Saturday, May 17, 2014

EIA ស្នើ​ឲ្យ​ចិន​បញ្ឈប់​ទិញ​ឈើ​ប្រណីត​ពី​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ជា​បន្ទាន់

របាយការណ៍​ស៊ើប​អង្កេត​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ផ្សាយ​កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១២ ឧសភា របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន (Environmental Investigation Agency = EIA) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​អង់គ្លេស រក​ឃើញ​ថា កម្ពុជា បាន​នាំ​ចេញ​ឈើ​ប្រណីត​មាន​តម្លៃ​ខ្ពស់​ជាច្រើន​ប្រភេទ ទៅ​ប្រទេស​ចិន បាន​កើន​ឡើង​បី​ដង កាល​ពី​ឆ្នាំ​២០១៣។ តម្រូវ​ការ​ឈើ​ប្រណីត​ទាំង​នោះ បាន​បណ្ដាល​ឲ្យ​ប្រភេទ​ឈើ​មួយ​ចំនួន​អាច​នឹង​ផុត​ពូជ។
មន្ត្រី​តស៊ូ​មតិ​ការពារ​ព្រៃ​ឈើ​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ស្នើ​ឲ្យ​ប្រទេស​ចិន បញ្ឈប់​ទិញ​ឈើ​ប្រណីត​ពី​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ​ជា​បន្ទាន់ ពីព្រោះ​តម្រូវ​ការ​ឈើ​ពី​ប្រទេស​ចិន បាន​បង្កើត​ឲ្យ​មាន​ភាព​វឹកវរ​ក្នុង​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ និង​ឲ្យ​ធ្វើ​ប្រភេទ​ឈើ​ប្រណីត​មួយ​ចំនួន​ជិត​ផុត​ពូជ។
សំណើ​របស់​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ធ្វើ​ឡើង​បន្ទាប់​ពី​ទីភ្នាក់ងារ​នេះ បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​មាន​ចំណង​ជើង​ថា "ផ្លូវ​នាំ​ទៅ​រក​ភាព​វិនាស​ផុត​ពូជ អំពើ​ពុក​រលួយ និង​អំពើ​ហិង្សា បាន​បំផ្លាញ​ឈើ​ក្រញូង​នៅ​ប្រទេស​ទន្លេ​មេគង្គ"។
របាយការណ៍​ដែល​មាន​កម្រាស់ ២៨​ទំព័រ​នេះ​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​តម្រូវ​ការ​ឈើ​ប្រណីត​ពី​សំណាក់​ប្រទេស​ចិន បាន​បណ្ដាល​ឲ្យ​មាន​ការ​ជួញ​ដូរ​ឈើ​ប្រណីត​ខុស​ច្បាប់ និង​ការ​កាប់​ឈើ​ខុស​ច្បាប់ កំពុង​កើន​ឡើង​នៅ​ប្រទេស​ឡាវ ថៃ វៀតណាម និង​កម្ពុជា។
មន្ត្រី​តស៊ូ​មតិ​ការពារ​ព្រៃ​ឈើ​នៃ​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន ធម ចនសុន (Tom Johnson) កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា មាន​ប្រសាសន៍​ថា មិន​មាន​វិធានការ​ណា​ច្បាស់​លាស់ ដើម្បី​បញ្ឈប់​ការ​កាប់​បំផ្លាញ​ឈើ​ប្រណីត​ឡើយ ដោយសារ​តែ​អំណាច​ទឹក​ប្រាក់ បណ្ដាល​ឲ្យ​មនុស្ស​បន្ត​រំលោភ​អំណាច និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ក្នុង​ជំនួញ​ជួញ​ដូរ​ឈើ​ប្រណីត។
លោក ធម ចនសុន៖ «អ្វី​ដែល​គួរ​ឲ្យ​កើត​មាន​នោះ គឺ​ប្រទេស​ចិន ត្រូវ​បាន​ងើប​ឈរ​ឡើង ហើយ​ទទួល​ខុស​ត្រូវ​ចំពោះ​ពាណិជ្ជកម្ម​នៅ​ក្រៅ​ប្រទេស និង​ព្យាយាម​កែប្រែ​ការ​នាំ​ចូល ដើម្បី​ធានា​ថា ការ​នាំ​ចូល​នូវ​ឈើ​ប្រណីត​ទាំង​នោះ ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់។ ប្រទេស​ចិន ក៏​ទទួល​ខុស​ត្រូវ​ចំពោះ​ផល​ប៉ះពាល់​ទាំង​ឡាយ កើត​ឡើង​ដោយសារ​ពាណិជ្ជកម្ម​ចិន ក្រៅ​ប្រទេស​នៅ​លើ​ពិភពលោក»
លោក​បន្ត​ថា ប្រភេទ​ឈើ​ប្រណីត​នាំ​ចូល​ពី​កម្ពុជា និង​ប្រទេស​ទន្លេ​មេគង្គ​ផ្សេង​ទៀត​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ផលិត​ឧបករណ៍​តន្ត្រី គ្រឿង​សង្ហារិម និង​លក់​បន្ត​ទៅ​សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ជាពិសេស​ជាង​នេះ​ទៀត ពាណិជ្ជករ​ចិន ទិញ​ឈើ​ប្រណីត​ទាំង​នោះ​សម្រាប់​ស្តុក​ទុក ហើយ​លក់​ចេញ​វិញ​នៅ​ពេល​តម្លៃ​ឡើង​ថ្លៃ។ លោក​បន្ត​ថា ពាណិជ្ជករ​ចិន បាន​ប្រើប្រាស់​ទឹក​ប្រាក់​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដើម្បី​ស្រូប​យក​ឈើ​ប្រណីត បណ្ដាល​ឲ្យ​កើត​មាន​អំពើ​ពុក​រលួយ និង​ការ​ចុះ​ទន់​ខ្សោយ​ក្នុង​ការ​គ្រប់គ្រង​ធម្មជាតិ​នៅ​តាម​បណ្ដា​ប្រទេស​ទន្លេ​មេគង្គ។
របាយការណ៍​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន បង្ហាញ​ថា ប្រភេទ​ឈើ​ប្រណីត​ប្រមាណ ៣​លាន ៥​សែន​ម៉ែត្រ​គូប នាំ​ចូល​ទៅ​ប្រទេស​ចិន គឺ​ជិត​ពាក់​កណ្ដាល​នៃ​ចំនួន​នេះ ជា​ឈើ​នាំ​ចេញ​ពី​កម្ពុជា និង​ផ្សេង​ទៀត​ពី​ប្រទេស​ទន្លេ​មេគង្គ ចាប់​ពី​ឆ្នាំ​២០០០ និង​ឆ្នាំ​២០១៣។ របាយការណ៍​ពី​គយ​ចិន បង្ហាញ​ថា ចាប់​ពី​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១៣ ប្រាក់​ចំណូល​នាំ​ឈើ​ចូល​ពី​កម្ពុជា មាន​ចំនួន​ជិត ១៣៧​លាន​ដុល្លា​អាមេរិក (១៣៦.៥៥១.៣៣១​ដុល្លារ)។ ដោយ​ឡែក​ប្រទេស​កម្ពុជា បាន​នាំ​ចេញ​ឈើ​ប្រណីត​កើន​ឡើង​បី​ដង ធៀប​ទៅ​នឹង​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣ ដែល​មាន​ចំនួន​តែ ៦.៨០០​ម៉ែត្រ​គូប។ របាយការណ៍​បន្ថែម​ទៀត​ថា ចាប់​តាំង​ពី​ឆ្នាំ​២០១០ មក ប្រភេទ​ឈើ​ប្រណីត​ប្រមាណ ៤៩​តោន និង​ឈើ​ប្រភេទ​ផ្សេង​រាប់​ពាន់​ដុំ​ទៀត ត្រូវ​បាន​រឹប​អូស។
លោក ឈឹម សាវុធ នាយក​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ដែល​បាន​ឃ្លាំ​មើល​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ប្រសិន​បើ​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ដូច​បច្ចុប្បន្ន​នៅ​បន្ត​ទៅ​មុខ​ទៀត កម្ពុជា នឹង​អស់​ប្រភេទ​ឈើ​ប្រណីត​នៅ​ចុង​ឆ្នាំ​២០១៤។ លោក​បន្ត​ថា បច្ចុប្បន្ន ឈ្មួញ​ឈើ​បាន​ដឹក​ឈើ​តាម​ប្រទេស​វៀតណាម ទៅ​លក់​នៅ​ប្រទេស​ចិន ហើយ​ខ្លះ​ទៀត​ដឹក​ចេញ​តាម​ផែ​ចំនួន​ពីរ​នៅ​ខេត្ត​ព្រះសីហនុ។
«សំឡេង»
មន្ត្រី​រដ្ឋាភិបាល​នៅ​មិន​ទាន់​ឆ្លើយ​តប​នឹង​របាយការណ៍​ទីភ្នាក់ងារ​ស៊ើប​អង្កេត​ផ្នែក​បរិស្ថាន​នៅ​ឡើយ​ទេ កាល​ពី​ថ្ងៃ​ទី​១៤ ឧសភា។
របាយការណ៍​ក៏​រក​ឃើញ​ថា សមត្ថកិច្ច​បាន​រឹប​អូស​ឈើ​ខុស​ច្បាប់​របស់​ក្រុមហ៊ុន ទ្រី ភាព ជា​ក្រុមហ៊ុន​ដែល​មាន​ទំនាក់ទំនង​នឹង​រដ្ឋាភិបាល​កម្ពុជា ប្រមាណ ៥​ពាន់​ម៉ែត្រ​គូប មាន​តម្លៃ​ប្រមាណ​ជាង ៣​លាន​ដុល្លារ។ ក្រុមហ៊ុន ទ្រី ភាព នេះ​តែង​ដឹក​ជញ្ជូន​ឈើ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រំដែន​ប៉ែក​ខាង​ជើង​ភាគ​ខាង​កើត៕
                                                                                                      ប្រភព:អាស៊ីសេរី

No comments:

Post a Comment