Sunday, May 18, 2014

លោក ហ៊ុន សែន ដឹក​នាំ​គណៈ​ប្រតិភូ​​ទៅ​​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ចិន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ចាក​ចេញពី​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ឧសភា ដើម្បី​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី នៅ​ទីក្រុង​សៀងហៃ សាធារណរដ្ឋ​ប្រជាមានិត​ចិន។

តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឲ្យ​ដឹង​ថា ដំណើរ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នេះ គឺ​ជា​ការ​តប​តាម​ការ​អញ្ជើញ​ពី​លោក ស៊ី ជិនពីង (XI JINPING) ប្រធានាធិបតី​សាធារណរដ្ឋ​ប្រជាមានិត​ចិន។

​កិច្ចប្រជុំ​កំពូល​លើក​ទី​៤ នៃ​សន្និសីទ​អន្តរ​សកម្មភាព និង​វិធានការ​កសាង​ទំនុក​ចិត្ត​នៅ​អាស៊ី នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ខែ​ឧសភា នៅ​ទីក្រុង​សៀងហៃ។ សន្និសីទ​នោះ​នឹង​ផ្តោត​លើ​ការ​ពង្រឹង​កិច្ច​សន្ទនា ទំនុក​ចិត្ត ការ​សម្របសម្រួល និង​រួមគ្នា​កសាង​ទ្វីប​អាស៊ី​ថ្មី​មួយ ដោយ​មាន​សន្តិភាព ស្ថិរភាព និង​កិច្ច​សហប្រតិបត្តិការ។

តាម​គម្រោង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួប​ជាមួយ​លោក ស៊ី ជិនពីង ដើម្បី​ជជែក​គ្នា​អំពី​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ប្រទេស​ចិន៕

No comments:

Post a Comment