Wednesday, May 14, 2014

ពលរដ្ឋ​នៅ​មណ្ឌលគិរី​អះអាង​ថា​ក្រុមហ៊ុន​វៀតណាម​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍

អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូគង់ ឃុំ​ស្រែព្រះ ស្រុក​កែវសីមា ខេត្ត​មណ្ឌលគិរី អះអាង​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ ប៊ិញ ភឿក ១ (Benh Phoeurk 1) លួច​កាប់​ឈើ​មូល​ពី​ព្រៃ​សហគមន៍ ហើយ​ដឹក​ជញ្ជូន​ចូល​ក្រុមហ៊ុន​ដោយ​មិន​មាន​សមត្ថកិច្ច​ណា​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ឡើយ។ ប្រជាពលរដ្ឋ​កំពុង​មាន​ក្តី​បារម្ភ​ចំពោះ​ការ​កាប់​ទន្ទ្រាន​ព្រៃ​ឈើ​ក្នុង​សហគមន៍ ធ្វើ​អាជីវកម្ម​ដោយ​ស្ថិត​នៅ​ក្រោម​រូបភាព​សម្អាត​ព្រៃ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច។ ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ពូគង់ នៅ​ថ្ងៃ​ពុធ ទី​១៤ ខែ​ឧសភា អំពាវនាវ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​មណ្ឌលគិរី ចាត់​វិធាន​ការ​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ​នេះ​ឲ្យ​បាន​ទាន់​ពេល​វេលា បើ​មិន​ដូច្នេះ​ទេ ព្រៃ​ឈើ​សហគមន៍​អភិរក្ស នឹង​ត្រូវ​ក្រុមហ៊ុន​កាប់​យក​ឈើ​មាន​តម្លៃ​អស់​គ្មាន​សល់។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សហគមន៍​បាន​ប្រទះ​ឃើញ​បុគ្គលិក​ក្រុមហ៊ុន អម​ដោយ​កង​ប្រដាប់​អាវុធ បាន​ប្រើប្រាស់​កម្មករ​វៀតណាម និង​ម៉ាស៊ីន​កាត់​ឈើ ចូល​មក​ក្នុង​ព្រៃ​សហគមន៍ ហើយ​អារ​រំលំ​ឈើ​មូល និង​មាន​រថយន្ត​ស្ទូច​លើក​ឈើ​ដាក់​ឡាន ដឹក​ជញ្ជូន​ចូល​បរិវេណ​ដី​ក្រុមហ៊ុន​នៅ​វេលា​យប់។
ប្រជាពលរដ្ឋ​ភូមិ​ពូគង់ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា នេះ​គឺ​ជា​សកម្មភាព​លួច​កាប់​ឈើ​មូល​ថ្មី​បន្ថែម​ទៀត ដែល​ក្រុមហ៊ុន​វៀតណាម បាន​បំពាន​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អភិរក្ស​ច្រើន​ឆ្នាំ​កន្លង​ទៅ​នេះ។ លោក​បន្ត​ថា មន្ត្រី​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​នៅ​តំបន់​នោះ មិន​យក​ចិត្ត​ទុក​ដាក់​បង្ក្រាប ឬ​បំពេញ​តួនាទី​របស់​ខ្លួន​បាន​ត្រឹមត្រូវ​នោះ​ឡើយ៖ «រាល់​តែ​ថ្ងៃ វា​ដឹក​ទាំង​យប់ វា​មាន​រថយន្ត​ដឹក​យប់។ ឈើ​ក្រំ គគីរ បួន​ដប់​ម្ភៃ​ដើម ឡាន​បី​ឡាន​បួន វា​ចូល​មួយ​យប់ៗ ឮ​គគ្រឹកគគ្រេង។ វា​អារ​ម៉ោង​បី​ម៉ោង​៤​ល្ងាច ថ្ងៃ​វា​អត់​ហ៊ាន​អារ​ទេ វា​ខ្លាច​យើង​ដែរ។ គេ​មាន​សុទ្ធ​តែ​អាវុធ​ខាង​ទាហាន ខាង​ប៉េអិម គេ​មក​ចុះ​ជាមួយ​ឡាន»។ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា មិន​អាច​ស្វែងរក​អត្តសញ្ញាណ ឬ​លេខ​ទូរស័ព្ទ​ទាក់ទង​តំណាង​ក្រុមហ៊ុន ប៊ិញ ភឿក ១ សុំ​បញ្ជាក់​ពី​បញ្ហា​នេះ​បាន​ទេ។ ចំណែក​មេ​ឃុំ​ស្រែព្រះ លោក ពឿក ប៉េ បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​សហគមន៍ ព្រម​ទាំង​បញ្ជាក់​ថា សកម្មភាព​លួច​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍ គឺ​ជា​ក្រុម​អនាធិបតេយ្យ មិន​មែន​កម្មករ​ក្រុមហ៊ុន​នោះ​ទេ។ លោក​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ពុធ កន្លង​ទៅ​នេះ មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចាប់​រថយន្ត​ដឹក​ឈើ​ពីរ​គ្រឿង ដែល​ដឹក​ឈើ​ចេញ​ពី​ព្រៃ​សហគមន៍៖ «អត់​មាន​ក្រុមហ៊ុន​ណា​មក​ចូល​កាប់​ទេ ប្រជាជន​រាយការណ៍​ខុស​ទេ។ ព្រំ​ប្រទល់​ក្រុមហ៊ុន​ជាមួយ​សហគមន៍​ហ្នឹង គេ​កាយ​ប្រឡាយ​រួច​រាល់​អស់​ហើយ អា​ហ្នឹង​ពួក​អនាធិបតេយ្យ​ទេ ខ្ញុំ​ចុះ​ផ្ទាល់​ហើយ»។ ព្រៃ​ឈើ​សហគមន៍​អភិរក្ស​នៅ​ឃុំ​ស្រែព្រះ មាន​ទំហំ​ជាង ៩​ពាន់​ហិកតារ។ កាល​ពី​ឆ្នាំ​២០១៣ បាន​រង​ការ​កាប់​យក​ឈើ​មាន​តម្លៃ​ពី​សំណាក់​ក្រុមហ៊ុន​សម្បទាន​នៅ​ជាប់​ព្រៃ​នោះ អស់​ស្ទើរ​គ្មាន​សល់។ មន្ត្រី​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​អាដហុក (adhoc) ខេត្ត​មណ្ឌលគិរី លោក សុក រដ្ឋា កត់​សម្គាល់​ថា សហគមន៍​បាន​ស្វែង​រក​កិច្ច​អន្តរាគមន៍​ទប់ស្កាត់​សកម្មភាព​កាប់​បំផ្លាញ​ព្រៃ​ឈើ​នោះ​ច្រើន​ករណី។ លោក​បញ្ជាក់​ថា នេះ​គឺ​ជា​ការ​ទទួល​ខុស​ត្រូវ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​តំបន់​នោះ៖ «គាត់​រាយការណ៍​មក​ខ្ញុំ​រហូត​ហ្នឹង គាត់​ថា​ប្ដឹង​ទៅ​ភូមិ​ប្ដឹង​ទៅ​ឃុំ មិន​ត្រឹម​តែ​ប៉ុណ្ណឹង​ទេ ប្ដឹង​ទៅ​ស្រុក​ទៀត មិន​តិច​ដង​ទេ ច្រើន​ដង​ណាស់ ប្ដឹង​ទៅ​គេ​ធ្វើ​ហី​ទៅៗ។ នៅ​ស្រុក​កែវសីមា ហ្នឹង​មាន​ការ​កើត​ឡើង​ទៅ​លើ​ការ​កាប់​ព្រៃ​ឈើ​អនាធិបតេយ្យ​ច្រើន​កន្លែង​ណាស់។ អ៊ីចឹង​មន្ត្រី​អាជ្ញាធរ​នៅ​មូលដ្ឋាន ជាពិសេស​គឺ​រដ្ឋបាល​ព្រៃ​ឈើ និង​បរិស្ថាន​ត្រូវ​តែ​ចាត់​វិធាន​ការ​ឲ្យ​បាន​តឹងរ៉ឹង​បំផុត»។ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​មណ្ឌលគិរី លោក កែប តក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​ឧសភា បដិសេធ​មិន​ឆ្លើយ​សំណួរ​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី ក្រោម​ហេតុផល​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​តំបន់​ឆ្ងាយ សេវា​ទូរស័ព្ទ​រអាក់រអួល​មិន​អាច​និយាយ​ស្តាប់​គ្នា​បាន។ ទោះ​យ៉ាង​នេះ​ក្តី ប្រជាពលរដ្ឋ​ភូមិ​ពូគង់ ដដែល​អះអាង​ថា សហគមន៍​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា ក្រុមហ៊ុន​វៀតណាម ប៊ិញ ភឿក ១ ពិត​ជា​បាន​លួច​ចូល​កាប់​ឈើ​ក្នុង​ព្រៃ​សហគមន៍​អស់​រាប់​ពាន់​ដើម៕

No comments:

Post a Comment