Monday, May 19, 2014

បញ្ហា​ប្រឈម​របស់​កម្ពុជា​លើ​ការ​តភ្ជាប់​ផលិតកម្ម​ទំនិញ​ទៅកាន់​អាស៊ាន

កម្ពុជា​ជា​ប្រទេស​តូច ប៉ុន្តែ​មាន​ទីតាំង​ភូមិសាស្ត្រ​ល្អ ឬ​ជា​ចំណុចកណ្ដាល​សម្រាប់​អាស៊ាន​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ។ សក្ដានុពល​នេះ ជា​ឱកាស​សម្រាប់​ប្រទេស​កម្ពុជា ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច បង្កើន​អាជីវកម្ម បង្កើត​ការងារ និង​កាត់បន្ថយ​ភាព​ក្រីក្រ។
ឯកសារ​ជាច្រើន​បាន​រក​ឃើញ​ថា ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​របស់​ប្រទេស​កម្ពុជា ស្ថិតនៅ​កម្រិត​ទាប​ជាង​ប្រទេស​សមាជិក​អាស៊ាន​ផ្សេងទៀត។ របាយការណ៍​ប្រកួតប្រជែង​សកល ដែល​ហៅ​ជា​ភាសា​អង់គ្លេស​ថា Global Competitiveness Report បាន​ចាត់​ចំណាត់ថ្នាក់​ពិន្ទុ​កម្ពុជា​លេខ ៣ ដែល​ជា​ពិន្ទុ​ទាប​ជាង​ប្រទេស​អាស៊ាន​ដទៃ​ទៀត។ ការ​ទទួល​បាន​ចំណាត់​នេះ ដោយសារតែ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​គោក​មាន​ចំនួន​តិច ហើយ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​មាន​ភាព​លំបាក។
​ស្រប​ពេល​ជាមួយ​គ្នា​នេះ ប្រសិទ្ធភាព​នៃ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទឹក​មាន​ភាព​ប្រសើរ​ឡើង ប៉ុន្តែ​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​វិញ មាន​តម្លៃ​ខ្ពស់​នៅឡើយ។ ការ​ផ្គត់​ផ្គង់​ថាមពល​អគ្គិសនី ក៏​នៅ​មាន​តម្លៃ​ខ្ពស់ មិន​គ្រប់គ្រាន់ និង​ខ្វះ​ភាព​ទុក​ចិត្ត​បាន។ បណ្ដាញ​គ្រប់គ្រង​ប្រព័ន្ធ​ប្រាស្រ័យ​ទាក់ទង ក៏​នៅ​មាន​កម្រិត​ទាប។
​ចំណែក​របាយការណ៍​ភាព​វាស់វែង​ការ​ដឹកជញ្ជូន​របស់​ធនាគារ​ពិភពលោក បាន​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ស្ថិតនៅ​លេខ​១០០ ក្នុង​ចំណោម​ប្រទេស​១៥០ នៅ​លើ​ពិភពលោក។ តួលេខ​នេះ បញ្ជាក់​ថា កម្ពុជា​មា​ន​សន្ទស្សន៍​ដឹកជញ្ជូន​ទាប​ជាង​ប្រទេស​ដទៃ​ទៀត នៅ​ក្នុង​ប្រទេស​អាស៊ាន។ ភាព​អន់​ខ្សោយ​នេះ ដោយសារតែ​កត្តា​សំខាន់​ពីរ ទី​មួយ ការ​បង់​កម្រៃ​មិន​មាន​តម្លាភាព ឬ​តែង​បង់​មិន​ផ្លូវការ ដែល​បាន​លាក់​បំបាំង​ការ​ការ​ចំណាយ​ពិតប្រាកដ ជា​មូលហេតុ​ធ្វើ​ការ​ចំណាយ​ដឹកជញ្ជូន​មានតម្លៃ​ខ្ពស់។ កត្តា​សំខាន់​ទី​ពីរ គឺ​ភាព​ខ្វះខាត​នៃ​រួមបញ្ចូល​តែមួយ លើ​ផ្នែក​ដឹកជញ្ជូន​រវាង​ប្រទេស​នៅ​ក្នុង​តំបន់ ដែល​ប៉ះពាល់​ដល់​ការ​ផ្ទុក​ទំនិញ ការ​ពន្យារពេល និង​ជំរុញ​ឲ្យ​ថ្លៃ​ដឹកជញ្ជូន​ខ្ពស់។
​ដើម្បី​បង្កើន​ការ​តភ្ជាប់​អាស៊ាន​នេះ ប្រទេស​កម្ពុជា​ត្រូវ​អភិវឌ្ឍ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​បង្កើន​ថាមពល តាមរយៈ​កិច្ច​សហប្រតិបត្តិការ​រវាង​ម្ចាស់​ជំនួយ​ទ្វេភាគី និង​ពហុភាគី ផ្នែក​ឯកជន។ ការ​វិនិយោគ​នោះ​ត្រូវ​ផ្ដោត​លើ​ការកាត់បន្ថយ​វប្បធម៌​នៃ​ការ​យក​កម្រៃ​មិន​ផ្លូវការ កែទម្រង់​ប្រព័ន្ធ​គយ និង​ការ​ចែក​រំលែក​ព័ត៌មាន អំពី​តម្លៃ​នៃ​ការ​ដឹក​ជញ្ជូន​ឲ្យ​បាន​ទូលំទូលាយ។
​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម លោក ស៊ុន ចាន់ថុល មាន​ប្រសាសន៍​ថា ប្រទេស​កម្ពុជា​ជា​សមាជិក​អាស៊ាន ដែល​មាន​ការ​ទទួល​ខុស​ត្រូវ ដើម្បី​កសាង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​២០១៥។ ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ប្រទេស​កម្ពុជា បាន​វិនិយោគ​លើ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​នោះ​មាន​ផ្លូវទឹក ផ្លូវដែក និង​ផ្លូវ​រថភ្លើង។ បន្ថែម​លើ​នេះ គម្រោង​វិនិយោគ​របស់​អាស៊ាន មួយ​ចំនួន​ក៏បាន ពង្រីក​ការ​តភ្ជាប់​រវាង​ប្រទេស​កម្ពុជា ទៅ​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​ដទៃ​ទៀត។
​លោក ស៊ុន ចាន់ថុល មានប្រសាសន៍​បន្ត​ថា ប្រទេស​កម្ពុជា​បាន​ប្ដេជ្ញា​លើ​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ធ្វើ​ឱ្យ​ទំនិញ និង​ការ​ចល័ត​នៃ​កម្លាំង​ពលកម្ម បាន​កាន់តែ​សេរី​នៅ​ក្នុង​តំបន់​អាស៊ាន។
​បច្ចុប្បន្ន ប្រទេស​កម្ពុជា បាន​អភិវឌ្ឍ​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ដោយសារ​ជំនួយ​ពី​ប្រទេស​ចិន។ ចំណែក​ដៃគូ​អភិវឌ្ឍ​នានា ដូចជា​ប្រទេស ជប៉ុន កូរ៉េខាងត្បូង បាន​ផ្ដល់​ជំនួយ​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់ ដែល​មាន​តម្លៃ​ជិត ៤០០​លាន​ដុល្លារ​អាមេរិក តាមរយៈ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា។
​ប្រធាន​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​កម្ពុជា លោក អៀរិក ស៊ីដវិច (Eric Sidgwick) មាន​​ប្រសាសន៍​ថា​ទោះបីជា​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​របស់​កម្ពុជា បាន​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់​នោះ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា ត្រូវតែ​បន្ត​កិច្ចប្រឹងប្រែង​របស់​ខ្លួន​បន្ថែម​ទៀត ដើម្បី​លើក​កម្ពស់​ការ​តភ្ជាប់​ទៅកាន់​ទីផ្សារ​អាស៊ាន។
ភាព​រីកចម្រើន​ដែល​កម្ពុជា​សម្រេច​បាន ទាំង​ការ​កសាង​ផ្លូវ និង​ការ​ដឹក​ជញ្ជូន គឺ​គួរ​ឲ្យ​កោតសរសើរ។ ជាក់ស្ដែង ភាព​ជោគជ័យ​នោះ​បាន​ជំរុញ​ឲ្យ​ពាណិជ្ជកម្ម​របស់​កម្ពុជា កើន​ឡើង ប៉ុន្តែ​កម្ពុជា​ត្រូវ​រក្សា​កំណើន​នៃ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ត​ទៅ​មុខ​ទៀត។
​លោក អៀរិក ស៊ីដវិច បាន​កត់សម្គាល់​ថា​ការ​ចរាចរ​ទំនិញ​កាន់តែ​លឿន កាន់តែ​ថោក និង​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ គឺ​ពឹង​លើ​ភាព​រីកចម្រើន​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ និង​ពលកម្ម​ជំនាញ។
​ថ្នាក់ដឹកនាំ​អាស៊ាន​ក៏បាន​ទទួល​ស្គាល់​ថា បញ្ហា​នានា​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការ​តភ្ជាប់​អាស៊ាន​នោះ គឺជា​ឧបសគ្គ​ចម្បង​ដល់​ការ​បង្កើត​សហគមន៍​អាស៊ាន។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អាស៊ាន​នៅ​ដើម​ខែ​ឧសភា ២០១៤ បាន​បង្ហាញ​ថា ការងារ​ដឹកជញ្ជូន ជា​បញ្ហា​ដែល​ដោះស្រាយ​គ្មាន​ព្រំដែន។
​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​បាន​បញ្ជាក់​ថា ដើម្បី​លើក​ការ​តភ្ជាប់​អាស៊ាន​នេះ រដ្ឋាភិបាល​និង​ផ្នែក​ឧស្សាហកម្ម ត្រូវ​យក​បញ្ហា​នេះ​បញ្ចូល​នៅ​កម្មវិធី និង​គោលនយោបាយ​អភិវឌ្ឍ​របស់​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ។ កិច្ចការ​សំខាន់​មួយ​ចំនួន ក្នុង​ការ​តភ្ជាប់​អាស៊ាន រួមមាន​ការ​កសាង​សមត្ថភាព ជាពិសេស​ការ​អភិវឌ្ឍ​ធនធានមនុស្ស​របស់​រដ្ឋាភិបាល និង​ក្នុង​ផ្នែក​ដឹកជញ្ជូន ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​សហគមន៍ និង​អ្នកនយោបាយ រួម​ទាំង​ការ​បង្កើត​ច្បាប់​ថ្មី​បន្ថែម​ទៀត ដើម្បី​គ្រប់គ្រង​កិច្ចការ​ដឹកជញ្ជូន​ជាដើម។
របាយការណ៍​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ បាន​ប៉ាន់​ស្មានថា ការ​ចំណាយ​លើ​ការ​កសាង​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ប្រទេស​អាស៊ាន​ទាំង​១០ យ៉ាងហោចណាស់​ត្រូវការ​ទឹកប្រាក់ ៣​ពាន់​លាន​ដុល្លារ​អាមេរិក​បន្ថែម​ទៀត។
ស្រប​ពេល​ដែល​អាស៊ាន មាន​ឧបសគ្គ​ជាច្រើន ការវិភាគ​របស់​ស្ថាប័ន​អន្តរជាតិ បាន​អះអាង​ថា ប័ណ្ណ​ពិន្ទុ​របស់​អាស៊ាន បង្ហាញ​ឲ្យ​ឃើញ​ថា ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០ មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន នៅ​ត្រឹម​កាលបរិច្ឆេទ ដែល​កំណត់​ដោយ​ខ្លួនឯង​នៅ​ឆ្នាំ​២០១៥ នោះ​ទេ បើ​ទោះជា​បី​ជា​កន្លងមក រាល់​សកម្មភាព​របស់​អាស៊ាន​សម្រេច​បាន​នូវ​កិច្ចការ​វិជ្ជមាន​មួយ​ចំនួន​យ៉ាងណាក៏ដោយ៕

No comments:

Post a Comment