Saturday, May 17, 2014

ស្ថានទូត​ចិន​ដាក់​កំណត់​ទូត​ឲ្យ​កម្ពុជា​រក្សា​សុវត្ថិភាព​សម្រាប់​ស្ថានទូត​និង​ពលរដ្ឋ​ចិន

ស្ថានទូត​ចិន ដាក់​កំណត់​ទូត​អោយ​រដ្ឋាភិបាល​កម្ពុជា រក្សា​សន្តិសុខ សុវត្ថិភាព សម្រាប់​ស្ថានទូត និង​ពលរដ្ឋ​ចិន។
រដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា កម្ពុជា បាន​ទទួល​កំណត់​ទូត​នោះ​នៅ​ពេល​ព្រឹក​ថ្ងៃ​សុក្រ ទី​១៦ ខែ​ឧសភា។ លោក​បន្ត​ថា កម្ពុជា បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​សុវត្ថិភាព​របស់​ពលរដ្ឋ​ចិន នៅ​កម្ពុជា តាំង​ពី​មុន​ពេល​ទទួល​បាន​កំណត់​ទូត​នោះ​ផង។
លោក កុយ គួង៖ «ជាពិសេស​គេ​សុំ​ស្នើ​អោយ​យើង​ជួយ​ការពារ​ស្ថានទូត ហើយ​នឹង​ជួយ​សម្រួល​ដល់​ជនជាតិ​ចិន ដែល​ចូល​មក​កម្ពុជា ពី​ប្រទេស​វៀតណាម។ តាម​ពិត​ទៅ រដ្ឋាភិបាល​យើង​បាន​ចាត់​វិធានការ​មុន​ហើយ មាន​ន័យ​ថា យើង​បាន​ជួយ​សម្រួល​ដល់​ជនជាតិ​ចិន ដែល​ឆ្លង​កាត់​ពី​វៀតណាម មក​កម្ពុជា យើង។ យើង​ផ្អែក​លើ​គោលការណ៍​មនុស្ស​ធម៌។ កម្ពុជា ដាច់​ខាត​មិន​អនុញ្ញាត​អោយ​ជន​បរទេស​ណា​មួយ​ដែល​ឋិត​នៅ​លើ​ទឹក​ដី​កម្ពុជា ប្រឆាំង​ទៅ​នឹង​ជន​បរទេស​ដទៃ​ទៀត ដែល​មាន​វត្តមាន​នៅ​កម្ពុជា ទេ យើង​មិន​អនុញ្ញាត​ដាច់​ខាត»
ទាក់ទិន​ដល់​សុវត្ថិភាព​ស្ថានទូត​ចិន នៅ​ខាង​មុខ និង​បរិវេណ​ក្បែរៗ​ស្ថានទូត​នេះ ឃើញ​មាន​មន្ត្រី​នគរបាល​ប្រមាណ​ជាង ១០​នាក់ បាន​ដាក់​វេន​គ្នា​រក្សា​សន្តិសុខ។ ការ​ពង្រឹង​សន្តិសុខ​នេះ កើត​ឡើង​បន្ទាប់​ពី​សមាគម​វៀតណាម នៅ​កម្ពុជា បាន​ព្រមាន​ថា នឹង​ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​ស្ថានទូត​ចិន បន្ទាប់​ពី​កើត​មាន​អំពើ​ហិង្សា​ក្នុង​ប្រទេស​វៀតណាម ក្នុង​សកម្មភាព​ទាមទារ​ឲ្យ​ប្រទេស​ចិន ដក​ឧបករណ៍​បូម​ប្រេង​ក្នុង​ដែន​សមុទ្រ​ដែល​មាន​ជម្លោះ​ជាមួយ​ប្រទេស​វៀតណាម៕
                                                                                                              ប្រភប:អាស៊ីសេរី

No comments:

Post a Comment