Monday, May 19, 2014

កំណើន​សេដ្ឋកិច្ច​​របស់​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០​ពី​ឥទ្ធិពល​​របស់​ចិន

ស្ថានភាព​អភិវឌ្ឍន៍​សេដ្ឋកិច្ច​របស់​ប្រទេស​សមាជិក​អាស៊ាន ត្រូវ​បាន​គេ​ព្យាករ​​ថា ជា​តំបន់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ ដោយសារ​តែ​​មាន​ភាព​ប្រសើរ​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​ពិភពលោក ជា​ពិសេស​ពី​​ប្រទេស​ចិន។
ស្ថានភាព​អភិវឌ្ឍន៍ ឬ​មូលដ្ឋាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​អាស៊ាន តែង​ពឹង​លើ​ទីផ្សារ​ក្រៅ​ ច្រើន​ជាង​ពឹង​លើ​ទីផ្សារ​ក្នុង​អាស៊ាន​ ដោយសារ​តែ​អាស៊ាន ភាគ​ច្រើន​ជា​ប្រទេស​អ្នក​ផលិត​ដើម្បី​នាំ​ចេញ។ បច្ចុប្បន្ន​ កំណើន​សេដ្ឋកិច្ច​​រវាង​ប្រទេស​សមាជិក​អាស៊ាន​នីមួយៗ មាន​ភាព​ខុស​គ្នា​តាម​រយៈ​គោលនយោបាយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ខុស​គ្នា​នៅ​ក្នុង​ទីផ្សារ​អន្តរជាតិ។
ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ រួម​មាន​ធនាគារ​ពិភពលោក បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​អាស៊ាន​មាន​ភាព​ប្រសើរ​ឡើង​នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយសារ​តែ​កំណើន​សេដ្ឋកិច្ច​ចិន។ ស្ថាប័ន​នេះ បាន​ចាត់​ទុក​ថា តំបន់​អាស៊ាន​ជា​តំបន់​ដែល​មាន​កំណើន​សេដ្ឋកិច្ច​ខ្លាំង​ជាង​គេ​នៅ​លើ​ពិភពលោក។
អនុ​ប្រធាន​ធនាគារ​ពិភពលោក​​ប្រចាំ​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក​ លោក អាក់សែល វ៉ាន់ត្រុតសេនប៊ើគ (Axel Trotsenburg) មាន​ប្រសាសន៍​​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ពី​ទីស្នាក់ការ​​ធនាគារ​ពិភពលោក​​នៅ​ប្រទេស​សិង្ហបុរី កាល​ពី​ដើម​ខែ​មេសា ឆ្នាំ​២០១៤ ថា បណ្ដា​ប្រទេស​នៅ​តំបន់​អាស៊ី​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ ដល់​កំណើន​សេដ្ឋកិច្ច​ពិភពលោក​ ចាប់​តាំង​ពី​មាន​វិបត្តិ​សេដ្ឋកិច្ច​សកល​កន្លង​មក។ ស្រប​ពេល​ដែល​សេដ្ឋកិច្ច​អាស៊ាន​មាន​កំណើន​ ប៉ុន្តែ​ឧបសគ្គ​​ចំពោះ​កំណើន​បាន​បង្ហាញ​​ជា​បញ្ហា​ប្រឈម​ផ្សេងៗ​គ្នា​រវាង​ប្រទេស​សមាជិក​អាស៊ាន​ទាំង​១០។
សេដ្ឋកិច្ច​​ដែល​ធំ​ជាង​​នៅ​ក្នុង​តំបន់​អាស៊ាន គឺ​ប្រទេស​ថៃ និង​​ឥណ្ឌូនេស៊ី ដែល​ប្រទេស​ទាំង​ពីរ​នេះ អាច​ប្រឈម​​នឹង​វិបត្តិ​​​បំណុល​គ្រួសារ​ដែល​រំពឹង​ថា នឹង​កើន​ឡើង​ខ្ពស់។ ចំពោះ​​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ម៉ាឡេស៊ី​ នឹង​កើន​ឡើង​រហូត​ដល់ ៥% នៅ​ក្នុង​ឆ្នាំ​២០១៤ ដោយ​សារ​ការ​នាំ​ចេញ​បាន​កើន​ឡើង។ នៅ​ក្នុង​ប្រទេស​ហ្វីលីពីន កំណើន​សេដ្ឋកិច្ច​​អាច​នឹង​កើន​​ជាង ៦% ប៉ុន្តែ​ប្រទេស​នេះ ប្រឈម​នឹង​ការ​ចំណាយ​លើ​ការ​ស្ដារ​ឡើង​វិញ​ពី​ផល​ប៉ះពាល់​គ្រោះ​មហន្តរាយ​​ធម្មជាតិ ដែល​បាន​កើន​ឡើង​នៅ​ឆ្នាំ​២០១៣។ ទោះ​ជា​​យ៉ាង​ណា​ក៏​ដោយ បណ្ដា​ប្រទេស​ដែល​មាន​ទំហំ​សេដ្ឋកិច្ច​តូច​ ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​កំណើន​សេដ្ឋកិច្ច​​ថេរ។
ក្នុង​ប្រទេស​កម្ពុជា ​នៅ​ស្ថានការណ៍​ក្រោយ​ការ​បោះឆ្នោត កំណើន​សេដ្ឋកិច្ច​​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មាន​កំណើន​ជាង ៧% ប៉ុន្តែ​ប្រទេស​នេះ​ប្រឈម​នឹង​ហានិភ័យ​​នៃ​ទីផ្សារ​ពលកម្ម។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា រំពឹង​ថា នឹង​មាន​កំណើន​ខ្ពស់​ជាង​កម្ពុជា ដែល​កើត​ជិត ៨% នៅ​ក្នុង​២០១៤​ បន្ទាប់​ពី​ប្រទេស​​​នេះ​ប្រកាស​ធ្វើ​កំណែទម្រង់​​ផ្នែក​ស្ថាប័ន​របស់​ខ្លួន។
ចំណែក​ប្រទេស​វៀតណាម ដែល​ប្រឈម​នឹង​កំណែទម្រង់​ប្រព័ន្ធ​ធនាគារ ការ​ព្យាករណ៍​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ មាន​អត្រា​ជាង ៥% នៅ​ក្នុង​ឆ្នាំ​២០១៤។ ​ប៉ុន្តែ​អ្នក​សេដ្ឋកិច្ច​បាន​បង្ហាញ​អំពី​​ហានិភ័យ​ចំពោះ​ការ​ព្យាករ​​ក្នុង​តំបន់​​អាស៊ាន​នេះ​នៅ​តែ​មាន។
ប្រធាន​សេដ្ឋកិច្ច​វិទូ​​របស់​ធនាគារ​ពិភពលោក​ប្រចាំ​​តំបន់​អាស៊ី​បូព៌ា​និង​ប៉ាស៊ីហ្វិក លោក ប៊ើត ហូហ្វមេន (Bert Hofman) មាន​ប្រសាសន៍​ថា ​​ប្រទេស​នៅ​តំបន់​​អាស៊ាន​អាច​រក្សា​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​នៅ​ក្នុង​រយៈ​ពេល​វែង​​បាន​នោះ គឺ​​បង្កើត​ទំនុក​ចិត្ត​ទីផ្សារ​នាំ​ចេញ និង​ការ​កែប្រែ​​​រចនាសម្ព័ន្ធ​មូលដ្ឋាន​សេដ្ឋកិច្ច។
គំនិត​ផ្ដួច​ផ្ដើម​មួយ​ចំនួន​នៅ​កម្មវិធី​កំណែទម្រង់​នោះ​រួម​មាន កំណែទម្រង់​ពន្ធដារ និង​ការ​កាត់​បន្ថយ​ឧបសគ្គ​ចំពោះ​ការ​វិនិយោគ​​របស់​វិស័យ​ឯកជន ដែល​ជា​កម្មវិធី​សំខាន់​បំផុត ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​​​អាស៊ាន។
​​​​​​របាយការណ៍​របស់​ធនាគារ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៤​ បាន​កត់​សម្គាល់​ឃើញ​ថា​ ​ភាព​មិន​ប្រាកដ​ប្រជា​​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ អាច​ប៉ះពាល់​ដល់​​កំណើន​សេដ្ឋកិច្ច​​​នៅ​ក្នុង​តំបន់​អាស៊ាន​ ជា​ពិសេស​ប្រទេស​ដែល​ពឹង​ផ្នែក​លើ​ការ​នាំ​ចេញ​ធនធាន​ធម្មជាតិ។ ក្នុង​ន័យ​នេះ ទំនាក់​ទំនង​រវាង​ចិន​និង​អាស៊ាន​ បង្ហាញ​យ៉ាង​ច្បាស់​ថា បាន​រង​ឥទ្ធិពល​គ្នា​ទៅ​វិញ​ទៅ​មក​លើ​ផ្នែក​ពាណិជ្ជកម្ម​ សេដ្ឋកិច្ច​ នយោបាយ និង​ផ្នែក​សន្តិសុខ។ ទន្ទឹម​នឹង​នេះ ប្រទេស​ចិន បាន​ផ្ដល់​ការ​អនុគ្រោះ​ពន្ធ​លើ​ការ​នាំ​ចូល​ទំនិញ​ពី​ប្រទេស​កម្ពុជា ឡាវ និង​ប្រទេស​ភូមា ឬ​មីយ៉ាន់ម៉ា។
ប្រទេស​មហាអំណាច​ចិន បាន​ប្រឹង​ប្រែង​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​លើ​ប្រទេស​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ដែល​គ្រោង​នឹង​បង្កើត​តំបន់​តែ​មួយ​នៅ​ឆ្នាំ​២០១៥​ ដែល​គេ​ចាត់​ថា ជា​តំបន់​មួយ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​ជា​ទី​កន្លែង​សម្រាប់​ពង្រីក​មហិច្ឆតា​របស់​ខ្លួន។ ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​​​វិញ ក៏​បាន​ប្រឹង​ប្រែង​ទទួល​យក​អត្ថប្រយោជន៍​ពី​ប្រទេស​មហា​អំណាច​ដែល​ផ្ដល់​ឲ្យ ទោះ​ជា​តាម​វិធី​ណា​ក៏​ដោយ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច។
​អ្នក​វិភាគ​សេដ្ឋកិច្ច​ និង​អ្នក​វិភាគ​នយោបាយ​ បាន​លើក​ឡើង​ថា អាស៊ាន​បាន​ទទួល​យក​គម្រោង​វិនិយោគ​ និង​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​​ជា​ច្រើន​ពី​ប្រទេស​ចិន​​ ដោយ​គ្មាន​គិត​អំពី​ទស្សនៈ​វិស័យ​នៅ​ពេល​អនាគត​ឡើយ។ មាន​ន័យ​ថា​ ការ​ទទួល​បាន​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​កាន់​តែ​ធំ នឹង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ខ្លួន​រីក​ចម្រើន​បាន​យ៉ាង​ឆាប់​រហ័ស។
​របាយការណ៍​របស់​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ស្ដី​ពី​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ទំហំ​ពាណិជ្ជកម្ម​ផ្ទៃ​ក្នុង​រវាង​ប្រទេស​សមាជិក​អាស៊ាន មាន​ប្រមាណ ២៥% ។ ការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង​អាស៊ាន​និង​ប្រទេស​ចិន មាន​ប្រមាណ ១១% នៃ​ទំហំ​ពាណិជ្ជកម្ម​​សរុប​របស់​អាស៊ាន។
បន្ថែម​លើ​នេះ​​ប្រទេស​ចិន មាន​​ទំនាក់​ទំនង​ល្អ​លើ​ផ្នែក​ពាណិជ្ជកម្ម​ជា​មួយ​អាស៊ាន​ ដែល​ប្រទេស​ចិន អាច​ផលិត​ទំនិញ​លក់​ឲ្យ​​ប្រជាពលរដ្ឋ​អាស៊ាន​ត្រង់​តម្លៃ​មួយ​ថោក​ស្រប​ទៅ​តាម​ចំណូល​ពួកគេ​អាច​រក​​បាន​ ប្រមាណ ៣​ពាន់​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ ភាព​ខ្លាំង​របស់​ចិន មួយ​ទៀត គឺ​ការ​ផ្ដល់​ជំនួយ​និង​កម្ចី​ដោយ​មិន​គិត​អំពី​គោល​បំណង។
ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន ជាមួយ​អាស៊ាន​ បាន​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​១៩៩១ ហើយ​​ចិន​បាន​ក្លាយ​ជា​ដៃ​គូ​ចរចា​រវាង​អាស៊ាន​នៅ​ឆ្នាំ​១៩៩៦។
ប្រទេស​សមាជិក​អាស៊ាន​ចាស់ រួម​មាន​ប្រទេស​ថៃ សិង្ហបុរី ប្រ៊ុយណេ និង​ឥណ្ឌូនេស៊ី បាប​​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន នៅ​ឆ្នាំ​២០១០ ប៉ុន្តែ​ប្រទេស​ហ្វីលីពីន​ និង​ម៉ាឡេស៊ី បង្កើត​​​នៅ​ឆ្នាំ​២០១២ ហើយ​ប្រទេស​សមាជិក​អាស៊ាន​​ថ្មី រួម​មាន​ប្រទេស​កម្ពុជា ឡាវ វៀតណាម ភូមា ឬ​មីយ៉ាន់ម៉ា បាន​ឯកភាព​ចំពោះ​ការ​បង្កើត​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​ចិន នៅ​ឆ្នាំ​២០១៥។ ទំនាក់​ទំនង​នេះ បាន​បង្ហាញ​យ៉ាង​ច្បាស់​ថា ការ​កើន​ឡើង​សេដ្ឋកិច្ច​អាស៊ាន​ត្រូវ​ឆ្លើយ​តប​នឹង​កំណើន​សេដ្ឋកិច្ច​របស់​ចិន៕

No comments:

Post a Comment