Wednesday, May 14, 2014
តើមកពីលុយរៀលថោកពេកបានជាគេនាំគ្នាចាយលុយដុល្លារ?
នៅពេលដែលនិយាយពីមូលហេតុ ដែលគេមិនចង់ចាយលុយរៀល ហើយបែរជានាំគ្នាចាយដុល្លារ គេតែងតែឃើញមានការលើកឡើងនូវហេតុផលមួយថា គេមិនចង់ចាយលុយរៀល ដោយសារតែលុយរៀលមានតម្លៃថោកពេក។ តើរូបិយប័ណ្ណដែលមានតម្លៃថោកសុទ្ធតែមិនគួរឲ្យទុកចិត្ត និងនាំផលអាក្រក់ដល់សេដ្ឋកិច្ចមែនឬ?
ដើម្បីអាចដឹងថា តើតម្លៃលុយរៀលថោកពិតជាដើមហេតុ ដែលនាំឲ្យគេមិនចង់ប្រើ ហើយនាំគ្នាទៅប្រើលុយដុល្លារវិញមែនឬក៏អត់នោះ គេគួរធ្វើការប្រៀបធៀបមើលជាមួយនឹងរូបិយប័ណ្ណបរទេសមួយចំនួន។ ដោយមិនចាំបាច់ចេញទៅណាឆ្ងាយ គេគួរក្រឡេកមើលទៅលើបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន ដែលនៅជិតខាងនឹងកម្ពុជា។
យើងឃើញថា នៅក្នុងចំណោមប្រទេសទាំង ១០ ដែលជាសមាជិកអាស៊ាន កម្ពុជាមិនមែនជាប្រទេសដែលរូបិយប័ណ្ណមានតម្លៃថោកជាងគេនោះទេ។ លុយដុងរបស់វៀតណាមមានតម្លៃថោកជាងលុយរៀលខ្មែរដល់ទៅ ៥ដង (១ដុល្លារអាមេរិកដូរបានដល់ទៅ២ម៉ឺនដុង) ចំណែកលុយរូពីរបស់ឥណ្ឌូណេស៊ីមានតម្លៃថោកជាងលុយរៀលដល់ទៅ ៣ដង (១ដុល្លារអាមេរិកដូរបានជាង ១ម៉ឺន១ពាន់រូពី)។
ជាការពិតថា លុយដុងវៀតណាម និងលុយរូពីឥណ្ឌូណេស៊ី មិនមែនជារូបិយប័ណ្ណដែលទទួលបានទំនុកចិត្តខ្លាំងក្លានៅលើទីផ្សារអន្តរជាតិ ក៏ប៉ុន្តែ ជារូបិយប័ណ្ណដែលត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយបំផុត នៅក្នុងប្រទេសរបស់គេ។ ការចាយលុយដុល្លារ នៅក្នុងប្រទេសវៀតណាម និងឥណ្ឌូណេស៊ី មានទំហំតិចតួចបំផុត បើធៀបទៅនឹងប្រទេសកម្ពុជា។ សូម្បីតែនៅក្នុងប្រទេសឡាវ ដែលលុយគីប មានតម្លៃថោកជាងលុយរៀលខ្មែរដល់ទៅ ២ដង (១ដុល្លារអាមេរិកដូរបានប្រហែល ៨ពាន់គីប) ហើយដែលកន្លងមកក៏ធ្លាប់មានការចាយលុយដុល្លារច្រើនដែរនោះ ក៏ពេលបច្ចុប្បន្ននេះឡាវអាចកាត់បន្ថយការចាយលុយដុល្លារបានយ៉ាងច្រើនជាងកម្ពុជាឆ្ងាយដែរ។
ដូច្នេះ មិនមែនដោយសារគ្រាន់តែលុយរៀលមានតម្លៃថោកធៀបនឹងលុយដុល្លារ ទើបគេមិនចាយលុយរៀល ហើយនាំគ្នាចាយលុយដុល្លារនោះទេ។
តាមពិត រូបិយប័ណ្ណមួយទទួលបាននូវទំនុកចិត្តពីអ្នកប្រើប្រាស់ឬអត់ មិនមែនអាស្រ័យទៅលើថាតើរូបិយប័ណ្ណនោះមានតម្លៃថោក ឬថ្លៃ នោះទេ ក៏ប៉ុន្តែ វាអាស្រ័យទៅលើថាតើរូបិយប័ណ្ណនោះមានស្ថិរភាពដែរឬទេ? រូបិយប័ណ្ណដែលមានស្ថិរភាព បើទោះបីជាមានតម្លៃថោកក៏ពិតមែន ក៏ប៉ុន្តែ គេអាចទុកចិត្តបានថា ទៅថ្ងៃអនាគតតម្លៃរបស់វានឹងមិនមានការប្រែប្រួលខ្លាំងនោះទេ។ ផ្ទុយទៅវិញ រូបិយប័ណ្ណដែលគ្មានស្ថិរភាព បើទោះបីជាថ្ងៃនេះមានតម្លៃថ្លៃ ក៏ប៉ុន្តែ គេមិនអាចដឹងបានទេថា តើថ្ងៃស្អែកវានឹងត្រូវធ្លាក់ចុះដល់កម្រិតណា?
ដូច្នេះ តម្លៃលុយរៀលទាប ពោលគឺ ៤ពាន់រៀល ទើបដូរបាន ១ដុល្លារអាមេរិក វាមិនមែនជាឧបសគ្គនោះទេ សំខាន់ឲ្យតែវាមានស្ថិរភាព ហើយស្ថិរភាពនៃលុយរៀលពឹងផ្អែកខ្លាំងទៅលើកត្តាស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជាពិសេស ទៅលើសមត្ថភាពចាត់ចែងនយោបាយរូបិយវត្ថុ និងឯករាជ្យរបស់ធនាគារជាតិកម្ពុជា។
ដរាបណាធនាគារជាតិស្ថិតក្រោមបញ្ជារដ្ឋាភិបាល ដរាបនោះ គេនៅតែបារម្ភថា នៅពេលណាដែលរដ្ឋាភិបាលខ្វះលុយ ធនាគារជាតិនឹងត្រូវបោះពុម្ពលុយដោយគ្មានដែនកំណត់ ដើម្បីយកមកបំពេញការចំណាយរបស់រដ្ឋ។ នៅពេលណាដែលធនាគារជាតិបោះពុម្ពលុយយ៉ាងច្រើនសន្ធឹកសន្ធាប់ហួសពីតម្រូវការសាច់ប្រាក់ នៅពេលនោះ លុយរៀលនឹងក្លាយទៅជាក្រដាសដែលគ្មានតម្លៃ។
នេះហើយជាកត្តាសំខាន់បំផុត ដែលធ្វើឲ្យគេពិបាកនឹងមានទំនុកចិត្តលើលុយរៀល ហើយ មិនមែនដោយសារតែវាមានតម្លៃថោកនោះទេ។ ម្យ៉ាងវិញទៀត តម្លៃរូបិយប័ណ្ណជាតិថោកក៏មិនមែនសុទ្ធតែជាឧបសគ្គ នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនោះដែរ។ ជាក់ស្តែង វៀតណាម និងឥណ្ឌូណេស៊ី ដែលមានរូបិយប័ណ្ណថោកជាងលុយរៀល សុទ្ធតែមានសេដ្ឋកិច្ចរីកលូតលាស់ជាងកម្ពុជាឆ្ងាយណាស់ ជាពិសេស ឥណ្ឌូណេស៊ី ដែលជាមហាអំណាចសេដ្ឋកិច្ចលំដាប់ទី១ នៅក្នុងតំបន់អាស៊ាន និងជាមហាអំណាចសេដ្ឋកិច្ចពិភពលោកលំដាប់ទី១៥។
តាមពិត នៅក្នុងលក្ខខណ្ឌខ្លះ រូបិយប័ណ្ណជាតិមានតម្លៃថោក គឺជាអំណោយផលល្អ សម្រាប់សេដ្ឋកិច្ចជាតិទៅវិញទេ ដោយសារតែវាធ្វើឲ្យទំនិញដែលផលិតនៅក្នុងប្រទេសនោះមានតម្លៃថោក ងាយស្រួលក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ ជំរុញវិស័យនាំចេញ នាំឲ្យមានកំណើនសេដ្ឋកិច្ច និងបង្កើតការងារដល់ប្រជាជន។
ហេតុដូច្នេះហើយបានជាគេតែងតែឃើញរដ្ឋាភិបាលចិនធ្វើអន្តរាគមន៍ ដើម្បីទប់លុយយ័នមិនឲ្យឡើងថ្លៃធៀបនឹងលុយដុល្លារអាមេរិក។ ចំណែករដ្ឋាភិបាលរបស់លោកស្ហ៊ីនហ្សូ អាបេ ក៏ស្វះស្វែងរកវិធីធ្វើឲ្យលុយយេនជប៉ុនធ្លាក់ថ្លៃផងដែរ ដើម្បីជំរុញការនាំចេញទៅក្រៅប្រទេស។
នៅក្នុងប្រទេសកម្ពុជាវិញ គេអាចនិយាយបានថា ទោះបីជាលុយរៀលចុះថ្លៃ ឬឡើងថ្លៃ ក៏មិនសូវជាមានឥទ្ធិពលលើការនាំចេញ គឺដោយសារតែតម្លៃផលិតនៅក្នុងប្រទេសកម្ពុជាត្រូវគិតជាដុល្លារច្រើនជាងលុយរៀល៕
Subscribe to:
Post Comments (Atom)
No comments:
Post a Comment