Wednesday, May 14, 2014

កម្មករ​រោងចក្រ​ជាច្រើន​នាក់​នៅ​ក្រុង​បាវិត​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ

កម្មករ​រោងចក្រ​នៅ​តំបន់​សេដ្ឋកិច្ច មេនហាតធេន (Manhattan) នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាច្រើន​នាក់ ត្រូវ​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ។ ក្រុម​កម្មករ​បញ្ជាក់​ថា ដើម​ចម​ដែល​នាំ​ឲ្យ​ថៅកែ​បញ្ឈប់​ពួក​គេ​ពី​ការងារ​នេះ ដោយ​ចោទ​ប្រកាន់​ថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​បង្ក​វឹកវរ​ក្នុង​រោងចក្រ គ្រា​ដែល​កម្មករ​ធ្វើ​កូដកម្ម​កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ។ អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​ការ​បញ្ឈប់​កម្មករ​នោះ ថា​ជា​រឿង​អយុត្តិធម៌​មក​លើ​កម្មករ ដើម្បី​រារាំង​មិន​ឲ្យ​ពួក​គេ​ធ្វើ​កូដកម្ម​តវ៉ា​នា​ពេល​ក្រោយ​ទៀត។ ក្រុម​កម្មករ​សម្ដែង​ការ​មិន​ពេញ​ចិត្ត​ទៅ​នឹង​ចំណាត់​ការ​របស់​ថៅកែ​រោងចក្រ ដែល​បញ្ឈប់​ពួក​គេ​ពី​ការងារ​ដោយ​ពុំ​មាន​កំហុស​អ្វី ផ្ទុយ​ពី​លក្ខខណ្ឌ ឬ​ច្បាប់​ការងារ​ឡើយ។ តំណាង​កម្មករ​ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ លោក សេក ម៉ូ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៤ ឧសភា ថា ថៅកែ​រោងចក្រ​បញ្ឈប់​ពួក​គេ​ពី​ការងារ​ជា​បន្តបន្ទាប់ តាំង​ពី​ថ្ងៃ​ទី​១២ ឧសភា រហូត​មក ដោយ​ចោទ​ប្រកាន់​កម្មករ​ថា បង្ក​ភាព​វឹកវរ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ គ្រា​ដែល​ធ្វើ​កូដកម្ម​តវ៉ា​ជាមួយ​រោងចក្រ​កាល​ពី​ខែ​ឧសភា កន្លង​ទៅ។
លោក សេក ម៉ូ បញ្ជាក់​ថា ពួក​គេ​ពុំ​បាន​ធ្វើ​អ្វី​ខុស​ច្បាប់​នោះ​ទេ គឺ​គ្រាន់​តែ​ចូល​រួម​ធ្វើ​កូដកម្ម​ទាមទារ​ឲ្យ​ថៅកែ​រោងចក្រ​ផ្ដល់​ប្រាក់​អត្ថប្រយោជន៍​ការងារ​កម្មករ​ម្នាក់ ៥០​ដុល្លារ ដែល​បាន​សន្យា​ឲ្យ​កម្មករ​នា​ពេល​កន្លង​ទៅ៖ «គេ​បញ្ឈប់​ដោយ​ចិត្ត​របស់​គេ​តែ​ហ្មង អត់​មាន​ពីណា​ដោះស្រាយ​ឲ្យ​ផង។ សូម្បី​តែ​ខ្ញុំ​មិន​បាន​គប់​អី​ផង ចោទ​ខ្ញុំ​ថា​ខ្ញុំ​ហ្នឹង​មាន​រូប​នៅ​ក្នុង​កាមេរ៉ា ចោទ​ប្រកាន់​ខ្ញុំ​វាយ​រោងចក្រ​វាយ​មនុស្ស តាម​ការ​ពិត​ពួក​សន្តិសុខ​តំបន់​មក​វាយ​កម្មករ​វិញ​ទេ។ មិន​មែន​មក​ចោទ​ថា ពួក​ខ្ញុំ​មក​វាយ​កម្មករ។ ចោទ​កម្មករ គាប​សង្កត់​កម្មករ អត់​មាន​ការ​យុត្តិធម៌​សោះ»។ មន្ត្រី​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក មាស សុខណា ឲ្យ​ដឹង​ថា រហូត​មក​ទល់​ពេល​នេះ មាន​កម្មករ​ប្រមាណ ៤០​នាក់​ហើយ​ដែល​ថៅកែ​រោងចក្រ​បញ្ឈប់​ពី​ការងារ។ លោក​ថា កម្មករ​ដែល​បញ្ឈប់​ភាគ​ច្រើន ជា​កម្មករ​រោងចក្រ​កាត់​ដេរ រោងចក្រ​ដំឡើង​កង់ និង​រោងចក្រ​ផលិត​អំពូល​ភ្លើង នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន។ លោក មាស សុខណា ពន្យល់​ថា ជាទូទៅ​នៅ​ពេល​ដែល​ធ្វើ​កូដកម្ម​ម្ដងៗ ថៅកែ​រោងចក្រ​តែង​តែ​បញ្ឈប់​កម្មករ​បន្តបន្ទាប់ ដោយ​យក​លេស​ថា មាន​កំហុស​ការងារ​មិន​អាច​បន្ត​កិច្ច​សន្យា​បាន​ឡើយ៖ «ព្រោះ​បើ​សិន​ជា​កម្មករ​គាត់​ធ្វើ​ការ​មិន​បាន​ល្អ​ពី​ដំបូង គាត់​អត់​ព្រម​បញ្ឈប់​ទេ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​កម្មករ​ខ្លះ​គាត់​ធ្វើ​ការ​រាប់​ឆ្នាំ​មក​ហើយ ២​ឆ្នាំ ៣​ឆ្នាំ​មក​ហើយ។ នៅ​ពេល​អំឡុង​ពេល​កូដកម្ម​ឡើង ចូល​ទៅ​វិញ​បញ្ឈប់​គាត់ ដោយសារ​ក្រុមហ៊ុន​មិន​បន្ត​កិច្ច​សន្យា​ដល់​អ្នក​ឯង​ទៀត​ទេ។ អ៊ីចឹង​ក្រុមហ៊ុន​ត្រូវ​បញ្ឈប់។ អ៊ីចឹង​ខ្ញុំ​អត់​យល់​ពី​វិធីសាស្ត្រ​ក្នុង​ការ​គ្រប់គ្រង​របស់​ក្រុមហ៊ុន ខ្ញុំ​អត់​យល់​បង!»។ វិទ្យុ​អាស៊ីសេរី ពុំ​អាច​ទាក់ទង​មន្ត្រី​តំបន់​សេដ្ឋកិច្ច​ពិសេស មេនហាតធេន និង​មន្ត្រី​មន្ទីរ​ការងារ​ខេត្ត​ស្វាយរៀង បាន​ទេ នៅ​ថ្ងៃ​ទី​១៤ ឧសភា។ តែ​យ៉ាង​ណា កន្លង​មក​អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ ខេត្ត​ស្វាយរៀង លោក អ៊ូ សុខឿន ធ្លាប់​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​បញ្ឈប់​កម្មករ​ពី​ការងារ ដោយសារ​ការងារ​របស់​កម្មករ​ដែល​បញ្ឈប់​កន្លង​មក​ពុំ​មាន​ប្រសិទ្ធភាព ទើប​ក្រុមហ៊ុន​មិន​បន្ត​កិច្ច​សន្យា​ការងារ​ឲ្យ​កម្មករ។ មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត បូពិណារ័ត្ន ចាត់​ទុក​ការ​បញ្ឈប់​កម្មករ​ពី​ការងារ​របស់​ថៅកែ​រោងចក្រ​នេះ ថា​ជា​រឿង​អយុត្តិធម៌ រំលោភ​សិទ្ធិ​ការងារ​របស់​កម្មករ​ដោយ​ខុស​ច្បាប់​របស់​កម្ពុជា។ លោក នុត បូពិណារ័ត្ន បញ្ជាក់​បន្ថែម​ថា ថៅកែ​រោងចក្រ​បញ្ឈប់​កម្មករ​ពី​ការងារ ភាគ​ច្រើន​ជា​កម្មករ​ដែល​តវ៉ា​សកម្ម​ជាមួយ​ក្រុមហ៊ុន៖ «ក្នុង​ករណី​ហ្នឹង​ជា​ករណី​មួយ​ដែល​រំលោភ​ទៅ​លើ​ច្បាប់​កម្មករ រំលោភ​លើ​ច្បាប់​ការងារ​របស់​កម្មករ រំលោភ​ទៅ​លើ​សិទ្ធិ​បុគ្គល​របស់​ពួក​គាត់ ដែល​គាត់​ទទួល​បាន​ការងារ។ ហើយ​តែ​រោងចក្រ​បញ្ឈប់​ពួក​គាត់ អ៊ីចឹង​វា​អាច​មាន​បញ្ហា​ទៅ​លើ​កម្មករ​ដទៃ​ទៀត ដែល​យើង​បញ្ឈប់​ស្រេច​តែ​ចិត្ត អ៊ីចឹង​បញ្ឈប់​ដោយ​សំអាង​ថា គាត់​មាន​កាមេរ៉ា​មាន​អី​អ៊ីចឹង យើង​មិន​មាន​ហេតុផល​អាច​បញ្ឈប់​គាត់​បានទេ​បាទ!»។ កាល​ពី​ចុង​ខែ​មេសា កន្លង​ទៅ ក្រុម​កម្មករ​ធ្លាប់​បាន​ធ្វើ​កូដកម្ម​ទាមទារ​ប្រាក់​អត្ថប្រយោជន៍​ការងារ​ជាមួយ​រោងចក្រ។ កម្មករ​បញ្ជាក់​ថា កាល​ណោះ​ថៅកែ​រោងចក្រ​សន្យា​ផ្ដល់​ប្រាក់​ឲ្យ​កម្មករ​ម្នាក់ ៥០​ដុល្លារ​អាមេរិក បើ​កម្មករ​មិន​ចូល​រួម​ធ្វើ​កូដកម្ម។ ពួក​គេ​មិន​បាន​ធ្វើ​កូដកម្ម​ទេ តែ​ថៅកែ​រោងចក្រ​បែរ​ជា​មិន​បាន​បើក​ប្រាក់​តាម​ការ​សន្យា។ ហើយ​កម្មករ​ដែល​ធ្វើ​កូដកម្ម ត្រូវ​អាជ្ញាធរ​ចាប់​ដាក់​ពន្ធនាគារ។ ក្រោយ​មក​ក្រុមហ៊ុន​ចាប់​ផ្ដើម​បញ្ឈប់​កម្មករ​ជា​បន្តបន្ទាប់ ដោយ​ចោទ​ប្រកាន់​ថា បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ ហើយ​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ៕

No comments:

Post a Comment