Sunday, May 18, 2014

GDP របស់​ហ្វ៊ីលីពីន​ក្នុង​ត្រី​មាសទី​1 ឆ្នាំ​2014 កើន​ឡើង​លឿន​ជាង​ការរំពឹង​ទុក

ម៉ានីល​ ៖ អាជ្ញាធរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​របស់​ហ្វ៊ីលីពីន​បាន​ឱ្យ​ដឹង​ថា​​ វិស័យ​សេដ្ឋ​កិច្ច​របស់​ប្រទេសបាន​កើន​ឡើង​លឿន​ជាង​ការ​រំពឹង​ទុក​នៅ​ក្នុង​អំឡុង​ពេល​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៤ នេះ​ ។ ក្នុង​នោះ GDP របស់​ជាតិ​​ពង្រីកបាន​៦,៥%​ ធៀប​នឹង​​ត្រី​មាស​​ទី​៤ នៃ​ឆ្នាំ​មុន​ ​និង​កើន​ឡើង​៧,៧%​ ធៀប​នឹង​ត្រី​មាស​ដំបូង​នៃ​ឆ្នាំ​២០១៣ ។​
លោក Arsenio Balisacan អគ្គ​នាយក​គ្រប់​គ្រង​អាជ្ញាធរ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​ជាតិ​បាន​លើក​ហេតុ​ផល​ជាអំណះ​អំណាង​ថា ការ​ចំណាយ​របស់​រដ្ឋាភិបាល​ជា​ឧទាហរណ៍​ស្រាប់​​ ខណៈ​ដែល​ថវិកា​ចំណាយ​ជាក់​ស្តែង​កើន​ឡើង​១៤%​ នៅ​ក្នុង​អំឡុង​ត្រី​មាស​ដំបូង​នេះ គឺ​ស្មើ​នឹង​៣,៨៨​ពាន់​លាន​ដុល្លារ​អាមេរិក ។​ ចំណែក​ការ​នាំ​ចេញ​ទំនិ​ញ​ក្នុងខែ​មីនា ទទួល​បាន​នូវ​កំណើន​ទ្វេ​ដង​ គឺ​កើន​ឡើង​១១,២%​ ស្មើ​នឹង​៥,២​ពាន់​លាន​ដុល្លារ​ធៀប​នឹង​ឆ្នាំ​មុន​នាំ​ចេញបាន​ត្រឹម​តែ​៤,៧​ពាន់​លាន​ដុល្លារ​បុ៉ណ្ណោះ ។​ ម្យ៉ាង​ទៀត​នៅ​ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ គេ​ឃើញ​មាន​ការ​គាំទ្រ​ផ្នែក​សេដ្ឋ​កិច្ច​មួយ​កម្រិត​ទៀត​ប្រមាណ​ជា​៦% នៃ​ការ​កើន​ឡើង​ចំនួនប្រាក់​ដែល​ពល​ករ​នៅ​ក្រៅ​ប្រទេស​ផ្ញើមក​មាន​ចំនួន​​១,៩៩​ពាន់​លាន​ដុល្លារពី​បរិមាណ​១,៨៨​ពាន់​លាន​​ដុល្លារ​កាល​ពី​ឆ្នាំ​មុន ។​
លោក Balisacan បញ្ជាក់​ថា​ «យើង​មើល​មិន​ឃើញ​ពី​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​វិស័យ​​ផលិត​កម្ម​មាន​ការ​បង្អង់​ល្បឿន​ឡើយ​» ។​ ជាង​​នេះ​ទៅ​ទៀត ភាព​ខ្លាំង​ក្លា​ជាង​មុន​នៃប្រាក់​ប៉េ​សូ​របស់​​ហ្វ៊ីលីពីន ក៏​កំពុង​តែ​គាំទ្រ​ដំណើរ​ការ​​នៃ​កំណើន​សេដ្ឋ​កិច្ច​ផង​ដែរ​ក្នុងពេល​រូបិយ​ប័ណ្ណ​ក្នុង​ស្រុក​ធ្វើ​ឱ្យ​ប្រាក់​ដុល្លារ​ចុះ​ថោក​ ដែល​នាំ​ឱ្យ​មាន​ការបញ្ជា​ទិញ​ថាមពល​ច្រើន​នៅ​ក្នុង​ឧស្សាហ​កម្ម​ក្នុងស្រុក​ទៀត​ផង ៕​

No comments:

Post a Comment