Monday, May 19, 2014

មេធាវី​អន្តរជាតិ​នៃ​ជន​រងគ្រោះ​ដីធ្លី​នឹង​ប្ដឹង​លោក ហ៊ុន សែន ទៅ​តុលាការ​អន្តរជាតិ

មេធាវី​អន្តរជាតិ​តំណាង​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​បណ្ដេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី​ជា​លក្ខណៈ​ប្រព័ន្ធ​ដោយ​បង្ខំ និង​ជន​រងគ្រោះ​នៃ​ការ​ប្រើប្រាស់​ហិង្សា និង​ការ​រំលោភ​បំពាន​របស់​សមត្ថកិច្ច​រដ្ឋាភិបាល លោក ហ៊ុន សែន គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង​នឹង​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
មេធាវី​ជនជាតិ​អង់គ្លេស លោក រីឆាដ រ៉ចជើរ (Richard Rogers) នៃ​ក្រុមហ៊ុន​មេធាវី Global Diligence ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ពី​ប្រទេស​បារាំង ថា ក្រុម​អ្នក​ច្បាប់​ក្រុមហ៊ុន​លោក​បាន​ចងក្រង​ឯកសារ​ពាក្យ​បណ្ដឹង​លម្អិត​មួយ​ប្រឆាំង​រដ្ឋាភិបាល​កម្ពុជា ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ពាក្យ​បណ្ដឹង​នេះ នឹង​ដាក់​នៅ​ការិយាល័យ​ព្រះរាជ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ នៅ​ចុង​ខែ​ឧសភា ឬ​ដើម​ខែ​មិថុនា ឆ្នាំ​២០១៤។
លោក​បន្ត​ថា ភស្តុតាង​មួយ​ចំនួន​ដែល​លោក​ទទួល​បាន​ពី​ក្រុម​អង្គការ​ឃ្លាំ​មើល​បញ្ហា​ដីធ្លី​នៅ​កម្ពុជា បញ្ជាក់​ថា យ៉ាង​ហោច​ណាស់​ក៏​មាន​ពលរដ្ឋ​ចំនួន ៧​សែន​នាក់ រង​ផល​ប៉ះពាល់​ដោយសារ​ជម្លោះ​ដីធ្លី ក្នុង​នោះ​ពលរដ្ឋ​ពី ៣​សែន ទៅ ៤​សែន​នាក់ ត្រូវ​បាន​បង្ខំ​បណ្ដេញ​ចេញ។ ដោយ​ឡែក​នៅ​រាជធានី​ភ្នំពេញ​វិញ មាន​ពលរដ្ឋ​ប្រមាណ ១​សែន​នាក់ រង​ផល​ប៉ះពាល់​នៃ​ការ​បង្ខំ​បណ្ដេញ​ចេញ។ លោក​បន្ត​ថា ក្រុម​អ្នក​ច្បាប់​ក៏​បាន​រក​ឃើញ​ថា ឧក្រិដ្ឋកម្ម ការ​ចាប់​ឃុំឃាំង​ដោយ​ខុស​ច្បាប់ និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​ជនជាតិ​ដើម​ភាគ​តិច និង​អ្នក​នយោបាយ មាន​លក្ខណៈ​ធ្ងន់ធ្ងរ​កើត​ឡើង​ជា​បន្តបន្ទាប់ និង​ដដែលៗ ជា​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។
លោក រីឆាដ រ៉ចជើរ មាន​ជំនឿ​ថា តុលាការ​នឹង​ទទួល​យក និង​ចាត់​ការ​លើ​បណ្ដឹង​របស់​លោក៖ «តាម​រយៈ​ព័ត៌មាន​ដែល​យើង​ទទួល​បាន យើង​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ភស្តុតាង​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​ឡាយ កើត​ឡើង​កន្លង​មក ស្មើ​នឹង​បទល្មើស​ប្រឆាំង​មនុស្ស​ជាតិ។ បទ​ឧក្រិដ្ឋកម្ម​ទាំង​នោះ យើង​ចាប់​ផ្ដើម​ប្រមូល​ផ្តុំ​ចាប់​តាំង​ពី​ឆ្នាំ​២០០២ នៅ​ពេល​កម្ពុជា បាន​ចុះ​សន្ធិសញ្ញា​ទីក្រុង​រ៉ូម។ យើង​ពិនិត្យ​លើ​បទល្មើស​រយៈពេល ១២​ឆ្នាំ ឃើញ​ថា បទល្មើស​ទាំង​នោះ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ មិន​មែន​ជា​ករណី​ដាច់​ដោយ​ឡែក​ឡើយ»
កាល​ពី​ខែ​មីនា ឆ្នាំ​២០១៤ លោក មូរតុន ក្លា (Morton Sklar) មេធាវី​អាមេរិកាំង ក៏​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្រឆាំង លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។ ពាក្យ​បណ្ដឹង​របស់ លោក រីឆាដ រ៉ចជើរ នេះ​ជា​បណ្ដឹង​ទី​៤​ប្រឆាំង​នឹង លោក ហ៊ុន សែន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ​នៅ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការិយាល័យ​ព្រះរាជ​អាជ្ញា​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ កំពុង​ពិនិត្យ​មើល​បណ្ដឹង​ចំនួន​៣ ដើម្បី​កំណត់​ថា តើ​បណ្ដឹង​ទាំង​នោះ​ស្រប​នឹង​លក្ខន្តិកៈ​ទីក្រុង​រ៉ូម (Rome) ដែល​អាច​អនុញ្ញាត​ឲ្យ​តុលាការ​បើក​សវនាការ​ជំនុំ​ជម្រះ​ក្តី​បាន៕

No comments:

Post a Comment