Sunday, May 18, 2014

វិនិយោគិន​បរទេស​​នៅ​តែ​ជឿ​ជាក់​លើ​ប្រទេស​ចិន​ក្នុង​ការ​បោះ​ទុន​វិនិយោគ​

​ការ​វិនិយោគ​ដោយ​ផ្ទាល់​របស់​បរទេស​​ទៅ​ក្នុង​ប្រទេស​ចិន​បាន​កើន​ឡើង​កាល​ពី​ខែ​មុន​ ស្រប​ពេល​ក្រសួង​ពាណិជ្ជ​កម្ម​​របស់​ចិន​ថ្លែង​ថា លទ្ធ​ផល​នេះ​បាន​ឆ្លុះ​​បញ្ជាំង​ឱ្យ​ឃើញ​ថា​​ ក្រុម​វិនិយោគិន​ជា​ច្រើន​បាន​ផ្តល់​ទំនុក​ចិត្ត​យ៉ាង​មុត​មាំ​មក​លើ​ចិន​ បើ​​ទោះ​ជា​ស្ថិត​ក្រោម​ការ​កែ​ទម្រង់​ក៏​ដោយ​ ។


​សេដ្ឋ​កិច្ច​របស់​ចិន​​នៅ​ក្នុង​ខែ​មេសា បាន​កើន​ឡើង​៣,៤%​ ធៀប​នឹង​ឆ្នាំ​មុន​​ស្មើ​នឹង​​៨,៧​ពាន់​លាន​ដុល្លារ ដែល​ជា​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​​វិញ​​ពី​ការ​​ធ្លាក់​ចុះ​​១,៥%​ កាល​ពី​ខែ​មីនា ។ ចំណែក​ក្នុង​រយៈ​ពេល​៤​ខែ​​ដំបូង​​ឆ្នាំ​២០១៤​​នេះ​ ប្រទេស​ចិន​បាន​ទាក់​ទាញ​​វិនិយោគ​​​បរទេស​គិត​ជា​ទឹក​ប្រាក់​ស្មើ​នឹង​​៤០​,៣​ពាន់​លាន​ដុល្លារ​ កើន​ឡើង​៥%​​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ លោក Zhou Hao អ្នក​សេដ្ឋ​កិច្ច​របស់​​ធនាគារ​ ANZ (Australia & New Zealand Bank) បាន​លើក​ឡើង​​ថា​ ខណៈ​ពេល​ដែល​កំណើន​សេដ្ឋ​កិច្ច​​ក្នុង​ត្រីមាស​​ទី​១​របស់​ចិន បាន​បន្ថយ​​ល្បឿន និង​កំពុង​កើន​ឡើង​សន្សឹមៗ គឺ​ក្រុម​វិនិយោគិន​បរទេស​នៅ​តែ​ជឿ​ជាក់​​លើ​សេដ្ឋ​កិច្ច​របស់​ចិន ​ខណៈ​ដែល​ប្រទេស​នេះ​​នៅ​តែ​ជា​អ្នក​​ដែល​មាន​លក្ខណៈ​ពិសេស​​ជាង​គេ​​ ធៀប​នឹង​ប្រទេស​ដទៃ ។ GDP របស់​ចិន​បាន​កើន​ឡើង​​៧,៤%​ នៅ​ក្នុង​អំឡុង​​ខែ​មករា​​ ដល់​ខែ​មីនា​ ដែលតួលេខ​នេះ​​ជា​កម្រិត​យឺត​បំផុត​នៅ​ក្នុង​រយៈ​ពេល​១៨​​ខែ​នេះ​ ។
​ដោយ​ឡែក​​កាល​ពី​ពេល​ថ្មីៗ​នេះ រដ្ឋា​ភិបាល​ចិន​បាន​​រៀប​ចំ​​គោល​នយោ​បាយ​ដើម្បី​គាំទ្រ​​កំណើន​​សេដ្ឋ​កិច្ច​​ និង​ការ​បង្កើត​ការងារ​​ដល់​​ពលរដ្ឋ​ចិន ។ ការ​វិនិយោគ​​បរទេស​​មក​លើ​វិស័យ​សេវា​កម្ម​​​របស់​ចិន បាន​កើន​ឡើង​១៩,១%​ ស្មើ​នឹង​ទឹក​ប្រាក់​២២,៥​ពាន់​លាន​ដុល្លារ​ នៅ​ក្នុង​រយៈ​ពេល​​៤​ខែ​​ដើម​ឆ្នាំ២០១៤​​  នេះ ។ រីឯ​វិស័យ​​ផលិត​កម្ម​អូស​ទាញ​​វិនិយោគិន​​​បរទេស​​​មាន​ទំហំ​ទឹក​ប្រាក់​១៤,៥​ពាន់​លាន​ដុល្លារ​​​ ធ្លាក់​ចុះ​១១,៤​% ប្រចាំ​ឆ្នាំ ។ នៅ​គ្រា​នោះ​​ដែរ ការ​វិនិយោគ​​ដោយ​ផ្ទាល់​​ដែល​សំដៅ​ទៅ​ក្រៅ​ប្រទេស​​​របស់​ចិន​​បាន​ធ្លាក់​ចុះ​១២,៩% ស្មើ​នឹង​២៥,៦​ពាន់​​លាន​ដុល្លារ​​​ក្នុង​អំឡុង​ពេល​៤​ខែ​ដំបូង​​នេះ ៕

No comments:

Post a Comment