លោក ប៉ាង ញ៉ច រៀប​រាប់​ថា ស្វាយ​ចន្ទី​ឆ្នាំនេះ​ផ្ដល់​ផល​តិច ដោយសារ​តែ​អាកាសធាតុ ក្ដៅ​និង​ត្រជាក់​អូស​បន្លាយ​យូរ​ថ្ងៃ នាំ​ឲ្យ​ដើម​ស្វាយចន្ទី​គ្មាន​គ្រាប់។ លោក​កត់​សម្គាល់​ថា​ភ្លៀង​ខុស​ប្រក្រតី​នៅ​ពេល​ស្វាយចន្ទី​មាន​ផ្កា ធ្វើ​ឲ្យ​ផ្កា​ជ្រុះ​អស់​ទើប​ស្វាយចន្ទី​ផ្ដល់​ផល​មិនល្អ៖ «វា​ផ្លែ​អត់​ច្រើនមួយ​ដើម​ពីរ​បី​ផ្លែៗ​អ៊ីចឹង​ណាអត់​មាន​ម៉ៅ​ទេ​រើស​ខ្លួន​ឯង លក់​ខ្លួន​ឯង។ ឆ្នាំ​នេះ​បាន​ប្រហែល​មួយ​ពាន់​ដុល្លារ ឬមួយ​ពាន់​ជាង។ ឆ្នាំ​ទៅ​បាន​បី​ពាន់​ជាង ដាំ​តាម​ធម្មតា​អត់​មាន​ដាក់​ជី ដាក់​ស្អី​ទេ។ ចាំ​មើល​ឆ្នាំនេះ​ទៀត បើ​ថា​វា​អត់​ផ្លែ ខ្ញុំ​នឹង​ប្ដូរ​ទៀត»។
ដូច​គ្នា​នេះ​ដែរ​កសិករ​នៅ​ភូមិ​ល្អឺនក្រែន ឃុំ​អូរជុំ ស្រុក​អូរជុំ លោក ឡិ សូត្រ កត់សម្គាល់​ដែរ​ថា​ឈ្មួញ​អ្នក​ម៉ៅ​ការ​ប្រមូល​ផល​គ្រាប់​ចន្ទី​ឆ្នាំនេះ ឲ្យ​តម្លៃ​ទាប​ក្នុង​ការ​ប្រ​មួល​ទិញ​គ្រាប់ស្វាយ​ចន្ទី​ដល់​ចម្ការ​ដោយ​សារ​តែ​តាម​ចម្ការ​ស្វាយ​ចន្ទី​ភាគច្រើន​មិន​មាន​ផ្លែ។ លោក​បន្ត​ថា​ប្រាក់ចំណូល​ពី​លក់​ដុំ​គ្រាប់​ស្វាយ​ចន្ទី​ឆ្នាំនេះ ធ្លាក់​ចុះ​ប្រមាណ​៣០ ទៅ ៥០​ភាគរយ​ប្រៀបធៀប​ឆ្នាំមុន៖ «ចន្ទី​ចម្ការ​ខ្ញុំ​ផ្លែ​គ្រាន់​ប៉ុន្តែ​វា​រហ័ស​អស់​ផ្លែ​ឆ្នាំនេះ ធាតុអាកាស​ឆ្នាំនេះ​ប្រែប្រួល​ខ្យល់​ពេក ផ្កា​វា​រោយ​ក្ដឹប​វា​ជ្រុះ​មិនសូវ​បាន​កាន់។ មាន​ឆ្នាំ​ផ្លែ ឆ្នាំ​មិន​ផ្លែ ដាំ​មិនកើត​យើង​ប្ដូរ​ទៅ​ដាំ​សណ្ដែក​ទៅ​ដំឡូង​វិញ»។
កាល​ពី​មុន​រដូវ​ប្រមូល​ផល​គ្រាប់ស្វាយចន្ទី​ឆ្នាំ​២០១៣ ឈ្មួញ​ដើរ​កក់​ប្រាក់​ម្ចាស់​ចម្ការ​ស្វាយចន្ទី​ក្នុង​មួយ​ហិកតារ​តម្លៃ​ជាង​១​ពាន់​ដុល្លារ ក៏ប៉ុន្តែ​តម្លៃ​នេះ​បាន​ធ្លាក់​មក​នៅ​ជាង ៦​រយ​ដុល្លារ ឬ​គ្មាន​ឈ្មួញ​កក់​ប្រាក់​ទទួល​ម៉ៅការ​ទិញ​ដូច​ឆ្នាំមុន​ទៀត​ផង។
អាជីវករ​ប្រមូល​ទិញ​គ្រាប់​ស្វាយ​ចន្ទី​នាំ​ចេញទៅ​ប្រទេស​វៀតណាម លោក ជូន ភិនដារ៉ា ទទួល​​ស្គាល់​ថា ទិន្នផល​គ្រាប់ស្វាយចន្ទី​ឆ្នាំនេះ​ថយ​ចុះ​ប្រមាណ​៥០​ភាគរយ ប្រៀបធៀប​ឆ្នាំ​២០១៣។ លោក​បន្ត​ថា គ្រាប់​ស្វាយ​ចន្ទី​ដែល​កសិករ​ប្រមូល​មក​លក់​នៅ​ទីផ្សារ​ខេត្ត​រតនគិរី មាន​ចំនួន​តិច​ហើយ​គុណភាព​គ្រាប់ស្វាយចន្ទី ឋិត​ក្នុង​ប្រភេទ​លេខ​២ មានតម្លៃ​ថោក៖«វា​ថយ​ហើយ​អា​ចន្ទី​ដែល​យើង​ថា​ចន្ទី​ពូជ​ល្អ​គ្រាប់​ធំ​ល្អ បើ​យើង​ប្រៀបធៀប​ទៅ​អត់​ខុស​តម្លៃ​គ្នា​ប៉ុន្មាន​ទេ។ មានន័យថា​អា​ហ្នឹង​គេ​ទិញ​មួយ​គីឡូក្រាម​៣​ពាន់ វា​ថា​បី​ពាន់​បី​រយ​រៀល​ទេ​ជួន​កាល​វា​អាច​ស្មើគ្នា​ទៀត។ ឆ្នាំនេះ​មធ្យម​យើង​វាយ​មក​៤​ពាន់ ធ្លាក់​ចុះ​នៅ​ត្រឹម​មួយ​ពាន់​ជាង។ ឥឡូវ​យើង​វាយ​មធ្យម​ប្រហែល​បី​ពាន់​រៀល​ធ្វើ​ម៉េច​យើង​អត់​មាន​រោងចក្រ​កែ​ឆ្នៃ​ដូច​គេ»។
កាលពី​ឆ្នាំ​២០១៣ តួលេខ​របស់​មន្ត្រី​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា ទិន្នផល​គ្រាប់​ស្វាយ​ចន្ទី​ដែល​កសិករ​លក់​ចេញទៅ​ទីផ្សារ​មាន​ចំនួន​ជាង​៧​ពាន់​តោន ក៏ប៉ុន្តែ​តួលេខ​នេះ​បាន​ធ្លាក់​ចុះ​ជាង​៦​ពាន់​តោន​នៅ​ឆ្នាំ​២០១៤។ ចំណែក​តម្លៃ​គ្រាប់​ស្វាយ​ចន្ទី​ជា​មធ្យម​មួយ​គីឡូក្រាម​ថ្លៃ​៣​ពាន់ ៥​រយ​រៀល នា​ឆ្នាំ​២០១៣ និង​ប្រមាណ​៣​ពាន់​រៀល​ក្នុង​ឆ្នាំ​២០១៤។
ចម្ការ​ស្វាយចន្ទី​នៅ​ខេត្ត​រតនគិរី មានការ​កើន​ឡើង​តិចតួច​នា​រយៈពេល ១​ទសវត្ស​កន្លង​ទៅ​នេះ។ មុន​ឆ្នាំ​២០០០ ផ្ទៃដី​ចម្ការ​ស្វាយចន្ទី​នៅ​ខេត្ត​រតនគិរី​មាន​ប្រមាណ​ជាង​១​ពាន់ ប្រាំ​រយ​ហិកតារ។ ចំនួន​នេះ​កើតឡើង​តិចតួច​បំផុត​រហូត​មក​ទល់នឹង​ឆ្នាំ​២០១៤ ក៏ប៉ុន្តែ​គេ​សង្កេត​ឃើញ​មានការ​អភិវឌ្ឍ​ដំណាំ​កៅស៊ូ និង​ដំណាំ​ម្រេច។
កសិករ​ដាំ​ម្រេច​នៅ​ភូមិ​រាជានុកូល ខេត្តស្ទឹងត្រែង ទទួល​ស្គាល់​ថា​ដំណាំ​ម្រេច​ពិត​ជា​កំពុង​ផ្ដល់​ផល​ល្អ​សម្រាប់​កសិករ និង​ការ​នាំ​ចេញ​ទៅ​ទីផ្សារ​អន្តរជាតិ ហេតុនេះ​កសិករ​មួយ​ចំនួន​បាន​ប្ដូរ​ពី​ចម្ការ​ស្វាយ​ចន្ទី មក​ធ្វើ​ចម្ការ​ម្រេច​វិញ។ លោក​បន្ត​ថា​ដំណាំ​ម្រេច​ក្នុង​ផ្ទៃដី​មួយ​ហិកតារ​គេ​អាច​ប្រមូល​ផល​បាន​២ ទៅ ៣​តោន។ បច្ចុប្បន្ន​នេះ​ទីផ្សារ​ម្រេច​កម្ពុជា​មាននៅ​ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ស្វីស ន័រវែស ដាណឺម៉ាក សហរដ្ឋអាមេរិក​ជាដើម និង​មានតម្លៃ​ជា​មធ្យម៦​ដុល្លារ​ក្នុង​មួយ​គីឡូក្រាម៖ «បើ​គិត​ទៅ​នេះ​គឺជា​ផល​កសិកម្ម​របស់​ប្រជាពលរដ្ឋ។ សូម​ឲ្យ​រាជរដ្ឋាភិបាល ឬក៏​អាជ្ញាធរ​ដែន​ដី​ហ្នឹង​ជួយ​សម្រាប់​ផលិតផល​កសិកម្ម​ព្រោះ​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​ហ្នឹង​ប្រើ​ចំណូល​ធំ»។
មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី បាន​ហៅ​ការ​ប្រែប្រួល​អាកាសធាតុ​ជា​កត្តា​ធ្វើ​ឲ្យ​ទិន្នផល​កសិកម្ម​មួយ​ចំនួន​ប្រែ​ប្រួល​ដូច​ករណី​ដំណាំ​ស្វាយចន្ទី​នេះ​ជាដើម។ ករណី​នេះ​មន្ត្រី​ជំនាញ​កំពុង​ស្រាវជ្រាវ​បន្សុទ្ធ​ពូជ​ដំណាំ​មួយ​ចំនួន​ដែល​អាច​ដាំ​ដុះ​បាន តាម​ការប្រែប្រួល​អាកាសធាតុ​ពេល​បច្ចុប្បន្ន។
ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​រតនគិរី លោក សយ សូណា កត់​សម្គាល់​ថា​កសិករ​ភាគច្រើន​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​ធ្វើ​កសិកម្ម​ពឹងផ្អែក​ធម្មជាតិ​មាន​ទឹកភ្លៀង និង​មិន​ស្វែងយល់​ពី​កត្តា​ដី ធាតុអាកាស ការ​ប្រើប្រាស់​ពូជ ឬ​ជី​នោះ​ឡើយ។ លោក​សំណូមពរ​ឲ្យ​កសិករ​ប្ដូរ​ទម្លាប់​ចាស់​ចោល​ហើយ​ងាក​មក​រក​ការ​ធ្វើ​កសិកម្ម​បែប​វិទ្យាសាស្ត្រ ដែល​អាច​កាត់​បន្ថយ​ផល​ប៉ះពាល់​ពី​កត្តា​អាកាសធាតុ ឬ​ការ​ធ្លាក់​ចុះ​បរិមាណ និង​គុណភាព​ផល​កសិកម្ម​នា​ពេល​អនាគត៖ «ទាល់​តែ​ទម្លាប់​បើ​ថា​ក្នុង​រដូវ​ខាង​មុខ​ហ្នឹង​ត្រូវ​មាន​អាង​ស្តុក​ទឹក ត្រូវ​មាន​ស្អី​ដើម្បី​រក្សា​ទឹក​ប្រើប្រាស់ យើង​មិន​អាច​ថា​ពឹង​ទឹកភ្លៀង​ទាំងស្រុង​បាន​ទេ​ពីព្រោះ​ការ​ផ្លាស់​ប្ដូរ​ដំណាំ​ដោយសារ​កត្តា​ប្រែប្រួល​ហ្នឹង មាន​អ្នកបច្ចេកទេស​គេ​កំពុង​ធ្វើ​បន្សុទ្ធ​ពូជ​ឲ្យ​វា​ស៊ាំ​ទៅ​ហ្នឹង​អាកាសធាតុ។ ចង់​និយាយ​ថា​ដំណាំ​ខ្លះ​ដំណាំ​ដែល​ធន់​ទ្រាំ​ភាព​ក្ដៅ ធន់​ទ្រាំ​នឹង​ភាព​រាំង​ស្ងួត​គាត់​ត្រូវ​ដាំ​អា​ហ្នឹង»។
ទោះជា​យ៉ាង​នេះ​ក្ដី​មន្ត្រី​កសិកម្ម​ខេត្ត​រតនគិរី​ទទួលស្គាល់​ថា ដំណាំ​ម្រេច​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស ពី​ជាង​១០​ហិកតារ កាលពី​ឆ្នាំ​២០០៨ កើន​ដល់​ជាង១២០​ហិកតារ នា​ពេល​បច្ចុប្បន្ន និង​ចម្ការ​កៅស៊ូ​ពី​ជាង​ពីរ​ពាន់​ហិកតារ​នា​ទសវត្ស​ឆ្នាំ​១៩៨០ កើន​ដល់​ជាង​៣​ម៉ឺន​ហិកតារ នា​ពេល​បច្ចុប្បន្ន៕
                                                                                             ប្រភព:អាស៊ីសេរី

No comments:

Post a Comment