Sunday, May 18, 2014

តើ​យុវជន​គួរ​ជ្រើស​យក​ការងារ​ស្ម័គ្រ​ចិត្ត​ប្រភេទ​ណា?

អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ជាមួយ​យុវជន​បាន​កត់​សម្គាល់​ថា យុវជន​ជា​ច្រើន​ក្នុង​ពេល​បច្ចុប្បន្ន​កំពុង​មាន​សន្ទុះ​ចាប់​អារម្មណ៍​ចំពោះ​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​មិន​យក​កម្រៃ។ មូលហេតុ​ចម្បង​ដែល​ធ្វើ​ឲ្យ​ពួកគេ​ងាក​មក​ចាប់​អារម្មណ៍​លើ​កិច្ចការ​ស្ម័គ្រចិត្ត​នេះ គឺ​ដោយ​ពួកគេ​រំពឹង​ថា អាច​នឹង​ទទួល​បាន​មក​វិញ​នូវ​បទពិសោធន៍ និង​ឱកាស​ការងារ​នៅ​ពេល​ខាង​មុខ។
តើ​យុវជន​គួរ​ជ្រើស​យក​ការងារ​ស្ម័គ្រ​ចិត្ត​ប្រភេទ​ណា?
នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​នា​រាជធានី​ភ្នំពេញ មាន​យុវជន​មួយ​ចំនួន​បាន​ដើរ​រៀងៗ​ខ្លួន ទៅ​កាន់​តុ​អាហារ​ដែល​ភ្ញៀវ​កំពុង​អង្គុយ​ទទួល​ទាន​អាហារ​នឹង​ជជែក​គ្នា។
យុវជន​មួយ​រូប​ក្នុង​ចំណោម​យុវជន​ទាំង​នោះ បាន​រៀបរាប់​ពី​សកម្មភាព​សប្បុរសធម៌​របស់​ខ្លួន​ទៅ​កាន់​ភ្ញៀវ​ក្នុង​ភោជនីយដ្ឋាន​ដោយ​មិន​ស្ទាក់ស្ទើ។
«សំឡេង»
យុវជន ស៊ីសា អ៊ីត អាយុ ២១​ឆ្នាំ កំពុង​សិក្សា​ផ្នែក​អក្សរសាស្ត្រ​ខ្មែរ​ឆ្នាំ​ទី​៣ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ថ្លែង​ថា រូប​គេ​បាន​ឆ្លៀត​ពេល​ទំនេរ​ពី​ការ​រៀន​សូត្រ​នៅ​ពេល​យប់​ដើរ​រក​មូលនិធិ​ជួយ​កុមារ​ក្រីក្រ​នៅ​ក្នុង​សហគមន៍​ដែល​កំពុង​រៀន​សូត្រ​ហើយ​មាន​ជីវភាព​ខ្វះខាត ហៅ​ថា គម្រោង​សហគមន៍​ញញឹម។ យុវជន​ដដែល​មាន​មោទនភាព​ណាស់​ចំពោះ​ការងារ​របស់​ពួកគេ​ដែល​គេ​យល់​ថា គឺ​ជា​កិច្ចការ​មួយ​ដើម្បី​រួម​ចំណែក​ជួយ​សង្គម និង​ផ្ដល់​ឲ្យ​ពួកគេ​មាន​បទពិសោធន៍​ការងារ។
«សំឡេង»
នេះ​គឺ​ជា​ឧទាហរណ៍​មួយ​ចំពោះ​យុវជន​ម្នាក់​ក្នុង​ចំណោម​យុវជន​ដទៃ​ទៀត​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត នៅ​តាម​វិស័យ​នានា រួម​មាន​ស្ថាប័ន​រដ្ឋាភិបាល សង្គម​ស៊ីវិល គ្រឹះស្ថាន​ឯកជន និង​ការ​ចងក្រង​ជា​ក្រុម​ផ្ទាល់​ខ្លួន​របស់​ពួកគេ ដើម្បី​ធ្វើ​កិច្ចការ​សប្បុរសធម៌​ណា​មួយ​នោះ។
ប្រធាន​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា វ៉ាយ.អ.ឌី.ភី (YRDP) លោក ជាង សុខា កត់​សម្គាល់​ថា មាន​ទិដ្ឋភាព​ពីរ​សំខាន់​នៅ​ក្នុង​ការងារ​ស្ម័គ្រ​ចិត្ត​របស់​យុវជន​នេះ។ ទិដ្ឋភាព​ទី​១ គឺ​ការ​ស្វែងរក​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង ហើយ​និង​ទិដ្ឋភាព​ទី​២ គឺ​មាន​ប្រព័ន្ធ​១​កៀរគរ​ឲ្យ​យុវជន​នោះ​ទៅ​ធ្វើការ​ស្ម័គ្រ​ចិត្ត។ ការ​ចេញ​ទៅ​ស្វែងរក​ការងារ​ស្ម័គ្រ​ចិត្ត​ដោយ​ខ្លួន​ឯង​របស់​យុវជន​នៅ​មាន​កម្រិត​នៅ​ឡើយ។ ប៉ុន្តែ​យុវជន​ដែល​ត្រូវ​បាន​កៀរគរ​ដោយ​ប្រព័ន្ធ​ដើម្បី​ចូលរួម​កិច្ចការ​ស្ម័គ្រ​ចិត្ត​គឺ​មាន​ចំនួន​ច្រើន ដែល​ក្នុង​នោះ​មាន​ទាំង​អង្គការ​សង្គម​ស៊ីវិល គណបក្ស​នយោបាយ និង​ក្រុម​ផ្សេងៗ​ទៀត។
«សំឡេង»
លោក ជាង សុខា បន្ត​ថា ប្រភេទ​កិច្ចការ​ស្ម័គ្រ​ដោយ​លះបង់​ទាំង​កម្លាំង​កាយ​ចិត្ត ថវិកា ស្មារតី នោះ​គឺ​គេ​កម្រ​ឃើញ​ថា​មាន​មនុស្ស​ច្រើន​ណាស់​ដែល​ចូលរួម ជា​ទូទៅ​អ្នក​ដែល​លះបង់​ប្រភេទ​នេះ តែងតែ​សម្លឹង​ចង់​បាន​អ្វី​មួយ​មក​ខ្លួន​វិញ។ ផ្ទុយ​ទៅ​វិញ​បើ​សិន​យុវជន​លះបង់​របៀប​នេះ វា​នឹង​អាច​ជួយ​ដល់​សង្គម​ច្រើន ដែល​បាន​បង្កើន​កម្រិត​នៃ​ការ​ជួយ​គ្នា ហើយ​បាន​លើក​ចិត្ត​ដល់​យុវជន​ផ្សេងៗ​ទៀត​ឲ្យ​ចូលរួម​កិច្ចការ​សង្គម​កាន់​តែ​ច្រើន​ឡើង។
លោក​បញ្ជាក់​ថា ការ​ស្ម័គ្រ​ចិត្ត​ដោយ​លះបង់​ទាំង​កម្លាំង​កាយ និង​ថវិកា​ជា​ការ​បណ្ដុះ​បេះដូង ស្មារតី​ស្រលាញ់​អ្នក​ជិតខាង និង​ប្រទេស​ជាតិ គឺ​ជា​ចំណុច​ល្អ​មួយ​ដែល​សង្គម​ចង់​បាន​ពលរដ្ឋ​ដែល​មាន​ចរិត និង​លក្ខណៈ​សម្បត្តិ​បែប​នេះ ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ជាតិ​រីកចម្រើន ហើយ​ការ​ចូលរួម​ប្រភេទ​នេះ គឺ​ជា​ការ​ចូលរួម​យ៉ាង​ពេញ​ទំហឹង ដែល​បាន​បណ្ដុះ​ស្មារតី​គាត់​ជា​អ្នក​ជិតខាង​ជា​មួយ​អ្នក​ក្រ ដែល​ជា​គំរូ​ដល់​អ្នក​ដទៃ។ ក្រៅ​ពី​នេះ បើ​និយាយ​អំពី​ឱកាស​ការងារ​វិញ ក៏​អាច​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​សម្រាប់​ជីវិត នៅ​ពេល​ដែល​គាត់​បំពេញ​ការងារ​ដោយ​ឆន្ទៈ ដោយ​បេះដូង​ពិត​ប្រាកដ ដែល​អាច​ងាយ​ទទួល​បាន​បទពិសោធន៍​ជាង​អ្នក​ដែល​គេ​បង្ខំ​ឲ្យ​ធ្វើការ​ស្ម័គ្រ​ចិត្ត។
«សំឡេង»
ទាក់ទង​នឹង​ប្រយោជន៍​នៃ​ការងារ​ស្ម័គ្រ​ចិត្ត​នេះ រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ទូច វិសាលសុខ មាន​ប្រសាសន៍​ថា កិច្ចការ​ស្ម័គ្រ​ចិត្ត​បាន​នាំ​ឲ្យ​យុវជន​មាន​ឱកាស​ស្គាល់​គ្នា​កាន់​តែ​ច្រើន បង្កើត​បណ្ដាញ​និស្សិត​ដូច​គ្នា និង​ការ​ចង​សម្ពន្ធភាព​ជាមួយ​និស្សិត​បរទេស​ផង ដើម្បី​ពង្រីក​ទំនាក់ទំនង និង​ការងារ​សម្រាប់​ថ្ងៃ​អនាគត។
យុវជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កម្លាំង​ចលករ​ដែល​មាន​សក្ដានុពល នឹង​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ នៅ​កម្ពុជា​មាន​យុវជន​ជាង ៤០​ម៉ឺន​នាក់ ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា មាន​យុវជន​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ឬ​ធ្វើ​កិច្ចការ​សប្បុរសធម៌​នោះ។
«សំឡេង»
កាល​ពី​ដើម​ខែ​ឧសភា ឆ្នាំ​២០១៣ យុវជន​ស្ម័គ្រ​ចិត្ត​ជាង ១.២០០​នាក់​ជា​សិស្ស​និស្សិត​មក​ពី​សាលា​រដ្ឋ និង​ឯកជន និង​បណ្ដាញ​យុវជន បាន​នាំ​គ្នា​ចូលរួម​ថវិកា និង​សាងសង់​ផ្ទះ នៅ​ក្នុង​ខណ្ឌ​ដង្កោ ដោយ​ឲ្យ​ឈ្មោះ​ថា ភូមិ​នៃ​ក្ដី​ញញឹម ជូន​ពលរដ្ឋ​ជិត ៣០០​គ្រួសារ​រស់នៅ​លើ​គំនរ​សំរាម​ស្ទឹង​មានជ័យ ដែល​គម្រោង​អង្គការ​ភាព​ញញឹម​នៃ​កុមារ និង​អង្គការ​លំនៅឋាន​មនុស្ស​ជាតិ​កម្ពុជា។
យុវជន​ត្រូវ​បាន​គេ​មើល​ឃើញ​ថា គឺ​ជា​កម្លាំង​ចលករ​ដែល​មាន​សក្ដានុពល នឹង​ជា​សសរ​ទ្រូង​ប្រទេស​ជាតិ។ នៅ​កម្ពុជា​មាន​យុវជន​ជាង ៤០​ម៉ឺន​នាក់ ប៉ុន្តែ​គេ​ពុំ​ដឹង​ទេ​ថា មាន​យុវជន​ប៉ុន្មាន​ដែល​កំពុង​ធ្វើ​ការងារ​ស្ម័គ្រ​ចិត្ត ឬ​ធ្វើ​កិច្ចការ​សប្បុរសធម៌​នោះ៕

No comments:

Post a Comment