Wednesday, May 14, 2014

ឈើ​ប្រណីត​ដឹក​ទៅ​ចិន​ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​៣០​កុងតឺន័រ

វិនាសកម្ម​ព្រៃ​ឈើ​នឹង​បាត់​បង់​នៅ​កម្ពុជា ដោយសារ​តែ​មហិច្ឆតា​ប្រទេស​មហា​អំណាច​ចិន ដែល​មក​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណីត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ប្រទេស​វៀតណាម ឡាវ កម្ពុជា ថៃ និង​ប្រទេស​ភូមា ជាដើម។ វិនាសកម្ម​ព្រៃ​ឈើ​នឹង​បាត់​បង់​នៅ​កម្ពុជា ដោយសារ​តែ​មហិច្ឆតា​ប្រទេស​មហា​អំណាច​ចិន ដែល​មក​ធ្វើ​ពាណិជ្ជកម្ម​ឈើ​ប្រណីត​នៅ​តំបន់​ទន្លេ​មេគង្គ មាន​ប្រទេស​វៀតណាម ឡាវ កម្ពុជា ថៃ និង​ប្រទេស​ភូមា ជាដើម។
អង្គការ​ជាតិ​អន្តរជាតិ បាន​បញ្ចេញ​របាយការណ៍​រក​ឃើញ​ថា ប្រទេស​ចិន ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​អាជ្ញាប័ណ្ណ​ក្នុង​ការ​នាំ​ឈើ​ចូល​ពី​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ ដែល​គិត​ជា​ទឹក​ប្រាក់​រាប់​រយ​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ មន្ត្រី​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ការ​ដឹក​ឈើ​ទៅ​ចិន នៅ​កំពង់ផែ​ខេត្ត​ព្រះសីហនុ ក្នុង​មួយ​ថ្ងៃ ៣០​កុងតឺន័រ គិត​ជា​ទឹក​ប្រាក់​រាប់​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ។ ប្រធាន​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ួច ឡេង មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព បាន​ដឹក​ឈើ​ទៅ​ប្រទេស​ចិន នៅ​ច្រក​កំពង់ផែ​ខេត្ត​ព្រះសីហនុ ជា​រៀង​រាល់​ថ្ងៃ។ លោក​បញ្ជាក់​ថា ការ​ជួញ​ដូរ​ឈើ​ប្រណីត រួម​ទាំង​ឈើ​ក្រញូង​ផង​នោះ នឹង​ធ្វើ​ឲ្យ​ព្រៃ​ឈើ​នៅ​កម្ពុជា ហិនហោច និង​ផុត​ពូជ​នៅ​ពេល​អនាគត៖ «ខាង​ខ្ញុំ​ស៊ើប​អង្កេត​នៅ​កំពង់ផែ នៅ​កំពង់សោម ក្នុង​១​ថ្ងៃ​យ៉ាង​ហោច​ណាស់ ៣០​កុងតឺន័រ​ដែរ អា​នេះ​មិន​គិត​ពី​ថ្ងៃ​បុណ្យ​ទេ គឺ​អាច​លើស​ពី​នេះ​ទៀត គិត​ជា​ប្រាក់​ក្នុង​មួយ​កុងតឺន័រ ៥​លាន​ដុល្លារ។ អ៊ីចឹង​វា​ស្មើ​នឹង ១៥០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក នេះ​មិន​ទាន់​គិត​ពី​ច្រក​ផ្សេងៗ​ទេ ដូច​នៅ​ច្រក​របៀង​ផ្សេងៗ​ទៀត»។ ការ​លើក​ឡើង​របស់ លោក អ៊ួច ឡេង នេះ នៅ​ស្រប​ពេល​ទីភ្នាក់ងារ​អន្តរជាតិ​ស្ដីពី​បរិស្ថាន (Environmental Investigation Agency = EIA) បាន​ចេញ​របាយការណ៍​កាល​ពី​ថ្ងៃ​ទី​១២ ឧសភា ដាក់​ចំណង​ជើង​ថា ការ​ចង់​បាន​របស់​ចិន គឺ​ឈើ​ក្រហម ឬ​ឈើ​ក្រញូង។ ក្នុង​របាយការណ៍​នោះ បញ្ជាក់​ថា ប្រទេស​ចិន ជា​ប្រទេស​តែ​មួយ​គត់​ដែល​មាន​កូដ​ពន្ធ​គយ​នាំ​ឈើ​ចូល​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ ហើយ​ក៏​ជា​ប្រទេស​លេចធ្លោ​ជាង​គេ​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​នាំ​ឈើ​ចូល​ពី​ប្រទេស​តំបន់​ទន្លេ​មេគង្គ មាន​វៀតណាម ឡាវ កម្ពុជា ថៃ និង​ភូមា ដែល​ជា​ប្រវត្តិសាស្ត្រ​នៃ​ការ​ផ្គត់ផ្គង់​ឈើ​ទៅ​ចិន និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឈើ​ក្រញូង​នៅ​ក្នុង​ទសវត្ស​ន៍​ចុង​ក្រោយ​នេះ។ គិត​ចាប់​ពី​ឆ្នាំ​២០០០ ការ​ដឹក​ឈើ​ទៅ​ប្រទេស​ចិន មាន​ជាង ១​លាន ៦​សែន​ម៉ែត្រ​គូប ក្នុង​នោះ​ជិត​ពាក់​កណ្ដាល គឺ​ឈើ​ក្រញូង ដែល​គិត​ជា​ទឹក​ប្រាក់​ប្រមាណ ២.៤០០​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។ លោក អួច ឡេង បន្ថែម​ថា ការ​ធ្វើ​ពាណិជ្ជកម្ម​របស់​ចិន ក្នុង​ការ​ជួញ​ដូរ​ឈើ​ជាមួយ​ឧកញ៉ា​ធំៗ​នៅ​កម្ពុជា នេះ គឺ​ចិន មិន​បាន​គិត​ពី​ផល​ប៉ះពាល់​របស់​ប្រទេស​កម្ពុជា និង​ប្រទេស​តូចៗ​ឯ​ទៀត​ទេ។ ចិន រក​តែ​ផល​ប្រយោជន៍​របស់​ខ្លួន និង​មិន​គិត​ពី​ផល​ប៉ះពាល់​បរិស្ថាន​នោះ​ទេ៖ «នេះ​ហើយ​ដែល​យើង​ទាមទារ​ឲ្យ​អង្គការ អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ​នានា​ទាក់ទង​នឹង​បរិស្ថាន ត្រូវ​តែ​ពិចារណា​ពី​ពាណិជ្ជកម្ម​របស់​ចិន មក​ជញ្ជក់​ឈាម​ក្នុង​ប្រទេស​តូចតាច​ដូច​ជា​កម្ពុជា ជាដើម កុំ​ឲ្យ​ព្រៃ​ឈើ​នៅ​កម្ពុជា ហិនហោច​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ទៀត​ទៅ​មុខ​នេះ»។ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មន្ត្រី​នាំ​ពាក្យ​ស្ថានទូត​ចិន ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី​១៤ ឧសភា នេះ។ ការ​ជួញ​ដូរ​ឈើ​ប្រណីត​របស់​កម្ពុជា គឺ​ជា​បញ្ហា​ក្ដៅ​គគុក​មួយ ដែល​មន្ត្រី​ការពារ​ព្រៃ​ឈើ​បាន​លើក​ឡើង​ថា មន្ត្រី​ពាក់ព័ន្ធ​​អសមត្ថភាព​ក្នុង​ការ​បង្ក្រាប ទោះ​បី​ជា​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ចាត់​វិធាន​ការ​ឲ្យ​មាន​ប្រសិទ្ធភាព ប្រឆាំង​ការ​កាប់​រាន​ដី​ព្រៃ​ជាច្រើន​លើក​ច្រើន​សា​ក៏ដោយ។ ក្រុម​មន្ត្រី​ការពារ​ព្រៃ​ឈើ ឲ្យ​ដឹង​ថា ការ​កាប់​បំផ្លាញ​ឈើ​នៅ​កម្ពុជា មាន​ច្រើន​សណ្ឋាន រួម​មាន ក្រុម​ឧកញ៉ា​ធំៗ កាប់​ឈើ​យក​ទៅ​លក់​នៅ​ប្រទេស​ចិន វៀតណាម និង​ការ​កាប់​ឈើ​ក្រោម​រូបភាព​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ជាដើម។ របាយការណ៍​របស់​អង្គការ​ស្បៀង​អាហារ និង​កសិកម្ម​របស់​អង្គការ​សហប្រជាជាតិ ដែល​ហៅ​កាត់​ថា ហ្វាវ (FAO) បង្ហាញ​ថា ព្រៃ​ឈើ​របស់​កម្ពុជា មាន​ទំហំ​ជាង ១៣​លាន​ហិកតារ គ្រប​ដណ្ដប់​លើ​ផ្ទៃដី​ទូទាំង​ប្រទេស ប៉ុន្តែ​ព្រៃ​ឈើ​ទាំង​នេះ​បាន​បន្ត​បាត់​បង់​ជាង ៣​សែន​ហិកតារ​ក្នុង​១​ឆ្នាំៗ ដោយសារ​បទល្មើស​ព្រៃ​ឈើ​ខុស​ច្បាប់​យ៉ាង​អនាធិបតេយ្យ៕

No comments:

Post a Comment