Monday, May 19, 2014

តួនាទី​អាស៊ាន​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង

ជម្លោះ​លើ​ដែន​ទឹក​សមុទ្រ​ចិន​ខាង​ត្បូង បាន​ក្លាយ​ជា​ប្រធានបទ​ក្ដៅ​សម្រាប់​​ប្រធាន​អាស៊ាន​ប្ដូរ​វេន​​ ត្រូវ​រក​ដំណោះ​ស្រាយ​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​រហ័ស។ បច្ចុប្បន្ន​ជម្លោះ​​សមុទ្រ​​​ចិន​ខាង​ត្បូង បាន​បង្ក​ឲ្យ​អំពើ​ហិង្សា​រហូត​ដល់​មាន​មនុស្ស​​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់​នៅ​ប្រទេស​វៀតណាម។
អ្នក​ជំនាញ​ផ្នែក​កិច្ចការ​អាស៊ាន​អះអាង​ថា​ តួនាទី​របស់​អាស៊ាន​ មិន​អាច​​ដោះស្រាយ​​បញ្ហា​នេះ​បាន​ទេ​ លុះ​ត្រា​តែ​មាន​ ​ការ​ជួយ​ជ្រោមជ្រែង​ពី​​ប្រទេស​មហាអំណាច​និង​អង្គការ​សហប្រជាជាតិ។
អ្នក​តាម​ដាន​ស្ថានការណ៍​នយោបាយ​បាន​លើក​ឡើង​ថា ប្រទេស​​​​ដែល​​ចាប់​យក​គោលការណ៍​គ្រប់គ្រង​ប្រទេស​បែប​កុម្មុយនិស្ត​កម្រ​នឹង​អនុញ្ញាត​ឲ្យ​ប្រជាជន​របស់​ខ្លួន​ចេញ​មុខ​តវ៉ា​ប្រឆាំង​នឹង​ស្ថានការណ៍​ណា​មួយ​​ណាស់។ ជាក់​ស្ដែង​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជម្លោះ​ដែន​សមុទ្រ​ចិន​ខាង​ត្បូង​​ដែល​បង្ក​ឲ្យ​អំពើ​ហិង្សា ហាក់​ជា​ការ​រៀប​ចំ​ដោយ​រដ្ឋាភិបាល​​វៀតណាម ដែល​គ្មាន​សមត្ថភាព។ ភាព​អសមត្ថភាព​នេះ អាច​បង្ក​ឲ្យ​ក្រុម​ដែល​មាន​និន្នាការ​ប្រជាធិបតេយ្យ​នៅ​វៀតណាម ផ្ទុះ​ឡើង​​​ទៅ​វិញ។ ទោះ​ជា​យ៉ាងណា​ក៏​ដោយ ការ​ធ្វើ​បាតុកម្ម​ដែល​កើត​ឡើង​នៅ​វៀតណាម ប្រឆាំង​នឹង​រឿង​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ជា​ការ​បង្ហាញ​ទៅ​ភាគី​ចិន​ថា ប្រជាពលរដ្ឋ​​និង​​រដ្ឋាភិបាល​វៀតណាម មិន​សប្បាយ​នឹង​ប្រទេស​​ចិន​ឡើយ ចំពោះ​ការ​ខួង​យក​ប្រេង​នៅ​តំបន់​​ដែន​ទឹក​ដែល​មាន​ជម្លោះ​នោះ។
តើ​កម្ពុជា គួរ​គាំ​ទ្រ​ចិន ឬ​វៀតណាម​ ចំពោះ​រឿង​សមុទ្រ​ចិន​ខាង​ត្បូង។ អ្នក​វិភាគ​នយោបាយ​អះអាង​ថា ករណី​នេះ កម្ពុជា​ត្រូវ​ស្ថិត​នៅ​អព្យាក្រឹត ទោះ​បី​ជា​ប្រទេស​វៀតណាម​និង​ចិន មាន​គុណ​បំណាច់​ធំ​​ដល់​អ្នក​នយោបាយ​កម្ពុជា គ្រប់​សម័យ​កាល​​យ៉ាង​ណា​ក៏​ដោយ។ ស្រប​ពេល​ដែល​​ប្រទេស​ទាំង​វៀតណាម​ និង​ថៃ មាន​បញ្ហា ប្រទេស​កម្ពុជា គួរ​តែ​ប្រើ​ឱកាស​ដើម្បី​ទាក់​ទាញ​អ្នក​វិនិយោគ។ ហេតុផល​នេះ កម្ពុជា​មិន​អាច​​គាំទ្រ​​ភាគី​មួយ​ ហើយ​ប្រឆាំង​ភាគី​ណា​មួយ​នោះ​ទេ។ មាន​ន័យ​ថា​ ​បើ​​កម្ពុជា​គាំទ្រ​វៀតណាម ដែល​ជា​សមាជិក​អាស៊ាន​ដូច​គ្នា នោះ​​កម្ពុជា​នឹង​បាត់​បង់​ចំណែក​ទីផ្សារ​ លក់​ផលិតផល​របស់​ខ្លួន​នៅ​ប្រទេស​ចិន។
អ្នក​វិភាគ​នយោបាយ​លោក​បណ្ឌិត សុខ ទូច មាន​ប្រសាសន៍​ថា ​ការ​គាំទ្រ​វៀតណាម​ កម្ពុជា​នឹង​មិន​ទទួល​បាន​ផល​ប្រយោជន៍​ទាំង​អស់ ដោយ​សារ​តែ​វៀតណាម គិត​អំពី​​អត្ថប្រយោជន៍​ផ្ទាល់​ខ្លួន​របស់​គេ​​តែ​ប៉ុណ្ណោះ។ បញ្ហា​នេះ វៀតណាម​ធ្លាប់​យក​ទីតាំង​ប្រទេស​កម្ពុជា ជា​ទីលាន​​សាក​កម្លាំង​គ្នា​រវាង​លទ្ធិកុម្មុយនិស្ត​​និង​សេរី​និយម​​ជា​ច្រើន​ទសវត្សរ៍​កន្លង​មក។
លោក​បណ្ឌិត សុខ ទូច បន្ថែម​ថា កម្ពុជា​ត្រូវ​តែ​​ចាប់​យក​ឱកាស​ដូច​ដែល​ប្រទេស​វៀតណាម និង​ថៃ ធ្លាប់​ប្រើ​​យក​ផល​ចំណេញ​ពី​កម្ពុជា នៅ​ពេល​ដែល​កម្ពុជា មាន​វិបត្តិ​នយោបាយ​នៅ​ឆ្នាំ​១៩៩៨។
អ្នក​វិភាគ​​​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា​ អាស៊ាន មិន​អាច​ដោះស្រាយ​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ឲ្យ​ដល់​ប្រទេស​សមាជិក​បាន​ឡើយ ដោយសារ​តែ​អាស៊ាន​មាន​ប្រព័ន្ធ​គ្រប់គ្រង​​រដ្ឋ​ខុស​​​គ្នា​ និង​មាន​និន្នាការ​គាំទ្រ​មហា​អំណាច​​ខុស​គ្នា។ ទោះ​បី​ជា​កិច្ច​ប្រជុំ​អាស៊ាន​រៀងរាល់​ឆ្នាំ​បាន​លើក​យក​បញ្ហា​នេះ​មក​ជជែក​គ្នា​រវាង​ប្រទេស​​ភាគី​ជម្លោះ ប៉ុន្តែ​ត្រឹម​តែ​ចេញ​​សេចក្ដី​ប្រកាស​សម្របសម្រួល​ប៉ុណ្ណោះ។
សេចក្ដី​ប្រកាស​ព័ត៌មាន​​របស់​កិច្ច​ប្រជុំ​អាស៊ាន​កាល​ពី​ថ្ងៃ​ទី​១០ ឧសភា ២០១៤ នៅ​ប្រទេស​មីយ៉ាន់ម៉ា បង្ហាញ​ថា គ្រប់​ភាគី​ទាំង​អស់​ត្រូវ​រក្សា​ស្ថិរភាព និង​ត្រូវ​គោរព​​តាម​អនុសញ្ញា​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​នៅ​ឆ្នាំ​១៩៨២។ ប៉ុន្តែ​ភាគី​ចិន បាន​គូស​ដែន​សមុទ្រ​ចិន ដែល​ផ្ទុយ​ពី​​អនុសញ្ញា​អន្តរជាតិ​របស់​អង្គការ​សហប្រជាជាតិ។ តំបន់​ដែល​មាន​ជម្លោះ​ភាគី​ច្រើន​បំផុត​នៅ​ក្នុង​​កោះ​ស្ប្រាតលី (Spratlys) និង​កោះ​ប៉ារ៉ាសែល (Paracels)។
អ្នក​វិភាគ​កិច្ចការ​អាស៊ាន​បាន​អះអាង​ថា​ អាស៊ាន​មិន​​អាច​ដោះ​ស្រាយ​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​បាន​ទេ ព្រោះ​បញ្ហា​ដែល​កើត​ឡើង​នៅ​ប្រទេស​សមាជិក​អាស៊ាន​កន្លង​មក ដូច​ជា​ជម្លោះ​ព្រំដែន​កម្ពុជា-​ថៃ។ នៅ​ពេល​នោះ កម្ពុជា​បាន​ប្ដឹង​​ទៅ​អាស៊ាន ប៉ុន្តែ​អាស៊ាន​បាន​ជំរុញ​​ឲ្យ​ប្ដឹង​អង្គការ​សហប្រជាជាតិ និង​រហូត​ដល់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ដែល​ហៅ​ថា (ICJ)។
បញ្ហា​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​នេះ ប្រទេស​សមាជិក​អាស៊ាន​ដែល​មាន​ជម្លោះ​ដូច​ជា​ហ្វីលីពីន វៀតណាម ម៉ាឡេស៊ី ប្រ៊ុយណេ ជំរុញ​ឲ្យ​មាន​ជជែក​គ្នា​ជា​សាធារណៈ ប៉ុន្តែ​ភាគី​ចិន ទាម​ទារ​ការ​ចរចា​ប្រទេស​និង​ប្រទេស​ និង​ការ​ពិភាក្សា​ធ្វើ​ឡើង​ដោយ​សម្ងាត់ ឬ​បិទ​ទ្វារ នៅ​ពេល​មាន​កិច្ច​ប្រជុំ​ម្ដង។
ក្រៅ​ពី​នេះ ការ​រក​ដំណោះ​ស្រាយ​មិន​បាន​ដោយសារ​តែ​ប្រទេស​មហា​អំណាច​​ធំ​នៅ​ពី​ក្រោយ​ជម្លោះ​នេះ តាម​រយៈ​ឥទ្ធិពល​អំណាច​នៃ​​ការ​ចាត់​ចែង​គោល​នយោបាយ​ការ​បរទេស។ ​មាន​ន័យ​ថា​ ប្រទេស​មហា​អំណាច​ដូច​ជា​សហរដ្ឋអាមេរិក ចង់​រក្សា​មហាអំណាច​សេដ្ឋកិច្ច​ទី​មួយ​លើ​ពិភពលោក ចំណែក​ប្រទេស​ចិន ចង់​ក្លាយ​ជា​មហាអំណាច​សេដ្ឋកិច្ច​ពិភពលោក​ទី​មួយ​​ដែរ នៅ​ឆ្នាំ​២០១៥។ ម៉្យាង​វិញ​ទៀត ប្រទេស​សមាជិក​អាស៊ាន​ខ្លួន​ឯង​ក៏​មិន​អាច​ធ្វើ​ឲ្យ​ចិន​ខឹងសម្បា​ដោយសារ​ទំនាក់​ទំនង​ពាណិជ្ជកម្ម។
សាស្ត្រាចារ្យ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ផ្នែក​ទំនាក់​ទំនង​អន្តរជាតិ លោក ឡេង ធារិទ្ធ បាន​អះអាង​ថា​ ទាំង​ផល​ប្រយោជន៍​សេដ្ឋកិច្ច​និង​នយោបាយ​ដែល​ប្រទេស​​មហាអំណាច​​សម្លឹង​ឃើញ។ ម៉្យាង​វិញ​ទៀត​ តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​ ជា​ទីតាំង​យុទ្ធសាស្ត្រ​​មួយ​យ៉ាង​សំខាន់​សម្រាប់​ការ​ដឹក​ជញ្ជូន​គាំទ្រ​ដល់​ពាណិជ្ជកម្ម​អន្តរជាតិ។
ហេតុផល​សំខាន់​មួយ​ចំនួន​ដែល​ប្រទេស​​​សមាជិក​អាស៊ាន​ចង់​បាន​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​នោះ​​ជា​របស់​ខ្លួន​ ដោយ​គេ​រក​ឃើញ​ថា នៅ​ដែន​​សមុទ្រ​នោះ សម្បូរ​ដោយ​ធនធាន​ធម្មជាតិ ធនធាន​ជលផល ជា​ពិសេស​ប្រេង​និង​ឧស្ម័ន ដែល​មាន​តម្លៃ​រាប់​ពាន់​​លាន​ដុល្លារ​អាមេរិក។ តាម​ការ​ប៉ាន់ស្មាន ធនធាន​ប្រេង​​នៅ​តំបន់​សមុទ្រ​ចិន​ខាង​ត្បូង​​ អាច​ផលិត​បាន​ជាង ១​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។ បន្ថែម​លើ​នេះ ហេតុផល​សំខាន់​បី​ផ្សេង​ទៀត​ដែល​ប្រទេស​មហាអំណាច​ដូច​ជា​ចិន និង​សហរដ្ឋអាមេរិក​​​ ចូល​រួម​ក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង គឺ​ទី​មួយ ​ជា​ទី​តាំង​នាវាចរណ៍​ពាណិជ្ជកម្ម​ ទី​​ពីរ​ ជា​តំបន់​​​​រក្សា​ស្ថិរភាព​នយោបាយ ​និង​ទី​​បី ជា​ទី​កន្លែង​សមស្រប​មួយ​សម្រាប់​ពង្រីក​ឥទ្ធិពល​មហា​អំណាច និង​ការ​ពង្រីក​ទីផ្សារ​របស់​ខ្លួន។
ជម្លោះ​សមុទ្រ​ចិន​ខាង​ត្បូង​ ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩៧៤ រហូត​ដល់​បច្ចុប្បន្ន។ រយៈពេល ៤០​ឆ្នាំ​នេះ ទាំង​ភាគី​សមាជិក​អាស៊ាន​នីមួយៗ មាន​ការ​ប៉ះទង្គិច​គ្នា​ទៅ​វិញ​ទៅ​មក ក្រៅ​ពី​មាន​ជម្លោះ​ជា​មួយ​​ប្រទេស​​ចិន៕

No comments:

Post a Comment