Monday, May 19, 2014

ជម្លោះ​ដី​ខេត្ត​សៀមរាប​កំពុង​ធ្វើ​ឲ្យ​ពលរដ្ឋ​ប្រឈម​នឹង​គ្មាន​ដី​ធ្វើ​ស្រែ

សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប កំពុង​ព្រួយបារម្ភ​ទៅ​លើ​បញ្ហា​ទំនាស់​ដីធ្លី រវាង​ប្រជាពលរដ្ឋ នៅ​ភូមិ​អូរផ្អាវ នៃ​ឃុំ​ស្រែណូយ ជាមួយ​កង​ទាហាន​នៃ​យោធភូមិភាគ​ទី​៤ ដែល កំពុងតែ​ដណ្ដើម​គ្នា​កាប់​ដី​ច្រើន​រយ​ហិកតារ។ ការ​ព្រួយ​បារម្ភ​បាន​កើត​ឡើង​បន្ទាប់​ពី​ក្រុម​អ្នកភូមិ និង​ទាហាន បាន​ប្រឈម​មុខ​ដាក់គ្នា​ម្ដង​មក​ហើយ ក្នុង​ពេល​ដែល​ទាហាន​ព្យាយាម​ដក​ហូត​យក​ឧបករណ៍​ធ្វើ​កសិកម្ម ពី​ប្រជាពលរដ្ឋ។
តំណាង​ប្រជាពលរដ្ឋ នៅ​ភូមិ​អូរផ្អាវ ឃុំ​ស្រែណូយ ស្រុក​វ៉ារិន អះអាង​ថា៖ យ៉ាង​ហោច​ណាស់​ក៏​មាន​អ្នក​ភូមិ​១៧​គ្រួសារ ក្នុងចំណោម​ជាង​១០០ គ្រួសារ​កំពុង​ប្រឈម​មុខ​នឹង​ការ​គ្មាន​ដី​ធ្វើ​កសិកម្ម​ទេ នៅ​ក្នុង​រដូវ​វស្សា​ឆ្នាំនេះ ដោយសារតែ​កង​ទាហាន បាន​ចូល​ទៅ​ហាមឃាត់​យ៉ាង​តឹងតែង។ តំណាង​ប្រជាពលរដ្ឋ ភូមិ​អូរផ្អាវ លោក ជួប ជួន មានប្រសាសន៍​កាលពី​រសៀល​ថ្ងៃអាទិត្យ ទី១៨ ខែ​ឧសភា ថា៖ រូប​គាត់ និង​អ្នកភូមិ ជាង​១០០ គ្រួសារ​ទៀត កំពុង​មាន​ទំនាស់​ដី​ប្រមាណ​៤០០​ហិកតារ ជាមួយ​កង​ទាហាន នៃ​យោធភូមិភាគ​ទី​៤ ដែល​មាន​មូលដ្ឋាន នៅ​ជិត​នោះ។ លោក ជួប ជួន បញ្ជាក់​ទៀត​ថា៖ ក្នុង​ចំណោម​អ្នកភូមិ​ដែល​មាន​ទំនាស់​ដី ជាង​១០០​គ្រួសារ​នោះ គឺ​ទាហាន​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​កសិកម្ម​លើ​ដី​ខ្លះ ក៏ប៉ុន្តែ​ចំពោះ​ប្រជាពលរដ្ឋ ១៧​គ្រួសារ​វិញ គឺ​ទាហាន​បាន​ហាមឃាត់​តឹងតែង៖ «ទាហាន​យោធភូមិ​ភាគ​៤ គេ​ថា​ដី​គេ គេ​ទុក​ជូន​កងទ័ព។ គេ​ថា​ហ៊ាន​តែ​ធ្វើ​គឺ​រឿង​គ្នា​មិន​ខាន។ អត់​មាន​ដី​ធ្វើ​សោះ​នេះ ហើយ​កំពុងតែ​រង់ចាំ​ថ្នាក់លើ​គេ​ដោះស្រាយ មិន​ដឹង​យ៉ាងណា?»។
តំណាង​ប្រជាពលរដ្ឋ​អះអាង​ថា៖ កាលពី​ថ្ងៃ​ទី​៣ ខែ​ឧសភា​កន្លង​ទៅ​ទាហាន​មួយ​ក្រុម​បាន​ទៅ​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ដក​ហូត​យក​ម៉ាស៊ីន​កាត់​ស្មៅ​ចំនួន​៣​គ្រឿង ព្រមទាំង​ប្រមូល​យក កាំបិតផ្គាក់ ពី​ប្រជាពលរដ្ឋ​ចំនួន​៣០ នៅ​ពេល​ដែល​អ្នកភូមិ​ព្យាយាម​ធ្វើ​កសិកម្ម​នៅ​លើ​ដី​ហាមឃាត់ ទាំងនោះ។
ទោះ​យ៉ាង​ណា​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់​ទង​មេបញ្ជាការ​យោធា​ប្រចាំ​តំបន់​នោះ ដើម្បី​សុំ​ការ​បំភ្លឺ ជុំវិញ​ការ​ចោទ​ប្រកាន់​របស់​ប្រជា​ពល​ល​រដ្ឋ បាន​ថា​យ៉ាងណា​នៅឡើយ។
កាល​ពី​សប្ដាហ៍​មុន ក្រុម​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យ​បណ្ដឹង ចំពោះ​ករណី​ហិង្សា​របស់​កង​ទាហាន​នេះ មក​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ដើម្បី​ឱ្យ​ជួយ​រក​យុត្តិធម៌ និង​ដោះស្រាយ។
អ្នកស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ខេត្ត​សៀមរាប លោក សួស ណារិន មានប្រសាសន៍ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា កន្លងទៅ គឺ​លោក​បាន​ចុះ​ស៊ើប​អង្កេត​ករណី​នោះ ហើយ​រក​ឃើញ​ថា កង​ទាហាន ពិតជា​បាន​ដុត​បំផ្លាញ​ផ្ទះ​ប្រជាពលរដ្ឋ ១​គ្រួសារ ក្នុង​រឿង​ទំនាស់​ដីធ្លី​ទីនោះ​មែន។ លោក សួស ណារិន បញ្ជាក់​ទៀត​ថា​តាម​ការ​ស្រាវ​ជ្រាវ​របស់​លោក រក​ឃើញ​ថា អ្នក​ភូមិ​ជាង​១០០​គ្រួសារ បាន​ចូល​ទៅ​កាន់កាប់​ដី​ទីនោះ តាំងតែ​ពី​អំឡុង​ឆ្នាំ​២០០២ ក៏ប៉ុន្តែ​ទាហាន ទើប​តែ​ស្នើសុំ​កាន់កាប់​កាលពី​ឆ្នាំ​២០០៧។
មន្ត្រី​សាលាខេត្ត​សៀមរាប ឆ្លើយតប​ថា៖ គេ​ពុំ​ទាន់​បាន​ដឹង​អំពី​ការ​ប្រឈម​មុខ​ដាក់គ្នា រវាង​ប្រជាពលរដ្ឋ​ភូមិ​អូរផ្អាវ ជាមួយ​កង​ទាហាន​នោះ​ទេ។
អភិបាលរង​ខេត្ត​សៀមរាប លោក ប៊ុន ថាឬទ្ធិ មានប្រសាសន៍ថា បញ្ហា​ដែល​ទើបតែ​កើត​មាន​រវាង​ប្រជាពលរដ្ឋ និង​កង​ទាហាន កាល​ពី​ពេល​ថ្មីៗ​គឺ​លោក​ពុំ​ទាន់​បាន​ទទួល​ព័ត៌មាន​អ្វី​ទេ ក៏ប៉ុន្តែ​លោក​ដឹង​ថា​បញ្ហា​ដី​ធ្លី​នៅ​ទីនោះ គឺ​កើត​មាន​ជា​យូរ​មក​ហើយ ដោយ​សាលាខេត្ត​ក៏​កំពុង​រៀបចំ​ដីធ្លី​ជូន​អ្នក​ភូមិ​ទាំង​នោះ ឱ្យ​ទៅ​រស់នៅ​ម្ដុំ​ភូមិ​ត្រពាំង​ក្រសាំង ជាមួយ​ប្រជាពលរដ្ឋ មួយ​ភូមិ​ទៀត។
លោក ប៊ុន ថាឬទ្ធិ បញ្ជាក់​ថា៖ ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរផ្អាវ នោះ​បាន​ចូល​ទៅ​កាន់​កាប់​ដី ដែល​ពាក់ព័ន្ធ និង​តំបន់​យោធា​ហ្វឹកហាត់​បាញ់​ស៊ីប។ លោក​អភិបាលរង​បញ្ជាក់​ថា ទោះ​យ៉ាង​ណា​សាលា​ខេត្ត​នឹង​ដោះស្រាយ​រក​ដី​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​មិន​មែន​ជា​ដី​ដែល​ពួកគេ​រស់នៅ​និង​ធ្វើ​កសិកម្ម ពេល​បច្ចុប្បន្ន​នេះ​ទេ៖ «យើង​ដូច​ជា​មិន​អាច​ឱ្យ​គាត់​បានទេ ពីព្រោះ​កន្លែង​ហ្នឹង ជា​កន្លែង​សម្រាប់​កងទ័ព ហាត់​ហ្វឹកហ្វឺន។ ប៉ុន្តែ​ចាំ​មើល​ថ្ងៃ​ច័ន្ទ ស្អែក​ខ្ញុំ​ឱ្យ​ស្រុក​គេ​រាយការណ៍ ធ្ងន់​ធ្ងរ​អី​យ៉ាងម៉េច គឺ​ទៅ​សម្រប​សម្រួល​គ្នា ដោះស្រាយ​ជា​បណ្ដើរៗ​ទៅ»។
បណ្ដឹង​របស់​ប្រជាពលរដ្ឋ ដែល​ដាក់​ជូន​អង្គការ​សិទ្ធិមនុស្ស​ក្រៅ​រដ្ឋាភិបាល បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នក​ភូមិ​ប្រមាណ​១០៧​គ្រួសារ កាន់កាប់​ដី​ចំនួន​ជាង​៤០០​ហិកតារ ដែល​កំពុង​តែ​មាន​ជម្លោះ​ជាមួយ​ទាហាន៕

No comments:

Post a Comment